សុភាសិត 5:7-20

សុភាសិត 5:7-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​យើង​ឥឡូវ​ចុះ កុំ​ឲ្យ​ងាក​ចេញ​ពី​ពាក្យ ដែល​មាត់​យើង​ពោល​ឡើយ។ ចូរ​ឯង​ញែក​ផ្លូវ​ដើរ​របស់​ឯង​ឲ្យ​ឆ្ងាយ​ពី​វា​ចេញ កុំ​ឲ្យ​ចូល​ទៅ​ជិត​ទ្វារ​ផ្ទះ​របស់​វា​ឲ្យ​សោះ ក្រែង​ឯង​ប្រគល់​កិត្តិ‌សព្ទ​ឯង​ដល់​អ្នក​ដទៃ ហើយ​អាយុ​ឯង​ដល់​ពួក​សាហាវ។ ក្រែង​មនុស្ស​ដទៃ​បាន​ឆ្អែត​ដោយ​កម្លាំង​ឯង ហើយ​ការ​នឿយ​លំបាក​របស់​ឯង ត្រូវ​ធ្វើ​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ក្រៅ​វិញ រួច​ដល់​ចុង​បំផុត ឯង​នឹង​ត្រូវ​ថ្ងូរ ក្នុង​កាល​ដែល​សាច់​ឈាម ហើយ​ខ្លួន​ប្រាណ​ឯង​រោយ​ចុះ​ទៅ ហើយ​ឯង​ថា «អុញ​ន៍ យើង​បាន​ស្អប់ សេចក្ដី​ប្រៀន‌ប្រដៅ​ណាស់​ហ្ន៎ ចិត្ត​យើង​ក៏​បាន​ខ្ពើម​សេចក្ដី​បន្ទោស ហើយ​យើង​មិន​បាន​ស្តាប់​តាម សម្ដី​នៃ​គ្រូ​របស់​យើង ឬ​ផ្ទៀង​ត្រចៀក​ចំពោះ​ពួក​អ្នក ដែល​រំឭក​យើង​ផង​ដែរ។ យើង​ស្ទើរ​តែ​នឹង​ចូល​ទៅ​ក្នុង អស់​ទាំង​អំពើ​អា‌ក្រក់​ហើយ គឺ​នៅ​កណ្ដាល​ចំណោម​មនុស្ស និង​ក្រុម​ជំនុំ​ផង»។ ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ ពី​អណ្តូង​របស់​ខ្លួន​ចុះ។ តើ​គួរ​ឲ្យ​រន្ធ​ទឹក​ឯង​ហូរ​សាច​ចេញ​ទៅ​ក្រៅ ហើយ​គន្លង​ទឹក​ឯង​ហូរ​ទៅ​ក្នុង​ផ្លូវ​ឬ? ត្រូវ​ទុក​សម្រាប់​ខ្លួន​ឯង​តែ​មួយ​ប៉ុណ្ណោះ មិន​មែន​សម្រាប់​មនុស្ស​ដទៃ ជា‌មួយ​ឯង​ផង​នោះ​ទេ។ សូម​ឲ្យ​រន្ធ​ទឹក​ឯង​បាន​ពរ ចូរ​ឲ្យ​ឯង​បាន​រីក‌រាយ​ចំពោះ​ប្រពន្ធ ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំលោះ​ចុះ ប្រៀប​ដូច​ជា​ក្តាន់​ញី​ដែល​គួរ​ស្រឡាញ់ និង​ប្រើស​ញី​សម‌សួន ត្រូវ​ឲ្យ​ដោះ​របស់​នាង​បាន​បំពេញ​ចិត្ត​ឯង​ជា​ដរាប ហើយ​អ្នក​ត្រូវ​ឈ្លក់​ចិត្ត​នឹង​សេចក្ដី​ស្រឡាញ់ របស់​នាង​ជា‌និច្ច​ផង។ ដ្បិត​កូន​អើយ តើ​មាន​ទំនង​ឲ្យ​ឯង ទៅ​ឈ្លក់​ចិត្ត​ចំពោះ​ស្ត្រី​ដទៃ ហើយ​ឱប​ទ្រូង​នៃ​ស្ត្រី​ក្រៅ​ឬ?

ចែក​រំលែក
អាន សុភាសិត 5

សុភាសិត 5:7-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក កុំ​ងាក​ចេញ​ពី​ឱវាទ​របស់​ឪពុក​ឡើយ។ ចូរ​ដើរ​វាង​ឲ្យ​ឆ្ងាយ​ពី​ស្ត្រី​ប្រភេទ​នេះ កុំ​ទៅ​ជិត​មាត់​ទ្វារ​ផ្ទះ​របស់​គេ​ឲ្យ​សោះ ក្រែង‌លោ​អ្នក​ផង​ទាំង​ពួង​ប្រមាថ​មាក់‌ងាយ​កេរ្តិ៍​ឈ្មោះ​កូន ហើយ​មនុស្ស​គ្មាន​ចិត្ត​មេត្តា​បំផ្លាញ​ជីវិត​កូន ក្រែង‌លោ​អ្នក​ដទៃ​មក​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​កូន ហើយ​អ្វីៗ​ដែល​កូន​រក​បាន​ដោយ​កម្លាំង​ញើស ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង។ នៅ​ទី​បំផុត កូន​លែង​មាន​កម្លាំង​អ្វី​ទៀត ហើយ​កូន​នឹង​ស្រែក​ថ្ងូរ​ដូច​សត្វ។ ពេល​នោះ កូន​នឹង​ពោល​ថា «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ស្អប់​ដំបូន្មាន ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​ដូច្នេះ! ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្ដាប់​ពាក្យ​សម្ដី​គ្រូ ហើយ​ក៏​មិន​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​បង្រៀន​ខ្ញុំ​ដូច្នេះ!។ ខ្ញុំ​វិះ‌តែ​អាម៉ាស់​មុខ នៅ​ក្នុង​ចំណោម​សហគមន៍​របស់​ប្រជា‌ជន»។ ប្រពន្ធ​របស់​កូន​ប្រៀប​បាន​នឹង​ប្រភព​ទឹក ដែល​ផុស​ចេញ​ពី​អណ្ដូង​របស់​កូន​ផ្ទាល់ ចូរ​ផឹក​តែ​ទឹក​នេះ​ចុះ កុំ​បណ្ដោយ​ឲ្យ​ទឹក​នេះ​ហូរ​ទៅ​ក្រៅ តាម​ដង​ផ្លូវ​ឡើយ។ ចូរ​ប្រើ​ទឹក​នេះ​តែ​ម្នាក់​ឯង​បាន​ហើយ កុំ​ចែក​ឲ្យ​អ្នក​ដទៃ។ ចូរ​ផ្ដល់​សុភមង្គល​ឲ្យ​ភរិយា​របស់​កូន ចូរ​រួម​រស់​យ៉ាង​សប្បាយ​ជា​មួយ​ភរិយា ដែល​កូន​បាន​រៀបការ​តាំង​ពី​កំលោះ​ក្រមុំ។ ភរិយា​របស់​កូន​មាន​ចរិយា​សម​សួន​គួរ​ឲ្យ​ស្រឡាញ់ សម្រស់​របស់​នាង​គួរ​ជា​ទី​គាប់​ចិត្ត។ ចូរ​ត្រេក‌ត្រអាល​នឹង​សម្ផស្ស​របស់​នាង ចូរ​ស្រឡាញ់​នាង​យ៉ាង​អស់​ពី​ចិត្ត​រហូត​ត​ទៅ។ កូន​អើយ ហេតុ​អ្វី​បាន​ជា​កូន​មាន​ចិត្ត​ស្រឡាញ់​ប្រពន្ធ​របស់​គេ​ទៅ​វិញ? ហេតុ​អ្វី​បាន​ជា​កូន​ចង់​សប្បាយ​ជា​មួយ​ស្រី​ផ្សេង​ដូច្នេះ?

ចែក​រំលែក
អាន សុភាសិត 5

សុភាសិត 5:7-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ​ចុះ កុំ​ឲ្យ​ងាក​បែរ​ចេញ ពី​អស់​ទាំង​ពាក្យ ដែល​មាត់​អញ​ពោល​ឡើយ ចូរ​ឯង​ញែក​ផ្លូវ​ដើរ​របស់​ឯង​ឲ្យ​ឆ្ងាយ​ពី​វា​ចេញ កុំ​ឲ្យ​ចូល​ទៅ​ជិត​ទ្វារ​ផ្ទះ​របស់​វា​ឲ្យ​សោះ ក្រែង​ឯង​ប្រគល់​កិត្តិសព្ទ​ឯង​ដល់​អ្នក​ដទៃ ហើយ​អាយុ​ឯង​ដល់​ពួក​សាហាវ ក្រែង​មនុស្ស​ដទៃ​បាន​ឆ្អែត​ដោយ​កំឡាំង​ឯង ហើយ​ការ​នឿយ​លំបាក​របស់​ឯង ត្រូវ​ធ្វើ​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ក្រៅ​វិញ រួច​ដល់​ចុង​បំផុត ឯង​នឹង​ត្រូវ​ថ្ងូរ ក្នុង​កាល​ដែល​សាច់​ឈាម ហើយ​ខ្លួន​ប្រាណ​ឯង​រោយ​រុះ​ទៅ ហើយ​ឯង​ថា អុញ​ន៍ អញ​បាន​ស្អប់​សេចក្ដី​ប្រៀន‌ប្រដៅ​ណាស់​ហ្ន៎ ចិត្ត​អញ​ក៏​បាន​ខ្ពើម​សេចក្ដី​បន្ទោស ហើយ​អញ​មិន​បាន​ស្តាប់​តាម​សំដី​នៃ​គ្រូ​របស់​អញ ឬ​ផ្ទៀង​ត្រចៀក​ចំពោះ​ពួក​អ្នក​ដែល​រំឭក​អញ​ផង​ដែរ អញ​ស្ទើរ​តែ​នឹង​ចូល​ទៅ​ក្នុង​អស់​ទាំង​អំពើ​អាក្រក់​ហើយ គឺ​នៅ​កណ្តាល​ចំណោម​មនុស្ស នឹង​ពួក​ជំនុំ​ផង។ ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ​ពី​អណ្តូង​របស់​ខ្លួន​ចុះ តើ​គួរ​ឲ្យ​រន្ធ​ទឹក​ឯង​ហូរ​សាច​ចេញ​ទៅ​ក្រៅ ហើយ​គន្លង​ទឹក​ឯង​ហូរ​ទៅ​ក្នុង​ផ្លូវ​ឬ​អី ត្រូវ​ឲ្យ​ទុក​សំរាប់​ខ្លួន​ឯង​តែ​១​ប៉ុណ្ណោះ មិន​មែន​សំរាប់​មនុស្ស​ដទៃ​ជា​មួយ​នឹង​ឯង​ផង​នោះ​ទេ សូម​ឲ្យ​រន្ធ​ទឹក​ឯង​បាន​ពរ ចូរ​ឲ្យ​ឯង​បាន​រីក‌រាយ​ចំពោះ​ប្រពន្ធ​ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​ចុះ ប្រៀប​ដូច​ជា​ក្តាន់​ញី​ដែល​គួរ​ស្រឡាញ់ នឹង​ប្រើស​ញី​សម‌សួន ត្រូវ​ឲ្យ​ដោះ​របស់​នាង​បាន​បំពេញ​ចិត្ត​ឯង​ជា​ដរាប ហើយ​ត្រូវ​ឲ្យ​ឯង​ឈ្លក់​ចិត្ត​នឹង​សេចក្ដី​ស្រឡាញ់​របស់​នាង​ជានិច្ច​ផង ដ្បិត​កូន​អើយ តើ​មាន​ទំនង​ឲ្យ​ឯង​ទៅ​ឈ្លក់​ចិត្ត​ចំពោះ​ស្ត្រី​ដទៃ ហើយ​ឱប​ទ្រូង​នៃ​ស្ត្រី​ក្រៅ​ឬ​អី

ចែក​រំលែក
អាន សុភាសិត 5