សុភាសិត 30:1-19
សុភាសិត 30:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពាក្យទាំងនេះ ជាពាក្យរបស់អេគើរ ជាកូនយ៉ាកេ គឺជាពាក្យទំនាយ អ្នកនោះពោលដូច្នេះថា អ៊ីធាល អ៊ីធាល និងយូកាល មែនហើយ ខ្ញុំជាមនុស្សល្ងង់ជាងគេ ក៏ឥតមានយោបល់របស់មនុស្សដែរ។ ខ្ញុំមិនបានរៀនឲ្យមានប្រាជ្ញាទេ ក៏គ្មានតម្រិះរបស់ព្រះដ៏បរិសុទ្ធផង។ តើអ្នកណាបានឡើងទៅឯស្ថានសួគ៌ រួចត្រឡប់ចុះមកវិញ? តើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវ? តើអ្នកណាបានដក់ក្របួចអស់ទាំងទឹក នៅក្នុងថ្នក់អាវរបស់ខ្លួន? តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន? តើព្រះអង្គនោះមានព្រះនាមជាអ្វី? ហើយព្រះរាជបុត្រារបស់ព្រះអង្គ តើមានព្រះនាមជាអ្វី? បើឯងដឹង ចូរប្រាប់មក។ គ្រប់ទាំងព្រះបន្ទូលរបស់ព្រះ សុទ្ធតែបរិសុទ្ធ ព្រះអង្គជាខែលដល់អស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ។ កុំបន្ថែមបញ្ចូលក្នុងព្រះបន្ទូលរបស់ព្រះអង្គឡើយ ក្រែងព្រះអង្គបន្ទោសដល់ឯង ហើយឃើញថា ឯងជាមនុស្សភូតភរ។ ទូលបង្គំបានសូមសេចក្ដីពីរប្រការពីព្រះអង្គ សូមកុំខាននឹងប្រទានសេចក្ដីទាំងពីរនោះ ដល់ទូលបង្គំ មុនដែលទូលបង្គំស្លាប់ឡើយ គឺសូមកម្ចាត់សេចក្ដីភូតភរ និងពាក្យកុហកឲ្យឆ្ងាយពីទូលបង្គំទៅ ហើយសូមកុំឲ្យទូលបង្គំមានសេចក្ដីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារ ដែលត្រូវការប៉ុណ្ណោះ ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលព្រះអង្គ ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៎ ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។ កុំឲ្យនិយាយបង្កាច់បាវបម្រើ ដល់ចៅហ្វាយវាឡើយ ក្រែងគេជេរឯង ហើយឯងជាប់មានទោសវិញ។ មានសម័យមួយដែលមនុស្ស ហ៊ានជេរដល់ឪពុកខ្លួន ហើយមិនឲ្យពរដល់ម្តាយផង។ មានសម័យមួយដែលមនុស្សមើលខ្លួនឯង ស្មានថាបរិសុទ្ធ ប៉ុន្តែ គេមិនទាន់បានលាងជម្រះ សេចក្ដីស្មោកគ្រោករបស់គេចេញនៅឡើយទេ។ មានសម័យមួយដែលមនុស្ស មានឫកខ្ពស់យ៉ាងណាហ្ន៎ ហើយមានភ្នែកឆ្មើងឆ្មៃផង។ មានសម័យមួយដែលមនុស្ស មានធ្មេញដូចជាដាវ ហើយមានថ្គាមដូចជាកាំបិត ដើម្បីខាំស៊ីមនុស្សទាល់ក្រ ឲ្យបាត់ចេញពីលើផែនដីទៅ ព្រមទាំងពួកកម្សត់ទុគ៌ត ពីកណ្ដាលចំណោមមនុស្សលោកផង។ ឈ្លើងមានកូនញីពីរ វាស្រែកថា «ឲ្យខ្ញុំ ឲ្យខ្ញុំមក!» មានការបីមុខ ដែលមិនចេះស្កប់ចិត្ត ក៏មានបួនផង ដែលមិនចេះថា «ល្មម» នោះឡើយ គឺស្ថានឃុំព្រលឹងមនុស្សស្លាប់មួយ ពោះស្ត្រីអារមួយ ដីដែលមិនបានទឹកជោកមួយ និងភ្លើង ដែលមិនចេះថា «ល្មមហើយ» មួយដែរ។ ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។ មានសេចក្ដីបីមុខ ដែលអស្ចារ្យហួសគំនិតខ្ញុំ អើក៏មានបួនផង ដែលខ្ញុំរកស្គាល់មិនបាន គឺជាដំណើររបស់ឥន្ទ្រីហើរនៅលើអាកាស ដំណើរនៃពស់លូននៅលើថ្ម ដំណើរនាវាបើកនៅកណ្ដាលសមុទ្រ ហើយដំណើរមនុស្សកំលោះ នៅចំពោះស្ត្រីក្រមុំ។
សុភាសិត 30:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាពាក្យទូន្មានរបស់លោកអេគើរ ជាកូនរបស់លោកយ៉ាកេ គឺសេចក្ដីដែលលោកថ្លែងទៅកាន់លោកអ៊ីធាល និងលោកយូកាល មែនហើយ ខ្ញុំជាមនុស្សល្ងង់ជាងគេទាំងអស់ ខ្ញុំគ្មានតម្រិះខាងលោកីយ៍នេះទេ។ ខ្ញុំមិនបានរៀនអំពីប្រាជ្ញាទេ តែខ្ញុំស្គាល់វិជ្ជាស្ដីអំពីព្រះដ៏វិសុទ្ធ។ តើមាននរណាបានឡើងទៅស្ថានបរមសុខ រួចចុះមកវិញ? តើមាននរណាក្ដាប់ខ្យល់ក្នុងបាតដៃរបស់ខ្លួន? តើមាននរណាខ្ចប់ទឹកដាក់ក្នុងអាវរបស់ខ្លួន? តើមាននរណាបានកម្រិតព្រំផែនដី? អ្នកនោះឈ្មោះអ្វី? កូនរបស់គាត់ឈ្មោះអ្វី? បើអ្នកដឹង សូមប្រាប់ខ្ញុំផង! ព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះជាម្ចាស់គួរឲ្យជឿទុកចិត្ត ព្រះអង្គជាខែលការពារអស់អ្នកដែលមកជ្រកកោននឹងព្រះអង្គ។ កុំយកអ្វីមកបន្ថែមពីលើព្រះបន្ទូលរបស់ព្រះអង្គឡើយ ក្រែងលោព្រះអង្គស្ដីបន្ទោសថា អ្នកជាមនុស្សកុហក។ ព្រះអម្ចាស់អើយ! ទូលបង្គំទូលសូមសេចក្ដីពីរយ៉ាងពីព្រះអង្គ សូមប្រោសប្រទានតាមសំណូមពររបស់ទូលបង្គំ មុនពេលទូលបង្គំស្លាប់។ សូមកុំបណ្ដោយឲ្យទូលបង្គំចេះពោលពាក្យកុហកបោកប្រាស់។ សូមកុំឲ្យទូលបង្គំក្រពេក ឬក៏មានពេកដែរ គឺសូមប្រទានឲ្យទូលបង្គំមានអាហារបរិភោគគ្រប់គ្រាន់តែប៉ុណ្ណោះបានហើយ។ ប្រសិនបើទូលបង្គំមានទ្រព្យច្រើនពេក ក្រែងលោទូលបង្គំវង្វេងឆ្ងាយពីព្រះអង្គ ដោយពោលថា «តើព្រះអម្ចាស់ជានរណា?» ឬបើទូលបង្គំក្រពេក ទូលបង្គំបែរជាលួចគេ ហើយបង្អាប់ព្រះនាមព្រះរបស់ទូលបង្គំ។ កុំមួលបង្កាច់អ្នកបម្រើប្រាប់ចៅហ្វាយឡើយ ក្រែងលោអ្នកបម្រើនោះដាក់បណ្ដាសាអ្នក ហើយអ្នកត្រូវទទួលទោស។ ជនប្រភេទខ្លះដាក់បណ្ដាសាឪពុក ហើយមិនដែលដឹងគុណម្ដាយទេ។ ជនប្រភេទខ្លះស្មានថា ខ្លួនជាមនុស្សបរិសុទ្ធ ក៏ប៉ុន្តែ គេមិនដែលជម្រះអំពើសៅហ្មងចេញពីខ្លួនឡើយ។ ជនប្រភេទខ្លះវាយឫកខ្ពស់ ហើយមើលងាយអ្នកដទៃ។ ជនប្រភេទខ្លះមានធ្មេញមុតដូចដាវ ថ្គាមដូចកាំបិត គេប្រុងតែត្របាក់លេបមនុស្សទុគ៌តឲ្យវិនាសសូន្យពីផែនដី ហើយលុបបំបាត់មនុស្សក្រីក្រឲ្យអស់ពីចំណោមមនុស្សលោក។ ឈ្លើងមានកូនពីរដែលមានឈ្មោះថា «សុំ!» «សុំ!»។ មានការបីបួនយ៉ាងដែលមិនចេះស្កប់ និងមិនចេះឆ្អែតឆ្អន់ គឺស្ថានមច្ចុរាជ ស្ត្រីអារ ដីហួតហែង និងភ្លើងដែលឆេះមិនចេះអស់មិនចេះហើយ។ អ្នកណាមើលងាយឪពុក ហើយមិនស្ដាប់បង្គាប់ម្ដាយទេ អ្នកនោះនឹងត្រូវក្អែកនៅទឹកជ្រោះចោះភ្នែក ហើយត្រូវត្មាតស៊ីសាច់។ មានរឿងបីបួនយ៉ាង ហួសពីសមត្ថភាពដែលខ្ញុំអាចយល់បាន គឺផ្លូវដែលត្មាតហើរលើមេឃ ផ្លូវដែលសត្វពស់លូនលើថ្ម ផ្លូវសំពៅនៅកណ្ដាលសមុទ្រ និងផ្លូវដែលនាំឲ្យបុរសទៅរកស្រីក្រមុំ។
សុភាសិត 30:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពាក្យទាំងនេះ ជាពាក្យរបស់អេគើរ ជាកូនយ៉ាកេ គឺជាសេចក្ដីទំនាយដែលអ្នកនោះបានពោលដល់អ៊ីធាល គឺដល់អ៊ីធាលនឹងយូកាលផងថា___ ពិតប្រាកដជាខ្ញុំល្ងង់ជាងអស់ទាំងមនុស្ស ក៏ឥតមានយោបល់របស់មនុស្សដែរ ខ្ញុំមិនបានរៀនឲ្យមានប្រាជ្ញាទេ ក៏គ្មានដំរិះរបស់ព្រះដ៏បរិសុទ្ធផង។ តើអ្នកណាបានឡើងទៅឯស្ថានសួគ៌ រួចត្រឡប់ចុះមកវិញ តើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវ តើអ្នកណាបានដក់ក្របួចអស់ទាំងទឹក នៅក្នុងថ្នក់អាវរបស់ខ្លួន តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន តើព្រះអង្គនោះមានព្រះនាមជាអ្វី ហើយព្រះរាជបុត្រារបស់ទ្រង់តើមានព្រះនាមជាអ្វី បើឯងដឹង ចូរប្រាប់មក។ គ្រប់ទាំងព្រះបន្ទូលនៃព្រះ សុទ្ធតែបរិសុទ្ធ ទ្រង់ជាខែល ដល់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់ កុំឲ្យបន្ថែមបញ្ចូលក្នុងព្រះបន្ទូលទ្រង់ឡើយ ក្រែងទ្រង់បន្ទោសដល់ឯង ហើយឃើញថា ឯងជាមនុស្សភូតភរ។ ទូលបង្គំបានសូមសេចក្ដី២ប្រការពីទ្រង់ សូមកុំខាននឹងប្រទានសេចក្ដីទាំង២នោះដល់ទូលបង្គំ មុនដែលទូលបង្គំស្លាប់ឡើយ គឺសូមកំចាត់សេចក្ដីភូតភរ នឹងពាក្យកុហកឲ្យឆ្ងាយពីទូលបង្គំទៅ ហើយសូមកុំឲ្យទូលបង្គំមានសេចក្ដីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលទ្រង់ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៎ ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។ កុំឲ្យនិយាយបង្កាច់បាវបំរើដល់ចៅហ្វាយវាឡើយ ក្រែងគេជេរឯង ហើយឯងជាប់មានទោសវិញ មានសម័យ១ ដែលមនុស្សហ៊ានជេរដល់ឪពុកខ្លួន ហើយមិនឲ្យពរដល់ម្តាយផង មានសម័យ១ ដែលមនុស្សមើលខ្លួនឯងស្មានថាបរិសុទ្ធ ប៉ុន្តែ គេមិនទាន់បានលាងជំរះសេចក្ដីស្មោកគ្រោករបស់គេចេញនៅឡើយទេ មានសម័យ១ ដែលមនុស្សមានឫកខ្ពស់យ៉ាងណាហ្ន៎ ហើយមានភ្នែកឆ្មើងឆ្មៃផង មានសម័យ១ ដែលមនុស្សមានធ្មេញដូចជាដាវ ហើយមានថ្គាមដូចជាកាំបិត ដើម្បីខាំស៊ីមនុស្សទាល់ក្រឲ្យបាត់ចេញពីលើផែនដីទៅ ព្រមទាំងពួកកំសត់ទុគ៌តពីកណ្តាលចំណោមមនុស្សលោកផង។ ឈ្លើងមានកូនញី២ វាស្រែកថា ចូរឲ្យ ចូរឲ្យមកចុះ មានសេចក្ដី៣មុខ ដែលមិនចេះស្កប់ចិត្តឡើយ ក៏មាន៤ផង ដែលមិនចេះថា «ល្មម» នោះឡើយ គឺស្ថានឃុំព្រលឹងមនុស្សស្លាប់១ ពោះស្ត្រីអារ១ ដីដែលមិនបានទឹកជោក១ ហើយនឹងភ្លើងដែលមិនចេះថា«ល្មមហើយ»១ដែរ។ ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។ មានសេចក្ដី៣មុខដែលអស្ចារ្យហួសគំនិតខ្ញុំ អើ ក៏មាន៤ផង ដែលខ្ញុំរកស្គាល់មិនបាន គឺជាដំណើររបស់ឥន្ទ្រីហើរនៅលើអាកាស១ ដំណើរនៃពស់លូននៅលើថ្ម១ ដំណើរនាវាបើកនៅកណ្តាលសមុទ្រ១ ហើយដំណើរមនុស្សកំឡោះនៅចំពោះស្ត្រីក្រមុំ១។