សុភាសិត 27:1-27

សុភាសិត 27:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កុំ​ឲ្យ​អួត​ខ្លួន​ពី​ថ្ងៃ​ស្អែក ដ្បិត​ឯង​មិន​ដឹង​ជា​ថ្ងៃ​ណា​នឹង​កើត​មាន​ការ​អ្វី​ទេ។ ទុក​ឲ្យ​មនុស្ស​ឯ​ទៀត​សរសើរ​ឯង​ចុះ កុំ​ឲ្យ​មាត់​ឯង​សរសើរ​ខ្លួន​ឡើយ គឺ​ជា​អ្នក​ដទៃ មិន​មែន​ជា​បបូរ​មាត់ របស់​ឯង​ឡើយ។ ដុំ​ថ្ម​ជា​របស់​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទម្ងន់​ដែរ តែ​សេចក្ដី​កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ធ្ងន់​ជាង​ទាំង​ពីរ​មុខ​នោះ​ទៅ​ទៀត។ សេចក្ដី​ឃោរ‌ឃៅ ជា​សេចក្ដី​ដែល​សាហាវ​ណាស់ ហើយ​សេចក្ដី​កំហឹង​ក៏​ខ្លាំង‌ក្លា​ដែរ តែ​ឯ​សេចក្ដី​ប្រចណ្ឌ តើ​អ្នក​ណា​នឹង​ទប់‌ទល់​បាន។ ការ​ដែល​ត្រូវ​បន្ទោស​នៅ​កណ្ដាល​ជំនុំ នោះ​វិសេស​ជាង​សេចក្ដី​ស្រឡាញ់​លាក់​កំបាំង។ របួស​ដែល​មិត្ត​សម្លាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះ​ត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំង​សត្រូវ នោះ​ជា​សេចក្ដី​បញ្ឆោត​វិញ។ អ្នក​ណា​ដែល​ឆ្អែត​ហើយ ទោះ​ទាំង​សំណុំ​ឃ្មុំ​ក៏​ណាយ​ចិត្ត​ដែរ តែ​ឯ​អ្នក​ណា​ដែល​ឃ្លាន ទោះ​ទាំង​របស់​ជូរ​ល្វីង​ក៏​ផ្អែម​ដល់​គេ​វិញ។ មនុស្ស​ណា​ដែល​វង្វេង​ឆ្ងាយ​ពី​ទី​លំ‌នៅ​ខ្លួន នោះ​ប្រៀប​ដូច​ជា​សត្វ​ហើរ ដែល​វង្វេង​ឆ្ងាយ​ពី​សម្បុក​វា​ដែរ។ ប្រេង​លាប និង​ទឹក​អប់ តែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ តែ​ទុក្ខ​លំបាក តែង​ហែក​ហួរ​ព្រលឹង​មនុស្ស ។ កុំ​ឲ្យ​បោះ‌បង់​ចោល​មិត្ត‌ភក្តិ​របស់​ខ្លួន និង​មិត្ត‌ភក្តិ​របស់​ឪពុក​ឡើយ ក៏​កុំ​ចូល​ក្នុង​ផ្ទះ​របស់​បង‌ប្អូន​របស់អ្នក​ក្នុង​គ្រា ដែល​អ្នក​មាន​ទុក្ខ​ព្រួយ។ អ្នក​ជិត​ខាង​ដែល​នៅ​ក្បែរ នោះ​វិសេស​ជាង​បង‌ប្អូន​ដែល​នៅ​ឆ្ងាយ។ កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​យើង​បាន​រីក‌រាយ​ចុះ ដើម្បី​ឲ្យ​យើង​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស ដែល​ដៀល‌តិះ​ដល់​យើង។ មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់‌ខ្លៅ គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ក៏​ត្រូវ​មាន​ទុក្ខ។ ចូរ​យក​អាវ​របស់​អ្នក​ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ ទុក​ជា​របស់​បញ្ចាំ ហើយ​ទារ​យក​របស់​បញ្ចាំ​ពី​អ្នក ដែល​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។ បើ​អ្នក​ណា​ក្រោក​ពី​ព្រលឹម​ស្រាង និង​ឲ្យ​ពរ​ដល់​មិត្ត​សម្លាញ់​ដោយ​សំឡេង​ខ្លាំង នោះ​នឹង​បាន​រាប់​ជា​ពាក្យ​ជេរ​ដល់​គេ​វិញ។ ទឹក​ដែល​ស្រក់​ចុះ​តក់ៗ​ជា‌និច្ច នៅ​ថ្ងៃ​ភ្លៀង​ច្រើន ហើយ​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង នោះ​ក៏​ដូច​គ្នា អ្នក​ណា​ដែល​ចង់​ឃាត់​នាង នោះ​ដូច​ជា​ឃាត់​ខ្យល់ ឬ​ដូច​ជា​យក​ដៃ​ស្ដាំទៅ​ចាប់​ក្តាប់​ប្រេង​ដូច្នោះ​ដែរ។ ដែក​រមែង​សំលៀង​ដែក ឯ​មនុស្សក៏​ធ្វើ​ឲ្យ​មិត្ត​សម្លាញ់​ខ្លួន មុត​ស្រួច​យ៉ាង​នោះ​ដែរ។ អ្នក​ណា​ដែល​ថែ​ទាំ​ដើម​ល្វា អ្នក​នោះ​នឹង​បាន​ផ្លែ​បរិ‌ភោគ ហើយ​អ្នក​ណា​ដែល​បម្រើ​ចៅ‌ហ្វាយ​ខ្លួន​ដោយ​ល្អ នោះ​នឹង​បាន​កិត្តិ‌សព្ទ។ មុខ​ឆ្លុះ​ឃើញ​មុខ​នៅ​ក្នុង​ទឹក​ជា​យ៉ាង​ណា នោះ​ចិត្ត​របស់​មនុស្ស ក៏​ច្បាស់​ដល់​មនុស្ស​យ៉ាង​នោះ​ដែរ។ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​នឹង​ទី​វិនាស​នោះ​មិន​ចេះ​ស្កប់‌ស្កល់​ឡើយ ឯ​ភ្នែក​នៃ​មនុស្ស​ក៏​មិន​ចេះ​ស្កប់‌ស្កល់​ដូច​គ្នា​ដែរ។ មាន​ឡ​សម្រាប់​សម្រង់​ប្រាក់ ហើយ​មានភ្លើង​សម្រាប់​មាស តែ​នឹង​ស្គាល់​មនុស្ស​បាន​ដោយ‌សារ​តែ សេចក្ដី​ដែល​គេ​សរសើរ​ពី​អ្នក​នោះ។ ទោះ​បើ​នឹង​បុក​មនុស្ស​ល្ងី‌ល្ងើ នៅ​ក្នុង​ត្បាល់​ជា‌មួយ​ស្រូវ​ក៏​ដោយ គង់​តែ​សេចក្ដី​ចម្កួត​របស់​វា មិន​ព្រម​របក​ចេញ​ពី​វា​ឡើយ។ ចូរ​មាន​ចិត្ត​ខ្នះ‌ខ្នែង​ឲ្យ​ស្គាល់ សណ្ឋាន​នៃ​ហ្វូង​ចៀម​ឯង ហើយ​ឲ្យ​ថែ​មើល​ហ្វូង​គោ​ឯង​ឲ្យ​ល្អ​ចុះ ដ្បិត​ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ទេ មកុដ​ស្តេច​ក៏មិន​នៅ​ជាប់គ្រប់​ជំនាន់ដែរ។ ឯ​ស្មៅ​ក្រៀម​គេ​ដឹក​យក​ទៅ រួច​ស្មៅ​ខ្ចី​លូត​លាស់​ឡើង ហើយ​គេ​ប្រមូល​ស្មៅ​ព្រៅ​ពី​ភ្នំ​មក​ដែរ កូន​ចៀម​ទាំង​ប៉ុន្មាន​នឹង​បាន​សម្រាប់​ធ្វើ​ជា សម្លៀក‌បំពាក់​ដល់​អ្នក ឯ​ពពែ​ឈ្មោល​ក៏​សម្រាប់​សង​ថ្លៃ​ចម្ការ​ដែរ ហើយ​មាន​ទឹក​ដោះ​ពពែ ល្មម​ទុក​ជា​អាហារ​ដល់​ឯង គឺ​ជា​អាហារ​សម្រាប់​គ្រួសារ​ឯង ហើយ​សម្រាប់​ចិញ្ចឹម​ពួក​ស្រី​បម្រើ​របស់​ឯង​ទៀត។

ចែក​រំលែក
អាន សុភាសិត 27

សុភាសិត 27:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កុំ​អួត​អំពី​រឿង​ថ្ងៃ​ស្អែក​ឡើយ ដ្បិត​អ្នក​មិន​ដឹង​ថា ថ្ងៃ​នេះ​មាន​រឿង​អ្វី​កើត​ឡើង​ផង។ កុំ​សរសើរ​ខ្លួន​ឯង​ឡើយ ត្រូវ​ទុក​ឲ្យ​អ្នក​ដទៃ​សរសើរ​ពី​អ្នក​វិញ គឺ​ដាច់​ខាត​កុំ​សរសើរ​ខ្លួន​ឯង។ ថ្ម​ក៏​ធ្ងន់ ហើយ​ដី​ខ្សាច់​ក៏​ធ្ងន់​ដែរ ប៉ុន្តែ កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ​រឹត​តែ​ធ្ងន់​លើស​នេះ​ទៅ​ទៀត។ កំរោល​របស់​មនុស្ស​ឃោរ‌ឃៅ​ណាស់ ហើយ​កំហឹង​របស់​មនុស្ស​ប្រៀប​បាន​នឹង​ទឹក​ជន់​បាក់​ទំនប់ រីឯ​ចិត្ត​ប្រច័ណ្ឌ​វិញ តើ​នរណា​អាច​ទប់​ទល់​បាន។ រិះគន់​ដោយ​ចំហ​ប្រសើរ​ជាង​លាក់​សេចក្ដី​ស្រឡាញ់។ ពាក្យ​ស្ដី​បន្ទោស​របស់​មិត្ត​សម្លាញ់ ផុស​ចេញ​ពី​ចិត្ត​ភក្ដី‌ភាព រីឯ​ពាក្យ​ស្និទ្ធ‌ស្នាល​របស់​សត្រូវ ផុស​ចេញ​ពី​ចិត្ត​បោក​បញ្ឆោត។ អ្នក​ឆ្អែត​ឃើញ​ទឹក​ឃ្មុំ​ក៏​ណាយ​ដែរ រីឯ​អ្នក​ឃ្លាន អ្វីៗ​ដែល​ល្វីង​ជូរ​ចត់​ក៏​ផ្អែម​ដែរ។ មនុស្ស​វង្វេង​ឆ្ងាយ​ពី​ស្រុក​កំណើត ប្រៀប​ដូច​ជា​សត្វ​ចាប​ហើរ​វង្វេង​សំបុក។ ប្រេង​ក្រអូប និង​ទឹក​អប់ រមែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ រីឯ​យោបល់​របស់​មិត្ត​សម្លាញ់​ដ៏​ស្លូត‌បូត​រឹង‌រឹត​តែ​ប្រសើរ​លើស​នេះ​ទៅ​ទៀត។ កុំ​បោះ‌បង់​មិត្ត​របស់​អ្នក ឬ​មិត្ត​របស់​ឪពុក​អ្នក​ចោល​ឡើយ។ នៅ​ថ្ងៃ​មាន​អាសន្ន កុំ​រត់​ទៅ​ពឹង​បងប្អូន​បង្កើត របស់​អ្នក​ឲ្យ​សោះ ដ្បិត​អ្នក​ជិត​ខាង​ដែល​ស្និទ្ធ‌ស្នាល​ប្រសើរ​ជាង​បងប្អូន​បង្កើត​ដែល​នៅ​ឆ្ងាយ​ទៅ​ទៀត។ កូន​អើយ ចូរ​មាន​ប្រាជ្ញា​ឡើង នោះ​ឪពុក​នឹង​សប្បាយ​ចិត្ត ហើយ​បើ​មាន​នរណា​ដៀល​ឪពុក នោះ​ឪពុក​អាច​នឹង​ឆ្លើយ​វិញ​បាន។ កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត​ឱន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។ បើ​មាន​គេ​មក​ធានា​សង​បំណុល​ជំនួស​នរណា​ម្នាក់ ចូរ​ទារ​យក​អាវ​ធំ​របស់​គេ​ទុក​ជា​របស់​បញ្ចាំ ព្រោះ​គេ​បាន​ធានា​មនុស្ស​ដែល​អ្នក​មិន​ស្គាល់។ បើ​មាន​នរណា​ម្នាក់​ស្រែក​ឲ្យ​ពរ​អ្នក​ជិត​ខាង​របស់​ខ្លួន តាំង​ពី​ព្រឹក​ព្រលឹម គេ​ចាត់​ទុក​ពរ​បែប​នេះ​ជា​បណ្ដាសា​ទៅ​វិញ។ ស្ត្រី​ពូកែ​ឈ្លោះ​ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​ឈប់ នៅ​ថ្ងៃ​មាន​ភ្លៀង។ នរណា​ចង់​ឃាត់​នាង ក៏​ដូច​ជា​ចង់​ឃាត់​ខ្យល់ ឬ​ចង់​យក​ដៃ​ចាប់​ប្រេង​ដែរ។ ដែក​រមែង​សំលៀង​ដែក​យ៉ាង​ណា មនុស្ស​ក៏​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។ អ្នក​ថែ​ដើម​ឧទុម្ពរ​នឹង​បាន​បរិភោគ​ផ្លែ រីឯ​អ្នក​យក​ចិត្ត​ទុក​ដាក់​បម្រើ​ចៅហ្វាយ នឹង​ទទួល​កិត្តិយស។ មនុស្ស​អាច​ឆ្លុះ​មើល​ឃើញ​មុខ​របស់​ខ្លួន​នៅ​ក្នុង​ទឹក ហើយ​អាច​ឃើញ​ចិត្ត​របស់​ខ្លួន​ដោយ​សម្លឹង​មើល​អ្នក​ដទៃ។ ស្ថាន​មនុស្ស​ស្លាប់ និង​រណ្ដៅ​មច្ចុរាជ តែងតែ​ទទួល​យក​ជីវិត​មនុស្ស​មិន​ចេះ​ស្កប់​យ៉ាង​ណា ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ក៏​មិន​ចេះ​ស្កប់​យ៉ាង​នោះ​ដែរ។ គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ​ដុត​ក្នុង​ភ្លើង រីឯ​មនុស្ស​វិញ គេ​អាច​ស្គាល់​តម្លៃ​ដោយ‌សារ​កេរ្តិ៍​ឈ្មោះ។ ទោះ​បី​ដាក់​មនុស្ស​ខ្លៅ​នៅ​ក្នុង​ត្បាល់ ហើយ​យក​អង្រែ​មក​បុក​ដូច​គេ​បុក​អង្ករ​ក៏​ដោយ ក៏​គេ​ពុំ​អាច​យក​ភាព​ខ្លៅ​ចេញ​ពី​អ្នក​នោះ​បាន​ដែរ។ ចូរ​ស្គាល់​ចៀម​នីមួយៗ​របស់​អ្នក​ឲ្យ​បាន​ច្បាស់ ចូរ​ថែ​ទាំ​ហ្វូង​សត្វ​របស់​អ្នក​ឲ្យ​បាន​ដិត​ដល់។ ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​គង់‌វង្ស​រហូត​ទេ រីឯ​កិត្តិយស​ក៏​មិន​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។ ចូរ​កាត់​ស្មៅ​នៅ​ក្នុង​ចម្ការ ទុក​ជា​ចំណី​សម្រាប់​សត្វ។ ពេល​ស្មៅ​ថ្មី​កំពុង​ដុះ ត្រូវ​ទៅ​ប្រមូល​ស្មៅ​ពី​ភ្នំ​មក​ទុក។ អ្នក​អាច​មាន​សម្លៀក‌បំពាក់ ដោយ‌សារ​រោម​ចៀម​របស់​អ្នក ហើយ​អ្នក​អាច​ទិញ​ចម្ការ​ថ្មី​ដោយ‌សារ​លក់​ចៀម​ឈ្មោល។ ចូរ​យក​ទឹក​ដោះ​ដ៏​បរិបូណ៌​របស់​ពពែ ធ្វើ​ជា​អាហារ​ចិញ្ចឹម​ជីវិត​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក។

ចែក​រំលែក
អាន សុភាសិត 27

សុភាសិត 27:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​អួត​ខ្លួន​ពី​ថ្ងៃ​ស្អែក ដ្បិត​ឯង​មិន​ដឹង​ជា​ថ្ងៃ​ណា​នឹង​កើត​មាន​ការ​អ្វី​ទេ។ ទុក​ឲ្យ​មនុស្ស​ឯ​ទៀត​សរសើរ​ឯង​ចុះ កុំ​ឲ្យ​មាត់​ឯង​សរសើរ​ខ្លួន​ឡើយ គឺ​ជា​អ្នក​ដទៃ មិន​មែន​ជា​បបូរ​មាត់​របស់​ឯង​ឡើយ។ ដុំ​ថ្ម​ជា​របស់​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទំងន់​ដែរ តែ​សេចក្ដី​កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ធ្ងន់​ជាង​ទាំង​២​មុខ​នោះ​ទៅ​ទៀត។ សេចក្ដី​ឃោរ‌ឃៅ ជា​សេចក្ដី​ដែល​សាហាវ​ណាស់ ហើយ​សេចក្ដី​កំហឹង​ក៏​ខ្លាំង‌ក្លា​ដែរ តែ​ឯ​សេចក្ដី​ប្រចណ្ឌ តើ​អ្នក​ណា​នឹង​ទប់‌ទល់​បាន។ ការ​ដែល​ត្រូវ​បន្ទោស​នៅ​កណ្តាល​ជំនុំ នោះ​វិសេស​ជាង​សេចក្ដី​ស្រឡាញ់​លាក់​កំបាំង។ របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះ‌ត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំង​សត្រូវ នោះ​ជា​សេចក្ដី​បញ្ឆោត​វិញ។ អ្នក​ណា​ដែល​ឆ្អែត​ហើយ ទោះ​ទាំង​សំណុំ​ឃ្មុំ​ក៏​ណាយ​ចិត្ត​ដែរ តែ​ឯ​អ្នក​ណា​ដែល​ឃ្លាន ទោះ​ទាំង​របស់​ជូរ​ល្វីង​ក៏​ផ្អែម​ដល់​គេ​វិញ។ មនុស្ស​ណា​ដែល​វង្វេង​ឆ្ងាយ​ពី​ទី​លំនៅ​ខ្លួន នោះ​ប្រៀប​ដូច​ជា​សត្វ​ហើរ ដែល​វង្វេង​ឆ្ងាយ​ពី​សំបុក​វា​ដែរ។ ប្រេង​លាបនឹង​ទឹក​អប់ នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ​ឡើង ឯ​សេចក្ដី​ផ្អែម‌ល្ហែម​នៃ​សេចក្ដី​ដាស់‌តឿន ដ៏​អស់​ពី​ចិត្ត​របស់​ភឿន‌មិត្រ ក៏​ដូច្នោះ​ដែរ។ ឯ​មិត្រ‌ភក្តិ​របស់​ខ្លួន នឹង​មិត្រ‌ភក្តិ​របស់​ឪពុក នោះ​កុំ​ឲ្យ​បោះ‌បង់​ចោល​ឡើយ ក៏​កុំ​ឲ្យ​ចូល​ផ្ទះ​របស់​បង​ប្អូន​ឯង​ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ដែរ អ្នក​មួយ​ដែល​នៅ​ជិត​ខាង​ខ្លួន នោះ​វិសេស​ជាង​បង​ប្អូន​ដែល​នៅ​ឆ្ងាយ​វិញ។ កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីក‌រាយ​ចុះ ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀល‌ត្មះ​ដល់​អញ។ មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់‌ខ្លៅ គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ក៏​ត្រូវ​មាន​ទុក្ខ។ ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក​ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ ហើយ​ទទួល​របស់​បញ្ចាំ​ពី​អ្នក​ដែល​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។ បើ​អ្នក​ណា​ក្រោក​ពី​ព្រលឹម​ស្រាង នឹង​ឲ្យ​ពរ​ដល់​មិត្រ​សំឡាញ់​ដោយ​សំឡេង​ខ្លាំង នោះ​នឹង​បាន​រាប់​ជា​ពាក្យ​ជេរ​ដល់​គេ​វិញ។ ទឹក​ដែល​ស្រក់​ចុះ​តក់ៗ​ជានិច្ច នៅ​ថ្ងៃ​ភ្លៀង​ច្រើន ហើយ​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង នោះ​ក៏​ដូច​គ្នា អ្នក​ណា​ដែល​ចង់​ឃាត់​នាង នោះ​ឃាត់​តែ​ខ្យល់​ទេ ហើយ​ដៃ​អ្នក​នោះ​ចាប់​ក្តាប់​ប្រេង​ប៉ុណ្ណោះ។ ដែក​រមែង​សំលៀង​ដែក ឯ​មនុស្ស​ក៏​ធ្វើ​ឲ្យ​មិត្រ​សំឡាញ់​ខ្លួន​មុត​ស្រួច​យ៉ាង​នោះ​ដែរ។ អ្នក​ណា​ដែល​ថែ‌ទាំ​ដើម​ល្វា អ្នក​នោះ​នឹង​បាន​ផ្លែ​បរិភោគ ហើយ​អ្នក​ណា​ដែល​បំរើ​ចៅហ្វាយ​ខ្លួន​ដោយ​ល្អ នោះ​នឹង​បាន​កិត្តិសព្ទ។ មុខ​ឆ្លុះ​ឃើញ​មុខ​នៅ​ក្នុង​ទឹក​ជា​យ៉ាង​ណា នោះ​ចិត្ត​របស់​មនុស្ស ក៏​ច្បាស់​ដល់​មនុស្ស​យ៉ាង​នោះ​ដែរ។ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​នឹង​ទី​វិនាស​នោះ​មិន​ចេះ​ស្កប់‌ស្កល់​ឡើយ ឯ​ភ្នែក​នៃ​មនុស្ស​ក៏​មិន​ចេះ​ស្កប់‌ស្កល់​ដូច​គ្នា​ដែរ។ មាន​បាវ​ដី​សំរាប់​សំរង​ប្រាក់ ហើយ​មាន​ឡ​សំរាប់​មាស តែ​នឹង​ស្គាល់​មនុស្ស​បាន​ដោយ‌សារ​តែ​សេចក្ដី​ដែល​គេ​សរសើរ​ពី​អ្នក​នោះ​ទេ។ ទោះ​បើ​នឹង​បុក​មនុស្ស​ល្ងី‌ល្ងើ​នៅ​ក្នុង​ត្បាល់​ជា​មួយ​នឹង​ស្រូវ​ក៏​ដោយ គង់​តែ​សេចក្ដី​ចំកួត​របស់​វា​មិន​ព្រម​របក​ចេញ​ពី​វា​ឡើយ។ ចូរ​មាន​ចិត្ត​ខ្នះ‌ខ្នែង​ឲ្យ​ស្គាល់​សណ្ឋាន​នៃ​ហ្វូង​ចៀម​ឯង ហើយ​ឲ្យ​ថែ​មើល​ហ្វូង​គោ​ឯង​ឲ្យ​ល្អ​ចុះ ដ្បិត​ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ទេ តើ​មកុដ​ស្តេច​នៅ​ជាប់​អស់​ទាំង​ដំណ​ត​ទៅ​ឬ ឯ​ស្មៅ​ក្រៀម គេ​ដឹក​យក​ទៅ រួច​ស្មៅ​ខ្ចី​លូត‌លាស់​ឡើង ហើយ​គេ​ប្រមូល​ស្មៅ​ព្រៅ​ពី​ភ្នំ​មក​ដែរ កូន​ចៀម​ទាំង​ប៉ុន្មាន​នឹង​បាន​សំរាប់​ធ្វើ​ជា​សំលៀក‌បំពាក់​ដល់​ឯង ឯ​ពពែ​ឈ្មោល ក៏​សំរាប់​សង​ថ្លៃ​ចំការ​ដែរ ហើយ​នឹង​មាន​ទឹក​ដោះ​ពពែ ល្មម​ទុក​ជា​អាហារ​ដល់​ឯង គឺ​ជា​អាហារ​សំរាប់​គ្រួសារ​ឯង ហើយ​សំរាប់​ចិញ្ចឹម​ពួក​ស្រី​បំរើ​របស់​ឯង​ទៀត។

ចែក​រំលែក
អាន សុភាសិត 27