សុភាសិត 29:2-18
សុភាសិត 29:2-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលណាមនុស្សសុចរិតមានអំណាចឡើង នោះជនទាំងឡាយរមែងមានចិត្តរីករាយ តែកាលណាមនុស្សអាក្រក់គ្រប់គ្រងវិញ នោះបណ្ដាជនស្រែកថ្ងូរឡើង។ អ្នកណាដែលស្រឡាញ់ដល់ប្រាជ្ញា នោះរមែងនាំឲ្យឪពុករីករាយសប្បាយ តែអ្នកណាដែលវក់រកស្រីពេស្យា នោះស៊ីបង្ហិនទ្រព្យសម្បត្តិគាត់វិញ។ ស្តេចរមែងតាំងនគរឲ្យមាំមួន ដោយសារសេចក្ដីយុត្តិធម៌ តែស្តេចណាដែលសង្កត់សង្កិនយកតង្វាយ នោះធ្វើឲ្យស្រុកវិនាសវិញ។ អ្នកណាដែលបញ្ចើចដល់អ្នកជិតខាង នោះឈ្មោះថា ដាក់លប់សម្រាប់ចាប់ជើងគេទេ។ មានអន្ទាក់នៅក្នុងអំពើរំលងរបស់មនុស្សអាក្រក់ តែមនុស្សសុចរិតច្រៀងដោយអរសប្បាយវិញ។ មនុស្សសុចរិតរមែងពិចារណា យល់ហេតុនៃមនុស្សទាល់ក្រ តែមនុស្សអាក្រក់គ្មានយោបល់យល់បានទេ។ មនុស្សចំអកមើលងាយ គេអុចអាលឲ្យទីក្រុងឆេះឡើង តែមនុស្សមានប្រាជ្ញា គេបង្វែរបណ្តេញសេចក្ដីក្រោធចេញវិញ។ បើអ្នកមានប្រាជ្ញា គេកើតមានរឿងនឹងមនុស្សចម្កួត ទោះបើអ្នកនោះខឹង ឬសើចក្តី គង់តែឥតមានសេចក្ដីសុខវិញឡើយ។ ពួកមនុស្សដែលកម្ចាយឈាម នោះរមែងតែស្អប់ដល់មនុស្សត្រឹមត្រូវ តែមនុស្សទៀងត្រង់រកជួយសង្គ្រោះ ព្រលឹងអ្នកនោះវិញ។ ពួកល្ងីល្ងើសម្ដែងចេញ អស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរម្ងាប់ចេញវិញ។ បើអ្នកគ្រប់គ្រងតែងស្តាប់តាមពាក្យភូតភរ នោះពួកអ្នកបម្រើរបស់គេ ក៏ជាមនុស្សអាក្រក់ដែរ។ មនុស្សទាល់ក្រ និងមនុស្សដែលសង្កត់សង្កិន គេតែងតែប្រទះគ្នា តែគឺព្រះយេហូវ៉ា ដែលបំភ្លឺភ្នែករបស់អ្នកទាំងពីរនោះ។ ឯស្តេចណាដែលវិនិច្ឆ័យក្តី របស់មនុស្សទាល់ក្រដោយឥតមន្ទិល បល្ល័ង្ករាជ្យរបស់ស្តេចនោះ នឹងបានតាំងឲ្យជាប់ជាដរាប។ រំពាត់ និងសេចក្ដីប្រៀនប្រដៅ រមែងឲ្យកើតមានប្រាជ្ញា តែកូនណាដែលបណ្តោយឲ្យប្រព្រឹត្តតាមអំពើចិត្ត នោះតែងធ្វើឲ្យម្តាយមានសេចក្ដីខ្មាសវិញ។ កាលណាមនុស្សអាក្រក់ចម្រើនជាច្រើនឡើង នោះអំពើរំលងច្បាប់ក៏ចម្រើនឡើងដែរ ប៉ុន្តែ ពួកសុចរិតនឹងឃើញគ្រា ដែលគេដួលចុះទៅវិញ។ ចូរស្តីប្រដៅកូនអ្នកចុះ ទោះគេនឹងឲ្យអ្នកបានសម្រាកចិត្ត គេនឹងឲ្យអ្នកមានចិត្តរីករាយផង។ គ្រាណាដែលឥតមានការបើកសម្ដែង នោះបណ្ដាជនរមែងលែងទប់ចិត្ត តែអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់ នោះសប្បាយហើយ។
សុភាសិត 29:2-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលណាមានមនុស្សសុចរិតច្រើនគ្រប់គ្រងស្រុក ប្រជារាស្ត្ររមែងមានអំណរ ប៉ុន្តែ បើមនុស្សអាក្រក់កាន់កាប់អំណាចវិញ ប្រជារាស្ត្រនឹងស្រែកថ្ងូរ។ អ្នកដែលស្រឡាញ់ប្រាជ្ញាតែងតែធ្វើឲ្យឪពុកសប្បាយចិត្ត រីឯអ្នកដែលសេពគប់ជាមួយស្រីពេស្យារមែងបង្ហិនទ្រព្យសម្បត្តិ។ ស្ដេចប្រកបដោយយុត្តិធម៌តែងតែធ្វើឲ្យស្រុកបានចម្រើនឡើង រីឯស្ដេចដែលទារពន្ធហួសប្រមាណ រមែងធ្វើឲ្យស្រុកហិនហោច។ អ្នកណាបញ្ជោរអ្នកជិតខាង អ្នកនោះដូចជាដាក់អន្ទាក់ខ្លួនឯង។ មនុស្សអាក្រក់រមែងធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន រីឯមនុស្សសុចរិតតែងតែមានអំណរសប្បាយយ៉ាងខ្លាំង។ មនុស្សសុចរិតតែងតែយល់អំពីសិទ្ធិរបស់ជនក្រីក្រ រីឯមនុស្សទុច្ចរិតវិញ មិនយល់អំពីសិទ្ធិទាំងនេះទេ។ មនុស្សចំអកឡកឡឺយរមែងបង្កឲ្យមានចលាចលពេញទីក្រុង រីឯមនុស្សមានប្រាជ្ញា តែងតែធ្វើឲ្យចលាចលនោះស្ងប់ទៅវិញ។ ប្រសិនបើមនុស្សមានប្រាជ្ញាឡើងក្ដីជាមួយមនុស្សល្ងង់ខ្លៅ ទោះបីគាត់ខឹង ឬសើចក្ដី ក៏គាត់មិនបានស្ងប់ចិត្តដែរ។ ពួកឃាតកររមែងស្អប់មនុស្សទៀងត្រង់ រីឯមនុស្សសុចរិតតែងតែចូលចិត្តមនុស្សទៀងត្រង់នោះវិញ។ មនុស្សល្ងង់ខ្លៅរមែងបញ្ចេញកំហឹងរបស់ខ្លួនឲ្យគេឃើញ រីឯមនុស្សមានប្រាជ្ញាតែងតែចេះទប់កំហឹង។ កាលណាចៅហ្វាយចូលចិត្តស្ដាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ទាំងអស់គ្នា។ អ្នកទុគ៌ត និងអ្នកជិះជាន់គេ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់ប្រទានឲ្យអ្នកទាំងពីរមើលឃើញពន្លឺថ្ងៃ។ ស្ដេចដែលវិនិច្ឆ័យទោសប្រជារាស្ត្រក្រីក្រ ដោយយុត្តិធម៌ រមែងពង្រឹងអំណាចរហូតតទៅ។ ការវាយប្រដៅ និងការស្ដីបន្ទោស រមែងធ្វើឲ្យមនុស្សមានប្រាជ្ញា រីឯក្មេងដែលគេបណ្ដោយឲ្យធ្វើអ្វីតាមចិត្ត តែងតែបំបាក់មុខម្ដាយ។ កាលណាមនុស្សអាក្រក់មានអំណាចកាន់តែច្រើនយ៉ាងណា អំពើអាក្រក់ក៏កើនឡើងកាន់តែច្រើនយ៉ាងនោះដែរ ប៉ុន្តែ មនុស្សសុចរិតនឹងឃើញពួកគេអន្តរាយ។ ចូរវាយប្រដៅកូន នោះវានឹងមិនធ្វើឲ្យអ្នកព្រួយបារម្ភអ្វីឡើយ ផ្ទុយទៅវិញ វានឹងធ្វើឲ្យអ្នកសប្បាយចិត្ត។ ពេលណាគ្មាននិមិត្តហេតុដ៏អស្ចារ្យពីព្រះជាម្ចាស់ទេ ប្រជាជននឹងជ្រួលច្របល់ រីឯអ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ ពិតជាមានសុភមង្គល។
សុភាសិត 29:2-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាមនុស្សសុចរិតមានអំណាចឡើង នោះជនទាំងឡាយរមែងមានចិត្តរីករាយ តែកាលណាមនុស្សអាក្រក់គ្រប់គ្រងវិញ នោះបណ្តាជនស្រែកថ្ងូរឡើង។ អ្នកណាដែលស្រឡាញ់ដល់ប្រាជ្ញា នោះរមែងនាំឲ្យឪពុករីករាយសប្បាយ តែអ្នកណាដែលគប់រកស្រីសំផឹង នោះស៊ីបង្ហិនទ្រព្យសម្បត្តិគាត់វិញ។ ស្តេចរមែងតាំងនគរឲ្យមាំមួន ដោយសារសេចក្ដីយុត្តិធម៌ តែស្តេចណាដែលសង្កត់សង្កិនយកដង្វាយ នោះធ្វើឲ្យស្រុកវិនាសវិញ។ អ្នកណាដែលបញ្ចើចដល់អ្នកជិតខាង នោះឈ្មោះថា ដាក់លប់សំរាប់ចាប់ជើងគេទេ។ មានអន្ទាក់ នៅក្នុងអំពើរំលងរបស់មនុស្សអាក្រក់ តែមនុស្សសុចរិតគេច្រៀងដោយអរសប្បាយវិញ។ មនុស្សសុចរិតរមែងពិចារណាយល់ហេតុនៃមនុស្សទាល់ក្រ តែមនុស្សអាក្រក់គ្មានយោបល់យល់បានទេ។ មនុស្សចំអកមើលងាយ គេអុចអាលឲ្យទីក្រុងឆេះឡើង តែមនុស្សមានប្រាជ្ញា គេបង្វែរបណ្តេញសេចក្ដីក្រោធចេញវិញ។ បើអ្នកមានប្រាជ្ញា គេកើតមានរឿងនឹងមនុស្សចំកួត ទោះបើអ្នកនោះខឹង ឬសើចក្តី គង់តែឥតមានសេចក្ដីសុខវិញឡើយ។ ពួកមនុស្សដែលកំចាយឈាម នោះរមែងតែស្អប់ដល់មនុស្សត្រឹមត្រូវ តែមនុស្សទៀងត្រង់រកជួយសង្គ្រោះព្រលឹងអ្នកនោះវិញ។ ពួកល្ងីល្ងើ សំដែងចេញអស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរំងាប់ចេញវិញ។ បើអ្នកគ្រប់គ្រងតែងស្តាប់តាមពាក្យភូតភរ នោះពួកអ្នកបំរើរបស់គេក៏ជាមនុស្សអាក្រក់ដែរ។ មនុស្សទាល់ក្រ នឹងមនុស្សដែលសង្កត់សង្កិន គេតែងតែប្រទះគ្នា តែគឺព្រះយេហូវ៉ា ដែលបំភ្លឺភ្នែករបស់អ្នកទាំង២នោះ។ ឯស្តេចណាដែលវិនិច្ឆ័យក្តីរបស់មនុស្សទាល់ក្រដោយឥតមន្ទិល បល្ល័ង្ករាជ្យរបស់ស្តេចនោះនឹងបានតាំងឲ្យជាប់ជាដរាប។ រំពាត់ នឹងសេចក្ដីប្រៀនប្រដៅ រមែងឲ្យកើតមានប្រាជ្ញា តែកូនណាដែលបណ្តោយឲ្យប្រព្រឹត្តតាមអំពើចិត្ត នោះតែងធ្វើឲ្យម្តាយមានសេចក្ដីខ្មាសវិញ។ កាលណាមនុស្សអាក្រក់ចំរើនជាច្រើនឡើង នោះសេចក្ដីរំលងច្បាប់ក៏ចំរើនឡើងដែរ ប៉ុន្តែពួកសុចរិតនឹងឃើញគ្រាដែលគេដួលចុះទៅវិញ។ ចូរស្តីប្រដៅកូនឯងចុះ នោះវានឹងឲ្យឯងបានសំរាកចិត្ត អើ វានឹងឲ្យឯងមានចិត្តរីករាយផង។ គ្រាណាដែលឥតមានការបើកសំដែង នោះបណ្តាជនរមែងលែងទប់ចិត្ត តែអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះសប្បាយហើយ។