សុភាសិត 4:1-9
សុភាសិត 4:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនទាំងឡាយអើយ ចូរស្តាប់ដំបូន្មានរបស់ឪពុក ហើយផ្ចង់ចិត្ត នោះឯងនឹងបានស្គាល់ការចេះដឹង ដ្បិតឪពុកឲ្យឱវាទដ៏ល្អដល់កូន កុំបោះបង់ចោលសេចក្ដីបង្រៀន របស់ឪពុកឡើយ។ ដ្បិតពីដើមយើងជាកូនរបស់ឪពុកយើងដែរ គឺជាកូនទន់ខ្ចី ជាទីស្រឡាញ់បណ្ដាច់ ដល់ម្តាយយើង ឪពុកបានបង្រៀនយើងដោយពាក្យថា «ចូរឲ្យចិត្តកូនរក្សាទុក អស់ទាំងពាក្យរបស់ឪពុកចុះ ចូររក្សាអស់ទាំងបណ្ដាំរបស់យើង ដើម្បីឲ្យកូនបានរស់នៅ ចូរខំឲ្យបានប្រាជ្ញា ចូរខំឲ្យបានយោបល់ កុំឲ្យភ្លេចឡើយ ក៏កុំឲ្យបែរចេញពីពាក្យ ដែលមាត់យើងពោលដែរ។ កុំចោលប្រាជ្ញាឡើយ នោះនឹងការពារឯង ចូរស្រឡាញ់ប្រាជ្ញាចុះ នោះនឹងទំនុកបម្រុងឯង។ ការចាប់ផ្ដើមឲ្យមានប្រាជ្ញា គឺខំឲ្យបានប្រាជ្ញាចុះ អើកំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង។ ចូរតម្កើងប្រាជ្ញាឲ្យខ្ពស់ឡើងនោះ និងឲ្យឯងខ្ពស់ឡើងដែរ ក៏នឹងនាំឲ្យឯងបានកិត្តិសព្ទ ដោយឯងឱបក្រសោបជាប់។ ប្រាជ្ញានឹងបំពាក់គ្រឿងដ៏វិសេសលើក្បាលឯង ហើយនឹងឲ្យឯងពាក់សិរីល្អទុកជាមកុដ»។
សុភាសិត 4:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនអើយ ចូរនាំគ្នាស្ដាប់ពាក្យទូន្មានរបស់ឪពុក ចូរប្រុងស្មារតី នោះកូននឹងបានយល់អំពីការចេះដឹង ដ្បិតឪពុកបង្រៀនកូនអំពីគោលគំនិតដ៏ល្អ កុំបោះបង់ចោលដំបូន្មានរបស់ឪពុកឡើយ។ ពីដើម ឪពុកធ្លាប់ស្ដាប់ជីតារបស់ឯង ហើយឪពុកក៏ជាកូនសំណព្វរបស់ជីដូនឯងដែរ។ ជីតាឯងបានបង្រៀនឪពុកថា៖ «ចូរកូនចងចាំពាក្យរបស់ឪពុកទុកក្នុងចិត្ត ចូរប្រតិបត្តិតាមដំបូន្មានរបស់ឪពុក នោះកូននឹងមានជីវិត។ ចូររកប្រាជ្ញា និងការចេះដឹងឲ្យបាន។ មិនត្រូវបំភ្លេច ឬងាកចេញពីពាក្យរបស់ឪពុកឡើយ។ កុំបោះបង់ប្រាជ្ញាឲ្យសោះ នោះប្រាជ្ញានឹងការពារកូន ចូរស្រឡាញ់ប្រាជ្ញា នោះប្រាជ្ញានឹងថែរក្សាកូន។ រីឯប្រភពនៃប្រាជ្ញាចាប់ផ្ដើមដូចតទៅ: គឺត្រូវរកប្រាជ្ញាឲ្យបាន ហើយចំណាយអ្វីៗទាំងអស់ដែលកូនមាន ដើម្បីរកឲ្យបានការចេះដឹង។ ចូរឱបរឹតប្រាជ្ញាឲ្យជាប់ក្នុងដួងចិត្ត នោះប្រាជ្ញានឹងលើកតម្កើងកូនឡើងយ៉ាងថ្លៃថ្នូរ។ ប្រាជ្ញានឹងផ្ដល់ឲ្យកូនបានរុងរឿង គឺប្រៀបដូចជាមកុដ និងជាគ្រឿងអលង្ការដ៏ថ្លៃបំផុត សម្រាប់កូន»។
សុភាសិត 4:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនទាំងឡាយអើយ ចូរស្តាប់ដំបូន្មានរបស់ម្នាក់ដែលជាឪពុក ចូរផ្ចង់ចិត្តឲ្យបានស្គាល់យោបល់ ដ្បិតអញឲ្យលទ្ធិដ៏ល្អដល់ឯងរាល់គ្នា ដូច្នេះកុំឲ្យបោះបង់ចោលឱវាទអញឡើយ ដ្បិតពីដើមអញជាកូនរបស់ឪពុកអញដែរ គឺជាកូនទន់ខ្ចី ជាទីស្រឡាញ់បណ្តាច់ដល់ម្តាយអញ ឪពុកបានបង្រៀនអញដោយពាក្យថា ចូរឲ្យចិត្តកូនរក្សាទុកអស់ទាំងពាក្យរបស់ឪពុកចុះ ចូររក្សាអស់ទាំងបណ្តាំរបស់អញ ដើម្បីឲ្យកូនបានរស់នៅ ចូរខំឲ្យបានប្រាជ្ញា ចូរខំឲ្យបានយោបល់ កុំឲ្យភ្លេចឡើយ ក៏កុំឲ្យបែរចេញពីពាក្យដែលមាត់អញពោលដែរ កុំឲ្យចោលប្រាជ្ញាឡើយ នោះនឹងការពារឯង ចូរស្រឡាញ់ប្រាជ្ញាចុះ នោះនឹងទំនុកបំរុងឯង ប្រាជ្ញាជាសំខាន់លេខ១ ដូច្នេះចូរខំឲ្យបានប្រាជ្ញាចុះ អើ កំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង ចូរដំកើងប្រាជ្ញាឲ្យខ្ពស់ឡើង នោះនឹងឲ្យឯងខ្ពស់ឡើងដែរ ក៏នឹងនាំឲ្យឯងបានកិត្តិសព្ទ ដោយឯងឱបក្រសោបជាប់ ប្រាជ្ញានឹងបំពាក់គ្រឿងដ៏វិសេសលើក្បាលឯង ហើយនឹងឲ្យឯងពាក់សិរីល្អទុកជាមកុដ។