សុភាសិត 6:20-27

សុភាសិត 6:20-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​អើយ ចូរ​រក្សា​ទុក​នូវ​សេចក្ដី​បណ្ដាំ របស់​ឪពុក​ឯង​ចុះ ក៏​កុំ​ឲ្យ​បោះ‌បង់​ចោល​ដំបូ‌ន្មាន របស់​ម្តាយ​ឯង​ឡើយ។ ចូរ​ចង​ក្រៀក​នៅ​នឹង​ចិត្ត​ឯង​ជា‌និច្ច ហើយ​ភ្ជាប់​នៅ​ក​ឯង​ផង កាល​ណា​ឯង​ដើរ បណ្ដាំ​នោះ​នឹង​នាំ​មុខ​ឯង កាល​ណា​ដេក​លក់ នោះ​នឹង​ចាំ​យាម​រក្សា​ឯង ហើយ​កាល​ណា​ភ្ញាក់ ដំបូន្មាន​នោះ​នឹង​និយាយ​រក​ឯង។ ដ្បិត​ពាក្យ​បណ្ដាំ​នោះ ជា​ចង្កៀង ហើយ​ដំបូ‌ន្មាន​នោះ ជា​ពន្លឺ ឯ​សេចក្ដី​បន្ទោស នៃ​ពាក្យ​ប្រៀន‌ប្រដៅ នោះ​ជា​ផ្លូវ​ជីវិត​ហើយ ដើម្បី​រក្សា​ឯង​ឲ្យ​រួច​ពី​ស្ត្រី​អា‌ក្រក់ គឺ​ឲ្យ​រួច​ពី​អណ្ដាត​ដ៏​រអិល​របស់​ស្រី​ផិត​ក្បត់។ កុំ​ឲ្យ​ឯង​មាន​តណ្ហា​ខ្មួល‌ខ្មាញ់ ចំពោះ​រូប​ឆោម‌ឆាយ​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​គេ​ចាប់​ឯង​ទៅ​ដោយ‌សារ​ត្របក​ភ្នែក​គេ​ដែរ ដ្បិត​ថ្លៃ​ឈ្នួល​របស់​ស្រី​ពេស្យា នោះ​ត្រឹម​តែ​នំបុ័ង​មួយ​ចំណិត​ប៉ុណ្ណោះ តែ​ប្រពន្ធ​របស់​អ្នក​ដទៃ​វិញ តែង​ដេញ​ចាប់​យក​ជីវិត​ដ៏​វិសេស។ តើ​មនុស្ស​នឹង​យក​ភ្លើង​មក​ដាក់​នៅ​ទ្រូង ឥត​ឆេះ​ដល់​ខោ​អាវ​ខ្លួន​បាន​ឬ?

ចែក​រំលែក
អាន សុភាសិត 6

សុភាសិត 6:20-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​អើយ ចូរ​ស្ដាប់​ឱវាទ​របស់​ឪពុក កុំ​ចោល​ដំបូន្មាន​របស់​ម្ដាយ។ ចូរ​ចង​ចាំ​ទុក​ក្នុង​ចិត្ត ចូរ​រក្សា​ជាប់​នឹង​ខ្លួន​ដូច​គ្រឿង​អលង្ការ។ ពេល​កូន​ទៅ​ណា​មក​ណា​ដំបូន្មាន​នេះ​នាំ​ផ្លូវ​កូន ការពារ​កូន​ក្នុង​ពេល​ដេក ហើយ​សារ​ស័ព្ទ​ជា​មួយ​កូន​នៅ​ពេល​កូន​ភ្ញាក់ ដ្បិត​ឱវាទ​ប្រៀប​បាន​នឹង​ចង្កៀង ដំបូន្មាន​ជា​ពន្លឺ ហើយ​ការ​ប្រៀន‌ប្រដៅ​ជា​ផ្លូវ​នាំ​ទៅ​កាន់​ជីវិត។ ពាក្យ​ដាស់​តឿន​ទាំង​នេះ​ការពារ​កូន កុំ​ឲ្យ​ចាញ់​បោក​ស្រី​ទុច្ចរិត កុំ​ឲ្យ​ចាញ់​បញ្ឆោត​ពាក្យ​ផ្អែម‌ល្ហែម​របស់​ស្ត្រី​ក្បត់​ប្ដី។ កុំ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​នឹង​សម្ផស្ស​របស់​ស្រី​របៀប​នេះ​ឡើយ ហើយ​ក៏​កុំ​បណ្ដោយ​ឲ្យ​ចិត្ត​អ្នក​ឈ្លក់​វង្វេង​ទៅ​តាម​កែវ​ភ្នែក​របស់​គេ​ដែរ។ ស្រី​ពេស្យា​ចង់​បាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ រីឯ​ស្ត្រី​ក្បត់​ប្ដី​វិញ គេ​ទាម‌ទារ​យក​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ។ តើ​មាន​នរណា​យក​ភ្លើង​មក​ឱប ហើយ​ភ្លើង​មិន​ឆេះ​អាវ​ទាំង​មូល?

ចែក​រំលែក
អាន សុភាសិត 6

សុភាសិត 6:20-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​អើយ ចូរ​រក្សា​ទុក​នូវ​សេចក្ដី​បណ្តាំ​របស់​ឪពុក​ឯង​ចុះ ក៏​កុំ​ឲ្យ​បោះ‌បង់​ចោល​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ ចូរ​ចង​ក្រៀក​នៅ​នឹង​ចិត្ត​ឯង​ជានិច្ច ហើយ​ភ្ជាប់​នៅ​ក​ឯង​ផង កាល​ណា​ឯង​ដើរ​ដំណើរ បណ្តាំ​នោះ​នឹង​នាំ​មុខ​ឯង កាល​ណា​ដេក​លក់ នោះ​នឹង​ចាំ​យាម​រក្សា​ឯង ហើយ​កាល​ណា​ភ្ញាក់ នោះ​នឹង​និយាយ​រក​ឯង ដ្បិត​ពាក្យ​បណ្តាំ​នោះ ជា​ចង្កៀង ហើយ​ដំបូន្មាន​នោះ ជា​ពន្លឺ ឯ​សេចក្ដី​បន្ទោស​នៃ​ពាក្យ​ប្រៀន‌ប្រដៅ នោះ​ជា​ផ្លូវ​ជីវិត​ហើយ ប្រយោជន៍​នឹង​រក្សា​ឯង​ទុក ឲ្យ​រួច​ពី​ស្ត្រី​អាក្រក់ គឺ​ឲ្យ​រួច​ពី​អណ្តាត​បញ្ចើច​របស់​ស្រី​ដទៃ កុំ​ឲ្យ​ឯង​មាន​តណ្ហា​ខ្មួល‌ខ្មាញ់​ចំពោះ​រូប​ឆោម‌ឆាយ​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​គេ​ចាប់​ឯង​ទៅ​ដោយ‌សារ​ត្របក​ភ្នែក​គេ​ដែរ ដ្បិត​ដោយ​ព្រោះ​តែ​ស្រី​សំផឹង នោះ​មាន​មនុស្ស​ដែល​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​មាន​នំបុ័ង​តែ​១​ចំណិត​ប៉ុណ្ណោះ ហើយ​ស្រី​កំផិត​តែង‌តែ​ដេញ​ចាប់​ជីវិត​ដ៏​វិសេស តើ​មនុស្ស​នឹង​យក​ភ្លើង​មក​ដាក់​នៅ​នា​ទ្រូង ឥត​ឆេះ​ដល់​អាវ​ខ្លួន​បាន​ឬ

ចែក​រំលែក
អាន សុភាសិត 6