សុភាសិត 3:13-35
សុភាសិត 3:13-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពីនោះមក ក៏ប្រសើរជាងមាសសុទ្ធផង។ ប្រាជ្ញានោះមានតម្លៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ។ អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះ ក៏ជាសេចក្ដីសុខដែរ។ ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណា ដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ។ ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃ ដោយសារយោបល់ដែរ ដោយសារព្រះតម្រិះរបស់ព្រះអង្គ នោះអស់ទាំងទីជម្រៅបានធ្លាយចេញ ហើយពពកក៏ស្រក់ទឹកសន្សើមមក កូនអើយ កុំឲ្យសេចក្ដីទាំងនេះ ចេញបាត់ពីភ្នែកឯងឡើយ ចូររក្សាសេចក្ដីដែលមានប្រយោជន៍ និងគំនិតវាងវៃចុះ ដូច្នេះ សេចក្ដីនោះនឹងបានជាជីវិត ដល់ព្រលឹងឯង ហើយជាគ្រឿងលម្អនៅកឯង។ នោះឯងនឹងបានដើរតាមផ្លូវឯង ដោយសេចក្ដីសុខ ហើយជើងឯងនឹងមិនចំពប់ឡើយ។ ប្រសិនបើឯង អង្គុយចុះ ឯងនឹងមិនភ័យខ្លាចអ្វីឡើយ កាលណាឯងចូលដេក នោះឯងនឹងដេកលក់យ៉ាងស្កប់ស្កល់។ កុំឲ្យនឹកខ្លាច ក្រែងលោមានហេតុភ័យ កើតមកឆាប់ភ្លាមនោះឡើយ ក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ ក្នុងកាលដែលកើតមកនោះដែរ ដ្បិតព្រះយេហូវ៉ានឹងបានជាទីទុកចិត្តដល់ឯង ព្រះអង្គនឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ។ កាលណាឯងមានលទ្ធភាពអាចនឹងធ្វើបាន នោះមិនត្រូវបដិសេធនឹងអ្នក ដែលត្រូវការជំនួយពីឯងឡើយ។ បើកាលណាឯងមានរបស់អ្វីនៅជិតឯង ដែលអ្នកជិតខាងត្រូវការ នោះកុំនិយាយឡើយថា ទៅសិនចុះ ស្អែកសឹមមក នោះខ្ញុំនឹងឲ្យ។ កុំបង្កើតការអាក្រក់ទាស់នឹងអ្នកជិតខាងឯង ដែលអាស្រ័យនៅជិតឯង ដោយសុខសាន្តនោះឡើយ បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ កុំច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ ព្រះអង្គជាមិត្តនឹងគេវិញ។ បណ្ដាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែព្រះអង្គប្រទានពរដល់ទីលំនៅ របស់មនុស្សសុចរិតវិញ។ ព្រះអង្គតែងមើលងាយ ដល់ពួកអ្នកដែលមើលងាយ តែព្រះអង្គផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ។ មនុស្សមានប្រាជ្ញានឹងគ្រងបានសិរីល្អទុកជាមត៌ក តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ ដល់មនុស្សឆោតល្ងង់វិញ។
សុភាសិត 3:13-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណារកប្រាជ្ញាឃើញ អ្នកណារៀនដឹងខុសត្រូវ អ្នកនោះមានសុភមង្គលហើយ ដ្បិតប្រាជ្ញាដែលគេរកបាននេះប្រសើរជាងមានប្រាក់ ហើយផ្ដល់ឲ្យគេបានចំណេញច្រើនជាងមានមាសទៅទៀត។ ប្រាជ្ញាមានតម្លៃលើសត្បូង ហើយអ្វីៗទាំងអស់ដែលអ្នកប្រាថ្នាចង់បាន ពុំអាចមានតម្លៃស្មើនឹងប្រាជ្ញានេះឡើយ។ ប្រាជ្ញាផ្ដល់ឲ្យមានអាយុយឺនយូរ ព្រមទាំងនាំឲ្យមានសម្បត្តិ និងកិត្តិយសដ៏រុងរឿងទៀតផង។ ប្រាជ្ញាដឹកនាំមនុស្សឲ្យរស់នៅដោយសុខដុមរមនា និងសុខសាន្ត។ ប្រាជ្ញាជាដើមឈើផ្ដល់ជីវិត សម្រាប់អស់អ្នកដែលបេះផ្លែបរិភោគ។ អ្នកណាមានប្រាជ្ញាជាប់ក្នុងខ្លួន អ្នកនោះមានសុភមង្គលហើយ។ ព្រះអម្ចាស់បានបង្កើតផែនដី ដោយសារព្រះប្រាជ្ញាញាណ ហើយព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយសារព្រះតម្រិះរបស់ព្រះអង្គ។ ព្រះអង្គបានធ្វើឲ្យទឹកផុសចេញពីទីជម្រៅ និងឲ្យពពកបង្អុរភ្លៀងចុះមក ដោយសារព្រះតម្រិះដ៏វាងវៃរបស់ព្រះអង្គ។ កូនអើយ ចូរដឹងខុសត្រូវ និងរិះគិតពិចារណាជានិច្ច កុំធ្វេសប្រហែសឡើយ ដ្បិតការដឹងខុសត្រូវ និងការរិះគិតពិចារណាផ្ដល់ឲ្យកូនមានជីវិត មានកិរិយាមារយាទថ្លៃថ្នូរ។ ពេលនោះ កូននឹងរស់នៅដោយសុខសាន្ត ហើយគ្មានអ្វីធ្វើឲ្យកូនជំពប់ដួលបានឡើយ។ កូននឹងចូលដំណេកដោយឥតភ័យខ្លាច ហើយដេកលង់លក់យ៉ាងស្កប់ស្កល់។ កូននឹងមិនបារម្ភខ្លាចក្រែងមានភ័យអាសន្ន ឬខ្លាចក្រែងមានជនពាលចូលមកវាយធ្វើបាបឡើយ ដ្បិតព្រះអម្ចាស់នឹងការពារកូន ព្រះអង្គមិនបណ្ដោយឲ្យកូនធ្លាក់ទៅក្នុងអន្ទាក់ណាមួយឡើយ។ មិនត្រូវបដិសេធនឹងជួយអ្នកដែលត្រូវការជំនួយពីកូនឡើយ គឺត្រូវជួយគេតាមលទ្ធភាពរបស់កូន។ បើអ្នកដទៃមកសុំអ្វីពីកូន ហើយបើកូនមាន មិនត្រូវពោលទៅគេថា «ទៅសិនចុះ ចាំស្អែក សឹមត្រឡប់មកវិញ ខ្ញុំនឹងប្រគល់ជូន!»។ មិនត្រូវប៉ុនប៉ងធ្វើបាបមិត្តភក្ដិដែលរស់នៅជិតខាងកូន ហើយទុកចិត្តលើកូននោះឡើយ។ កុំរករឿងនរណាម្នាក់ ដោយឥតហេតុ គឺកុំរករឿងអ្នកដែលមិនបានធ្វើអ្វីខុសចំពោះកូន។ កុំច្រណែននឹងមនុស្សឃោរឃៅ កុំប្រព្រឹត្តតាមគេឡើយ ដ្បិតព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សខិលខូចទេ តែព្រះអង្គស្និទ្ធស្នាលជាមួយមនុស្សទៀងត្រង់។ ព្រះអម្ចាស់ដាក់បណ្ដាសាក្រុមគ្រួសាររបស់មនុស្សពាល តែព្រះអង្គប្រទានពរឲ្យក្រុមគ្រួសារមនុស្សសុចរិត។ ព្រះអង្គមើលងាយអស់អ្នកដែលមើលងាយគេ តែព្រះអង្គសម្តែងព្រះហឫទ័យប្រណីសន្ដោស ចំពោះអស់អ្នកដែលគ្មានទីពឹង។ អ្នកមានប្រាជ្ញានឹងបានទទួលសិរីរុងរឿងទុកជាមត៌ក តែមនុស្សខ្លៅនឹងត្រូវអាម៉ាស់វិញ។
សុភាសិត 3:13-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកំរៃអំពីនោះមកក៏ប្រសើរជាងមាសសុទ្ធផង ប្រាជ្ញានោះមានដំឡៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ នឹងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះក៏ជាសេចក្ដីសុខដែរ ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណាដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃដោយសារយោបល់ដែរ ដោយសារព្រះដំរិះទ្រង់ នោះអស់ទាំងទីជំរៅបានធ្លាយចេញ ហើយពពកក៏ស្រក់ទឹកសន្សើមមក។ កូនអើយ កុំឲ្យសេចក្ដីទាំងនេះចេញបាត់ពីភ្នែកឯងឡើយ ចូររក្សាសេចក្ដីដែលមានប្រយោជន៍ នឹងគំនិតវាងវៃចុះ ដូច្នេះសេចក្ដីនោះនឹងបានជាជីវិតដល់ព្រលឹងឯង ហើយជាគ្រឿងលំអនៅកឯង នោះឯងនឹងបានដើរតាមផ្លូវឯង ដោយសេចក្ដីសុខ ហើយជើងឯងនឹងមិនចំពប់ឡើយ កាលណាឯងដេកទៅ នោះនឹងគ្មានភ័យខ្លាចអ្វីសោះ អើ ឯងនឹងដេកទៅ ហើយលក់ស្រួល កុំឲ្យនឹកខ្លាច ក្រែងលោមានហេតុភ័យកើតមកឆាប់ភ្លាមនោះឡើយ ក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ ក្នុងកាលដែលកើតមកនោះដែរ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងបានជាទីទុកចិត្តដល់ឯង ទ្រង់នឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ។ កាលណាឯងមានកំឡាំងដៃអាចធ្វើគុណឲ្យអ្នកណាដែលគួរផ្តល់ឲ្យ នោះកុំឲ្យបង្ខាំងទុកឡើយ បើកាលណាឯងមានរបស់អ្វីនៅជិតឯង ដែលអ្នកជិតខាងត្រូវការ នោះកុំឲ្យនិយាយឡើយថា ទៅសិនចុះ ស្អែកសឹមមក នោះខ្ញុំនឹងឲ្យ កុំឲ្យបង្កើតការអាក្រក់ទាស់នឹងអ្នកជិតខាងឯង ដែលអាស្រ័យនៅជិតឯងដោយសុខសាន្តនោះឡើយ បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ កុំឲ្យច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំឲ្យរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ នោះទ្រង់ជាមិត្រនឹងគេវិញ សេចក្ដីបណ្តាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែទ្រង់ប្រទានពរដល់ទីលំនៅរបស់មនុស្សសុចរិតវិញ ទ្រង់តែងមើលងាយដល់ពួកអ្នកដែលមើលងាយ តែទ្រង់ផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ មនុស្សប្រាជ្ញនឹងគ្រងបានសិរីល្អទុកជាមរដក តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ដល់មនុស្សឆោតល្ងង់វិញ។