ទំនុកតម្កើង 10:12-18

ទំនុកតម្កើង 10:12-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង ឱ​ព្រះ​អើយ សូម​លើក​ព្រះ‌ហស្ត​ឡើង សូម​កុំ​ភ្លេច​មនុស្ស​ក្រ​លំបាក​ឡើយ។ ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​មើល‌ងាយ​ព្រះ ហើយ​គិត​ក្នុង​ចិត្ត​ថា «ព្រះ‌អង្គ​មិន​រក​រឿង​អញ​ទេ» ដូច្នេះ? តែ​ព្រះ‌អង្គ​ពិត​ជា​ទត​ឃើញ ដ្បិត​ព្រះ‌អង្គ​ទត​មើល​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​គេ មក​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ មនុស្ស​ទុគ៌ត​ផ្ញើ​ខ្លួន​នឹង​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​អ្នក​ជំនួយ​ដល់​ក្មេង​កំព្រា។ សូម​ព្រះ‌អង្គ​បំបាក់​ដៃ​មនុស្ស​អាក្រក់ និង​មនុស្ស​ពាល សូម​ដាក់​ទោសគេ ដើម្បី​កុំ​ឲ្យ​គេប្រព្រឹត្ត​អំពើ​អាក្រក់ទៀត។ ព្រះ‌យេហូវ៉ា​ជា​មហា‌ក្សត្រ ដ៏​គង់​នៅ​អស់‌កល្ប​ជា‌និច្ច សាសន៍​ដទៃ​នឹង​ត្រូវ​វិនាស អស់​ពី​ស្រុក​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​បំណង របស់​មនុស្ស​ទន់​ទាប ព្រះ‌អង្គ​នឹង​លើក​ទឹក​ចិត្ត​គេ ហើយ​នឹង​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជន​កំព្រា និង​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ដែល​កើត​ពី​ដី​មក អាចបំភិត​បំភ័យ​គេ​ត​ទៅ​ទៀត។

ទំនុកតម្កើង 10:12-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង! បង្ហាញ​ព្រះ‌បារមី​របស់​ព្រះអង្គ សូម​កុំ​ភ្លេច​មនុស្ស​ទន់‌ទាប​ឡើយ! ហេតុ​អ្វី​បាន​ជា​មនុស្ស​ពាល​ចំអក មើល‌ងាយ​ព្រះ‌ជាម្ចាស់? ហេតុ​អ្វី​បាន​ជា​គេ​គិត​ក្នុង​ចិត្ត​ថា «ព្រះអង្គ​នឹង​មិន​រក​រឿង​អញ​ឡើយ» ដូច្នេះ? ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ពិត​ជា​ទត​ឃើញ​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់‌ទាប ព្រះអង្គ​ប្រុង​នឹង​ជួយ​គេ​ជានិច្ច មនុស្ស​ទុគ៌ត​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ទាំង​ស្រុង ហើយ​មាន​តែ​ព្រះអង្គ​ទេ ដែល​យាង​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។ សូម​ព្រះអង្គ​កាច់​បំបាក់​ដៃ​របស់​មនុស្ស​ពាល សូម​ដាក់​ទោស​ពួក​គេ ដើម្បី​កុំ​ឲ្យ​គេ​ប្រព្រឹត្ត អំពើ​ពាល​ត​ទៅ​ទៀត!។ ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​ដ៏​គង់​នៅ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ សាសន៍​ដទៃ​នឹង​ត្រូវ​លុប​បំបាត់​ចេញ អស់​ពី​ស្រុក​របស់​ព្រះអង្គ។ បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​ទ្រង់​ឈ្វេង​យល់ បំណង​ចិត្ត​របស់​មនុស្ស​ទន់‌ទាប ព្រះអង្គ​លើក​ទឹក​ចិត្ត​គេ ព្រះអង្គ​តែងតែ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ជន​កំព្រា និង​មនុស្ស​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ហើយ​ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​គេ ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី អាច​សង្កត់‌សង្កិន​គេ​ត​ទៅ​មុខ​ទៀត។

ទំនុកតម្កើង 10:12-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ក្រោក​ឡើង ឱ​ព្រះ​អើយ សូម​លើក​ព្រះ‌ហស្ត​ទ្រង់​ឡើង សូម​កុំ​ភ្លេច​មនុស្ស​ក្រ​លំបាក​ឡើយ ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់ គេ​មើល‌ងាយ​ដល់​ព្រះ ហើយ​គិត​ក្នុង​ចិត្ត​ថា​ទ្រង់​មិន​ធ្វើ​ទោស​ទេ​ដូច្នេះ ទ្រង់​បាន​ទត​ឃើញ​ហើយ ដ្បិត​ទ្រង់​ទត​ឃើញ​កិច្ច‌កល នឹង​សេចក្ដី​រំលោភ ដើម្បី​នឹង​សង​គេ​ដោយ​ព្រះ‌ហស្ត​ទ្រង់ មនុស្ស​ទុគ៌ត គេ​ផ្ញើ​ខ្លួន​នឹង​ទ្រង់ ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​អ្នក​ជំនួយ ដល់​មនុស្ស​កំព្រា សូម​ទ្រង់​បំបាក់​ដៃ​នៃ​មនុស្ស​អាក្រក់ ឯ​មនុស្ស​ពាល នោះ​សូម​រក​អស់​ទាំង​ការ​អាក្រក់​របស់​គេ ទាល់​តែ​មិន​ឃើញ​មាន​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មហា‌ក្សត្រ​ដ៏​គង់​នៅ​អស់‌កល្ប‌ជានិច្ច អស់​ទាំង​សាសន៍​ដទៃ​បាន​សូន្យ​បាត់​ចេញ​ពី​ផែនដី​របស់​ទ្រង់​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ស្តាប់​សេចក្ដី​បំណង របស់​មនុស្ស​រាប​ទាប ទ្រង់​នឹង​តាំង​ចិត្ត​គេ​ឲ្យ​មាំ‌មួន ហើយ​នឹង​ផ្ទៀង​ព្រះ‌កាណ៌​ទ្រង់​ស្តាប់​ផង ដើម្បី​នឹង​កាត់​សេចក្ដី​ឲ្យ​មនុស្ស​កំព្រា នឹង​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ប្រយោជន៍​ឲ្យ​មនុស្ស​ដែល​កើត​ពី​ដី​មក បាន​លែង​គំហក‌កំហែង​គេ​ត​ទៅ​ទៀត។