សុភាសិត 5:1-14
សុភាសិត 5:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនអើយ ចូរផ្ចង់ចិត្តចំពោះប្រាជ្ញារបស់យើង ហើយផ្ទៀងត្រចៀកចំពោះយោបល់យើងដែរ ដើម្បីឲ្យឯងបានបម្រុងទុកនូវគំនិតវាងវៃ ហើយឲ្យបបូរមាត់ឯងបានរក្សាទុកនូវតម្រិះ។ ដ្បិតបបូរមាត់របស់ស្រីអាវ៉ាសែ រមែងស្រក់ជាទឹកឃ្មុំ ហើយមាត់របស់នាងរអិលជាងប្រេង ប៉ុន្តែ ដល់ចុងបំផុតបានល្វីងដូចជាស្លែង ហើយមុតដូចជាដាវមានមុខពីរវិញ។ ជើងវាដើរចុះទៅឯសេចក្ដីស្លាប់ ជំហានវាឈានទៅជាប់នៅ ស្ថានឃុំព្រលឹងមនុស្សស្លាប់។ អស់ទាំងផ្លូវប្រព្រឹត្តរបស់វា តែងតែប្រែប្រួល ដើម្បីមិនឲ្យឯងអាចស្គាល់បាន ក្រែងឯងស្ទង់មើលផ្លូវនៃជីវិតឃើញ។ ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវចុះ កុំឲ្យងាកចេញពីពាក្យ ដែលមាត់យើងពោលឡើយ។ ចូរឯងញែកផ្លូវដើររបស់ឯងឲ្យឆ្ងាយពីវាចេញ កុំឲ្យចូលទៅជិតទ្វារផ្ទះរបស់វាឲ្យសោះ ក្រែងឯងប្រគល់កិត្តិសព្ទឯងដល់អ្នកដទៃ ហើយអាយុឯងដល់ពួកសាហាវ។ ក្រែងមនុស្សដទៃបានឆ្អែតដោយកម្លាំងឯង ហើយការនឿយលំបាករបស់ឯង ត្រូវធ្វើនៅក្នុងផ្ទះរបស់មនុស្សក្រៅវិញ រួចដល់ចុងបំផុត ឯងនឹងត្រូវថ្ងូរ ក្នុងកាលដែលសាច់ឈាម ហើយខ្លួនប្រាណឯងរោយចុះទៅ ហើយឯងថា «អុញន៍ យើងបានស្អប់ សេចក្ដីប្រៀនប្រដៅណាស់ហ្ន៎ ចិត្តយើងក៏បានខ្ពើមសេចក្ដីបន្ទោស ហើយយើងមិនបានស្តាប់តាម សម្ដីនៃគ្រូរបស់យើង ឬផ្ទៀងត្រចៀកចំពោះពួកអ្នក ដែលរំឭកយើងផងដែរ។ យើងស្ទើរតែនឹងចូលទៅក្នុង អស់ទាំងអំពើអាក្រក់ហើយ គឺនៅកណ្ដាលចំណោមមនុស្ស និងក្រុមជំនុំផង»។
សុភាសិត 5:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនអើយ ចូរយកចិត្តទុកដាក់នឹងប្រាជ្ញារបស់ឪពុក ហើយចាប់អារម្មណ៍នឹងតម្រិះរបស់ឪពុកដែរ ដើម្បីឲ្យកូនស្គាល់ការរិះគិត និងការនិយាយស្ដីដឹងខុសត្រូវ។ ធម្មតា ស្ត្រីក្បត់ប្ដីតែងតែនិយាយមាយាផ្អែមដូចទឹកឃ្មុំ ហើយមាត់រអិលដូចប្រេង តែតាមពិតស្ត្រីនោះប្រៀបបាននឹងផ្លែស្លែងដែលមានជាតិល្វីង ហើយមុតដូចដាវមុខពីរ។ ស្ត្រីប្រភេទនេះបណ្ដាលឲ្យអ្នកត្រូវស្លាប់ ដ្បិតផ្លូវរបស់គេតម្រង់ទៅរកមច្ចុរាជ។ ផ្លូវរបស់ស្ត្រីនេះមិននាំទៅកាន់ជីវិតទេ តែនាំឲ្យគេវង្វេងដោយមិនដឹងខ្លួន។ ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុក កុំងាកចេញពីឱវាទរបស់ឪពុកឡើយ។ ចូរដើរវាងឲ្យឆ្ងាយពីស្ត្រីប្រភេទនេះ កុំទៅជិតមាត់ទ្វារផ្ទះរបស់គេឲ្យសោះ ក្រែងលោអ្នកផងទាំងពួងប្រមាថមាក់ងាយកេរ្តិ៍ឈ្មោះកូន ហើយមនុស្សគ្មានចិត្តមេត្តាបំផ្លាញជីវិតកូន ក្រែងលោអ្នកដទៃមករឹបអូសយកទ្រព្យសម្បត្តិរបស់កូន ហើយអ្វីៗដែលកូនរកបានដោយកម្លាំងញើស ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង។ នៅទីបំផុត កូនលែងមានកម្លាំងអ្វីទៀត ហើយកូននឹងស្រែកថ្ងូរដូចសត្វ។ ពេលនោះ កូននឹងពោលថា «ហេតុអ្វីបានជាខ្ញុំស្អប់ដំបូន្មាន ហើយមិនយកចិត្តទុកដាក់ស្ដាប់ការប្រៀនប្រដៅដូច្នេះ! ហេតុអ្វីបានជាខ្ញុំមិនស្ដាប់ពាក្យសម្ដីគ្រូ ហើយក៏មិនផ្ទៀងត្រចៀកស្ដាប់អ្នកបង្រៀនខ្ញុំដូច្នេះ!។ ខ្ញុំវិះតែអាម៉ាស់មុខ នៅក្នុងចំណោមសហគមន៍របស់ប្រជាជន»។
សុភាសិត 5:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនអើយ ចូរផ្ចង់ចិត្តចំពោះប្រាជ្ញារបស់អញ ហើយផ្ទៀងត្រចៀកចំពោះយោបល់អញដែរ ដើម្បីឲ្យឯងបានបំរុងទុកនូវគំនិតវាងវៃ ហើយឲ្យបបូរមាត់ឯងបានរក្សាទុកនូវដំរិះ ដ្បិតបបូរមាត់របស់ស្ត្រីដទៃ រមែងស្រក់ជាទឹកឃ្មុំ ហើយមាត់វារឥលជាងប្រេង ប៉ុន្តែ ដល់ចុងបំផុតបានល្វីងដូចជាស្លែង ហើយមុតដូចជាដាវមានមុខ២វិញ ជើងវាដើរចុះទៅឯសេចក្ដីស្លាប់ ជំហានវាឈានទៅជាប់នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ អស់ទាំងផ្លូវប្រព្រឹត្តរបស់វា តែងតែប្រែប្រួល ដើម្បីមិនឲ្យឯងអាចស្គាល់បាន ក្រែងឯងស្ទង់មើលផ្លូវនៃជីវិតឃើញ។ ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់អញឥឡូវចុះ កុំឲ្យងាកបែរចេញ ពីអស់ទាំងពាក្យ ដែលមាត់អញពោលឡើយ ចូរឯងញែកផ្លូវដើររបស់ឯងឲ្យឆ្ងាយពីវាចេញ កុំឲ្យចូលទៅជិតទ្វារផ្ទះរបស់វាឲ្យសោះ ក្រែងឯងប្រគល់កិត្តិសព្ទឯងដល់អ្នកដទៃ ហើយអាយុឯងដល់ពួកសាហាវ ក្រែងមនុស្សដទៃបានឆ្អែតដោយកំឡាំងឯង ហើយការនឿយលំបាករបស់ឯង ត្រូវធ្វើនៅក្នុងផ្ទះរបស់មនុស្សក្រៅវិញ រួចដល់ចុងបំផុត ឯងនឹងត្រូវថ្ងូរ ក្នុងកាលដែលសាច់ឈាម ហើយខ្លួនប្រាណឯងរោយរុះទៅ ហើយឯងថា អុញន៍ អញបានស្អប់សេចក្ដីប្រៀនប្រដៅណាស់ហ្ន៎ ចិត្តអញក៏បានខ្ពើមសេចក្ដីបន្ទោស ហើយអញមិនបានស្តាប់តាមសំដីនៃគ្រូរបស់អញ ឬផ្ទៀងត្រចៀកចំពោះពួកអ្នកដែលរំឭកអញផងដែរ អញស្ទើរតែនឹងចូលទៅក្នុងអស់ទាំងអំពើអាក្រក់ហើយ គឺនៅកណ្តាលចំណោមមនុស្ស នឹងពួកជំនុំផង។