សុភាសិត 7:1-13

សុភាសិត 7:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​អើយ ចូរ​រក្សា​អស់​ទាំង​ពាក្យ​របស់​ឪពុក ហើយ​ប្រមូល​អស់​ទាំង​បណ្ដាំ​របស់​ឪពុក ទុក​នៅ​នឹង​ឯង​ចុះ ត្រូវ​រក្សា​បណ្ដាំ​ឪពុក​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​រស់​នៅ ព្រម​ទាំង​ឱវាទ​របស់​ឪពុក ដូច​រក្សា​ប្រស្រី​ភ្នែក​ឯង​ដែរ ចូរ​ចង​ភ្ជាប់​នៅ​ម្រាម​ដៃ ហើយ​ចារឹក​ទុក​ក្នុង​ដួង​ចិត្ត​ឯង​ផង។ ចូរ​និយាយ​ទៅ​ប្រាជ្ញា​ថា «អ្នក​ជា​បង​ស្រី​របស់​ខ្ញុំ» ហើយ​ត្រូវ​ហៅ​ការ​ចេះ​ដឹង​ថា​ជា​មិត្ត​សម្លាញ់ ដើម្បី​រក្សា​ឯង​ឲ្យ​រួច​ពី​ស្រី​អាវ៉ាសែ គឺ​ពី​ស្ត្រី​ផិត​ក្បត់​ដែល​ប្រលោម ដោយ​ពាក្យ​ផ្អែម‌ល្ហែម។ ដ្បិត​ឪពុក​បាន​មើលតាម​បង្អួច ហើយ​តាមប្រឡោះ​វាំង​នន​ទៅ ឪពុក​ឃើញ​ក្នុង​ចំណោម​មនុស្ស​ឆោត​ល្ងង់ ឪពុក​ពិចារណា​ក្នុង​ចំណោម​ពួក​កំលោះ មាន​ម្នាក់​ដែល​ឥត​ប្រាជ្ញា កំពុង​តែ​ដើរ​ទៅ​តាម​ជ្រុង​ផ្លូវ​របស់​ស្ត្រី​នោះ ក៏​តម្រង់​ទៅ​ឯ​ផ្ទះ​នាង គឺ​នៅ​ពេល​ព្រលប់ កាល​ពន្លឺ​នៅ​ព្រឹលៗ​នៅ​ឡើយ ឬ​នៅ​ពេល​ពាក់​កណ្ដាល​អធ្រាត្រ កាល​ងងឹត​សូន្យ​ទៅ​ហើយ នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់​មក​ជួប​នឹង​វា នាង​នោះ​តែង​ខ្លួន​របៀប​ជា​ស្រី​ពេស្យា ហើយ​មាន​ចិត្ត​ពេញ​ដោយ​ឧបាយ។ នាង​ធ្វើ​សំឡេង​ឡូៗ ហើយ​ក៏​មាន​ក្បាល​រឹង ជា​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​មិន​ជាប់ ជួន​កាល​នាង​នៅ​ឯ​ផ្ទះ ជួន​កាល​នៅ​ទី​ផ្សារ ហើយ​ក៏​លប​ចាំ​នៅ​គ្រប់​ទាំង​ជ្រុង​ផ្លូវ​ផង។ គឺ​យ៉ាង​នោះ​ដែល​នាង​ចាប់ ហើយ​ថើប​វា ក៏​និយាយ​នឹង​វា​ដោយ​មុខ​ក្រាស់​ថា

ចែក​រំលែក
អាន សុភាសិត 7

សុភាសិត 7:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​អើយ កុំ​ភ្លេច​ពាក្យ​បណ្ដាំ​ឪពុក ចូរ​ចង‌ចាំ​ពាក្យ​ដែល​ឪពុក​ទូន្មាន ចូរ​រក្សា​ពាក្យ​ដែល​ឪពុក​ទូន្មាន​នេះ ទើប​កូន​មាន​ជីវិត។ ចូរ​រក្សា​ពាក្យ​ដែល​ឪពុក​ប្រៀន‌ប្រដៅ​ទុក​ដូច​ជា​កែវ​ភ្នែក។ ចូរ​ចង‌ចាំ​ពាក្យ​របស់​ឪពុក​គ្រប់​ពេល​វេលា ហើយ​ចារឹក​ទុក​ក្នុង​ដួង​ចិត្ត​ជានិច្ច។ ចូរ​ចាត់​ទុក​ប្រាជ្ញា​ដូច​ជា​បង​ស្រី និង​ចាត់​ទុក​តម្រិះ​ដូច​ជា​មិត្ត។ ធ្វើ​ដូច្នេះ កូន​អាច​គេច​ផុត​ពី​ស្ត្រី​ក្បត់​ប្ដី និង​គេច​ផុត​ពី​ប្រពន្ធ​គេ ដែល​ប្រសប់​លួង‌លោម។ មាន​ថ្ងៃ​មួយ ឪពុក​មើល​តាម​បង្អួច​ផ្ទះ សម្លឹង​ទៅ​ផ្លូវ​កែង ក្នុង​ចំណោម​យុវជន​ដែល​មិន​សូវ​ដឹង​ខុស​ត្រូវ ឪពុក​ឃើញ​ក្មេង​កំលោះ​ម្នាក់ គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។ ក្មេង​កំលោះ​នោះ​ដើរ​តាម​ផ្លូវ​មាន​ផ្ទះ​លក់​ដូរ ក្បែរ​កន្លែង​ដែល​ស្ត្រី​ក្បត់​ប្ដី​រស់​នៅ ហើយ​ដើរ​តម្រង់​ទៅ​ផ្ទះ​នាង។ ពេល​នោះ ជា​ពេល​ល្ងាច ថ្ងៃ​កំពុង​លិច ហើយ​យប់​ងងឹត​ក៏​ជិត​មក​ដល់។ ស្ត្រី​នោះ​ចេញ​មក​ជួប​អ្នក​កំលោះ ទាំង​ស្លៀក​ពាក់​ជា​របៀប​ស្រី​ពេស្យា ដើម្បី​ទាក់‌ទាញ​ចិត្ត​គេ។ នាង​ពុះ‌កញ្ជ្រោល ស្រើប‌ស្រាល ឥត​អៀន​ខ្មាស ទ្រាំ​នៅ​ក្នុង​ផ្ទះ​មិន​បាន​ទេ។ នាង​នេះ​ដើរ​រក​ប្រុស​នៅ​តាម​ដង​ផ្លូវ នៅ​តាម​ផ្សារ និង​នៅ​គ្រប់​កៀន​កោះ។ នាង​ចាប់​អ្នក​កំលោះ​មក​ឱប​រឹត ហើយ​និយាយ​ទាំង​ងងើល​ថា

ចែក​រំលែក
អាន សុភាសិត 7

សុភាសិត 7:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​អើយ ចូរ​រក្សា​អស់​ទាំង​ពាក្យ​របស់​អញ ហើយ​ប្រមូល​អស់​ទាំង​បណ្តាំ​អញ​ទុក​នៅ​នឹង​ឯង​ចុះ ត្រូវ​ឲ្យ​រក្សា​បណ្តាំ​អញ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​រស់​នៅ ព្រម​ទាំង​ឱវាទ​អញ ដូច​ជា​រក្សា​ប្រស្រី​ភ្នែក​ឯង​ដែរ ចូរ​ចង​ភ្ជាប់​នៅ​ម្រាម​ដៃ ហើយ​កំណត់​ទុក​នៅ​ក្នុង​ដួង​ចិត្ត​ឯង​ផង ចូរ​និយាយ​ដល់​ប្រាជ្ញា​ថា ឯង​ជា​បង​ស្រី​របស់​អញ ហើយ​ត្រូវ​ហៅ​យោបល់​ថា​ជា​សំឡាញ់​ឯង ដើម្បី​ឲ្យ​សេចក្ដី​ទាំង​២​នោះ បាន​រក្សា​ឯង​ឲ្យ​រួច​ពី​ស្ត្រី​ដទៃ គឺ​ពី​ស្ត្រី​ក្រៅ​ដែល​និយាយ​ប្រលោម ដោយ​ពាក្យ​ផ្អែម‌ល្ហែម ដ្បិត​អញ​បាន​មើល​ពី​បង្អួច ហើយ​តាម​តារាង​ផ្ទះ​អញ​ទៅ ក៏​ពិចារណា​ក្នុង​ពួក​មនុស្ស​ឆោត​ល្ងង់ ឃើញ​ក្នុង​ពួក​កំឡោះៗ​មាន​ម្នាក់​ដែល​ឥត​យោបល់ កំពុង​តែ​ដើរ​ទៅ​តាម​ជ្រុង​ផ្លូវ​របស់​ស្ត្រី​នោះ ក៏​ដំរង់​ទៅ​ឯ​ផ្ទះ​នាង គឺ​នៅ​ពេល​ព្រលប់ កាល​ពន្លឺ​នៅ​ព្រិលៗ​នៅ​ឡើយ ឬ​នៅ​ពេល​ពាក់​កណ្តាល​អធ្រាត្រ កាល​ងងឹត​សូន្យ​ទៅ​ហើយ នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់​មក​ជួប​នឹង​វា នាង​នោះ​តែង​ខ្លួន​របៀប​ជា​ស្រី​សំផឹង ហើយ​មាន​ចិត្ត​ចេះ​ឧបាយ នាង​ធ្វើ​សំឡេង​ឡូៗ ហើយ​ក៏​មាន​ក្បាល​រឹង ជា​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​មិន​ជាប់ ចួន‌កាល​នាង​នៅ​ឯ​ផ្ទះ ចួន‌កាល​នៅ​ទី​ផ្សារ ហើយ​ក៏​លប​ចាំ​នៅ​គ្រប់​ទាំង​ជ្រុង​ផ្លូវ​ផង គឺ​យ៉ាង​នោះ ដែល​នាង​ចាប់ ហើយ​ថើប​វា ក៏​និយាយ​នឹង​វា​ដោយ​មុខ​ក្រាស់​ថា

ចែក​រំលែក
អាន សុភាសិត 7