សុភាសិត 30:1-9

សុភាសិត 30:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពាក្យ​ទាំង​នេះ ជា​ពាក្យ​របស់​អេគើរ ជា​កូន​យ៉ាកេ គឺ​ជា​ពាក្យ​ទំនាយ អ្នក​នោះ​ពោល​ដូច្នេះ​ថា អ៊ីធាល អ៊ីធាល និង​យូកាល មែន​ហើយ ខ្ញុំ​ជា​មនុស្ស​ល្ងង់​ជាង​គេ ក៏​ឥត​មាន​យោបល់​របស់​មនុស្ស​ដែរ។ ខ្ញុំ​មិន​បាន​រៀន​ឲ្យ​មាន​ប្រាជ្ញា​ទេ ក៏​គ្មាន​តម្រិះ​របស់​ព្រះ​ដ៏​បរិសុទ្ធ​ផង។ តើ​អ្នក​ណា​បាន​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ រួច​ត្រឡប់​ចុះ​មក​វិញ? តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ? តើ​អ្នក​ណា​បាន​ដក់​ក្របួច​អស់​ទាំង​ទឹក នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួន? តើ​អ្នក​ណា​បាន​ប្រតិ‌ស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន? តើ​ព្រះ‌អង្គ​នោះ​មាន​ព្រះ‌នាម​ជា​អ្វី? ហើយ​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌អង្គ តើ​មាន​ព្រះ‌នាម​ជា​អ្វី? បើ​ឯង​ដឹង ចូរ​ប្រាប់​មក។ គ្រប់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ សុទ្ធ​តែ​បរិសុទ្ធ ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។ កុំ​បន្ថែម​បញ្ចូល​ក្នុង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ ក្រែង​ព្រះ‌អង្គ​បន្ទោស​ដល់​ឯង ហើយ​ឃើញ​ថា ឯង​ជា​មនុស្ស​ភូត​ភរ។ ទូល‌បង្គំ​បាន​សូម​សេចក្ដី​ពីរ​ប្រការ​ពី​ព្រះ‌អង្គ សូម​កុំ​ខាន​នឹង​ប្រទាន​សេចក្ដី​ទាំង​ពីរ​នោះ ដល់​ទូល‌បង្គំ មុន​ដែល​ទូល‌បង្គំ​ស្លាប់​ឡើយ គឺ​សូម​កម្ចាត់​សេចក្ដី​ភូត‌ភរ និង​ពាក្យ​កុហក​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ហើយ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​មាន​សេចក្ដី​ទាល់​ក្រ ឬ​ជា​អ្នក​មាន​ដែរ សូម​គ្រាន់​តែ​ចិញ្ចឹម​ទូល‌បង្គំ​ដោយ​អាហារ ដែល​ត្រូវ​ការ​ប៉ុណ្ណោះ ក្រែង​ទូល‌បង្គំ​បាន​ឆ្អែត ហើយ​បោះ‌បង់​ចោល​ព្រះ‌អង្គ ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ហ្ន៎ ឬ​ក្រែង​ទូល‌បង្គំ​មាន​សេចក្ដី​ទាល់​ក្រ ហើយ​ទៅ​ជា​លួច​គេ ព្រម​ទាំង​ប្រើ​ព្រះ‌នាម​នៃ​ព្រះ​ជា​ទី​មើល​ងាយ​ផង។

ចែក​រំលែក
អាន សុភាសិត 30

សុភាសិត 30:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​ពាក្យ​ទូន្មាន​របស់​លោក​អេគើរ ជា​កូន​របស់​លោក​យ៉ាកេ គឺ​សេចក្ដី​ដែល​លោក​ថ្លែង​ទៅ​កាន់​លោក​អ៊ីធាល និង​លោក​យូកាល មែន​ហើយ ខ្ញុំ​ជា​មនុស្ស​ល្ងង់​ជាង​គេ​ទាំង​អស់ ខ្ញុំ​គ្មាន​តម្រិះ​ខាង​លោកីយ៍​នេះ​ទេ។ ខ្ញុំ​មិន​បាន​រៀន​អំពី​ប្រាជ្ញា​ទេ តែ​ខ្ញុំ​ស្គាល់​វិជ្ជា​ស្ដី​អំពី​ព្រះ​ដ៏វិសុទ្ធ។ តើ​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ រួច​ចុះ​មក​វិញ? តើ​មាន​នរណា​ក្ដាប់​ខ្យល់​ក្នុង​បាត​ដៃ​របស់​ខ្លួន? តើ​មាន​នរណា​ខ្ចប់​ទឹក​ដាក់​ក្នុង​អាវ​របស់​ខ្លួន? តើ​មាន​នរណា​បាន​កម្រិត​ព្រំ​ផែនដី? អ្នក​នោះ​ឈ្មោះ​អ្វី? កូន​របស់​គាត់​ឈ្មោះ​អ្វី? បើ​អ្នក​ដឹង សូម​ប្រាប់​ខ្ញុំ​ផង! ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក​ដែល​មក​ជ្រក​កោន​នឹង​ព្រះអង្គ។ កុំ​យក​អ្វី​មក​បន្ថែម​ពី​លើ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ឡើយ ក្រែង​លោ​ព្រះអង្គ​ស្ដី​បន្ទោស​ថា អ្នក​ជា​មនុស្ស​កុហក។ ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ទូល​សូម​សេចក្ដី​ពីរ​យ៉ាង​ពី​ព្រះអង្គ សូម​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​ទូលបង្គំ មុន​ពេល​ទូលបង្គំ​ស្លាប់។ សូម​កុំ​បណ្ដោយ​ឲ្យ​ទូលបង្គំ​ចេះ​ពោល​ពាក្យ​កុហក​បោក​ប្រាស់។ សូម​កុំ​ឲ្យ​ទូលបង្គំ​ក្រ​ពេក ឬ​ក៏​មាន​ពេក​ដែរ គឺ​សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​តែ​ប៉ុណ្ណោះ​បាន​ហើយ។ ប្រសិន​បើ​ទូលបង្គំ​មាន​ទ្រព្យ​ច្រើន​ពេក ក្រែង​លោ​ទូលបង្គំ​វង្វេង​ឆ្ងាយ​ពី​ព្រះអង្គ ដោយ​ពោល​ថា «តើ​ព្រះ‌អម្ចាស់​ជា​នរណា?» ឬ​បើ​ទូលបង្គំ​ក្រ​ពេក ទូលបង្គំ​បែរ​ជា​លួច​គេ ហើយ​បង្អាប់​ព្រះ‌នាម​ព្រះ​របស់​ទូលបង្គំ។

ចែក​រំលែក
អាន សុភាសិត 30

សុភាសិត 30:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពាក្យ​ទាំង​នេះ ជា​ពាក្យ​របស់​អេគើរ ជា​កូន​យ៉ាកេ គឺ​ជា​សេចក្ដី​ទំនាយ​ដែល​អ្នក​នោះ​បាន​ពោល​ដល់​អ៊ីធាល គឺ​ដល់​អ៊ីធាលនឹង​យូកាល​ផង​ថា___ ពិត​ប្រាកដ​ជា​ខ្ញុំ​ល្ងង់​ជាង​អស់​ទាំង​មនុស្ស ក៏​ឥត​មាន​យោបល់​របស់​មនុស្ស​ដែរ ខ្ញុំ​មិន​បាន​រៀន​ឲ្យ​មាន​ប្រាជ្ញា​ទេ ក៏​គ្មាន​ដំរិះ​របស់​ព្រះ​ដ៏​បរិសុទ្ធ​ផង។ តើ​អ្នក​ណា​បាន​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ រួច​ត្រឡប់​ចុះ​មក​វិញ តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ តើ​អ្នក​ណា​បាន​ដក់​ក្របួច​អស់​ទាំង​ទឹក នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួន តើ​អ្នក​ណា​បាន​ប្រតិ‌ស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន តើ​ព្រះ‌អង្គ​នោះ​មាន​ព្រះ‌នាម​ជា​អ្វី ហើយ​ព្រះ‌រាជ​បុត្រា​របស់​ទ្រង់​តើ​មាន​ព្រះ‌នាម​ជា​អ្វី បើ​ឯង​ដឹង ចូរ​ប្រាប់​មក។ គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ សុទ្ធ​តែ​បរិសុទ្ធ ទ្រង់​ជា​ខែល ដល់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់ កុំ​ឲ្យ​បន្ថែម​បញ្ចូល​ក្នុង​ព្រះ‌បន្ទូល​ទ្រង់​ឡើយ ក្រែង​ទ្រង់​បន្ទោស​ដល់​ឯង ហើយ​ឃើញ​ថា ឯង​ជា​មនុស្ស​ភូត‌ភរ។ ទូលបង្គំ​បាន​សូម​សេចក្ដី​២​ប្រការ​ពី​ទ្រង់ សូម​កុំ​ខាន​នឹង​ប្រទាន​សេចក្ដី​ទាំង​២​នោះ​ដល់​ទូលបង្គំ មុន​ដែល​ទូលបង្គំ​ស្លាប់​ឡើយ គឺ​សូម​កំចាត់​សេចក្ដី​ភូត‌ភរ នឹង​ពាក្យ​កុហក​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ហើយ​សូម​កុំ​ឲ្យ​ទូលបង្គំ​មាន​សេចក្ដី​ទាល់​ក្រ ឬ​ជា​អ្នក​មាន​ដែរ សូម​គ្រាន់​តែ​ចិញ្ចឹម​ទូលបង្គំ​ដោយ​អាហារ​ដែល​ត្រូវ​ការ​ប៉ុណ្ណោះ ក្រែង​ទូលបង្គំ​បាន​ឆ្អែត ហើយ​បោះ‌បង់​ចោល​ទ្រង់​ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ហ្ន៎ ឬ​ក្រែង​ទូលបង្គំ​មាន​សេចក្ដី​ទាល់​ក្រ ហើយ​ទៅ​ជា​លួច​គេ ព្រម​ទាំង​ប្រើ​ព្រះ‌នាម​នៃ​ព្រះ​ជា​ទី​មើល‌ងាយ​ផង។

ចែក​រំលែក
អាន សុភាសិត 30