សុភាសិត 26:1-28

សុភាសិត 26:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ការ​ដែល​ហិមៈ​ធ្លាក់​នៅ​រដូវ​ក្តៅ ហើយ​ភ្លៀង​ធ្លាក់​នៅ​រដូវ​ចម្រូត​មិន​សម​យ៉ាង​ណា កិត្តិ‌យស​ក៏​មិន​សម នឹង​មនុស្ស​ល្ងី‌ល្ងើ​យ៉ាង​នោះ​ដែរ។ ការ​ដែល​ចាប​ហើរ​ទៅ​បាត់ ហើយ​សត្វ​ត្រចៀក‌កាំ​ចេះ​តែ​ហើរ​ទៅ​មក​យ៉ាង​ណា នោះ​បណ្ដាសា​ឥត​ហេតុ ក៏​មិន​ទំ​ជាប់​យ៉ាង​នោះ​ដែរ មាន​ត្មោង​សម្រាប់​សេះ មាន​បង្ហៀរ​សម្រាប់​លា ហើយ​រំពាត់​ក៏​សម្រាប់​ខ្នង​មនុស្ស​ល្ងី‌ល្ងើ​ដែរ។ កុំ​ឲ្យ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើ តាម​សេចក្ដី​ចម្កួត​របស់​គេ​ឡើយ ក្រែង​អ្នក​ក៏​បាន​ដូច​ជា​គេ​ដែរ ចូរ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើ ឲ្យ​ចំ​នឹង​សេចក្ដី​ចម្កួត​របស់​គេ​ចុះ ក្រែង​គេ​មើល​ខ្លួន​ដោយ​សេចក្ដី​អំនួត​ថា ជា​អ្នក​មាន​ប្រាជ្ញា អ្នក​ណា​ដែល​ប្រើ​មនុស្ស​ល្ងី‌ល្ងើ​ឲ្យ​នាំ​ដំណឹង​ទៅ នោះ​ឈ្មោះ​ថា កាប់​ផ្តាច់​ជើង​របស់​ខ្លួន ហើយ​ក៏​ផឹក​ស្រូប​សេចក្ដី​អន្ត‌រាយ​ដែរ ជើង​របស់​មនុស្ស​ដែល​ដើរ​ចាក់​ខ្ញើច បាន​ខ្សោយ​យ៉ាង​ណា នោះ​ពាក្យ​សុភា‌សិត នៅ​ក្នុង​មាត់​មនុស្ស​ល្ងី‌ល្ងើ​ក៏យ៉ាង​នោះ​ដែរ អ្នក​ដែល​ចង​ក្រួស​ភ្ជាប់​ក្នុង​ខ្សែ​ដង្ហក់ ជា​យ៉ាង​ណា នោះ​អ្នក​ដែល​លើក​មុខ​មនុស្ស​ល្ងី‌ល្ងើ ក៏​យ៉ាង​នោះ​ដែរ បន្លា​មុត​ចូល​ក្នុង​ដៃ​របស់​មនុស្ស​ស្រវឹង ជា​យ៉ាង​ណា នោះ​ពាក្យ​សុភា‌សិត​នៅ​ក្នុង​មាត់​មនុស្ស​ល្ងី‌ល្ងើ ក៏​យ៉ាង​នោះ​ដែរ ពល​ធ្នូ​ម្នាក់​ដែល​ជំនាញ​បាញ់​ឲ្យ​របួស​ទាំង​អស់ ជា​យ៉ាង​ណា អ្នក​ដែល​ជួល​មនុស្ស​ខ្លៅ​អនាថា ឬ​មនុស្ស​ប្រមឹក ក៏​យ៉ាង​នោះ​ដែរ។ មនុស្ស​ល្ងី‌ល្ងើ​ដែល​ចេះ​តែ​ធ្វើ​អំពើ​ចម្កួត​របស់​គេ ច្រំ‌ដែល​ទៀត នោះ​ធៀប​ដូច​ជា​ឆ្កែ​ដែល​ត្រឡប់​ទៅ​ស៊ី​កម្អួត​វា​វិញ អ្នក​ដែល​ឃើញ​មនុស្ស​ដែល​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ឬ​ទេ? មាន​សង្ឃឹម​ចំពោះ​មនុស្ស​ល្ងី‌ល្ងើ ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។ មនុស្ស​ខ្ជិល​ច្រអូស​តែង​តែ​ថា «មាន​សិង្ហ​មួយ​នៅ​កណ្ដាល​ថ្នល់ មាន​សិង្ហ​មួយ​នៅ​ត្រង់​ផ្លូវ»។ មនុស្ស​ខ្ជិល​ច្រអូស​ចេះ​តែ​បម្រាស់ ននៀល​នៅ​លើ​គ្រែ បែប​ដូច​ទ្វារ ដែល​បិទ​បើក​ទៅ​មក​ជាប់​នៅ​ត្រចៀក​ដែរ មនុស្ស​ខ្ជិល​ច្រអូស​គេ​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​ដែល​ដក​មក​បញ្ចុក​មាត់​វិញ​នោះ ក៏​រួយ​ដៃ​ដល់​គេ​ណាស់ មនុស្ស​ខ្ជិល​ច្រអូស​គេ​តែង​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ជា​ជាង​មនុស្ស​ប្រាំពីរ​នាក់ ដែល​តប​ឆ្លើយ​ដោយ​វាង‌វៃ។ អ្នក​ណា​ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ ព្រម​ទុក​ឲ្យ​ខ្លួន​ក្តៅ​ក្រហាយ ដោយ​ការ​ឈ្លោះ​ប្រកែក​របស់​អ្នក​ដទៃ នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ចាប់​ត្រចៀក​ឆ្កែ ដូច​ជា​មនុស្ស​ឆ្កួត​ដែល​បោះ​អង្កត់​ឧស កំពុង​ឆេះ​ចោល និង​ព្រួញផង ហើយ​ត្រូវ​ស្លាប់ មនុស្ស​ដែល​បញ្ឆោត​អ្នក​ជិត​ខាង រួច​ពោល​ថា «ខ្ញុំ​គ្រាន់​តែ​ធ្វើ​លេង​ទេ​តើ» ទី​ណា​ដែល​ឥត​មាន​ឧស នោះ​ភ្លើង​ក៏​រលត់ ហើយ​ទី​ណា​ដែល​ឥត​មាន​អ្នក​បេះ‌បួយ នោះ​សេចក្ដី​ទាស់‌ទែង​គ្នា​ក៏​បាត់​អស់​ទៅ​ដែរ។ មនុស្ស​ដែល​ចេះ​តែ​រក​រឿង គេ​រមែង​អុច‌អាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ឧបមា​ដូច​ជា​ដាក់​ធ្យូង​នៅ​លើ​រងើក​ភ្លើង ហើយ​ដូច​ជា​ដាក់​ឧស​នៅ​លើ​ភ្លើង​ដែរ ពាក្យ​សម្ដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ចំណី​ដែល​ឆ្ងាញ់​ពិសា ក៏​ចូល​ទៅ​ក្នុង​ពោះ​របស់​មនុស្ស។ បបូរ​មាត់​ហៃ​ខាង​និយាយ តែ​ចិត្ត​អាក្រក់ ធៀប​ដូច​ជា​ភាជនៈ​ដី​ស្រោប​ដោយ​អាចម៍​ប្រាក់។ អ្នក​ណា​ដែល​ស្អប់​គេ នោះ​រមែង​ក្លែង​ពាក្យ​ដោយ​បបូរ​មាត់ នោះ​ក៏​ប្រមូល​ទុក​សេចក្ដី​បញ្ឆោត​នៅ​ក្នុង​ចិត្ត​ដែរ កាល​ណា​អ្នក​នោះ​ពោល​ពាក្យ​ល្អ នោះ​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ដ្បិត​នៅ​ក្នុង​ចិត្ត​គេ​មាន​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ប្រាំពីរ​មុខ ទោះ​បើ​សេចក្ដី​សម្អប់​របស់​គេ​បាន​គ្រប​បាំង ដោយ​ពុត​មាយា​ក៏​ដោយ គង់​តែ​សេចក្ដី​អាក្រក់​របស់​គេ នឹង​សម្ដែង​ចេញ​ឲ្យ​ច្បាស់ នៅ​ចំពោះ​មុខ​ពួក​ជំនុំ។ អ្នក​ណា​ដែល​ជីក​រណ្តៅ អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ប្រមៀល​ថ្ម ថ្ម​នោះ​នឹង​រមៀល​ត្រឡប់​មក​កិន​ខ្លួន​វិញ ឯ​អណ្ដាត​ភូត​ភរ នោះ​រមែង​ស្អប់​ដល់​ពួក​អ្នក ដែល​វា​បាន​ធ្វើ​ទុក្ខ​នោះ ហើយ​មាត់​បញ្ចើច​តែង​តែ​បណ្ដាល​ឲ្យ​វិនាស។

ចែក​រំលែក
អាន សុភាសិត 26

សុភាសិត 26:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លើក​មនុស្ស​ខ្លៅ​ឲ្យ​មាន​កិត្តិយស​មិន​ទំនង​ទេ គឺ​ប្រៀប​ដូច​ជា​មេឃ​ធ្លាក់​ព្រឹល នៅ​រដូវ​ក្ដៅ និង​ដូច​ភ្លៀង​នៅ​រដូវ​ចម្រូត។ ការ​ដាក់​បណ្ដាសា​ដោយ​ឥត​ហេតុ​ផល គ្មាន​បាន​ការ​អ្វី​ទេ គឺ​ប្រៀប​ដូច​ជា​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំ​ដែល​ហើរ តែ​មិន​ព្រម​ទំ។ រំពាត់​ខ្សែ‌តី​សម្រាប់​វាយ​សេះ បង្ហៀរ​សម្រាប់​ដាក់​ក្នុង​មាត់​សត្វ​លា ហើយ​រំពាត់​សម្រាប់​វាយ​ខ្នង​មនុស្ស​ខ្លៅ។ កុំ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ​តាម​របៀប​ខ្លៅ ក្រែង​លោ​អ្នក​ទៅ​ជា​ខ្លៅ​ដូច​គេ​ដែរ។ ចូរ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ​តាម​គំនិត​ខ្លៅ​របស់​គេ ដើម្បី​កុំ​ឲ្យ​គេ​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា។ អ្នក​ដែល​ប្រើ​មនុស្ស​ខ្លៅ​ឲ្យ​នាំ​សារ ប្រៀប​ដូច​ជា​កាត់​ជើង​របស់​ខ្លួន ហើយ​ត្រូវ​ពិបាក​ចិត្ត។ សុភាសិត​ដែល​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ពុំ​មាន​ខ្លឹម‌សារ​អ្វី​ទេ គឺ​ដូច​ជើង​របស់​មនុស្ស​ខ្វិន​ដែល​ប្រើ​ការ​មិន​កើត។ លើក​តម្កើង​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​យក​គ្រាប់​ក្រួស​មក​ចង​នឹង​ដង្ហក់។ សុភាសិត​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​បន្លា​ដែល​មនុស្ស​ប្រមឹក​គ្រវី​នៅ​ក្នុង​ដៃ។ ចៅហ្វាយ​ណា​ជួល​មនុស្ស​ខ្លៅ ឬ​មនុស្ស​ខ្ចាត់​ព្រាត់​មក​ធ្វើ​ការ រមែង​ធ្វើ​ឲ្យ​គេ​ឯង​អំពល់​ទុក្ខ​គ្រប់​គ្នា។ មនុស្ស​ខ្លៅ​មិន​បោះ‌បង់​ចោល​គំនិត​ខ្លៅ​របស់​ខ្លួន​ទេ គឺ​ដូច​ឆ្កែ​ដែល​តែងតែ​ត្រឡប់​មក​ស៊ី​កំអួត​របស់​វា។ ប្រសិន​បើ​អ្នក​ឃើញ​នរណា​ម្នាក់ អួត​ខ្លួន​ថា​ជា​មនុស្ស​មាន​ប្រាជ្ញា តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ។ មនុស្ស​កម្ជិល​តែង​ពោល​ថា «មាន​កូន​សិង្ហ​មួយ​នៅ​ខាង​ក្រៅ ហើយ​មាន​សិង្ហ​ឈ្មោល​មួយ​នៅ​តាម​ផ្លូវ»។ ទ្វារ​តែងតែ​វិល​ជាប់​នឹង​ត្រចៀក​ទ្វារ រីឯ​មនុស្ស​កម្ជិល​នៅ​ននៀល​ជាប់​នឹង​គ្រែ​ជានិច្ច។ មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ ដោយ​ត្អូញ​ថា​ហត់​ពេក។ មនុស្ស​ខ្ជិល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា លើស​មនុស្ស​ប្រាំ‌ពីរ​នាក់ ដែល​ចេះ​ឆ្លើយ​ដោយ​វាង‌វៃ។ ជ្រៀត‌ជ្រែក​ចូល​ក្នុង​ជម្លោះ​របស់​អ្នក​ដទៃ ប្រៀប​ដូច​ជា​ដេញ​ចាប់​ត្រចៀក​ឆ្កែ ដែល​កំពុង​រត់។ អ្នក​ណា​បោក​បញ្ឆោត​គេ រួច​ពោល​ថា «ខ្ញុំ​គ្រាន់​តែ​ធ្វើ​លេង» អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​កំរោល​ចូល ដែល​ចោល​អង្កត់​អុស​ជុំ‌វិញ​ខ្លួន ហើយ​បាញ់​ព្រួញ ដើម្បី​សម្លាប់​គេ។ ពេល​ណា​អស់​អុស ភ្លើង​ក៏​រលត់ ពេល​ណា​អស់​មនុស្ស​និយាយ​មួល​បង្កាច់​គេ ជម្លោះ​ក៏​បាត់​អស់​ដែរ។ មនុស្ស​អុជ​អាល​ធ្វើ​ឲ្យ​មាន​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើងៗ ប្រៀប​ដូច​ជា​ធ្យូង និង​អុស ដែល​ធ្វើ​ឲ្យ​ភ្លើង​រឹត​តែ​ឆេះ​ឡើង។ ពាក្យ​សម្ដី​របស់​មនុស្ស​អុជ​អាល ប្រៀប​ដូច​ជា​ចំណី​យ៉ាង​ឆ្ងាញ់​ជាប់​ចិត្ត។ សម្ដី​ផ្អែម‌ល្ហែម តែ​ចិត្ត​អាក្រក់ ប្រៀប​ដូច​ជា​ប្រាក់​ដែល​ស្រោប​លើ​ភាជន៍​ធ្វើ​ពី​ដី​ឥដ្ឋ។ មនុស្ស​ស្អប់​គេ​តែងតែ​និយាយ​លាក់​ពុត រីឯ​ក្នុង​ចិត្ត មាន​សុទ្ធ​តែ​គំនិត​បោក​ប្រាស់។ កាល​ណា​គេ​និយាយ​ដោយ​ទន់‌ភ្លន់ កុំ​ទុក​ចិត្ត​គេ​ឲ្យ​សោះ ដ្បិត​ចិត្ត​របស់​គេ​មាន​ពេញ​ទៅ​ដោយ​ការ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។ ទោះ​បី​អ្នក​នោះ​ចេះ​លាក់​បាំង​ចិត្ត​ស្អប់​របស់​ខ្លួន​ក៏​ដោយ មនុស្ស​គ្រប់​គ្នា​គង់​តែ​ឃើញ​ចិត្ត​អាក្រក់​របស់​គេ។ អ្នក​ណា​ជីក​រណ្ដៅ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ ហើយ​អ្នក​ណា​ប្រមៀល​ថ្ម អ្នក​នោះ​នឹង​ត្រូវ​ថ្ម​រមៀល​កិន​វិញ។ បើ​យើង​និយាយ​មួល​បង្កាច់​នរណា បាន​សេចក្ដី​ថា​យើង​ស្អប់​អ្នក​នោះ ហើយ​បើ​យើង​និយាយ​បញ្ចើច‌បញ្ចើ​អ្នក​ណា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ត្រូវ​អន្តរាយ។

ចែក​រំលែក
អាន សុភាសិត 26

សុភាសិត 26:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ការ​ដែល​ហិមៈ​ធ្លាក់​នៅ​រដូវ​ក្តៅ ហើយ​ភ្លៀង​ធ្លាក់​នៅ​រដូវ​ចំរូត​មិន​សម​យ៉ាង​ណា កិត្តិយស​ក៏​មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​យ៉ាង​នោះ​ដែរ ការ​ដែល​ចាប​ហើរ​ទៅ​បាត់ ហើយ​សត្វ​ត្រចៀក‌កាំ​ចេះ​តែ​ហើរ​ទៅ​មក​យ៉ាង​ណា នោះ​សេចក្ដី​បណ្តាសា​ឥត​ហេតុ មិន​ទំ​ជាប់​ឡើយ​ក៏​យ៉ាង​នោះ​ដែរ មាន​ត្មោង​សំរាប់​សេះ មាន​បង្ហៀរ​សំរាប់​លា ហើយ​រំពាត់​ក៏​សំរាប់​ខ្នង​មនុស្ស​ល្ងី‌ល្ងើ​ដែរ។ កុំ​ឲ្យ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើ តាម​សេចក្ដី​ចំកួត​របស់​វា​ឡើយ ក្រែង​ឯង​ក៏​បាន​ដូច​ជា​វា​ដែរ ចូរ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើ ឲ្យ​ចំ​នឹង​សេចក្ដី​ចំកួត​របស់​វា​ចុះ ក្រែង​វា​មើល​ខ្លួន​ដោយ​សេចក្ដី​អំនួត​ថា ជា​អ្នក​មាន​ប្រាជ្ញា អ្នក​ណា​ដែល​ប្រើ​មនុស្ស​ល្ងី‌ល្ងើ​ឲ្យ​នាំ​ដំណឹង​ទៅ នោះ​ឈ្មោះ​ថា កាប់​ផ្តាច់​ជើង​របស់​ខ្លួន ហើយ​ក៏​ផឹក​ស្រូប​សេចក្ដី​អន្តរាយ​ដែរ ជើង​របស់​មនុស្ស​ដែល​ដើរ​ចាក់​ខ្ញើច បាន​ខ្សោយ​យ៉ាង​ណា នោះ​ពាក្យ​សុភាសិត​នៅ​ក្នុង​មាត់​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ អ្នក​ដែល​ចង​ក្រួស​ភ្ជាប់​ក្នុង​ខ្សែ​ដង្ហក់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​លើក​មុខ​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ បន្លា​មុត​ចូល​ក្នុង​ដៃ​របស់​មនុស្ស​ស្រវឹង​ជា​យ៉ាង​ណា នោះ​ពាក្យ​សុភាសិត​នៅ​ក្នុង​មាត់​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ ពល​ធ្នូម្នាក់​ដែល​ជំនាញ​បាញ់​ឲ្យ​របួស​ទាំង​អស់​ជា​យ៉ាង​ណា អ្នក​ដែល​ជួល​មនុស្ស​ល្ងី‌ល្ងើ នឹង​មនុស្ស​ដែល​ដើរ​តាម​ផ្លូវ​ក៏​យ៉ាង​នោះ​ដែរ មនុស្ស​ល្ងី‌ល្ងើ​ដែល​ចេះ​តែ​ធ្វើ​អំពើ​ចំកួត​របស់​វា​ច្រំ‌ដែល​ទៀត នោះ​ធៀប​ដូច​ជា​ឆ្កែ​ដែល​ត្រឡប់​ទៅ​ស៊ី​កំអួត​វា​វិញ ឯង​ដែល​ឃើញ​មនុស្ស​ដែល​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ឬ​ទេ មាន​សង្ឃឹម​ចំពោះ​មនុស្ស​ល្ងី‌ល្ងើ​ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។ មនុស្ស​ខ្ជិល​ច្រអូស​តែង‌តែ​ថា មាន​សិង្ហ​១​នៅ​កណ្តាល​ថ្នល់ មាន​សិង្ហ​១​នៅ​ត្រង់​ផ្លូវ មនុស្ស​ខ្ជិល​ច្រអូស​ចេះ​តែ​បំរាស​ននៀល​នៅ​លើ​គ្រែ បែប​ដូច​ទ្វារ​ដែល​បិទ​បើក​ទៅ​មក​ជាប់​នៅ​ត្រចៀក​ដែរ មនុស្ស​ខ្ជិល​ច្រអូស​គេ​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​ដែល​ដក​មក​បញ្ចុក​មាត់​វិញ​នោះ​ក៏​រួយ​ដៃ​ដល់​គេ​ណាស់ មនុស្ស​ខ្ជិល​ច្រអូស គេ​តែង​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ជា​ជាង​មនុស្ស​៧​នាក់​ដែល​តប​ឆ្លើយ​ដោយ​វាង‌វៃ។ អ្នក​ណា​ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ ព្រម​ទុក​ឲ្យ​ខ្លួន​ក្តៅ​ក្រហាយ ដោយ​ការ​ឈ្លោះ​ប្រកែក​របស់​អ្នក​ដទៃ នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ចាប់​ត្រចៀក​ឆ្កែ មនុស្ស​ដែល​បញ្ឆោត​អ្នក​ជិត​ខាង រួច​ពោល​ថា អញ​គ្រាន់​តែ​ធ្វើ​លេង​ទេ​តើ នោះ​ប្រៀប​ដូច​ជា​មនុស្ស​ឆ្កួត​ដែល​បោះ​កំចាយ​អង្កត់​ឧស​កំពុង​ឆេះ ព្រម​ទាំង​ព្រួញ នឹង​សេចក្ដី​ស្លាប់​ផង ទី​ណា​ដែល​ឥត​មាន​ឧស នោះ​ភ្លើង​ក៏​រលត់ ហើយ​ទី​ណា​ដែល​ឥត​មាន​អ្នក​បេះ‌បួយ នោះ​សេចក្ដី​ទាស់‌ទែង​គ្នា​ក៏​បាត់​អស់​ទៅ​ដែរ មនុស្ស​ដែល​ចេះ​តែ​រក​រឿង គេ​រមែង​អុច‌អាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ឧបមា​ដូច​ជា​ដាក់​ធ្យូង​នៅ​លើ​រងើក​ភ្លើង ហើយ​ដូច​ជា​ដាក់​ឧស​នៅ​លើ​ភ្លើង​ដែរ ពាក្យ​សំដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ចំណី​ដែល​ឆ្ងាញ់​ពិសា ក៏​ចុះ​ទៅ​ដល់​ខាង​ក្នុង​របស់​មនុស្ស មាន​បបូរ​មាត់​ហៃ​និយាយ ហើយ​ចិត្ត​អាក្រក់ នោះ​ធៀប​ដូច​ជា​ភាជនៈ​ដី​ស្រោប​ដោយ​អាចម៍​ប្រាក់។ អ្នក​ណា​ដែល​ស្អប់​គេ នោះ​រមែង​ក្លែង​ពាក្យ​ដោយ​បបូរ​មាត់ នោះ​ក៏​ប្រមូល​ទុក​សេចក្ដី​បញ្ឆោត​នៅ​ក្នុង​ចិត្ត​ដែរ កាល​ណា​អ្នក​នោះ​ពោល​ពាក្យ​ល្អ នោះ​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ដ្បិត​នៅ​ក្នុង​ចិត្ត គេ​មាន​សេចក្ដី​គួរ​ស្អប់​ខ្ពើម​៧​មុខ ទោះ​បើ​សេចក្ដី​សំអប់​របស់​គេ​បាន​គ្រប​បាំង ដោយ​ពុត​មាយា​ក៏​ដោយ គង់​តែ​សេចក្ដី​អាក្រក់​របស់​គេ​នឹង​សំដែង​ចេញ​ឲ្យ​ច្បាស់ នៅ​ចំពោះ​មុខ​នៃ​ពួក​ជំនុំ​ដែរ អ្នក​ណា​ដែល​ជីក​រណ្តៅ អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ប្រមៀល​ថ្ម ថ្ម​នោះ​នឹង​រមៀល​ត្រឡប់​មក​កិន​ខ្លួន​វិញ ឯ​អណ្តាត​ភូត‌ភរ នោះ​រមែង​ស្អប់​ដល់​ពួក​អ្នក​ដែល​វា​បាន​ធ្វើ​ទុក្ខ​នោះ ហើយ​មាត់​បញ្ចើច​តែង‌តែ​បណ្តាល​ឲ្យ​វិនាស។

ចែក​រំលែក
អាន សុភាសិត 26