សុភាសិត 6:1-8

សុភាសិត 6:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​អើយ ប្រសិន​បើ​ឯង បាន​ធានា​ឲ្យ​អ្នក​ជិត​ខាង​ឯង ប្រសិន​បើ​ឯងបាន​សន្យា​ជំនួស​អ្នក​ដទៃ នោះ​ឯង​បាន​ជាប់​អន្ទាក់ ដោយ‌សារ​ពាក្យ​សន្យា​របស់​ឯង គឺ​ឯង​បាន​ត្រូវ​ចាប់​ហើយ ដោយ​ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​ឯង​មក នោះ​កូន​អើយ ចូរ​ធ្វើ​ដូច្នេះ​វិញ ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ ដ្បិត​ឯង​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ នៃ​អ្នក​ជិត​ខាង​ឯង​ហើយ។ ដូច្នេះ ចូរ​ទៅ​ជួប​អ្នក​ជិត​ខាង​ឯង​ភ្លាម ហើយ​អង្វរ​គេ​ជា​បន្ទាន់។ កុំ​ឲ្យ​ភ្នែក​ឯង​ដេក​លក់ ឬ​ឲ្យ​ត្របក​ភ្នែក​ឯង​រលីវ​ឡើយ។ ចូរ​ដោះ​ខ្លួន​ចេញ ដូច​ជា​ប្រើស​ដែល​ខំ​ប្រឹង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នាយ​ព្រាន ហើយ​ដូច​ជា​សត្វ​ហើរ ឲ្យ​រួច​ពី​ដៃ​នៃ​អ្នក​ដែល​ចាប់​វា ។ ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារ‌ណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មានប្រាជ្ញា​ឡើង។ វា​គ្មានមេ គ្មាន​អ្នក​ត្រួតត្រា ឬ​គ្មាន​អ្នក​គ្រប់‌គ្រង​ឡើយ គង់​តែ​វា​ផ្គត់‌ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង ហើយ​ក៏​ប្រមូល​ស្បៀង ទុក​នៅ​ក្នុង​រដូវ​ចម្រូត​បាន។

ចែក​រំលែក
អាន សុភាសិត 6

សុភាសិត 6:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​អើយ ប្រសិន​បើ​កូន​ធានា​បងប្អូន​ណា​ម្នាក់​ដែល​ជំពាក់​បំណុល​គេ ប្រសិន​បើ​កូន​បាន​សន្យា​ផ្ទាល់​មាត់ និង​ជាប់​សម្ដី​ក្នុង​រឿង​នេះ បាន​សេចក្ដី​ថា កូន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បងប្អូន​នោះ​ហើយ។ ដូច្នេះ កូន​ត្រូវ​តែ​ទៅ​ជួប​អ្នក​នោះ ហើយ​អង្វរ​ករ និង​រំអុក​សុំ​រំដោះ​ខ្លួន​ឲ្យ​រួច កុំ​ដេក កុំ​សម្រាក​ឡើយ គឺ​ខំ​ប្រឹង​រើ‌បម្រះ​ឲ្យ​ទាល់​តែ​រួច​ខ្លួន ដូច​ឈ្លូស និង​បក្សី​ខំ​ប្រឹង​រំដោះ​ខ្លួនឲ្យ​រួច​ពី​អន្ទាក់​របស់​ព្រាន។ កូន​កម្ជិល​អើយ ចូរ​ទៅ​មើល​ស្រមោច ហើយ​ពិចារណា​អំពី​ការ​រស់​នៅ​របស់​វា រួច​យក​មេរៀន​ពី​វា​ទៅ។ វា​គ្មាន​អ្នក​ត្រួត‌ត្រា គ្មាន​មេ​កើយ គ្មាន​ថៅ‌កែ​ទេ តែ​នៅ​រដូវ​ក្ដៅ​វា​ប្រមូល​ចំណី នៅ​រដូវ​ចម្រូត វា​សន្សំ​ស្បៀង​ទុក។

ចែក​រំលែក
អាន សុភាសិត 6

សុភាសិត 6:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​អើយ បើ​ឯង​បាន​ធានា​ឲ្យ​អ្នក​ជិត​ខាង​ឯង បើ​ឯង​បាន​ចាប់​ដៃ​សន្យា​ជំនួស​អ្នក​ដទៃ នោះ​ឯង​បាន​ជាប់​អន្ទាក់ ដោយ‌សារ​ពាក្យ​សន្យា​របស់​ឯង គឺ​ឯង​បាន​ត្រូវ​ចាប់​ហើយ ដោយ​ពាក្យ​សំដី​ដែល​ចេញ​ពី​មាត់​ឯង​មក យ៉ាង​នោះ កូន​អើយ ចូរ​ធ្វើ​ដូច្នេះ​វិញ ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ ព្រោះ​ឃើញ​ថា ឯង​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ជិត​ខាង​ឯង ដូច្នេះ ចូរ​ឯង​ទៅ​បន្ទាប​ខ្លួន ហើយ​អង្វរ​ដល់​គេ កុំ​ឲ្យ​ភ្នែក​ឯង​ដេក​លក់ ឬ​ឲ្យ​ត្របក​ភ្នែក​ឯង​រលីវ​ឡើយ ចូរ​ឲ្យ​ដោះ​ខ្លួន​ចេញ ដូច​ជា​ប្រើស​រួច​ពី​កណ្តាប់​ដៃ​នាយ​ព្រាន ហើយ​ដូច​សត្វ​ហើរ​រួច​ពី​ដៃ​នៃ​អ្នក​ដែល​ចាប់​វា។ ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មាន ប្រាជ្ញា​ឡើង វា​គ្មាន​នាយ គ្មាន​អ្នក​កាន់‌កាប់​ការ ឬ​អ្នក​គ្រប់‌គ្រង​ឡើយ គង់​តែ​វា​ផ្គត់‌ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង ហើយ​ក៏​ប្រមូល​ស្បៀង​ទុក នៅ​ក្នុង​រដូវ​ចំរូត​ផង

ចែក​រំលែក
អាន សុភាសិត 6