សុភាសិត 3:27-35
សុភាសិត 3:27-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលណាឯងមានលទ្ធភាពអាចនឹងធ្វើបាន នោះមិនត្រូវបដិសេធនឹងអ្នក ដែលត្រូវការជំនួយពីឯងឡើយ។ បើកាលណាឯងមានរបស់អ្វីនៅជិតឯង ដែលអ្នកជិតខាងត្រូវការ នោះកុំនិយាយឡើយថា ទៅសិនចុះ ស្អែកសឹមមក នោះខ្ញុំនឹងឲ្យ។ កុំបង្កើតការអាក្រក់ទាស់នឹងអ្នកជិតខាងឯង ដែលអាស្រ័យនៅជិតឯង ដោយសុខសាន្តនោះឡើយ បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ កុំច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ ព្រះអង្គជាមិត្តនឹងគេវិញ។ បណ្ដាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែព្រះអង្គប្រទានពរដល់ទីលំនៅ របស់មនុស្សសុចរិតវិញ។ ព្រះអង្គតែងមើលងាយ ដល់ពួកអ្នកដែលមើលងាយ តែព្រះអង្គផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ។ មនុស្សមានប្រាជ្ញានឹងគ្រងបានសិរីល្អទុកជាមត៌ក តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ ដល់មនុស្សឆោតល្ងង់វិញ។
សុភាសិត 3:27-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មិនត្រូវបដិសេធនឹងជួយអ្នកដែលត្រូវការជំនួយពីកូនឡើយ គឺត្រូវជួយគេតាមលទ្ធភាពរបស់កូន។ បើអ្នកដទៃមកសុំអ្វីពីកូន ហើយបើកូនមាន មិនត្រូវពោលទៅគេថា «ទៅសិនចុះ ចាំស្អែក សឹមត្រឡប់មកវិញ ខ្ញុំនឹងប្រគល់ជូន!»។ មិនត្រូវប៉ុនប៉ងធ្វើបាបមិត្តភក្ដិដែលរស់នៅជិតខាងកូន ហើយទុកចិត្តលើកូននោះឡើយ។ កុំរករឿងនរណាម្នាក់ ដោយឥតហេតុ គឺកុំរករឿងអ្នកដែលមិនបានធ្វើអ្វីខុសចំពោះកូន។ កុំច្រណែននឹងមនុស្សឃោរឃៅ កុំប្រព្រឹត្តតាមគេឡើយ ដ្បិតព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សខិលខូចទេ តែព្រះអង្គស្និទ្ធស្នាលជាមួយមនុស្សទៀងត្រង់។ ព្រះអម្ចាស់ដាក់បណ្ដាសាក្រុមគ្រួសាររបស់មនុស្សពាល តែព្រះអង្គប្រទានពរឲ្យក្រុមគ្រួសារមនុស្សសុចរិត។ ព្រះអង្គមើលងាយអស់អ្នកដែលមើលងាយគេ តែព្រះអង្គសម្តែងព្រះហឫទ័យប្រណីសន្ដោស ចំពោះអស់អ្នកដែលគ្មានទីពឹង។ អ្នកមានប្រាជ្ញានឹងបានទទួលសិរីរុងរឿងទុកជាមត៌ក តែមនុស្សខ្លៅនឹងត្រូវអាម៉ាស់វិញ។
សុភាសិត 3:27-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាឯងមានកំឡាំងដៃអាចធ្វើគុណឲ្យអ្នកណាដែលគួរផ្តល់ឲ្យ នោះកុំឲ្យបង្ខាំងទុកឡើយ បើកាលណាឯងមានរបស់អ្វីនៅជិតឯង ដែលអ្នកជិតខាងត្រូវការ នោះកុំឲ្យនិយាយឡើយថា ទៅសិនចុះ ស្អែកសឹមមក នោះខ្ញុំនឹងឲ្យ កុំឲ្យបង្កើតការអាក្រក់ទាស់នឹងអ្នកជិតខាងឯង ដែលអាស្រ័យនៅជិតឯងដោយសុខសាន្តនោះឡើយ បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ កុំឲ្យច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំឲ្យរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ នោះទ្រង់ជាមិត្រនឹងគេវិញ សេចក្ដីបណ្តាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែទ្រង់ប្រទានពរដល់ទីលំនៅរបស់មនុស្សសុចរិតវិញ ទ្រង់តែងមើលងាយដល់ពួកអ្នកដែលមើលងាយ តែទ្រង់ផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ មនុស្សប្រាជ្ញនឹងគ្រងបានសិរីល្អទុកជាមរដក តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ដល់មនុស្សឆោតល្ងង់វិញ។