សុភាសិត 7:6-20
សុភាសិត 7:6-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតឪពុកបានមើលតាមបង្អួច ហើយតាមប្រឡោះវាំងននទៅ ឪពុកឃើញក្នុងចំណោមមនុស្សឆោតល្ងង់ ឪពុកពិចារណាក្នុងចំណោមពួកកំលោះ មានម្នាក់ដែលឥតប្រាជ្ញា កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្ត្រីនោះ ក៏តម្រង់ទៅឯផ្ទះនាង គឺនៅពេលព្រលប់ កាលពន្លឺនៅព្រឹលៗនៅឡើយ ឬនៅពេលពាក់កណ្ដាលអធ្រាត្រ កាលងងឹតសូន្យទៅហើយ នោះឃើញមានស្ត្រីម្នាក់មកជួបនឹងវា នាងនោះតែងខ្លួនរបៀបជាស្រីពេស្យា ហើយមានចិត្តពេញដោយឧបាយ។ នាងធ្វើសំឡេងឡូៗ ហើយក៏មានក្បាលរឹង ជាអ្នកដែលនៅក្នុងផ្ទះមិនជាប់ ជួនកាលនាងនៅឯផ្ទះ ជួនកាលនៅទីផ្សារ ហើយក៏លបចាំនៅគ្រប់ទាំងជ្រុងផ្លូវផង។ គឺយ៉ាងនោះដែលនាងចាប់ ហើយថើបវា ក៏និយាយនឹងវាដោយមុខក្រាស់ថា «នៅថ្ងៃនេះ ខ្ញុំបានត្រូវថ្វាយយញ្ញបូជា ជាតង្វាយមេត្រី ក៏បានលាបំណន់នោះស្រេចហើយ ហេតុនោះបានជាខ្ញុំចេញមកទទួលអ្នក ដើម្បីខំរកឲ្យឃើញមុខអ្នក ក៏បានឃើញហើយ ខ្ញុំបានក្រាលកម្រាលប៉ាក់នៅលើគ្រែខ្ញុំ ព្រមទាំងសំពត់ពណ៌ ធ្វើពីអំបោះស្រុកអេស៊ីព្ទផង ខ្ញុំបានប្រោះដំណេកដោយគ្រឿងក្រអូប គឺដោយជ័រល្វីងទេស ក្រឹស្នា និងសម្បុរល្វែង។ ចូរមក យើងនឹងបានឆ្អែតចិត្ត ដោយសេចក្ដីស្នេហាដរាបដល់ភ្លឺ ចូរយើងមានចិត្តត្រេកត្រអាល ក្នុងសេចក្ដីស្រឡាញ់ចុះ។ ដ្បិតប្តីខ្ញុំមិននៅផ្ទះទេ គាត់បានធ្វើដំណើរទៅឆ្ងាយហើយ ក៏យកថង់ប្រាក់ជាប់នឹងខ្លួនទៅដែរ ដល់ថ្ងៃពេញបូណ៌ទើបត្រឡប់មកវិញ»។
សុភាសិត 7:6-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានថ្ងៃមួយ ឪពុកមើលតាមបង្អួចផ្ទះ សម្លឹងទៅផ្លូវកែង ក្នុងចំណោមយុវជនដែលមិនសូវដឹងខុសត្រូវ ឪពុកឃើញក្មេងកំលោះម្នាក់ គ្មានប្រាជ្ញាទាល់តែសោះ។ ក្មេងកំលោះនោះដើរតាមផ្លូវមានផ្ទះលក់ដូរ ក្បែរកន្លែងដែលស្ត្រីក្បត់ប្ដីរស់នៅ ហើយដើរតម្រង់ទៅផ្ទះនាង។ ពេលនោះ ជាពេលល្ងាច ថ្ងៃកំពុងលិច ហើយយប់ងងឹតក៏ជិតមកដល់។ ស្ត្រីនោះចេញមកជួបអ្នកកំលោះ ទាំងស្លៀកពាក់ជារបៀបស្រីពេស្យា ដើម្បីទាក់ទាញចិត្តគេ។ នាងពុះកញ្ជ្រោល ស្រើបស្រាល ឥតអៀនខ្មាស ទ្រាំនៅក្នុងផ្ទះមិនបានទេ។ នាងនេះដើររកប្រុសនៅតាមដងផ្លូវ នៅតាមផ្សារ និងនៅគ្រប់កៀនកោះ។ នាងចាប់អ្នកកំលោះមកឱបរឹត ហើយនិយាយទាំងងងើលថា «ថ្ងៃនេះ ខ្ញុំទើបនឹងថ្វាយយញ្ញបូជាអរព្រះគុណ ដើម្បីលាបំណន់។ ហេតុនេះហើយបានជាខ្ញុំចេញមកជួបបង ដ្បិតខ្ញុំចង់ស្គាល់បងយូរហើយ ឥឡូវ ខ្ញុំជួបបងមែន!។ ខ្ញុំបានរៀបចំគ្រែខ្ញុំ ដែលមានភួយចម្រុះពណ៌ និងមានផាហ៊ុមល្អៗមកពីស្រុកអេស៊ីប។ ខ្ញុំបានប្រោះទឹកអប់ និងគ្រឿងក្រអូបផ្សេងៗពីលើគ្រែនោះ។ សូមអញ្ជើញមក យើងរួមស្នេហ៍យ៉ាងសប្បាយជាមួយគ្នារហូតដល់ព្រឹកស្អែក។ ប្ដីខ្ញុំមិននៅផ្ទះទេ គាត់បានចេញដំណើរទៅស្រុកឆ្ងាយបាត់ហើយ។ គាត់យកប្រាក់មួយថង់ទៅជាមួយដល់ថ្ងៃពេញបូណ៌ ទើបគាត់វិលត្រឡប់មកផ្ទះវិញ»។
សុភាសិត 7:6-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតអញបានមើលពីបង្អួច ហើយតាមតារាងផ្ទះអញទៅ ក៏ពិចារណាក្នុងពួកមនុស្សឆោតល្ងង់ ឃើញក្នុងពួកកំឡោះៗមានម្នាក់ដែលឥតយោបល់ កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្ត្រីនោះ ក៏ដំរង់ទៅឯផ្ទះនាង គឺនៅពេលព្រលប់ កាលពន្លឺនៅព្រិលៗនៅឡើយ ឬនៅពេលពាក់កណ្តាលអធ្រាត្រ កាលងងឹតសូន្យទៅហើយ នោះឃើញមានស្ត្រីម្នាក់មកជួបនឹងវា នាងនោះតែងខ្លួនរបៀបជាស្រីសំផឹង ហើយមានចិត្តចេះឧបាយ នាងធ្វើសំឡេងឡូៗ ហើយក៏មានក្បាលរឹង ជាអ្នកដែលនៅក្នុងផ្ទះមិនជាប់ ចួនកាលនាងនៅឯផ្ទះ ចួនកាលនៅទីផ្សារ ហើយក៏លបចាំនៅគ្រប់ទាំងជ្រុងផ្លូវផង គឺយ៉ាងនោះ ដែលនាងចាប់ ហើយថើបវា ក៏និយាយនឹងវាដោយមុខក្រាស់ថា នៅថ្ងៃនេះ ខ្ញុំបានត្រូវថ្វាយយញ្ញបូជាជាដង្វាយមេត្រី ក៏បានលាបំណន់នោះស្រេចហើយ ហេតុនោះបានជាខ្ញុំចេញមកទទួលអ្នក ដើម្បីខំរកឲ្យឃើញមុខអ្នក ក៏បានឃើញហើយ ខ្ញុំបានក្រាលកំរាលប៉ាក់នៅលើគ្រែខ្ញុំ ព្រមទាំងសំពត់ពណ៌ ធ្វើពីអំបោះស្រុកអេស៊ីព្ទផង ខ្ញុំបានប្រោះដំណេកដោយគ្រឿងក្រអូប គឺដោយជ័រល្វីងទេស ក្រឹស្នា នឹងសម្បុរល្វែង ចូរមក យើងនឹងបានឆ្អែតចិត្តដោយសេចក្ដីស្នេហាដរាបដល់ភ្លឺ ចូរយើងមានចិត្តត្រេកត្រអាលក្នុងសេចក្ដីស្រឡាញ់ចុះ ដ្បិតប្ដីខ្ញុំមិននៅផ្ទះទេ គេហ៍បានធ្វើដំណើរទៅឆ្ងាយហើយ ក៏យកថង់ប្រាក់ជាប់នឹងខ្លួនទៅដែរ ដល់ពេញបូណ៌ទើបត្រឡប់មកវិញ