សុភាសិត 7:14-27

សុភាសិត 7:14-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ត្រូវ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី ក៏​បាន​លា​បំណន់​នោះ​ស្រេច​ហើយ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចេញ​មក​ទទួល​អ្នក ដើម្បី​ខំ​រក​ឲ្យ​ឃើញ​មុខ​អ្នក ក៏​បាន​ឃើញ​ហើយ ខ្ញុំ​បាន​ក្រាល​កម្រាល​ប៉ាក់​នៅ​លើ​គ្រែ​ខ្ញុំ ព្រម​ទាំង​សំពត់​ពណ៌ ធ្វើ​ពី​អំបោះ​ស្រុក​អេស៊ីព្ទ​ផង ខ្ញុំ​បាន​ប្រោះ​ដំណេក​ដោយ​គ្រឿង​ក្រអូប គឺ​ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា និង​សម្បុរ​ល្វែង។ ចូរ​មក យើង​នឹង​បាន​ឆ្អែត​ចិត្ត ដោយ​សេចក្ដី​ស្នេហា​ដរាប​ដល់​ភ្លឺ ចូរ​យើង​មាន​ចិត្ត​ត្រេក‌ត្រអាល ក្នុង​សេចក្ដី​ស្រឡាញ់​ចុះ។ ដ្បិត​ប្តី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ហើយ ក៏​យក​ថង់​ប្រាក់​ជាប់​នឹង​ខ្លួន​ទៅ​ដែរ ដល់​ថ្ងៃ​ពេញ​បូណ៌​ទើប​ត្រឡប់​មក​វិញ»។ គឺ​ដោយ​ពាក្យ​ផ្អែម‌ល្ហែម​ជា​ច្រើន នាង​បាន​បបួល​ឲ្យ​វា​ព្រម​តាម ហើយ​ដោយ​ពាក្យ​បញ្ចើច​នៃ​បបូរ​មាត់​នាង ក៏​បង្ខំ​ឲ្យ​វា​ទៅ​ផង វា​ក៏​ទៅ​តាម​នាងភ្លាម ប្រៀប​ដូច​ជា​គោ​ដែល​ទៅ​ឯ​ទី​សម្លាប់ ឬ​ដូច​ជា​ប្រើស​ដែល​ដើរ​ទៅ​រក​អន្ទាក់ រហូត​ទាល់​តែ​មាន​ព្រួញ​មក​ទម្លុះ​ថ្លើម​ខ្លួន ឬ​ដូច​សត្វ​ស្លាប​ហើរ​តម្រង់​ទៅ​ជាប់​លប់ ឥត​ដឹង​ថា​គេ​ចាប់​យក​ជីវិត​ខ្លួន​ទេ។ ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​យើង​ឥឡូវ ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ពាក្យ ដែល​ចេញ​ពី​មាត់​យើង​ចុះ។ កុំ​ឲ្យ​ចិត្ត​ឯង​ងាក​ទៅ​តាម​ផ្លូវ របស់​ស្រី​យ៉ាង​នោះ​ឡើយ ក៏​កុំ​ឲ្យ​វង្វេង​ទៅ​តាម​ផ្លូវ​ច្រក​របស់​វា​ដែរ។ ដ្បិត​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​របួស​ដួល ពួក​អ្នក​ដែល​វា​បាន​សម្លាប់ នោះ​មាន​សន្ធឹក​ណាស់។ ផ្ទះ​របស់​វា គឺ​ជា​ផ្លូវ​នាំ​ចុះ​ទៅ ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គឺ​នាំ​ចុះ​ទៅ​ដល់​លំ​នៅ​របស់​សេចក្ដី​ស្លាប់។

ចែក​រំលែក
អាន សុភាសិត 7

សុភាសិត 7:14-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ថ្ងៃ​នេះ ខ្ញុំ​ទើប​នឹង​ថ្វាយ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ ដើម្បី​លា​បំណន់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ចេញ​មក​ជួប​បង ដ្បិត​ខ្ញុំ​ចង់​ស្គាល់​បង​យូរ​ហើយ ឥឡូវ ខ្ញុំ​ជួប​បង​មែន!។ ខ្ញុំ​បាន​រៀបចំ​គ្រែ​ខ្ញុំ ដែល​មាន​ភួយ​ចម្រុះ​ពណ៌ និង​មាន​ផាហ៊ុម​ល្អៗ​មក​ពី​ស្រុក​អេស៊ីប។ ខ្ញុំ​បាន​ប្រោះ​ទឹក​អប់ និង​គ្រឿង​ក្រអូប​ផ្សេងៗ​ពី​លើ​គ្រែ​នោះ។ សូម​អញ្ជើញ​មក យើង​រួម​ស្នេហ៍​យ៉ាង​សប្បាយ​ជា​មួយ​គ្នា​រហូត​ដល់​ព្រឹក​ស្អែក។ ប្ដី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គាត់​បាន​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​បាត់​ហើយ។ គាត់​យក​ប្រាក់​មួយ​ថង់​ទៅ​ជា​មួយ​ដល់​ថ្ងៃ​ពេញ‌បូណ៌ ទើប​គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ»។ នាង​និយាយ​បញ្ចុះ‌បញ្ចូល​យ៉ាង​ប៉ិន‌ប្រសប់ អូស​ទាញ​អ្នក​កំលោះ​ដោយ​ពាក្យ​សម្ដី​ផ្អែម‌ល្ហែម។ អ្នក​កំលោះ​ក៏​ទៅ​តាម​នាង​ភ្លាម ដូច​គោ​ដែល​គេ​នាំ​ទៅ​ទី​សត្ត‌ឃាត និង​ដូច​មនុស្ស​ឆ្កួត​ដែល​បណ្ដោយ​ឲ្យ​គេ​ចង​ជើង​ចង​ដៃ យក​ទៅ​ធ្វើ​ទោស។ អ្នក​នោះ​ប្រៀប​បាន​នឹង​សត្វ​ស្លាប ហើរ​បោះ‌ពួយ​ទៅ​រក​អន្ទាក់ ដោយ​មិន​ដឹង​ថា ខ្លួន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ លុះ​ត្រា​តែ​មាន​ព្រួញ​មក​ទម្លុះ​ដល់​បេះ‌ដូង។ ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ឪពុក ចូរ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​ឪពុក​ទូន្មាន។ កុំ​បាក់​ចិត្ត​ទៅ​តាម​ស្ត្រី​ប្រភេទ​នេះ​ឡើយ ហើយ​ក៏​កុំ​វង្វេង​ទៅ​សេព‌គប់​ជា​មួយ​វា​ដែរ ដ្បិត​ស្ត្រី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ជន​រង‌គ្រោះ​ជា​ច្រើន សូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ត្រូវ​ស្លាប់​ដោយ‌សារ​ស្នាដៃ​នាង​ដែរ។ ផ្ទះ​របស់​នាង​ជា​ស្ថាន​មច្ចុរាជ អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ មុខ​ជា​ស្លាប់​មិន​ខាន។

ចែក​រំលែក
អាន សុភាសិត 7

សុភាសិត 7:14-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ជា​ដង្វាយ​មេត្រី ក៏​បាន​លា​បំណន់​នោះ​ស្រេច​ហើយ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចេញ​មក​ទទួល​អ្នក ដើម្បី​ខំ​រក​ឲ្យ​ឃើញ​មុខ​អ្នក ក៏​បាន​ឃើញ​ហើយ ខ្ញុំ​បាន​ក្រាល​កំរាល​ប៉ាក់​នៅ​លើ​គ្រែ​ខ្ញុំ ព្រម​ទាំង​សំពត់​ពណ៌ ធ្វើ​ពី​អំបោះ​ស្រុក​អេស៊ីព្ទ​ផង ខ្ញុំ​បាន​ប្រោះ​ដំណេក​ដោយ​គ្រឿង​ក្រអូប គឺ​ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា នឹង​សម្បុរ​ល្វែង ចូរ​មក យើង​នឹង​បាន​ឆ្អែត​ចិត្ត​ដោយ​សេចក្ដី​ស្នេហា​ដរាប​ដល់​ភ្លឺ ចូរ​យើង​មាន​ចិត្ត​ត្រេក‌ត្រអាល​ក្នុង​សេចក្ដី​ស្រឡាញ់​ចុះ ដ្បិត​ប្ដី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គេហ៍​បាន​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ហើយ ក៏​យក​ថង់​ប្រាក់​ជាប់​នឹង​ខ្លួន​ទៅ​ដែរ ដល់​ពេញ​បូណ៌​ទើប​ត្រឡប់​មក​វិញ គឺ​ដោយ​ពាក្យ​ផ្អែម‌ល្ហែម​ជា​ច្រើន នាង​បាន​បបួល​ឲ្យ​វា​ព្រម​តាម ហើយ​ដោយ​ពាក្យ​បញ្ចើច​នៃ​បបូរ​មាត់​នាង ក៏​បង្ខំ​ឲ្យ​វា​ទៅ​ផង យ៉ាង​នោះ វា​ក៏​តាម​ជា​១​រំពេច ប្រៀប​ដូច​ជា​គោ​ដែល​ទៅ​ឯ​ទី​សំឡាប់ ឬ​ដូច​ជា​មនុស្ស​ជាប់​ចំណង​ដែល​នាំ​ទៅ​ឯ​ទី​វាយ‌ផ្ចាល​មនុស្ស​ចំកួត ទាល់​តែ​មាន​ព្រួញ​ទំលុះ​ថ្លើម​ខ្លួន ឬ​ដូច​សត្វ​ស្លាប​ហើរ​ដំរង់​ទៅ​ជាប់​លប់ ឥត​ដឹង​ថា​នឹង​ចាប់​យក​ជីវិត​ខ្លួន​ទេ។ ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ពាក្យ​ដែល​ចេញ​ពី​មាត់​អញ​ចុះ កុំ​ឲ្យ​ចិត្ត​ឯង​ងាក​ទៅ​តាម​ផ្លូវ​របស់​ស្រី​យ៉ាង​នោះ​ឡើយ ក៏​កុំ​ឲ្យ​វង្វេង​ទៅ​តាម​ផ្លូវ​ច្រក​របស់​វា​ដែរ ដ្បិត​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​របួស​ដួល អើ ពួក​អ្នក​ដែល​វា​បាន​សំឡាប់ នោះ​មាន​សន្ធឹក​ណាស់ ផ្ទះ​របស់​វា គឺ​ជា​ផ្លូវ​នាំ​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គឺ​នាំ​ចុះ​ទៅ​ដល់​លំនៅ​របស់​សេចក្ដី​ស្លាប់។

ចែក​រំលែក
អាន សុភាសិត 7