សុភាសិត 5:1-23
សុភាសិត 5:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនអើយ ចូរផ្ចង់ចិត្តចំពោះប្រាជ្ញារបស់យើង ហើយផ្ទៀងត្រចៀកចំពោះយោបល់យើងដែរ ដើម្បីឲ្យឯងបានបម្រុងទុកនូវគំនិតវាងវៃ ហើយឲ្យបបូរមាត់ឯងបានរក្សាទុកនូវតម្រិះ។ ដ្បិតបបូរមាត់របស់ស្រីអាវ៉ាសែ រមែងស្រក់ជាទឹកឃ្មុំ ហើយមាត់របស់នាងរអិលជាងប្រេង ប៉ុន្តែ ដល់ចុងបំផុតបានល្វីងដូចជាស្លែង ហើយមុតដូចជាដាវមានមុខពីរវិញ។ ជើងវាដើរចុះទៅឯសេចក្ដីស្លាប់ ជំហានវាឈានទៅជាប់នៅ ស្ថានឃុំព្រលឹងមនុស្សស្លាប់។ អស់ទាំងផ្លូវប្រព្រឹត្តរបស់វា តែងតែប្រែប្រួល ដើម្បីមិនឲ្យឯងអាចស្គាល់បាន ក្រែងឯងស្ទង់មើលផ្លូវនៃជីវិតឃើញ។ ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវចុះ កុំឲ្យងាកចេញពីពាក្យ ដែលមាត់យើងពោលឡើយ។ ចូរឯងញែកផ្លូវដើររបស់ឯងឲ្យឆ្ងាយពីវាចេញ កុំឲ្យចូលទៅជិតទ្វារផ្ទះរបស់វាឲ្យសោះ ក្រែងឯងប្រគល់កិត្តិសព្ទឯងដល់អ្នកដទៃ ហើយអាយុឯងដល់ពួកសាហាវ។ ក្រែងមនុស្សដទៃបានឆ្អែតដោយកម្លាំងឯង ហើយការនឿយលំបាករបស់ឯង ត្រូវធ្វើនៅក្នុងផ្ទះរបស់មនុស្សក្រៅវិញ រួចដល់ចុងបំផុត ឯងនឹងត្រូវថ្ងូរ ក្នុងកាលដែលសាច់ឈាម ហើយខ្លួនប្រាណឯងរោយចុះទៅ ហើយឯងថា «អុញន៍ យើងបានស្អប់ សេចក្ដីប្រៀនប្រដៅណាស់ហ្ន៎ ចិត្តយើងក៏បានខ្ពើមសេចក្ដីបន្ទោស ហើយយើងមិនបានស្តាប់តាម សម្ដីនៃគ្រូរបស់យើង ឬផ្ទៀងត្រចៀកចំពោះពួកអ្នក ដែលរំឭកយើងផងដែរ។ យើងស្ទើរតែនឹងចូលទៅក្នុង អស់ទាំងអំពើអាក្រក់ហើយ គឺនៅកណ្ដាលចំណោមមនុស្ស និងក្រុមជំនុំផង»។ ចូរផឹកទឹកពីពាងរបស់ខ្លួនឯង ព្រមទាំងទឹកដែលហូរចេញ ពីអណ្តូងរបស់ខ្លួនចុះ។ តើគួរឲ្យរន្ធទឹកឯងហូរសាចចេញទៅក្រៅ ហើយគន្លងទឹកឯងហូរទៅក្នុងផ្លូវឬ? ត្រូវទុកសម្រាប់ខ្លួនឯងតែមួយប៉ុណ្ណោះ មិនមែនសម្រាប់មនុស្សដទៃ ជាមួយឯងផងនោះទេ។ សូមឲ្យរន្ធទឹកឯងបានពរ ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធ ដែលបានគ្នាពីកាលក្រមុំកំលោះចុះ ប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់ និងប្រើសញីសមសួន ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប ហើយអ្នកត្រូវឈ្លក់ចិត្តនឹងសេចក្ដីស្រឡាញ់ របស់នាងជានិច្ចផង។ ដ្បិតកូនអើយ តើមានទំនងឲ្យឯង ទៅឈ្លក់ចិត្តចំពោះស្ត្រីដទៃ ហើយឱបទ្រូងនៃស្ត្រីក្រៅឬ? ព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ព្រះអង្គក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ។ អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់ នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន។ អ្នកនោះនឹងត្រូវស្លាប់ទៅ ដោយឥតមានអ្នកណានឹងប្រៀនប្រដៅ ក៏នឹងវង្វេងចេញ ដោយវក់នឹងការចម្កួតរបស់ខ្លួន។
សុភាសិត 5:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនអើយ ចូរយកចិត្តទុកដាក់នឹងប្រាជ្ញារបស់ឪពុក ហើយចាប់អារម្មណ៍នឹងតម្រិះរបស់ឪពុកដែរ ដើម្បីឲ្យកូនស្គាល់ការរិះគិត និងការនិយាយស្ដីដឹងខុសត្រូវ។ ធម្មតា ស្ត្រីក្បត់ប្ដីតែងតែនិយាយមាយាផ្អែមដូចទឹកឃ្មុំ ហើយមាត់រអិលដូចប្រេង តែតាមពិតស្ត្រីនោះប្រៀបបាននឹងផ្លែស្លែងដែលមានជាតិល្វីង ហើយមុតដូចដាវមុខពីរ។ ស្ត្រីប្រភេទនេះបណ្ដាលឲ្យអ្នកត្រូវស្លាប់ ដ្បិតផ្លូវរបស់គេតម្រង់ទៅរកមច្ចុរាជ។ ផ្លូវរបស់ស្ត្រីនេះមិននាំទៅកាន់ជីវិតទេ តែនាំឲ្យគេវង្វេងដោយមិនដឹងខ្លួន។ ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុក កុំងាកចេញពីឱវាទរបស់ឪពុកឡើយ។ ចូរដើរវាងឲ្យឆ្ងាយពីស្ត្រីប្រភេទនេះ កុំទៅជិតមាត់ទ្វារផ្ទះរបស់គេឲ្យសោះ ក្រែងលោអ្នកផងទាំងពួងប្រមាថមាក់ងាយកេរ្តិ៍ឈ្មោះកូន ហើយមនុស្សគ្មានចិត្តមេត្តាបំផ្លាញជីវិតកូន ក្រែងលោអ្នកដទៃមករឹបអូសយកទ្រព្យសម្បត្តិរបស់កូន ហើយអ្វីៗដែលកូនរកបានដោយកម្លាំងញើស ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង។ នៅទីបំផុត កូនលែងមានកម្លាំងអ្វីទៀត ហើយកូននឹងស្រែកថ្ងូរដូចសត្វ។ ពេលនោះ កូននឹងពោលថា «ហេតុអ្វីបានជាខ្ញុំស្អប់ដំបូន្មាន ហើយមិនយកចិត្តទុកដាក់ស្ដាប់ការប្រៀនប្រដៅដូច្នេះ! ហេតុអ្វីបានជាខ្ញុំមិនស្ដាប់ពាក្យសម្ដីគ្រូ ហើយក៏មិនផ្ទៀងត្រចៀកស្ដាប់អ្នកបង្រៀនខ្ញុំដូច្នេះ!។ ខ្ញុំវិះតែអាម៉ាស់មុខ នៅក្នុងចំណោមសហគមន៍របស់ប្រជាជន»។ ប្រពន្ធរបស់កូនប្រៀបបាននឹងប្រភពទឹក ដែលផុសចេញពីអណ្ដូងរបស់កូនផ្ទាល់ ចូរផឹកតែទឹកនេះចុះ កុំបណ្ដោយឲ្យទឹកនេះហូរទៅក្រៅ តាមដងផ្លូវឡើយ។ ចូរប្រើទឹកនេះតែម្នាក់ឯងបានហើយ កុំចែកឲ្យអ្នកដទៃ។ ចូរផ្ដល់សុភមង្គលឲ្យភរិយារបស់កូន ចូររួមរស់យ៉ាងសប្បាយជាមួយភរិយា ដែលកូនបានរៀបការតាំងពីកំលោះក្រមុំ។ ភរិយារបស់កូនមានចរិយាសមសួនគួរឲ្យស្រឡាញ់ សម្រស់របស់នាងគួរជាទីគាប់ចិត្ត។ ចូរត្រេកត្រអាលនឹងសម្ផស្សរបស់នាង ចូរស្រឡាញ់នាងយ៉ាងអស់ពីចិត្តរហូតតទៅ។ កូនអើយ ហេតុអ្វីបានជាកូនមានចិត្តស្រឡាញ់ប្រពន្ធរបស់គេទៅវិញ? ហេតុអ្វីបានជាកូនចង់សប្បាយជាមួយស្រីផ្សេងដូច្នេះ? អ្វីៗដែលមនុស្សលោកប្រព្រឹត្ត ព្រះអម្ចាស់ជ្រាបទាំងអស់ ព្រះអង្គទតឃើញកិរិយាមារយាទរបស់គេ។ កំហុសរបស់មនុស្សអាក្រក់ជាចំណងចងខ្លួន ហើយអំពើបាបជាអន្ទាក់ដែលធ្វើឲ្យខ្លួនគេរើពុំរួច។ គេនឹងត្រូវស្លាប់ ព្រោះខ្វះការអប់រំ គេនឹងត្រូវវិនាស ព្រោះតែអំពើលេលាហួសល្បត់របស់ខ្លួន។
សុភាសិត 5:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនអើយ ចូរផ្ចង់ចិត្តចំពោះប្រាជ្ញារបស់អញ ហើយផ្ទៀងត្រចៀកចំពោះយោបល់អញដែរ ដើម្បីឲ្យឯងបានបំរុងទុកនូវគំនិតវាងវៃ ហើយឲ្យបបូរមាត់ឯងបានរក្សាទុកនូវដំរិះ ដ្បិតបបូរមាត់របស់ស្ត្រីដទៃ រមែងស្រក់ជាទឹកឃ្មុំ ហើយមាត់វារឥលជាងប្រេង ប៉ុន្តែ ដល់ចុងបំផុតបានល្វីងដូចជាស្លែង ហើយមុតដូចជាដាវមានមុខ២វិញ ជើងវាដើរចុះទៅឯសេចក្ដីស្លាប់ ជំហានវាឈានទៅជាប់នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ អស់ទាំងផ្លូវប្រព្រឹត្តរបស់វា តែងតែប្រែប្រួល ដើម្បីមិនឲ្យឯងអាចស្គាល់បាន ក្រែងឯងស្ទង់មើលផ្លូវនៃជីវិតឃើញ។ ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់អញឥឡូវចុះ កុំឲ្យងាកបែរចេញ ពីអស់ទាំងពាក្យ ដែលមាត់អញពោលឡើយ ចូរឯងញែកផ្លូវដើររបស់ឯងឲ្យឆ្ងាយពីវាចេញ កុំឲ្យចូលទៅជិតទ្វារផ្ទះរបស់វាឲ្យសោះ ក្រែងឯងប្រគល់កិត្តិសព្ទឯងដល់អ្នកដទៃ ហើយអាយុឯងដល់ពួកសាហាវ ក្រែងមនុស្សដទៃបានឆ្អែតដោយកំឡាំងឯង ហើយការនឿយលំបាករបស់ឯង ត្រូវធ្វើនៅក្នុងផ្ទះរបស់មនុស្សក្រៅវិញ រួចដល់ចុងបំផុត ឯងនឹងត្រូវថ្ងូរ ក្នុងកាលដែលសាច់ឈាម ហើយខ្លួនប្រាណឯងរោយរុះទៅ ហើយឯងថា អុញន៍ អញបានស្អប់សេចក្ដីប្រៀនប្រដៅណាស់ហ្ន៎ ចិត្តអញក៏បានខ្ពើមសេចក្ដីបន្ទោស ហើយអញមិនបានស្តាប់តាមសំដីនៃគ្រូរបស់អញ ឬផ្ទៀងត្រចៀកចំពោះពួកអ្នកដែលរំឭកអញផងដែរ អញស្ទើរតែនឹងចូលទៅក្នុងអស់ទាំងអំពើអាក្រក់ហើយ គឺនៅកណ្តាលចំណោមមនុស្ស នឹងពួកជំនុំផង។ ចូរផឹកទឹកពីពាងរបស់ខ្លួនឯង ព្រមទាំងទឹកដែលហូរចេញពីអណ្តូងរបស់ខ្លួនចុះ តើគួរឲ្យរន្ធទឹកឯងហូរសាចចេញទៅក្រៅ ហើយគន្លងទឹកឯងហូរទៅក្នុងផ្លូវឬអី ត្រូវឲ្យទុកសំរាប់ខ្លួនឯងតែ១ប៉ុណ្ណោះ មិនមែនសំរាប់មនុស្សដទៃជាមួយនឹងឯងផងនោះទេ សូមឲ្យរន្ធទឹកឯងបានពរ ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធដែលបានគ្នាពីកាលក្រមុំកំឡោះចុះ ប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់ នឹងប្រើសញីសមសួន ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប ហើយត្រូវឲ្យឯងឈ្លក់ចិត្តនឹងសេចក្ដីស្រឡាញ់របស់នាងជានិច្ចផង ដ្បិតកូនអើយ តើមានទំនងឲ្យឯងទៅឈ្លក់ចិត្តចំពោះស្ត្រីដទៃ ហើយឱបទ្រូងនៃស្ត្រីក្រៅឬអី ពីព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន អ្នកនោះនឹងត្រូវស្លាប់ទៅ ដោយឥតមានអ្នកណានឹងប្រៀនប្រដៅ ក៏នឹងវង្វេងចេញ ដោយវក់នឹងការចំកួតរបស់ខ្លួន។