សុភាសិត 9:7-12
សុភាសិត 9:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាប្រដៅតម្រង់ដល់មនុស្ស ដែលរមែងមើលងាយ នោះនឹងបានតែសេចក្ដីត្មះតិះដៀលវិញទេ ហើយអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់ នោះនឹងបានប្រឡាក់ជាប់ដល់ខ្លួនហើយ។ កុំបន្ទោសដល់មនុស្ស ដែលតែងតែមើល៍ងាយឡើយ ក្រែងគេស្អប់ឯង ត្រូវឲ្យបន្ទោសដល់មនុស្សមានប្រាជ្ញាវិញ គេនឹងស្រឡាញ់ឯង ចូរទូន្មាន មនុស្សមានប្រាជ្ញា នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង ហើយបង្រៀនដល់មនុស្សសុចរិត នោះគេនឹងមានចំណេះចម្រើនឡើងដែរ។ ការកោតខ្លាចព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់ ដ្បិតដោយសារយើង នោះអស់ទាំងថ្ងៃរបស់ឯង នឹងបានចម្រើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯង នឹងបានយឺនយូរទៅ។ បើឯងមានប្រាជ្ញា នោះគឺមានសម្រាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯងមួយ នឹងត្រូវរងភារៈនោះ។
សុភាសិត 9:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ អ្នកនោះនឹងត្រូវគេមើលងាយ អ្នកណាស្ដីបន្ទោសមនុស្សពាល អ្នកនោះនឹងត្រូវគេជេរវិញ។ កុំស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ ក្រែងគេស្អប់អ្នក។ បើអ្នកស្ដីបន្ទោសមនុស្សមានប្រាជ្ញា គេនឹងស្រឡាញ់អ្នក។ សេចក្ដីដែលអ្នកពោលទៅកាន់មនុស្សមានប្រាជ្ញា ធ្វើឲ្យគេកាន់តែមានប្រាជ្ញា សេចក្ដីដែលអ្នកបង្រៀនមនុស្សសុចរិត ធ្វើឲ្យគេកាន់តែចេះដឹងថែមទៀត។ ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃប្រាជ្ញា ការស្គាល់ព្រះជាម្ចាស់ជាចំណេះរបស់ប្រជាជនដ៏វិសុទ្ធ។ ប្រាជ្ញាផ្ដល់ឲ្យអ្នករស់បានយូរ ប្រាជ្ញាធ្វើឲ្យអ្នកមានអាយុវែង។ បើអ្នកមានប្រាជ្ញា អ្នកនឹងទទួលផលល្អសម្រាប់ខ្លួនឯង បើអ្នកវាយឫកខ្ពស់ អ្នកនឹងទទួលផលវិបាកខ្លួនឯង។
សុភាសិត 9:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកណាប្រដៅដំរង់ដល់មនុស្ស ដែលរមែងមើលងាយ នោះនឹងបានតែសេចក្ដីត្មះតិះដៀលវិញទេ ហើយអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់ នោះនឹងបានប្រឡាក់ជាប់ដល់ខ្លួនហើយ កុំឲ្យបន្ទោសដល់មនុស្សដែលតែងតែមើលងាយឡើយ ក្រែងគេស្អប់ឯង ត្រូវឲ្យបន្ទោសដល់មនុស្សប្រាជ្ញវិញ គេនឹងស្រឡាញ់ឯង ចូរទូន្មានមនុស្សប្រាជ្ញ នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង ហើយបង្រៀនដល់មនុស្សសុចរិត នោះគេនឹងមានចំណេះចំរើនឡើងដែរ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់ ដ្បិតដោយសារអញ នោះអស់ទាំងថ្ងៃរបស់ឯងនឹងបានចំរើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯងនឹងបានយឺនយូរទៅ បើឯងមានប្រាជ្ញា នោះគឺមានសំរាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯង១នឹងត្រូវរងភារៈនោះ។