សុភាសិត 8:22-31
សុភាសិត 8:22-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានខ្ញុំ តាំងពីដើមដំបូង នៃកិច្ចការរបស់ព្រះអង្គ គឺមុនអស់ទាំងកិច្ចការរបស់ព្រះអង្គពីបុរាណ ព្រះអង្គបានសិតយើងតាំងពីអស់កល្បរៀងមក គឺពីកាលនៅដើមឡើយ មុនដែលមានផែនដីផង ក្នុងគ្រាមុនដែលមានទីជម្រៅទឹក នោះយើងបានកើតហើយ គឺកាលមិនទាន់មានរន្ធទឹកណា ដែលហូរចេញជាបរិបូរនៅឡើយ មុនដែលភ្នំធំទាំងឡាយមានរូបរាង មុនដែលមានភ្នំតូចៗ នោះខ្ញុំបានកើតមកហើយ កាលព្រះអង្គមិនទាន់បានបង្កើតផែនដី ព្រមទាំងស្រែចម្ការ ឬធូលីដីមុនដំបូងនៅផែនដីនៅឡើយផង។ កាលព្រះអង្គប្រតិស្ឋានផ្ទៃមេឃ ខ្ញុំក៏នៅទីនោះដែរ កាលព្រះអង្គបានគូសវង់នៅលើទីជម្រៅទឹក ពេលព្រះអង្គបានតាំងឲ្យមានពពកនៅខាងលើ និងរន្ធទឹកទាំងប៉ុន្មាន នៅទីជម្រៅឲ្យបានមានកម្លាំង ពេលព្រះអង្គបានកំណត់ព្រំខណ្ឌនៃសមុទ្រ ដើម្បីមិនឲ្យទឹកឡើងរំលងបង្គាប់ព្រះអង្គ ពេលព្រះអង្គបានកំណត់រាងឫសនៃផែនដី នៅគ្រានោះ ខ្ញុំនៅជិតព្រះអង្គដូចជាមេជាង ហើយខ្ញុំជាទីគាប់ព្រះហឫទ័យព្រះអង្គរាល់ថ្ងៃ ទាំងមានសេចក្ដីរីករាយ នៅចំពោះព្រះអង្គជានិច្ច ក៏មានសេចក្ដីរីករាយចំពោះផែនដី ទាំងដុំមូលនៃព្រះអង្គ ហើយបានអំណរ ដោយនៅជាមួយពួកមនុស្សលោក។
សុភាសិត 8:22-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានបង្កើតខ្ញុំតាំងពីដើមដំបូងបង្អស់ គឺមុនអ្វីៗដែលព្រះអង្គបង្កើតមកទៅទៀត។ ព្រះអង្គបានចាក់ប្រេងតែងតាំងខ្ញុំ តាំងពីអស់កល្បរៀងមក គឺនៅគ្រាដំបូងបង្អស់ មុនកំណើតពិភពលោកទៅទៀត។ កាលខ្ញុំកើតមក មិនទាន់មានជម្រៅទឹក ហើយក៏មិនទាន់មានប្រភពទឹកដែរ។ ព្រះអង្គបង្កើតខ្ញុំមក មុនព្រះអង្គធ្វើឲ្យភ្នំធំភ្នំតូចលេចឡើង។ ពេលនោះ ព្រះអង្គមិនទាន់បង្កើតផែនដី និងលំហអាកាសទេ ហើយក៏មិនទាន់បង្កើតធាតុដើមផ្សេងៗដែរ។ កាលព្រះអម្ចាស់លាតសន្ធឹងផ្ទៃមេឃ និងគូរវាសជើងមេឃពីលើមហាសមុទ្រ ខ្ញុំក៏នៅទីនោះដែរ។ កាលព្រះអង្គដាក់ពពកនៅលើអាកាស ហើយកាលប្រភពទឹកផុសចេញយ៉ាងខ្លាំង ពីទីជម្រៅ កាលព្រះអង្គកំណត់ព្រំដែនសមុទ្រ ដើម្បីខណ្ឌទឹកកុំឲ្យហៀរចេញ កាលព្រះអង្គចាក់គ្រឹះផែនដី នៅគ្រានោះ ខ្ញុំជាមេជាងជួយធ្វើការព្រះអង្គ ហើយខ្ញុំធ្វើឲ្យព្រះអង្គមានអំណរ ជារៀងរាល់ថ្ងៃ។ ខ្ញុំកម្សាន្តនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ គ្រប់ពេលវេលា។ ខ្ញុំកម្សាន្តនៅលើដីដែលព្រះអង្គបានបង្កើត ខ្ញុំមានអំណរនៅក្នុងចំណោមមនុស្សលោក។
សុភាសិត 8:22-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បានតាំងអញឡើង ជាដើមការនៃទ្រង់ គឺមុនអស់ទាំងកិច្ចការរបស់ទ្រង់ពីបុរាណ ទ្រង់បានសិតអញតាំងពីអស់កល្បរៀងមក គឺពីកាលនៅដើមឡើយ មុនដែលមានផែនដីផង ក្នុងគ្រាមុនដែលមានទីជំរៅទឹក នោះអញបានកើតហើយ គឺកាលមិនទាន់មានរន្ធទឹកណាដែលហូរចេញជាបរិបូរនៅឡើយ មុនដែលភ្នំទាំងឡាយបានហាប់មាំមួននៅ អញបានកើតមកមុនអស់ទាំងភ្នំតូច គឺក្នុងកាលដែលទ្រង់មិនទាន់បង្កើតដី ឬស្រែចំការ ឬល្អងធូលីមុនដំបូងនៅផែនដីនៅឡើយផង ក្នុងកាលដែលទ្រង់ប្រតិស្ឋានផ្ទៃមេឃ នោះអញបាននៅឯណោះហើយ កាលទ្រង់បានគូសវង់នៅលើទីជំរៅទឹក កាលទ្រង់បានតាំងឲ្យមានពពកនៅខាងលើ នឹងរន្ធទឹកទាំងប៉ុន្មាននៅទីជំរៅឲ្យបានមានកំឡាំង កាលទ្រង់បានកំណត់ព្រំខណ្ឌនៃសមុទ្រ ដើម្បីមិនឲ្យទឹកឡើងរំលងបង្គាប់ទ្រង់ កាលទ្រង់បានកំណត់រាងឫសនៃផែនដី នៅគ្រានោះ អញបាននៅជិតទ្រង់ដូចជាមេជាង ហើយអញជាទីគាប់ព្រះហឫទ័យទ្រង់រាល់ៗថ្ងៃ ព្រមទាំងមានសេចក្ដីរីករាយនៅចំពោះទ្រង់ជានិច្ច ក៏មានសេចក្ដីរីករាយចំពោះផែនដីទាំងដុំមូលនៃទ្រង់ ហើយបានសេចក្ដីអំណរ ដោយនៅជាមួយនឹងពួកមនុស្សលោក។