សុភាសិត 4:13-27
សុភាសិត 4:13-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរតោងជាប់តាមដំបូន្មាន កុំលែងឲ្យសោះ ត្រូវឲ្យរក្សាទុក ដ្បិតសេចក្ដីនោះ ជាជីវិតរបស់ឯង។ កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្ស ដែលប្រព្រឹត្តអាក្រក់ដែរ។ ចូរចៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត។ ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ។ ព្រោះគេបរិភោគអាហារ ជាផលនៃការអាក្រក់ ហើយផឹកស្រាទំពាំងបាយជូរ ជាផលនៃការច្រឡោត។ តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង។ ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងថាចំពប់នឹងអ្វីទេ។ កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់យើង ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដី ដែលយើងពោលទាំងអម្បាលម៉ាន។ កុំឲ្យសេចក្ដីទាំងនោះឃ្លាតបាត់ពីភ្នែកឯងឡើយ ត្រូវឲ្យរក្សាទុកនៅកណ្ដាលដួងចិត្តឯងវិញ។ ដ្បិតសេចក្ដីទាំងនោះ ជាជីវិតដល់អស់អ្នកណាដែលស្វែងរកបាន ក៏ជាសេចក្ដីសុខស្រួល ដល់ខ្លួនប្រាណទាំងមូលផង។ ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។ ចូរបោះបង់ចោលមាត់ ដែលពោលពាក្យវៀចចេញពីឯងទៅ ព្រមទាំងបបូរមាត់ខូចឲ្យនៅឆ្ងាយពីឯងផង ចូរឲ្យភ្នែកឯងមើលចំទៅមុខ ហើយត្របកភ្នែកឯងទៅត្រង់ទៅមុខដែរ។ ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯង បានត្រឹមត្រូវចុះ ។ កុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ត្រូវឲ្យជើងឯងចៀសចេញពីសេចក្ដីអាក្រក់វិញ។
សុភាសិត 4:13-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរកាន់តាមដំបូន្មានឪពុក ដោយឥតលះបង់ចោលឡើយ ចូរថែរក្សាឲ្យជាប់ ដ្បិតដំបូន្មាននេះជាជីវិតរបស់កូន។ មិនត្រូវចូលរួមក្នុងផ្លូវរបស់មនុស្សពាលឡើយ ហើយក៏មិនត្រូវយកតម្រាប់តាមមនុស្សអាក្រក់ដែរ។ ចូរចៀសវាងដើរតាមផ្លូវនោះ ត្រូវដើរវាងឲ្យឆ្ងាយ។ អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ ដ្បិតគេចិញ្ចឹមជីវិតដោយសារអំពើទុច្ចរិត ហើយគេផឹកស្រាដែលបានមកដោយសារអំពើឃោរឃៅ។ មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកម្ដៅ។ រីឯផ្លូវរបស់ជនពាលវិញ ប្រៀបបាននឹងភាពងងឹតអន្ធការ គឺពួកគេមិនអាចមើលឧបសគ្គដែលធ្វើឲ្យខ្លួនជំពប់ដួលនោះឃើញឡើយ។ កូនអើយ ចូរផ្ទៀងត្រចៀក ចូរត្រងត្រាប់ស្ដាប់ពាក្យទូន្មាន និងឱវាទរបស់ឪពុក។ កុំបំភ្លេចពាក្យឪពុក គឺត្រូវរក្សាទុកឲ្យជាប់នៅក្នុងដួងចិត្តជានិច្ច។ ដ្បិតឱវាទនេះនឹងផ្ដល់ជីវិត និងសុខភាពដល់អស់អ្នកដែលសុខចិត្តទទួល។ ចូរកូនថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្ន ដ្បិតចិត្តគំនិតរបស់កូនយ៉ាងណា ជីវិតរបស់កូនក៏យ៉ាងនោះដែរ។ ចូរទប់មាត់កុំឲ្យពោលពាក្យអាស្រូវឡើយ ហើយក៏កុំគ្រលាស់អណ្ដាតពោលពាក្យមួលបង្កាច់គេដែរ។ ចូរសម្តែងឲ្យមនុស្សលោកឃើញទឹកចិត្តស្មោះត្រង់របស់កូន គឺកុំមើលទៅនរណាដោយចិត្តវៀចវេរឡើយ។ ចូររៀបចំផ្លូវដែលកូនត្រូវដើរឲ្យត្រង់ គឺធ្វើយ៉ាងណាឲ្យផ្លូវនោះបានត្រឹមត្រូវ កុំងាកស្ដាំ ងាកឆ្វេង ហើយចៀសឲ្យឆ្ងាយពីផ្លូវអាក្រក់។
សុភាសិត 4:13-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរតោងជាប់តាមសេចក្ដីដំបូន្មាន កុំលែងឲ្យសោះ ត្រូវឲ្យរក្សាទុក ដ្បិតសេចក្ដីនោះជាជីវិតរបស់ឯង កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្សដែលប្រព្រឹត្តអាក្រក់ដែរ ចូរចៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ ពីព្រោះគេបរិភោគអាហារ ជាផលនៃការអាក្រក់ ហើយផឹកស្រាទំពាំងបាយជូរ ជាផលនៃការច្រឡោត តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងជាចំពប់នឹងអ្វីទេ។ កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់អញ ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដី ដែលអញពោលទាំងអំបាលម៉ាន កុំឲ្យសេចក្ដីទាំងនោះឃ្លាតបាត់ពីភ្នែកឯងឡើយ ត្រូវឲ្យរក្សាទុកនៅកណ្តាលដួងចិត្តឯងវិញ ដ្បិតសេចក្ដីទាំងនោះ ជាជីវិតដល់អស់អ្នកណាដែលស្វែងរកបាន ក៏ជាសេចក្ដីសុខស្រួល ដល់ខ្លួនប្រាណទាំងមូលផង ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក ចូរបោះបង់ចោលមាត់ដែលពោលពាក្យវៀចចេញពីឯងទៅ ព្រមទាំងបបូរមាត់ខូចឲ្យនៅឆ្ងាយពីឯងផង ចូរឲ្យភ្នែកឯងមើលចំទៅមុខ ហើយត្របកភ្នែកឯងត្រង់ទៅមុខដែរ ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯងបានត្រឹមត្រូវចុះ កុំឲ្យងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ត្រូវឲ្យជើងឯងចៀសចេញពីសេចក្ដីអាក្រក់វិញ។