ទំនុកតម្កើង 10:7-18
ទំនុកតម្កើង 10:7-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មាត់គេពេញដោយពាក្យជេរប្រមាថ ពាក្យបោកបញ្ឆោត និងពាក្យកំណាច នៅក្រោមអណ្ដាតគេមានពាក្យអពមង្គល និងទុច្ចរិត។ គេអង្គុយពួនស្ទាក់នៅតាមភូមិ នៅកន្លែងស្ងាត់កំបាំង គេសម្លាប់មនុស្សស្លូតត្រង់ ភ្នែកគេតាមឃ្លាំមើលមនុស្សទុគ៌ត គេពួនចាំនៅទីសម្ងាត់ ដូចសិង្ហសម្ងំនៅក្នុងរូង គេលបចាំចាប់មនុស្សក្រីក្រ គេចាប់មនុស្សក្រីក្រ ដោយទាញគេមកក្នុងមងរបស់ខ្លួន។ មនុស្សទុគ៌តត្រូវខ្ទេចខ្ទី ហើយលិចលង់ ក៏ដួលទៅក្នុងអំណាចរបស់គេ។ គេគិតក្នុងចិត្តថា «ព្រះភ្លេចហើយ ព្រះអង្គលាក់ព្រះភក្ត្រ ព្រះអង្គទតមិនឃើញឡើយ»។ ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង ឱព្រះអើយ សូមលើកព្រះហស្តឡើង សូមកុំភ្លេចមនុស្សក្រលំបាកឡើយ។ ហេតុអ្វីបានជាមនុស្សអាក្រក់មើលងាយព្រះ ហើយគិតក្នុងចិត្តថា «ព្រះអង្គមិនរករឿងអញទេ» ដូច្នេះ? តែព្រះអង្គពិតជាទតឃើញ ដ្បិតព្រះអង្គទតមើលទុក្ខលំបាក និងការឈឺចាប់ ដើម្បីឲ្យព្រះអង្គបានទទួលគេ មកក្នុងព្រះហស្តព្រះអង្គ មនុស្សទុគ៌តផ្ញើខ្លួននឹងព្រះអង្គ ព្រះអង្គជាអ្នកជំនួយដល់ក្មេងកំព្រា។ សូមព្រះអង្គបំបាក់ដៃមនុស្សអាក្រក់ និងមនុស្សពាល សូមដាក់ទោសគេ ដើម្បីកុំឲ្យគេប្រព្រឹត្តអំពើអាក្រក់ទៀត។ ព្រះយេហូវ៉ាជាមហាក្សត្រ ដ៏គង់នៅអស់កល្បជានិច្ច សាសន៍ដទៃនឹងត្រូវវិនាស អស់ពីស្រុករបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ព្រះសណ្ដាប់បំណង របស់មនុស្សទន់ទាប ព្រះអង្គនឹងលើកទឹកចិត្តគេ ហើយនឹងផ្ទៀងព្រះកាណ៌ស្ដាប់ ដើម្បីរកយុត្តិធម៌ឲ្យជនកំព្រា និងមនុស្សដែលត្រូវគេសង្កត់សង្កិន ប្រយោជន៍កុំឲ្យមនុស្សដែលកើតពីដីមក អាចបំភិតបំភ័យគេតទៅទៀត។
ទំនុកតម្កើង 10:7-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មាត់របស់គេពោលតែពាក្យបណ្ដាសា ពាក្យបោកបញ្ឆោត និងពាក្យមួលបង្កាច់ ហើយពាក្យអពមង្គល និងទុច្ចរិតស្ថិតនៅលើចុងអណ្ដាតគេជានិច្ច។ គេតែងពួនស្ទាក់នៅក្បែរភូមិ ហើយប្រហារជីវិតជនស្លូតត្រង់ដោយសម្ងាត់ គេចេះតែឃ្លាំមើលមនុស្សទន់ខ្សោយ។ គេពួនដូចសត្វសិង្ហសម្ងំនៅតាមគុម្ពោត គេពួនស្ទាក់ចាំចាប់ជនទុគ៌ត គេចាប់ជនទុគ៌ត ដោយទាក់ទាញ ឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។ ជនទុគ៌តក៏ដួល ក្រាបនៅដី ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សពាល។ មនុស្សពាលគិតក្នុងចិត្តថា «ព្រះជាម្ចាស់មិនចាប់អារម្មណ៍ទេ! ព្រះអង្គបិទព្រះនេត្រ ទ្រង់មិនទតមើលទាល់តែសោះ!»។ ព្រះអម្ចាស់អើយ សូមតើនឡើង! បង្ហាញព្រះបារមីរបស់ព្រះអង្គ សូមកុំភ្លេចមនុស្សទន់ទាបឡើយ! ហេតុអ្វីបានជាមនុស្សពាលចំអក មើលងាយព្រះជាម្ចាស់? ហេតុអ្វីបានជាគេគិតក្នុងចិត្តថា «ព្រះអង្គនឹងមិនរករឿងអញឡើយ» ដូច្នេះ? ព្រះអម្ចាស់អើយ ព្រះអង្គពិតជាទតឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ព្រះអង្គប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គទាំងស្រុង ហើយមានតែព្រះអង្គទេ ដែលយាងមកជួយសង្គ្រោះជនកំព្រា។ សូមព្រះអង្គកាច់បំបាក់ដៃរបស់មនុស្សពាល សូមដាក់ទោសពួកគេ ដើម្បីកុំឲ្យគេប្រព្រឹត្ត អំពើពាលតទៅទៀត!។ ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏គង់នៅ អស់កល្បជាអង្វែងតរៀងទៅ សាសន៍ដទៃនឹងត្រូវលុបបំបាត់ចេញ អស់ពីស្រុករបស់ព្រះអង្គ។ បពិត្រព្រះអម្ចាស់ ព្រះអង្គទ្រង់ឈ្វេងយល់ បំណងចិត្តរបស់មនុស្សទន់ទាប ព្រះអង្គលើកទឹកចិត្តគេ ព្រះអង្គតែងតែផ្ទៀងព្រះកាណ៌ស្ដាប់ជនកំព្រា និងមនុស្សដែលត្រូវគេជិះជាន់ ហើយព្រះអង្គរកយុត្តិធម៌ឲ្យគេ ដើម្បីកុំឲ្យមនុស្សនៅលើផែនដី អាចសង្កត់សង្កិនគេតទៅមុខទៀត។
ទំនុកតម្កើង 10:7-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មាត់គេពេញដោយពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីបញ្ឆោត នឹងសេចក្ដីកំណាចផង នៅក្រោមអណ្តាតគេមានសុទ្ធតែកិច្ចកល នឹងសេចក្ដីទុច្ចរិត គេអង្គុយនៅអស់ទាំងទីលបចាំនៃភូមិទាំងប៉ុន្មាន នៅត្រង់កន្លែងស្ងាត់កំបាំង នោះគេសំឡាប់មនុស្ស ជាមនុស្សដែលឥតមានទោស ភ្នែកគេរំពៃមើលមនុស្សទុគ៌ត គេឈ្លបលបនៅទីសំងាត់ ដូចជាសិង្ហនៅក្នុងរូង គេលបចាំចាប់មនុស្សក្រីក្រ ក៏ចាប់មនុស្សក្រនោះ ក្នុងកាលដែលទាញគេមកក្នុងមង គេបំព្រួញខ្លួន ហើយឱនចុះ នោះមនុស្សទុគ៌តធ្លាក់ទៅក្នុងអំណាចគេ គេគិតក្នុងចិត្តថាព្រះទ្រង់ភ្លេចហើយ ទ្រង់លាក់ព្រះភក្ត្រ ទតមិនឃើញឡើយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើង ឱព្រះអើយ សូមលើកព្រះហស្តទ្រង់ឡើង សូមកុំភ្លេចមនុស្សក្រលំបាកឡើយ ហេតុអ្វីបានជាមនុស្សអាក្រក់ គេមើលងាយដល់ព្រះ ហើយគិតក្នុងចិត្តថាទ្រង់មិនធ្វើទោសទេដូច្នេះ ទ្រង់បានទតឃើញហើយ ដ្បិតទ្រង់ទតឃើញកិច្ចកល នឹងសេចក្ដីរំលោភ ដើម្បីនឹងសងគេដោយព្រះហស្តទ្រង់ មនុស្សទុគ៌ត គេផ្ញើខ្លួននឹងទ្រង់ ដ្បិតទ្រង់បានធ្វើជាអ្នកជំនួយ ដល់មនុស្សកំព្រា សូមទ្រង់បំបាក់ដៃនៃមនុស្សអាក្រក់ ឯមនុស្សពាល នោះសូមរកអស់ទាំងការអាក្រក់របស់គេ ទាល់តែមិនឃើញមានទៀត ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រដ៏គង់នៅអស់កល្បជានិច្ច អស់ទាំងសាសន៍ដទៃបានសូន្យបាត់ចេញពីផែនដីរបស់ទ្រង់ហើយ ឱព្រះយេហូវ៉ាអើយ ទ្រង់បានស្តាប់សេចក្ដីបំណង របស់មនុស្សរាបទាប ទ្រង់នឹងតាំងចិត្តគេឲ្យមាំមួន ហើយនឹងផ្ទៀងព្រះកាណ៌ទ្រង់ស្តាប់ផង ដើម្បីនឹងកាត់សេចក្ដីឲ្យមនុស្សកំព្រា នឹងមនុស្សដែលត្រូវគេសង្កត់សង្កិន ប្រយោជន៍ឲ្យមនុស្សដែលកើតពីដីមក បានលែងគំហកកំហែងគេតទៅទៀត។