សុភាសិត 4:11-18
សុភាសិត 4:11-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា យើងបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រក នៃសេចក្ដីទៀងត្រង់ កាលណាឯងដើរទៅ នោះជំហានឯងនឹងមិនទើសទាល់ ហើយកាលណាឯងរត់ នោះឯងនឹងមិនចំពប់ឡើយ។ ចូរតោងជាប់តាមដំបូន្មាន កុំលែងឲ្យសោះ ត្រូវឲ្យរក្សាទុក ដ្បិតសេចក្ដីនោះ ជាជីវិតរបស់ឯង។ កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្ស ដែលប្រព្រឹត្តអាក្រក់ដែរ។ ចូរចៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត។ ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ។ ព្រោះគេបរិភោគអាហារ ជាផលនៃការអាក្រក់ ហើយផឹកស្រាទំពាំងបាយជូរ ជាផលនៃការច្រឡោត។ តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង។
សុភាសិត 4:11-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឪពុកបានណែនាំកូនឲ្យស្គាល់របៀបរស់នៅប្រកបដោយប្រាជ្ញា និងបានអប់រំកូនឲ្យដើរតាមមាគ៌ាទៀងត្រង់។ បើកូនប្រកាន់យកមាគ៌ានេះ នឹងគ្មានឧបសគ្គអ្វីមករារាំងកូនឲ្យជំពប់ដួលឡើយ។ ចូរកាន់តាមដំបូន្មានឪពុក ដោយឥតលះបង់ចោលឡើយ ចូរថែរក្សាឲ្យជាប់ ដ្បិតដំបូន្មាននេះជាជីវិតរបស់កូន។ មិនត្រូវចូលរួមក្នុងផ្លូវរបស់មនុស្សពាលឡើយ ហើយក៏មិនត្រូវយកតម្រាប់តាមមនុស្សអាក្រក់ដែរ។ ចូរចៀសវាងដើរតាមផ្លូវនោះ ត្រូវដើរវាងឲ្យឆ្ងាយ។ អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ ដ្បិតគេចិញ្ចឹមជីវិតដោយសារអំពើទុច្ចរិត ហើយគេផឹកស្រាដែលបានមកដោយសារអំពើឃោរឃៅ។ មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកម្ដៅ។
សុភាសិត 4:11-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា អញបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រកនៃសេចក្ដីទៀងត្រង់ កាលណាឯងដើរទៅ នោះជំហានឯងនឹងមិនទើសទាល់ ហើយកាលណាឯងរត់ នោះឯងនឹងមិនចំពប់ឡើយ ចូរតោងជាប់តាមសេចក្ដីដំបូន្មាន កុំលែងឲ្យសោះ ត្រូវឲ្យរក្សាទុក ដ្បិតសេចក្ដីនោះជាជីវិតរបស់ឯង កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្សដែលប្រព្រឹត្តអាក្រក់ដែរ ចូរចៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ ពីព្រោះគេបរិភោគអាហារ ជាផលនៃការអាក្រក់ ហើយផឹកស្រាទំពាំងបាយជូរ ជាផលនៃការច្រឡោត តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង