សុភាសិត 4:1-20
សុភាសិត 4:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនទាំងឡាយអើយ ចូរស្តាប់ដំបូន្មានរបស់ឪពុក ហើយផ្ចង់ចិត្ត នោះឯងនឹងបានស្គាល់ការចេះដឹង ដ្បិតឪពុកឲ្យឱវាទដ៏ល្អដល់កូន កុំបោះបង់ចោលសេចក្ដីបង្រៀន របស់ឪពុកឡើយ។ ដ្បិតពីដើមយើងជាកូនរបស់ឪពុកយើងដែរ គឺជាកូនទន់ខ្ចី ជាទីស្រឡាញ់បណ្ដាច់ ដល់ម្តាយយើង ឪពុកបានបង្រៀនយើងដោយពាក្យថា «ចូរឲ្យចិត្តកូនរក្សាទុក អស់ទាំងពាក្យរបស់ឪពុកចុះ ចូររក្សាអស់ទាំងបណ្ដាំរបស់យើង ដើម្បីឲ្យកូនបានរស់នៅ ចូរខំឲ្យបានប្រាជ្ញា ចូរខំឲ្យបានយោបល់ កុំឲ្យភ្លេចឡើយ ក៏កុំឲ្យបែរចេញពីពាក្យ ដែលមាត់យើងពោលដែរ។ កុំចោលប្រាជ្ញាឡើយ នោះនឹងការពារឯង ចូរស្រឡាញ់ប្រាជ្ញាចុះ នោះនឹងទំនុកបម្រុងឯង។ ការចាប់ផ្ដើមឲ្យមានប្រាជ្ញា គឺខំឲ្យបានប្រាជ្ញាចុះ អើកំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង។ ចូរតម្កើងប្រាជ្ញាឲ្យខ្ពស់ឡើងនោះ និងឲ្យឯងខ្ពស់ឡើងដែរ ក៏នឹងនាំឲ្យឯងបានកិត្តិសព្ទ ដោយឯងឱបក្រសោបជាប់។ ប្រាជ្ញានឹងបំពាក់គ្រឿងដ៏វិសេសលើក្បាលឯង ហើយនឹងឲ្យឯងពាក់សិរីល្អទុកជាមកុដ»។ ចូរស្តាប់ កូនអើយ ហើយទទួលពាក្យរបស់យើងចុះ នោះឯងនឹងបានអាយុយឺនយូរ។ យើងបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា យើងបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រក នៃសេចក្ដីទៀងត្រង់ កាលណាឯងដើរទៅ នោះជំហានឯងនឹងមិនទើសទាល់ ហើយកាលណាឯងរត់ នោះឯងនឹងមិនចំពប់ឡើយ។ ចូរតោងជាប់តាមដំបូន្មាន កុំលែងឲ្យសោះ ត្រូវឲ្យរក្សាទុក ដ្បិតសេចក្ដីនោះ ជាជីវិតរបស់ឯង។ កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្ស ដែលប្រព្រឹត្តអាក្រក់ដែរ។ ចូរចៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត។ ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ។ ព្រោះគេបរិភោគអាហារ ជាផលនៃការអាក្រក់ ហើយផឹកស្រាទំពាំងបាយជូរ ជាផលនៃការច្រឡោត។ តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង។ ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងថាចំពប់នឹងអ្វីទេ។ កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់យើង ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដី ដែលយើងពោលទាំងអម្បាលម៉ាន។
សុភាសិត 4:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនអើយ ចូរនាំគ្នាស្ដាប់ពាក្យទូន្មានរបស់ឪពុក ចូរប្រុងស្មារតី នោះកូននឹងបានយល់អំពីការចេះដឹង ដ្បិតឪពុកបង្រៀនកូនអំពីគោលគំនិតដ៏ល្អ កុំបោះបង់ចោលដំបូន្មានរបស់ឪពុកឡើយ។ ពីដើម ឪពុកធ្លាប់ស្ដាប់ជីតារបស់ឯង ហើយឪពុកក៏ជាកូនសំណព្វរបស់ជីដូនឯងដែរ។ ជីតាឯងបានបង្រៀនឪពុកថា៖ «ចូរកូនចងចាំពាក្យរបស់ឪពុកទុកក្នុងចិត្ត ចូរប្រតិបត្តិតាមដំបូន្មានរបស់ឪពុក នោះកូននឹងមានជីវិត។ ចូររកប្រាជ្ញា និងការចេះដឹងឲ្យបាន។ មិនត្រូវបំភ្លេច ឬងាកចេញពីពាក្យរបស់ឪពុកឡើយ។ កុំបោះបង់ប្រាជ្ញាឲ្យសោះ នោះប្រាជ្ញានឹងការពារកូន ចូរស្រឡាញ់ប្រាជ្ញា នោះប្រាជ្ញានឹងថែរក្សាកូន។ រីឯប្រភពនៃប្រាជ្ញាចាប់ផ្ដើមដូចតទៅ: គឺត្រូវរកប្រាជ្ញាឲ្យបាន ហើយចំណាយអ្វីៗទាំងអស់ដែលកូនមាន ដើម្បីរកឲ្យបានការចេះដឹង។ ចូរឱបរឹតប្រាជ្ញាឲ្យជាប់ក្នុងដួងចិត្ត នោះប្រាជ្ញានឹងលើកតម្កើងកូនឡើងយ៉ាងថ្លៃថ្នូរ។ ប្រាជ្ញានឹងផ្ដល់ឲ្យកូនបានរុងរឿង គឺប្រៀបដូចជាមកុដ និងជាគ្រឿងអលង្ការដ៏ថ្លៃបំផុត សម្រាប់កូន»។ កូនអើយ ចូរស្ដាប់ពាក្យរបស់ឪពុក នោះកូននឹងមានអាយុវែង។ ឪពុកបានណែនាំកូនឲ្យស្គាល់របៀបរស់នៅប្រកបដោយប្រាជ្ញា និងបានអប់រំកូនឲ្យដើរតាមមាគ៌ាទៀងត្រង់។ បើកូនប្រកាន់យកមាគ៌ានេះ នឹងគ្មានឧបសគ្គអ្វីមករារាំងកូនឲ្យជំពប់ដួលឡើយ។ ចូរកាន់តាមដំបូន្មានឪពុក ដោយឥតលះបង់ចោលឡើយ ចូរថែរក្សាឲ្យជាប់ ដ្បិតដំបូន្មាននេះជាជីវិតរបស់កូន។ មិនត្រូវចូលរួមក្នុងផ្លូវរបស់មនុស្សពាលឡើយ ហើយក៏មិនត្រូវយកតម្រាប់តាមមនុស្សអាក្រក់ដែរ។ ចូរចៀសវាងដើរតាមផ្លូវនោះ ត្រូវដើរវាងឲ្យឆ្ងាយ។ អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ ដ្បិតគេចិញ្ចឹមជីវិតដោយសារអំពើទុច្ចរិត ហើយគេផឹកស្រាដែលបានមកដោយសារអំពើឃោរឃៅ។ មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកម្ដៅ។ រីឯផ្លូវរបស់ជនពាលវិញ ប្រៀបបាននឹងភាពងងឹតអន្ធការ គឺពួកគេមិនអាចមើលឧបសគ្គដែលធ្វើឲ្យខ្លួនជំពប់ដួលនោះឃើញឡើយ។ កូនអើយ ចូរផ្ទៀងត្រចៀក ចូរត្រងត្រាប់ស្ដាប់ពាក្យទូន្មាន និងឱវាទរបស់ឪពុក។
សុភាសិត 4:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនទាំងឡាយអើយ ចូរស្តាប់ដំបូន្មានរបស់ម្នាក់ដែលជាឪពុក ចូរផ្ចង់ចិត្តឲ្យបានស្គាល់យោបល់ ដ្បិតអញឲ្យលទ្ធិដ៏ល្អដល់ឯងរាល់គ្នា ដូច្នេះកុំឲ្យបោះបង់ចោលឱវាទអញឡើយ ដ្បិតពីដើមអញជាកូនរបស់ឪពុកអញដែរ គឺជាកូនទន់ខ្ចី ជាទីស្រឡាញ់បណ្តាច់ដល់ម្តាយអញ ឪពុកបានបង្រៀនអញដោយពាក្យថា ចូរឲ្យចិត្តកូនរក្សាទុកអស់ទាំងពាក្យរបស់ឪពុកចុះ ចូររក្សាអស់ទាំងបណ្តាំរបស់អញ ដើម្បីឲ្យកូនបានរស់នៅ ចូរខំឲ្យបានប្រាជ្ញា ចូរខំឲ្យបានយោបល់ កុំឲ្យភ្លេចឡើយ ក៏កុំឲ្យបែរចេញពីពាក្យដែលមាត់អញពោលដែរ កុំឲ្យចោលប្រាជ្ញាឡើយ នោះនឹងការពារឯង ចូរស្រឡាញ់ប្រាជ្ញាចុះ នោះនឹងទំនុកបំរុងឯង ប្រាជ្ញាជាសំខាន់លេខ១ ដូច្នេះចូរខំឲ្យបានប្រាជ្ញាចុះ អើ កំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង ចូរដំកើងប្រាជ្ញាឲ្យខ្ពស់ឡើង នោះនឹងឲ្យឯងខ្ពស់ឡើងដែរ ក៏នឹងនាំឲ្យឯងបានកិត្តិសព្ទ ដោយឯងឱបក្រសោបជាប់ ប្រាជ្ញានឹងបំពាក់គ្រឿងដ៏វិសេសលើក្បាលឯង ហើយនឹងឲ្យឯងពាក់សិរីល្អទុកជាមកុដ។ ចូរស្តាប់ កូនអើយ ហើយទទួលពាក្យរបស់អញចុះ នោះឆ្នាំនៃអាយុឯងនឹងបានយឺនយូរ អញបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា អញបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រកនៃសេចក្ដីទៀងត្រង់ កាលណាឯងដើរទៅ នោះជំហានឯងនឹងមិនទើសទាល់ ហើយកាលណាឯងរត់ នោះឯងនឹងមិនចំពប់ឡើយ ចូរតោងជាប់តាមសេចក្ដីដំបូន្មាន កុំលែងឲ្យសោះ ត្រូវឲ្យរក្សាទុក ដ្បិតសេចក្ដីនោះជាជីវិតរបស់ឯង កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្សដែលប្រព្រឹត្តអាក្រក់ដែរ ចូរចៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ ពីព្រោះគេបរិភោគអាហារ ជាផលនៃការអាក្រក់ ហើយផឹកស្រាទំពាំងបាយជូរ ជាផលនៃការច្រឡោត តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងជាចំពប់នឹងអ្វីទេ។ កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់អញ ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដី ដែលអញពោលទាំងអំបាលម៉ាន