សុភាសិត 6:23-35
សុភាសិត 6:23-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតពាក្យបណ្ដាំនោះ ជាចង្កៀង ហើយដំបូន្មាននោះ ជាពន្លឺ ឯសេចក្ដីបន្ទោស នៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ ដើម្បីរក្សាឯងឲ្យរួចពីស្ត្រីអាក្រក់ គឺឲ្យរួចពីអណ្ដាតដ៏រអិលរបស់ស្រីផិតក្បត់។ កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ ចំពោះរូបឆោមឆាយរបស់គេឡើយ ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ ដ្បិតថ្លៃឈ្នួលរបស់ស្រីពេស្យា នោះត្រឹមតែនំបុ័ងមួយចំណិតប៉ុណ្ណោះ តែប្រពន្ធរបស់អ្នកដទៃវិញ តែងដេញចាប់យកជីវិតដ៏វិសេស។ តើមនុស្សនឹងយកភ្លើងមកដាក់នៅទ្រូង ឥតឆេះដល់ខោអាវខ្លួនបានឬ? តើនឹងដើរលើរងើកភ្លើង ឥតរលាកដល់ជើងបានដែរឬ? ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធ របស់អ្នកជិតខាង នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង នោះមិនរួចពីមានទោសឡើយ។ មនុស្សរមែងមិនស្អប់ដល់ចោរ គឺបើវាលួច ឲ្យតែបានឆ្អែតពោះប៉ុណ្ណោះ ក្នុងវេលាដែលស្រេកឃ្លាននោះទេ។ តែបើទាន់ឃើញវា នោះគង់តែត្រូវឲ្យវា សងមួយជាប្រាំពីរវិញដែរ វាត្រូវសងដល់ទៅគ្រប់របស់ ដែលនៅក្នុងផ្ទះខ្លួនទាំងអស់ផង។ ប៉ុន្តែ ឯអ្នកណាដែលលួចប្រពន្ធគេ នោះជាអ្នកឥតមានគំនិតឡើយ អ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះ ឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយ។ អ្នកនោះនឹងត្រូវសៅហ្មង ហើយអាប់យស និងលុបសេចក្ដីត្មះតិះដៀល ចំពោះអ្នកនោះចេញមិនបាត់ឡើយ។ ដ្បិតសេចក្ដីប្រចណ្ឌជាសេចក្ដីក្តៅក្រហាយ របស់មនុស្ស ហើយគេនឹងមិនប្រណីក្នុងថ្ងៃសងសឹកទេ។ គេមិនព្រមទាំងក្រឡេកមើល តម្លៃលោះណាមួយផង ហើយទោះបើឯងជូនជំនួនដល់គេជាច្រើន ក៏ដោយ គង់តែមិនបានរម្ងាប់ចិត្តដែរ។
សុភាសិត 6:23-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតឱវាទប្រៀបបាននឹងចង្កៀង ដំបូន្មានជាពន្លឺ ហើយការប្រៀនប្រដៅជាផ្លូវនាំទៅកាន់ជីវិត។ ពាក្យដាស់តឿនទាំងនេះការពារកូន កុំឲ្យចាញ់បោកស្រីទុច្ចរិត កុំឲ្យចាញ់បញ្ឆោតពាក្យផ្អែមល្ហែមរបស់ស្ត្រីក្បត់ប្ដី។ កុំមានចិត្តពុះកញ្ជ្រោលនឹងសម្ផស្សរបស់ស្រីរបៀបនេះឡើយ ហើយក៏កុំបណ្ដោយឲ្យចិត្តអ្នកឈ្លក់វង្វេងទៅតាមកែវភ្នែករបស់គេដែរ។ ស្រីពេស្យាចង់បាននំបុ័ងតែមួយដុំប៉ុណ្ណោះ រីឯស្ត្រីក្បត់ប្ដីវិញ គេទាមទារយកអ្វីៗទាំងអស់ដ៏មានតម្លៃ។ តើមាននរណាយកភ្លើងមកឱប ហើយភ្លើងមិនឆេះអាវទាំងមូល? តើមាននរណាដើរលើរងើកភ្លើង ហើយមិនរលាកជើង? រីឯអ្នកដែលប៉ះពាល់ប្រពន្ធគេក៏ដូច្នោះដែរ គឺត្រូវតែទទួលផលវិបាកជានិច្ច។ ចោរលួចគេ ដើម្បីគ្រាន់តែចម្អែតក្រពះដែលឃ្លាននោះ គ្មាននរណាមើលងាយទេ តែបើគេចាប់បាន ចោរនោះត្រូវតែសងមួយជាប្រាំពីរ ហើយខាតបង់អ្វីៗទាំងអស់ដែលខ្លួនមានផង។ អ្នកណាលួចប្រពន្ធគេ អ្នកនោះជាមនុស្សមិនចេះពិចារណា ដ្បិតប្រព្រឹត្តយ៉ាងនេះនាំតែវិនាសខ្លួនឯង។ អ្នកនោះនឹងទទួលទោសបាត់បង់កិត្តិយស ហើយត្រូវខ្មាសគេរហូត ដ្បិតប្ដីគេនឹងប្រច័ណ្ឌ ហើយថ្ងៃមួយគេនឹងសងសឹកឥតត្រាប្រណីឡើយ។ គេមិនព្រមទទួលសំណង គេមិនអត់ទោសឲ្យ ទោះបីយកជំងឺចិត្តទៅសងច្រើនយ៉ាងណាក៏ដោយ។
សុភាសិត 6:23-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតពាក្យបណ្តាំនោះ ជាចង្កៀង ហើយដំបូន្មាននោះ ជាពន្លឺ ឯសេចក្ដីបន្ទោសនៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ ប្រយោជន៍នឹងរក្សាឯងទុក ឲ្យរួចពីស្ត្រីអាក្រក់ គឺឲ្យរួចពីអណ្តាតបញ្ចើចរបស់ស្រីដទៃ កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ចំពោះរូបឆោមឆាយរបស់គេឡើយ ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ ដ្បិតដោយព្រោះតែស្រីសំផឹង នោះមានមនុស្សដែលនឹងធ្លាក់ខ្លួនទៅជាមាននំបុ័ងតែ១ចំណិតប៉ុណ្ណោះ ហើយស្រីកំផិតតែងតែដេញចាប់ជីវិតដ៏វិសេស តើមនុស្សនឹងយកភ្លើងមកដាក់នៅនាទ្រូង ឥតឆេះដល់អាវខ្លួនបានឬ តើនឹងដើរលើរងើកភ្លើងឥតរលាកដល់ជើងបានដែរឬ ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធរបស់អ្នកជិតខាង នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង នោះមិនរួចពីមានទោសឡើយ មនុស្សរមែងមិនស្អប់ដល់ចោរ គឺបើវាលួច ឲ្យតែបានឆ្អែតពោះប៉ុណ្ណោះ ក្នុងវេលាដែលស្រេកឃ្លាននោះទេ តែបើទាន់ឃើញវា នោះគង់តែត្រូវឲ្យវាសង១ជា៧វិញដែរ វាត្រូវសងដល់ទៅគ្រប់របស់ដែលនៅក្នុងផ្ទះខ្លួនទាំងអស់ផង តែឯអ្នកណាដែលលួចប្រពន្ធគេ នោះជាអ្នកឥតមានគំនិតឡើយ អ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះ ឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយ អ្នកនោះនឹងត្រូវសៅហ្មង ហើយអាប់យស នឹងលុបសេចក្ដីត្មះតិះដៀលចំពោះអ្នកនោះចេញមិនបាត់ឡើយ ដ្បិតសេចក្ដីប្រចណ្ឌជាសេចក្ដីក្តៅក្រហាយរបស់មនុស្ស ហើយគេនឹងមិនប្រណីក្នុងថ្ងៃសងសឹកទេ គេមិនព្រមទាំងក្រឡេកមើលដំឡៃលោះណាមួយផង ហើយទោះបើឯងជូនជំនូនដល់គេជាច្រើនក៏ដោយ គង់តែមិនបានរំងាប់ចិត្តដែរ។