សុភាសិត 9:1-18
សុភាសិត 9:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រាជ្ញាបានសង់ផ្ទះរបស់ខ្លួនរួចហើយ គឺបានចាំងសសរទាំងប្រាំពីរស្រេច។ ក៏បានសម្លាប់សត្វសម្រាប់ជប់លៀង ព្រមទាំងលាយស្រាទំពាំងបាយជូរ និងរៀបតុស្រេចហើយ។ បានទាំងចាត់ពួកស្រីបម្រើក្រមុំៗឲ្យចេញទៅ ក៏ស្រែកប្រកាសនៅលើទីខ្ពស់បំផុតនៃទីក្រុងថា «អ្នកណាដែលឆោតល្ងង់ ចូរបែរចូលមកក្នុងទីនេះចុះ ឯចំណែកអ្នកណាដែលឥតមានយោបល់» នោះក៏ប្រាប់ថា «ចូរមកបរិភោគអាហាររបស់យើង ហើយផឹកស្រាទំពាំងបាយជូរ ដែលយើងបានលាយហើយ ចូរលះចោលសេចក្ដីល្ងង់ខ្លៅ ចេញនោះនឹងបានរស់នៅ រួចដើរក្នុងផ្លូវនៃការចេះដឹងវិញចុះ»។ អ្នកណាប្រដៅតម្រង់ដល់មនុស្ស ដែលរមែងមើលងាយ នោះនឹងបានតែសេចក្ដីត្មះតិះដៀលវិញទេ ហើយអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់ នោះនឹងបានប្រឡាក់ជាប់ដល់ខ្លួនហើយ។ កុំបន្ទោសដល់មនុស្ស ដែលតែងតែមើល៍ងាយឡើយ ក្រែងគេស្អប់ឯង ត្រូវឲ្យបន្ទោសដល់មនុស្សមានប្រាជ្ញាវិញ គេនឹងស្រឡាញ់ឯង ចូរទូន្មាន មនុស្សមានប្រាជ្ញា នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង ហើយបង្រៀនដល់មនុស្សសុចរិត នោះគេនឹងមានចំណេះចម្រើនឡើងដែរ។ ការកោតខ្លាចព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់ ដ្បិតដោយសារយើង នោះអស់ទាំងថ្ងៃរបស់ឯង នឹងបានចម្រើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯង នឹងបានយឺនយូរទៅ។ បើឯងមានប្រាជ្ញា នោះគឺមានសម្រាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯងមួយ នឹងត្រូវរងភារៈនោះ។ ឯស្ត្រីដែលល្ងីល្ងើ គេតែងស្រែកឡូឡា ក៏ល្ងង់ខ្លៅឥតដឹងអ្វីសោះ។ គេអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬទីអង្គុយត្រង់ទីខ្ពស់នៃក្រុង ដើម្បីហៅរកអស់អ្នកដែលដើរតាមទីនោះ ជាពួកអ្នកដែលដើរតម្រង់តាមផ្លូវទៅ ដោយពាក្យថា «នែ៎ អ្នកណាដែលឆោតល្ងង់ ចូលមកទីនេះចុះ» នាងនិយាយបបួលអស់អ្នក ដែលគ្មានយោបល់ថា «ទឹកដែលលួចពីគេ នោះរមែងផ្អែម ឯអាហារដែលបរិភោគដោយលួចលាក់ នោះក៏រមែងឆ្ងាញ់»។ ប៉ុន្តែ គេមិនដឹងថា ពួកមនុស្សស្លាប់មាននៅទីនោះ ឬថាភ្ញៀវរបស់ស្ត្រីនោះស្ថិតនៅក្នុង ទីជម្រៅនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ។
សុភាសិត 9:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះប្រាជ្ញាញាណបានរៀបចំសសរប្រាំពីរ សម្រាប់សង់ផ្ទះ។ ព្រះប្រាជ្ញាញាណបានសម្លាប់សត្វ រៀបចំសុរា និងរៀបចំតុ សម្រាប់ធ្វើពិធីជប់លៀង។ ព្រះប្រាជ្ញាញាណចាត់អ្នកបម្រើឲ្យទៅប្រកាស នៅតាមទួលខ្ពស់ៗក្នុងទីក្រុងថា: «មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា ក៏សុំអញ្ជើញចូលមកពិសាអាហារ និងពិសាស្រា ដែលខ្ញុំបានរៀបចំទុកជាស្រេច។ ចូរនាំគ្នាបោះបង់ចោលភាពល្ងង់ខ្លៅ ទើបអ្នករាល់គ្នាមានជីវិត។ ចូរដើរតាមមាគ៌ាដែលផ្ដល់ការចេះដឹងវិញ!»។ អ្នកណាស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ អ្នកនោះនឹងត្រូវគេមើលងាយ អ្នកណាស្ដីបន្ទោសមនុស្សពាល អ្នកនោះនឹងត្រូវគេជេរវិញ។ កុំស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ ក្រែងគេស្អប់អ្នក។ បើអ្នកស្ដីបន្ទោសមនុស្សមានប្រាជ្ញា គេនឹងស្រឡាញ់អ្នក។ សេចក្ដីដែលអ្នកពោលទៅកាន់មនុស្សមានប្រាជ្ញា ធ្វើឲ្យគេកាន់តែមានប្រាជ្ញា សេចក្ដីដែលអ្នកបង្រៀនមនុស្សសុចរិត ធ្វើឲ្យគេកាន់តែចេះដឹងថែមទៀត។ ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃប្រាជ្ញា ការស្គាល់ព្រះជាម្ចាស់ជាចំណេះរបស់ប្រជាជនដ៏វិសុទ្ធ។ ប្រាជ្ញាផ្ដល់ឲ្យអ្នករស់បានយូរ ប្រាជ្ញាធ្វើឲ្យអ្នកមានអាយុវែង។ បើអ្នកមានប្រាជ្ញា អ្នកនឹងទទួលផលល្អសម្រាប់ខ្លួនឯង បើអ្នកវាយឫកខ្ពស់ អ្នកនឹងទទួលផលវិបាកខ្លួនឯង។ ភាពលេលាប្រៀបបាននឹងស្រីឡូឡា ឆោតល្ងង់ គ្មានដឹងអ្វីទាំងអស់។ ស្រីនោះតែងអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬអង្គុយលើកៅអីមួយ តាមទួលខ្ពស់ៗក្នុងទីក្រុង ហើយស្រែកហៅមនុស្សត្រឹមត្រូវ ដែលដើរកាត់តាមនោះថា: «មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា សុំអញ្ជើញចូលមកពិសាទឹកលួចគេដ៏ផ្អែមត្រជាក់ ហើយបរិភោគអាហារលួចលាក់ដ៏ឆ្ងាញ់ពិសា»។ អ្នកដែលស្ដាប់តាមស្រីនោះ ពុំបានដឹងខ្លួនថាកំពុងតែដើរឆ្ពោះទៅរកមច្ចុរាជ ហើយក៏ពុំដឹងថាភ្ញៀវដែលស្រីនោះអញ្ជើញមកមុនៗ ធ្លាក់ទៅក្នុងស្ថានមនុស្សស្លាប់អស់ទេ។
សុភាសិត 9:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប្រាជ្ញាបានសង់ផ្ទះរបស់ខ្លួនរួចហើយ គឺបានចាំងសសរទាំង៧ស្រេច ក៏បានសំឡាប់សត្វសំរាប់ជប់លៀង ព្រមទាំងលាយស្រាទំពាំងបាយជូរ នឹងរៀបតុស្រេចហើយ បានទាំងចាត់ពួកស្រីបំរើក្រមុំៗឲ្យចេញទៅ ក៏ស្រែកប្រកាសនៅលើទីខ្ពស់បំផុតនៃទីក្រុងថា អ្នកណាដែលឆោតល្ងង់ ចូរបែរចូលមកក្នុងទីនេះចុះ ឯចំណែកអ្នកណាដែលឥតមានយោបល់ នោះក៏ប្រាប់ថា ចូរមកបរិភោគអាហាររបស់អញ ហើយផឹកស្រាទំពាំងបាយជូរដែលអញបានលាយហើយ ចូរលះចោលសេចក្ដីខ្លៅល្ងង់ចេញ នោះនឹងបានរស់នៅ រួចឲ្យដើរក្នុងផ្លូវនៃយោបល់វិញចុះ។ អ្នកណាប្រដៅដំរង់ដល់មនុស្ស ដែលរមែងមើលងាយ នោះនឹងបានតែសេចក្ដីត្មះតិះដៀលវិញទេ ហើយអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់ នោះនឹងបានប្រឡាក់ជាប់ដល់ខ្លួនហើយ កុំឲ្យបន្ទោសដល់មនុស្សដែលតែងតែមើលងាយឡើយ ក្រែងគេស្អប់ឯង ត្រូវឲ្យបន្ទោសដល់មនុស្សប្រាជ្ញវិញ គេនឹងស្រឡាញ់ឯង ចូរទូន្មានមនុស្សប្រាជ្ញ នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង ហើយបង្រៀនដល់មនុស្សសុចរិត នោះគេនឹងមានចំណេះចំរើនឡើងដែរ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់ ដ្បិតដោយសារអញ នោះអស់ទាំងថ្ងៃរបស់ឯងនឹងបានចំរើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯងនឹងបានយឺនយូរទៅ បើឯងមានប្រាជ្ញា នោះគឺមានសំរាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯង១នឹងត្រូវរងភារៈនោះ។ ឯស្ត្រីដែលល្ងីល្ងើ គេតែងស្រែកឡូៗ ក៏ល្ងង់ខ្លៅឥតដឹងអ្វីសោះ គេអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬទីអង្គុយត្រង់ទីខ្ពស់នៃក្រុង ដើម្បីហៅរកអស់អ្នកដែលដើរតាមទីនោះ ជាពួកអ្នកដែលដើរដំរង់តាមផ្លូវទៅ ដោយពាក្យថា នែ អ្នកណាដែលឆោតល្ងង់ ចូលមកទីនេះចុះ នាងនិយាយបបួលអស់អ្នកដែលគ្មានយោបល់ថា ទឹកដែលលួចពីគេ នោះរមែងផ្អែម ឯអាហារដែលបរិភោគដោយលួចលាក់ នោះក៏រមែងឆ្ងាញ់ តែគេមិនដឹងថា ពួកអ្នកស្លាប់មាននៅទីនោះ ឬថាភ្ញៀវរបស់ស្ត្រីនោះ សុទ្ធតែនៅក្នុងទីជំរៅនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ។