សុភាសិត 29:1-27

សុភាសិត 29:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ណា​ដែល​ត្រូវ​បន្ទោស​ជា​ញយៗ តែ​តាំង​ចិត្ត​រឹង​វិញ នោះ​ត្រូវ​វិនាស​ក្នុង​មួយ​រំពេច ទាល់​បើ​ជួយ​ផង។ កាល​ណា​មនុស្ស​សុចរិត​មាន​អំណាច​ឡើង នោះ​ជន​ទាំង‌ឡាយ​រមែង​មាន​ចិត្ត​រីក‌រាយ តែ​កាល​ណា​មនុស្ស​អាក្រក់​គ្រប់‌គ្រង​វិញ នោះ​បណ្ដា‌ជន​ស្រែក​ថ្ងូរ​ឡើង។ អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ប្រាជ្ញា នោះ​រមែង​នាំ​ឲ្យ​ឪពុក​រីក‌រាយ​សប្បាយ តែ​អ្នក​ណា​ដែល​វក់​រក​ស្រី​ពេស្យា នោះ​ស៊ី​បង្ហិន​ទ្រព្យ​សម្បត្តិ​គាត់​វិញ។ ស្តេច​រមែង​តាំង​នគរ​ឲ្យ​មាំ‌មួន ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ តែ​ស្តេច​ណា​ដែល​សង្កត់‌សង្កិន​យក​តង្វាយ នោះ​ធ្វើ​ឲ្យ​ស្រុក​វិនាស​វិញ។ អ្នក​ណា​ដែល​បញ្ចើច​ដល់​អ្នក​ជិត​ខាង នោះ​ឈ្មោះ​ថា ដាក់​លប់​សម្រាប់​ចាប់​ជើង​គេ​ទេ។ មាន​អន្ទាក់នៅ​ក្នុង​អំពើ​រំលង​របស់​មនុស្ស​អាក្រក់ តែ​មនុស្ស​សុចរិត​ច្រៀង​ដោយ​អរ​សប្បាយ​វិញ។ មនុស្ស​សុចរិត​រមែង​ពិចា‌រណា យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ តែ​មនុស្ស​អាក្រក់​គ្មាន​យោបល់​យល់​បាន​ទេ។ មនុស្ស​ចំអក​មើល​ងាយ គេ​អុច‌អាល​ឲ្យ​ទី​ក្រុង​ឆេះ​ឡើង តែ​មនុស្ស​មាន​ប្រាជ្ញា គេ​បង្វែរ​បណ្តេញ​សេចក្ដី​ក្រោធ​ចេញ​វិញ។ បើ​អ្នក​មាន​ប្រាជ្ញា គេ​កើត​មាន​រឿង​នឹង​មនុស្ស​ចម្កួត ទោះ​បើ​អ្នក​នោះ​ខឹង ឬ​សើច​ក្តី គង់​តែ​ឥត​មាន​សេចក្ដី​សុខ​វិញ​ឡើយ។ ពួក​មនុស្ស​ដែល​កម្ចាយ​ឈាម នោះ​រមែង​តែ​ស្អប់​ដល់​មនុស្ស​ត្រឹម​ត្រូវ តែ​មនុស្ស​ទៀង​ត្រង់​រក​ជួយ​សង្គ្រោះ ព្រលឹង​អ្នក​នោះ​វិញ។ ពួក​ល្ងី‌ល្ងើសម្ដែង​ចេញ អស់​ទាំង​កំហឹង​របស់​ខ្លួន តែ​មនុស្ស​មាន​ប្រាជ្ញា​គេ​ទប់​ចិត្ត ហើយ​រម្ងាប់​ចេញ​វិញ។ បើ​អ្នក​គ្រប់‌គ្រង​តែង​ស្តាប់​តាម​ពាក្យ​ភូត​ភរ នោះ​ពួក​អ្នក​បម្រើ​របស់​គេ ក៏​ជា​មនុស្ស​អាក្រក់​ដែរ។ មនុស្ស​ទាល់​ក្រ និង​មនុស្ស​ដែល​សង្កត់‌សង្កិន គេ​តែង​តែ​ប្រទះ​គ្នា តែ​គឺ​ព្រះ‌យេហូវ៉ា ដែល​បំភ្លឺ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​នោះ។ ឯ​ស្តេច​ណា​ដែល​វិនិច្ឆ័យ​ក្តី របស់​មនុស្ស​ទាល់​ក្រ​ដោយ​ឥត​មន្ទិល បល្ល័ង្ក‌រាជ្យ​របស់​ស្តេច​នោះ នឹង​បាន​តាំង​ឲ្យ​ជាប់​ជា​ដរាប។ រំពាត់ និង​សេចក្ដី​ប្រៀន​ប្រដៅ រមែង​ឲ្យ​កើត​មាន​ប្រាជ្ញា តែ​កូន​ណា​ដែល​បណ្តោយ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត នោះ​តែង​ធ្វើ​ឲ្យ​ម្តាយ​មាន​សេចក្ដី​ខ្មាស​វិញ។ កាល​ណា​មនុស្ស​អាក្រក់​ចម្រើន​ជា​ច្រើន​ឡើង នោះ​អំពើ​រំលង​ច្បាប់​ក៏​ចម្រើន​ឡើង​ដែរ ប៉ុន្តែ ពួក​សុចរិត​នឹង​ឃើញ​គ្រា ដែល​គេ​ដួល​ចុះ​ទៅ​វិញ។ ចូរ​ស្តី​ប្រដៅ​កូន​អ្នក​ចុះ ទោះ​គេ​នឹង​ឲ្យ​អ្នក​បាន​សម្រាក​ចិត្ត គេ​នឹង​ឲ្យ​អ្នក​មាន​ចិត្ត​រីក‌រាយ​ផង។ គ្រា​ណា​ដែល​ឥត​មាន​ការ​បើក​សម្ដែង នោះ​បណ្ដា‌ជន​រមែង​លែង​ទប់​ចិត្ត តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់ នោះ​សប្បាយ​ហើយ។ ខ្ញុំ​កំដរ​នឹង​រាង‌ចាល ដោយ‌សារ​តែ​ពាក្យ​បន្ទោស​មិន​បាន ដ្បិត​ទោះ​បើ​គេ​ស្តាប់​បាន គង់​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ។ អ្នក​ដែល​ឃើញ​មនុស្ស​រហ័ស​នឹង​បញ្ចេញ​សម្ដី​ឬ មាន​សេចក្ដី​សង្ឃឹម ចំពោះ​មនុស្ស​ល្ងី‌ល្ងើ ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។ អ្នក​ណា​ដែល​ចិញ្ចឹម​បាវ​បម្រើ​ដោយ​ថ្នម តាំង​ពី​តូច​មក នោះ​ដល់​ជាន់​ក្រោយ នឹង​បាន​អ្នក​នោះ​ដូច​ជា​កូន​វិញ។ មនុស្ស​មួ‌ម៉ៅ​រមែង​អុច‌អាល ឲ្យ​កើត​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​មនុស្ស​មាន​ចិត្ត​ក្រោធ នោះ​រំលង​ច្បាប់​ជា​ច្រើន។ ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស នឹង​នាំ​ឲ្យ​ទាប‌ថោក​ទៅ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​សុភាព នោះ​នឹង​បាន​កិត្តិ‌សព្ទ​វិញ។ អ្នក​ណា​ដែល​ចូល​ដៃ​ជា​មួយ​ចោរ នោះ​ឈ្មោះ​ថា​ស្អប់​ដល់​ព្រលឹង​ខ្លួន វា​ឮ​គេ​ដាក់​បណ្ដាសា​ដល់​ខ្លួន ប៉ុន្តែ មិន​ហ៊ាន​ពោល​តប​ឡើយ។ ការ​ដែល​ខ្លាច​មនុស្ស នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​សេចក្ដី​សុខ។ មាន​មនុស្ស​ជា​ច្រើន​ដែល​ស្វែង​រក ឲ្យ​បាន​ប្រកប​ដោយ​គុណ​នៃ​អ្នក​គ្រប់‌គ្រង តែ​សេចក្ដី​វិនិច្ឆ័យ​ដល់​មនុស្ស នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា។ ឯ​មនុស្ស​ទុច្ចរិត គេ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ពួក​សុចរិត ហើយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​អាក្រក់​ដែរ។

ចែក​រំលែក
អាន សុភាសិត 29

សុភាសិត 29:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ដែល​រឹង‌រូស មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ នឹង​ត្រូវ​វិនាស​ភ្លាម គ្មាន​អ្វី​ជួយ​បាន​ឡើយ។ កាល​ណា​មាន​មនុស្ស​សុចរិត​ច្រើន​គ្រប់‌គ្រង​ស្រុក ប្រជា‌រាស្ត្រ​រមែង​មាន​អំណរ ប៉ុន្តែ បើ​មនុស្ស​អាក្រក់​កាន់​កាប់​អំណាច​វិញ ប្រជា‌រាស្ត្រ​នឹង​ស្រែក​ថ្ងូរ។ អ្នក​ដែល​ស្រឡាញ់​ប្រាជ្ញា​តែងតែ​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​អ្នក​ដែល​សេព‌គប់​ជា​មួយ​ស្រី​ពេស្យា​រមែង​បង្ហិន​ទ្រព្យ​សម្បត្តិ។ ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​តែងតែ​ធ្វើ​ឲ្យ​ស្រុក​បាន​ចម្រើន​ឡើង រីឯ​ស្ដេច​ដែល​ទារ​ពន្ធ​ហួស​ប្រមាណ រមែង​ធ្វើ​ឲ្យ​ស្រុក​ហិន‌ហោច។ អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់​ខ្លួន​ឯង។ មនុស្ស​អាក្រក់​រមែង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ មនុស្ស​សុចរិត​តែងតែ​យល់​អំពី​សិទ្ធិ​របស់​ជន​ក្រីក្រ រីឯ​មនុស្ស​ទុច្ចរិត​វិញ មិន​យល់​អំពី​សិទ្ធិ​ទាំង​នេះ​ទេ។ មនុស្ស​ចំអក​ឡក‌ឡឺយ​រមែង​បង្ក​ឲ្យ​មាន​ចលាចល​ពេញ​ទីក្រុង រីឯ​មនុស្ស​មាន​ប្រាជ្ញា តែងតែ​ធ្វើ​ឲ្យ​ចលាចល​នោះ​ស្ងប់​ទៅ​វិញ។ ប្រសិន​បើ​មនុស្ស​មាន​ប្រាជ្ញា​ឡើង​ក្ដី​ជា​មួយ​មនុស្ស​ល្ងង់​ខ្លៅ ទោះ​បី​គាត់​ខឹង ឬ​សើច​ក្ដី ក៏​គាត់​មិន​បាន​ស្ងប់​ចិត្ត​ដែរ។ ពួក​ឃាតករ​រមែង​ស្អប់​មនុស្ស​ទៀង‌ត្រង់ រីឯ​មនុស្ស​សុចរិត​តែងតែ​ចូល​ចិត្ត​មនុស្ស​ទៀង‌ត្រង់​នោះ​វិញ។ មនុស្ស​ល្ងង់​ខ្លៅ​រមែង​បញ្ចេញ​កំហឹង​របស់​ខ្លួន​ឲ្យ​គេ​ឃើញ រីឯ​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ចេះ​ទប់​កំហឹង។ កាល​ណា​ចៅហ្វាយ​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ភូត‌ភរ កូន​ចៅ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់​ទាំង​អស់​គ្នា។ អ្នក​ទុគ៌ត និង​អ្នក​ជិះ‌ជាន់​គេ ជា​មនុស្ស​ដូច​គ្នា ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​ទាំង​ពីរ​មើល​ឃើញ​ពន្លឺ​ថ្ងៃ។ ស្ដេច​ដែល​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ត្រ​ក្រីក្រ ដោយ​យុត្តិធម៌ រមែង​ពង្រឹង​អំណាច​រហូត​ត​ទៅ។ ការ​វាយ​ប្រដៅ និង​ការ​ស្ដី​បន្ទោស រមែង​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា រីឯ​ក្មេង​ដែល​គេ​បណ្ដោយ​ឲ្យ​ធ្វើ​អ្វី​តាម​ចិត្ត តែងតែ​បំបាក់​មុខ​ម្ដាយ។ កាល​ណា​មនុស្ស​អាក្រក់​មាន​អំណាច​កាន់​តែ​ច្រើន​យ៉ាង​ណា អំពើ​អាក្រក់​ក៏​កើន​ឡើង​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ ប៉ុន្តែ មនុស្ស​សុចរិត​នឹង​ឃើញ​ពួក​គេ​អន្តរាយ។ ចូរ​វាយ​ប្រដៅ​កូន នោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ព្រួយ​បារម្ភ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ វា​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត។ ពេល​ណា​គ្មាន​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះ‌ជាម្ចាស់​ទេ ប្រជា‌ជន​នឹង​ជ្រួល‌ច្របល់ រីឯ​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ពិត​ជា​មាន​សុភមង្គល។ គេ​មិន​អាច​ប្រដៅ​ខ្ញុំ​បម្រើ​នឹង​ពាក្យ​សម្ដី​បាន​ទេ ដ្បិត​ទោះ​បី​វា​យល់​ក្ដី ក៏​វា​មិន​ធ្វើ​តាម​ដែរ។ ប្រសិន​បើ​អ្នក​ឃើញ​នរណា​ម្នាក់​និយាយ​មិន​ចេះ​គិត តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ។ បើ​អ្នក​ទម្រើស​ខ្ញុំ​បម្រើ​ខ្លាំង​ពេក កាល​វា​នៅ​ពី​ក្មេង ថ្ងៃ​ក្រោយ​វា នឹង​មិន​ស្ដាប់​បង្គាប់​អ្នក​ឡើយ។ មនុស្ស​ឆាប់​ខឹង​រមែង​បង្ក​ជម្លោះ រីឯ​អ្នក​ដែល​មាន​ចិត្ត​កំរោល រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។ អំនួត​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​គេ​បាក់​មុខ រីឯ​អ្នក​ដែល​ចិត្ត​សុភាព​រាប‌សា តែងតែ​ទទួល​កិត្តិយស។ អ្នក​ណា​សម​គំនិត​ជា​មួយ​ចោរ អ្នក​នោះ​ស្អប់​ខ្លួន​ឯង​ព្រោះ​គេ​ដឹង​ថា ខ្លួន​ត្រូវ​បណ្ដាសា តែ​មិន​ហ៊ាន​ធ្វើ​ជា​សាក្សី​ទេ។ ភ័យ​ខ្លាច​មនុស្ស រមែង​ធ្វើ​ឲ្យ​ខ្លួន​ជាប់​អន្ទាក់ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​តែងតែ​បាន​សេចក្ដី​សុខ។ មនុស្ស​ជា​ច្រើន​ចង់​ផ្គាប់​ចិត្ត​ចៅហ្វាយ ប៉ុន្តែ មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​រក​យុត្តិធម៌​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។ មនុស្ស​សុចរិត​មិន​ចូល​ចិត្ត​នឹង​មនុស្ស​ទុច្ចរិត​ទេ រីឯ​មនុស្ស​អាក្រក់​ក៏​មិន​ចូល​ចិត្ត​នឹង​មនុស្ស​ទៀង‌ត្រង់​ដែរ។

ចែក​រំលែក
អាន សុភាសិត 29

សុភាសិត 29:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ណា​ដែល​ត្រូវ​បន្ទោស​ជា​ញយៗ តែ​តាំង​ចិត្ត​រឹង​វិញ នោះ​ត្រូវ​វិនាស​ក្នុង​១​រំពេច ទាល់​បើ​ជួយ​ផង។ កាល​ណា​មនុស្ស​សុចរិត​មាន​អំណាច​ឡើង នោះ​ជន​ទាំង‌ឡាយ​រមែង​មាន​ចិត្ត​រីក‌រាយ តែ​កាល​ណា​មនុស្ស​អាក្រក់​គ្រប់‌គ្រង​វិញ នោះ​បណ្តាជន​ស្រែក​ថ្ងូរ​ឡើង។ អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ប្រាជ្ញា នោះ​រមែង​នាំ​ឲ្យ​ឪពុក​រីក‌រាយ​សប្បាយ តែ​អ្នក​ណា​ដែល​គប់​រក​ស្រី​សំផឹង នោះ​ស៊ី​បង្ហិន​ទ្រព្យ​សម្បត្តិ​គាត់​វិញ។ ស្តេច​រមែង​តាំង​នគរ​ឲ្យ​មាំ‌មួន ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ តែ​ស្តេច​ណា​ដែល​សង្កត់‌សង្កិន​យក​ដង្វាយ នោះ​ធ្វើ​ឲ្យ​ស្រុក​វិនាស​វិញ។ អ្នក​ណា​ដែល​បញ្ចើច​ដល់​អ្នក​ជិត​ខាង នោះ​ឈ្មោះ​ថា ដាក់​លប់​សំរាប់​ចាប់​ជើង​គេ​ទេ។ មាន​អន្ទាក់ នៅ​ក្នុង​អំពើ​រំលង​របស់​មនុស្ស​អាក្រក់ តែ​មនុស្ស​សុចរិត​គេ​ច្រៀង​ដោយ​អរ​សប្បាយ​វិញ។ មនុស្ស​សុចរិត​រមែង​ពិចារណា​យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ តែ​មនុស្ស​អាក្រក់​គ្មាន​យោបល់​យល់​បាន​ទេ។ មនុស្ស​ចំអក​មើល‌ងាយ គេ​អុច‌អាល​ឲ្យ​ទី​ក្រុង​ឆេះ​ឡើង តែ​មនុស្ស​មាន​ប្រាជ្ញា គេ​បង្វែរ​បណ្តេញ​សេចក្ដី​ក្រោធ​ចេញ​វិញ។ បើ​អ្នក​មាន​ប្រាជ្ញា គេ​កើត​មាន​រឿង​នឹង​មនុស្ស​ចំកួត ទោះ​បើ​អ្នក​នោះ​ខឹង ឬ​សើច​ក្តី គង់​តែ​ឥត​មាន​សេចក្ដី​សុខ​វិញ​ឡើយ។ ពួក​មនុស្ស​ដែល​កំចាយ​ឈាម នោះ​រមែង​តែ​ស្អប់​ដល់​មនុស្ស​ត្រឹម‌ត្រូវ តែ​មនុស្ស​ទៀង​ត្រង់​រក​ជួយ​សង្គ្រោះ​ព្រលឹង​អ្នក​នោះ​វិញ។ ពួក​ល្ងី‌ល្ងើ សំដែង​ចេញ​អស់​ទាំង​កំហឹង​របស់​ខ្លួន តែ​មនុស្ស​មាន​ប្រាជ្ញា​គេ​ទប់​ចិត្ត ហើយ​រំងាប់​ចេញ​វិញ។ បើ​អ្នក​គ្រប់‌គ្រង​តែង​ស្តាប់​តាម​ពាក្យ​ភូត‌ភរ នោះ​ពួក​អ្នក​បំរើ​របស់​គេ​ក៏​ជា​មនុស្ស​អាក្រក់​ដែរ។ មនុស្ស​ទាល់​ក្រ នឹង​មនុស្ស​ដែល​សង្កត់‌សង្កិន គេ​តែង‌តែ​ប្រទះ​គ្នា តែ​គឺ​ព្រះ‌យេហូវ៉ា ដែល​បំភ្លឺ​ភ្នែក​របស់​អ្នក​ទាំង​២​នោះ។ ឯ​ស្តេច​ណា​ដែល​វិនិច្ឆ័យ​ក្តី​របស់​មនុស្ស​ទាល់​ក្រ​ដោយ​ឥត​មន្ទិល បល្ល័ង្ក‌រាជ្យ​របស់​ស្តេច​នោះ​នឹង​បាន​តាំង​ឲ្យ​ជាប់​ជា​ដរាប។ រំពាត់ នឹង​សេចក្ដី​ប្រៀន​ប្រដៅ រមែង​ឲ្យ​កើត​មាន​ប្រាជ្ញា តែ​កូន​ណា​ដែល​បណ្តោយ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត នោះ​តែង​ធ្វើ​ឲ្យ​ម្តាយ​មាន​សេចក្ដី​ខ្មាស​វិញ។ កាល​ណា​មនុស្ស​អាក្រក់​ចំរើន​ជា​ច្រើន​ឡើង នោះ​សេចក្ដី​រំលង​ច្បាប់​ក៏​ចំរើន​ឡើង​ដែរ ប៉ុន្តែពួក​សុចរិត​នឹង​ឃើញ​គ្រា​ដែល​គេ​ដួល​ចុះ​ទៅ​វិញ។ ចូរ​ស្តី​ប្រដៅ​កូន​ឯង​ចុះ នោះ​វា​នឹង​ឲ្យ​ឯង​បាន​សំរាក​ចិត្ត អើ វា​នឹង​ឲ្យ​ឯង​មាន​ចិត្ត​រីក‌រាយ​ផង។ គ្រា​ណា​ដែល​ឥត​មាន​ការ​បើក​សំដែង នោះ​បណ្តាជន​រមែង​លែង​ទប់​ចិត្ត តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់ នោះ​សប្បាយ​ហើយ។ ខ្ញុំ​កំដរ​នឹង​រាង‌ចាល ដោយ‌សារ​តែ​ពាក្យ​បន្ទោស​មិន​បាន ដ្បិត​ទោះ​បើ​វា​ស្តាប់​បាន គង់​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ។ ឯង​ដែល​ឃើញ​មនុស្ស​រហ័ស​នឹង​បញ្ចេញ​សំដី​ឬ​មាន​សេចក្ដី​សង្ឃឹម ចំពោះ​មនុស្ស​ល្ងី‌ល្ងើ ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។ អ្នក​ណា​ដែល​ចិញ្ចឹម​បាវ​បំរើ​ដោយ​ថ្នម តាំង​ពី​តូច​មក នោះ​ដល់​ជាន់​ក្រោយ​នឹង​បាន​អ្នក​នោះ​ដូច​ជា​កូន​វិញ។ មនុស្ស​មួម៉ៅ​រមែង​អុច‌អាល ឲ្យ​កើត​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​មនុស្ស​មាន​ចិត្ត​ក្រោធ នោះ​រំលង​ច្បាប់​ជា​ច្រើន។ ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស នឹង​នាំ​ឲ្យ​ទាប‌ថោក​ទៅ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​សុភាព​រាប‌ទាប នោះ​នឹង​បាន​កិត្តិសព្ទ​វិញ។ អ្នក​ណា​ដែល​ចូល​ដៃ​នឹង​ចោរ នោះ​ឈ្មោះ​ថា​ស្អប់​ដល់​ព្រលឹង​ខ្លួន វា​ឮ​គេ​ដាក់​បណ្តាសា​ដល់​ខ្លួន ប៉ុន្តែមិន​ពោល​តប​ឡើយ។ ការ​ដែល​ខ្លាច​ចំពោះ​មនុស្ស នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ពិត នោះ​នឹង​បាន​សុខ​វិញ។ មាន​មនុស្ស​ជា​ច្រើន​ដែល​ស្វែង​រក ឲ្យ​បាន​ប្រកប​ដោយ​គុណ​នៃ​អ្នក​គ្រប់‌គ្រង តែ​សេចក្ដី​វិនិច្ឆ័យ​ដល់​មនុស្ស​នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​វិញ។ ឯ​មនុស្ស​ទុច្ចរិត គេ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ពួក​សុចរិត ហើយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះ​ក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​អាក្រក់​ដែរ។

ចែក​រំលែក
អាន សុភាសិត 29