សុភាសិត 9:10-18
សុភាសិត 9:10-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ការកោតខ្លាចព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់ ដ្បិតដោយសារយើង នោះអស់ទាំងថ្ងៃរបស់ឯង នឹងបានចម្រើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯង នឹងបានយឺនយូរទៅ។ បើឯងមានប្រាជ្ញា នោះគឺមានសម្រាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯងមួយ នឹងត្រូវរងភារៈនោះ។ ឯស្ត្រីដែលល្ងីល្ងើ គេតែងស្រែកឡូឡា ក៏ល្ងង់ខ្លៅឥតដឹងអ្វីសោះ។ គេអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬទីអង្គុយត្រង់ទីខ្ពស់នៃក្រុង ដើម្បីហៅរកអស់អ្នកដែលដើរតាមទីនោះ ជាពួកអ្នកដែលដើរតម្រង់តាមផ្លូវទៅ ដោយពាក្យថា «នែ៎ អ្នកណាដែលឆោតល្ងង់ ចូលមកទីនេះចុះ» នាងនិយាយបបួលអស់អ្នក ដែលគ្មានយោបល់ថា «ទឹកដែលលួចពីគេ នោះរមែងផ្អែម ឯអាហារដែលបរិភោគដោយលួចលាក់ នោះក៏រមែងឆ្ងាញ់»។ ប៉ុន្តែ គេមិនដឹងថា ពួកមនុស្សស្លាប់មាននៅទីនោះ ឬថាភ្ញៀវរបស់ស្ត្រីនោះស្ថិតនៅក្នុង ទីជម្រៅនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ។
សុភាសិត 9:10-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃប្រាជ្ញា ការស្គាល់ព្រះជាម្ចាស់ជាចំណេះរបស់ប្រជាជនដ៏វិសុទ្ធ។ ប្រាជ្ញាផ្ដល់ឲ្យអ្នករស់បានយូរ ប្រាជ្ញាធ្វើឲ្យអ្នកមានអាយុវែង។ បើអ្នកមានប្រាជ្ញា អ្នកនឹងទទួលផលល្អសម្រាប់ខ្លួនឯង បើអ្នកវាយឫកខ្ពស់ អ្នកនឹងទទួលផលវិបាកខ្លួនឯង។ ភាពលេលាប្រៀបបាននឹងស្រីឡូឡា ឆោតល្ងង់ គ្មានដឹងអ្វីទាំងអស់។ ស្រីនោះតែងអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬអង្គុយលើកៅអីមួយ តាមទួលខ្ពស់ៗក្នុងទីក្រុង ហើយស្រែកហៅមនុស្សត្រឹមត្រូវ ដែលដើរកាត់តាមនោះថា: «មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា សុំអញ្ជើញចូលមកពិសាទឹកលួចគេដ៏ផ្អែមត្រជាក់ ហើយបរិភោគអាហារលួចលាក់ដ៏ឆ្ងាញ់ពិសា»។ អ្នកដែលស្ដាប់តាមស្រីនោះ ពុំបានដឹងខ្លួនថាកំពុងតែដើរឆ្ពោះទៅរកមច្ចុរាជ ហើយក៏ពុំដឹងថាភ្ញៀវដែលស្រីនោះអញ្ជើញមកមុនៗ ធ្លាក់ទៅក្នុងស្ថានមនុស្សស្លាប់អស់ទេ។
សុភាសិត 9:10-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់ ដ្បិតដោយសារអញ នោះអស់ទាំងថ្ងៃរបស់ឯងនឹងបានចំរើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯងនឹងបានយឺនយូរទៅ បើឯងមានប្រាជ្ញា នោះគឺមានសំរាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯង១នឹងត្រូវរងភារៈនោះ។ ឯស្ត្រីដែលល្ងីល្ងើ គេតែងស្រែកឡូៗ ក៏ល្ងង់ខ្លៅឥតដឹងអ្វីសោះ គេអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬទីអង្គុយត្រង់ទីខ្ពស់នៃក្រុង ដើម្បីហៅរកអស់អ្នកដែលដើរតាមទីនោះ ជាពួកអ្នកដែលដើរដំរង់តាមផ្លូវទៅ ដោយពាក្យថា នែ អ្នកណាដែលឆោតល្ងង់ ចូលមកទីនេះចុះ នាងនិយាយបបួលអស់អ្នកដែលគ្មានយោបល់ថា ទឹកដែលលួចពីគេ នោះរមែងផ្អែម ឯអាហារដែលបរិភោគដោយលួចលាក់ នោះក៏រមែងឆ្ងាញ់ តែគេមិនដឹងថា ពួកអ្នកស្លាប់មាននៅទីនោះ ឬថាភ្ញៀវរបស់ស្ត្រីនោះ សុទ្ធតែនៅក្នុងទីជំរៅនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ។