សុភាសិត 31:1-9

សុភាសិត 31:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​ពាក្យ​ទាំង​នេះ គឺ​ជា​ព្រះ‌បន្ទូល​របស់​ស្តេច​លេមយួល ជា​សេចក្ដី​ទំនាយ ដែល​មាតា​របស់​ព្រះ‌អង្គ​បាន​បង្រៀន កូន​អើយ កូន​ដែល​កើត​ពី​ផ្ទៃ​យើង​អើយ ឱ​កូន​នៃ​បំណន់​យើង​អើយ តើ​ត្រូវ​ឲ្យ​យើង​ប្រាប់​ឯង​ដូច​ម្តេច គឺ​កុំ​ឲ្យ​បង់​កម្លាំង​ឯង​ប្រគល់​ពួក​ស្រី ឬ​អំពើ​ឯង​ដល់​ការ ដែល​បំផ្លាញ​ពួក​ស្តេច​ឡើយ។ ឱ​លេមយួល​អើយ មិន​គួរ​ឲ្យ​ពួក​ស្តេច សោយ​ស្រា​ទំពាំង‌បាយ‌ជូរ គឺ​មិន​គួរ​សោះ​ឡើយ ក៏​មិន​គួរ​ឲ្យ​អ្នក ដែល​ជា​កំពូល​ប្រាថ្នា​គ្រឿង​ស្រវឹង​ដែរ ក្រែង​ផឹក​ទៅ​ហើយ នោះ​ភ្លេច​បញ្ញត្តិ​ច្បាប់ ហើយ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ពី​មនុស្ស​ដែល​កើត​ទុក្ខ​វេទនា។ ចូរ​ឲ្យ​គ្រឿង​ស្រវឹងដល់​អ្នក​ណា ដែល​ហៀប​នឹង​វិនាស​ទៅ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​ដល់​អ្នក ដែល​មាន​ចិត្ត​ជូរ​ល្វីង​វិញ ឲ្យ​គេ​ផឹក​ចុះ ដើម្បី​ឲ្យ​បាន​ភ្លេច សេចក្ដី​កម្សត់​ទុគ៌ត​របស់​គេ ឥត​នឹក​ចាំ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ត​ទៅ​ទៀត។ ចូរ​បើក​មាត់​និយាយ​ជំនួស​មនុស្ស​គ ក្នុង​រឿង​ក្តី​របស់​អស់​អ្នក ដែល​ឥត​មាន​អ្នក​ណា​ជួយ។ ចូរ​បើក​មាត់​វិនិច្ឆ័យ​តាម​សេចក្ដី​សុចរិត ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ ដល់​មនុស្ស​កម្សត់​ទុគ៌ត និង​មនុស្ស​ក្រ​លំបាក​ដែរ។

ចែក​រំលែក
អាន សុភាសិត 31

សុភាសិត 31:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌បាទ​លេម‌យួល ជា​សេចក្ដី​ទូន្មាន ដែល​ទ្រង់​បាន​ទទួល​ពី​មាតា។ កូន​អើយ ម្ដាយ​បាន​បន់‌ស្រន់​សុំ​ឲ្យ​មាន​កូន ហើយ​ម្ដាយ​បាន​បង្កើត​កូន​មក ហេតុ​នេះ ចូរ​ស្ដាប់​ពាក្យ​ម្ដាយ!។ ចូរ​កុំ​ឲ្យ​ស្រីៗ​ដណ្ដើម​យក​កម្លាំង​របស់​កូន​បាន​ឡើយ ហើយ​ក៏​កុំ​ទុក​ឲ្យ​ស្រីៗ ដែល​ធ្លាប់​តែ​ធ្វើ​ឲ្យ​ស្ដេច​វិនាស អាច​ដឹក​មុខ​កូន​បាន​ដែរ។ ចូរ​កូន​ចាំ​ឲ្យ​ច្បាស់​ថា ស្ដេច និង​មេ​ដឹក​នាំ​ទាំង‌ឡាយ មិន​ត្រូវ​សេព​សុរា និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ឡើយ។ កាល​ណា​គេ​ស្រវឹង គេ​នឹង​ភ្លេច​អនុវត្ត​ច្បាប់ ហើយ​បំពាន​លើ​សិទ្ធិ​របស់​ប្រជា‌រាស្ត្រ​ក្រីក្រ។ គួរ​ឲ្យ​គ្រឿង​ស្រវឹង​ទៅ​អ្នក​ជិត​ស្លាប់ និង​ឲ្យ​ស្រា​ទៅ​អ្នក​ដែល​កើត​ទុក្ខ​កង្វល់​វិញ ដ្បិត​កាល​ណា​គេ​ផឹក គេ​នឹង​ភ្លេច​ភាព​ក្រីក្រ ហើយ​លែង​នឹក​ឃើញ​ទុក្ខ​ព្រួយ​របស់​ខ្លួន​ទៀត។ ចូរ​និយាយ​ជំនួស​អ្នក​ដែល​មិន​អាច​និយាយ​បាន ហើយ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក​ដែល​គ្មាន​នរណា​ការពារ។ ចូរ​និយាយ​ការពារ និង​រក​យុត្តិធម៌​ឲ្យ​អ្នក​ក្រីក្រ និង​ជន​ទុគ៌ត។

ចែក​រំលែក
អាន សុភាសិត 31

សុភាសិត 31:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពាក្យ​ទាំង​នេះ គឺ​ជា​ព្រះ‌បន្ទូល​របស់​ស្តេច​លេមយួល ជា​សេចក្ដី​ទំនាយ ដែល​ព្រះ‌មាតា​ទ្រង់​បាន​បង្រៀន​ទ្រង់​ទុក។ ម៉េច​កូន​អើយ ម៉េច កូន​ដែល​កើត​ពី​ផ្ទៃ​អញ​អើយ ឱ​កូន​នៃ​បំណន់​អញ​អើយ តើ​ត្រូវ​ឲ្យ​អញ​ប្រាប់​ឯង​ដូច​ម្តេច គឺ​កុំ​ឲ្យ​បង់​កំឡាំង​ឯង​ប្រគល់​ពួក​ស្រី ឬ​អំពើ​ឯង​ដល់​ការ ដែល​បំផ្លាញ​ពួក​ស្តេច​ឡើយ ឱ​លេមយួល​អើយ មិន​គួរ​ឲ្យ​ពួក​ស្តេច​បាន​សោយ​ស្រា​ទំពាំង‌បាយ‌ជូរ គឺ​មិន​គួរ​សោះ​ឡើយ ក៏​មិន​គួរ​ឲ្យ​អ្នក​ដែល​ជា​កំពូល​ប្រាថ្នា​គ្រឿង​ស្រវឹង​ដែរ ក្រែង​ផឹក​ទៅ​ហើយ នោះ​ភ្លេច​បញ្ញត្ត​ច្បាប់ ហើយ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ពី​មនុស្ស​ដែល​កើត​ទុក្ខ​វេទនា​ចេញ។ ចូរ​ឲ្យ​គ្រឿង​ស្រវឹង ដល់​អ្នក​ណា​ដែល​ហៀប​នឹង​វិនាស​ទៅ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​ដល់​អ្នក​ដែល​មាន​ចិត្ត​ជូរ​ល្វីង​វិញ ឲ្យ​គេ​ផឹក​ចុះ ដើម្បី​ឲ្យ​បាន​ភ្លេច​សេចក្ដី​កំសត់​ទុគ៌ត​របស់​គេ ឥត​នឹក​ចាំ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ត​ទៅ​ទៀត ចូរ​បើក​មាត់​និយាយ​ជំនួស​មនុស្ស​គ ក្នុង​រឿង​ក្តី​របស់​ពួក​អ្នក​ដែល​ឥត​មាន​អ្នក​ណា​ជួយ ចូរ​បើក​មាត់​វិនិច្ឆ័យ​តាម​សេចក្ដី​សុចរិត ហើយ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​មនុស្ស​កំសត់​ទុគ៌ត នឹង​មនុស្ស​ក្រ​លំបាក​ដែរ។

ចែក​រំលែក
អាន សុភាសិត 31