សុភាសិត 25:1-28
សុភាសិត 25:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះក៏ជាសុភាសិតរបស់ស្តេចសាឡូម៉ូនដែរ ជាសេចក្ដីដែលពួកស្មៀនរបស់ព្រះបាទហេសេគា ស្តេចសាសន៍យូដា បានចម្លងទុក។ សិរីរុងរឿងរបស់ព្រះស្ថិតនៅ ក្នុងគម្រោងការលាក់កំបាំង ប៉ុន្តែ សិរីរុងរឿងរបស់ពួកស្តេចវិញ គឺស្វែងយល់បាន។ ផ្ទៃមេឃខ្ពស់យ៉ាងណា ហើយផែនដីជ្រៅយ៉ាងណា ព្រះហឫទ័យរបស់ពួកស្តេច ក៏ស្ទង់មើលដល់យ៉ាងនោះដែរ។ ចូរដេញយកអាចម៍ប្រាក់ចេញ នោះនឹងមានគ្រឿងចេញពីពុម្ព មកសម្រាប់ជាងខាត់ ក៏ដកយកមនុស្សអាក្រក់ចេញពីចំពោះស្តេច នោះរាជ្យរបស់ព្រះអង្គនឹងបានតាំងនៅខ្ជាប់ខ្ជួន ក្នុងសេចក្ដីសុចរិត។ ឯងកុំបញ្ចើខ្លួននៅចំពោះស្តេចឡើយ ក៏កុំឈរនៅកន្លែងរបស់អ្នកធំដែរ ដ្បិតបើគេមកនិយាយនឹងអ្នកថា «អញ្ជើញឡើងមកណេះ» នោះល្អជាជាងត្រូវបន្ទាបនៅចំពោះអ្នកធំ ដែលភ្នែកអ្នកបានឃើញស្រាប់ហើយ។ កុំប្រញាប់នាំគេឡើងតុលាការ ក្រែងដល់ចុងបំផុត អ្នកជិតខាងធ្វើឲ្យអ្នកខ្មាសគេ នោះមិនដឹងធ្វើម្ដេចទៀត។ ចូរទៅជជែករឿងរបស់ឯង ចំពោះអ្នកជិតខាង ដោយមានតែគ្នាពីរនាក់ប៉ុណ្ណោះ កុំឲ្យបើកការសម្ងាត់របស់អ្នកដទៃឡើយ ក្រែងអ្នកដែលឮ គេធ្វើឲ្យឯងខ្មាសវិញ ហើយសេចក្ដីអាម៉ាស់របស់ឯង នឹងមិនចេះបាត់ឡើយ។ ពាក្យសម្ដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាស ឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់។ អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា ដល់ត្រចៀកដែលព្រមស្តាប់តាម នោះធៀបដូចជាក្រវិលមាស និងគ្រឿងលម្អមាសសុទ្ធ។ អ្នកនាំសារស្មោះត្រង់ ប្រៀបដូចជាត្រជាក់នៃហិមៈនៅរដូវចម្រូត ដល់ពួកអ្នកដែលចាត់ប្រើ ដ្បិតអ្នកនោះលំហើយព្រលឹងរបស់ចៅហ្វាយខ្លួន។ អ្នកណាដែលអួត ដោយពាក្យកំភូត ពីទានដែលខ្លួនឲ្យ នោះទុកដូចជាពពក និងខ្យល់ដែលឥតមានភ្លៀង។ ដោយការខំអត់ធ្មត់ នោះទើបនឹងបន្ទន់ចិត្តរបស់ចៅហ្វាយបាន ហើយអណ្ដាតស្រទន់នឹងអាចបំបាក់ឆ្អឹងបានដែរ។ តើឯងរកបានឃ្មុំហើយឬ ចូរបរិភោគតែល្មមសមគួរចុះ ក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញ។ កុំឲ្យជើងឯងចូលផ្ទះអ្នកជិតខាង ជាញឹកញយពេកឡើយ ក្រែងគេធុញទ្រាន់ ហើយស្អប់ឯងវិញ។ អ្នកណាដែលធ្វើបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួន នោះធៀបដូចជាញញួរ ដាវ និងព្រួញយ៉ាងមុត។ ការដែលទុកចិត្តពឹងដល់មនុស្សមិនស្មោះ នៅគ្រាលំបាក នោះធៀបដូចជាធ្មេញបាក់ និងជើងពិការ។ អ្នកណាដែលច្រៀងចម្រៀង ឲ្យអ្នកកើតទុក្ខស្តាប់ នោះដូចជាដោះអាវនៅរដូវងារ ឬដូចជាចាក់ទឹកខ្មេះទៅលើមុខរបួស។ បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ បើវាស្រេក ត្រូវឲ្យវាផឹកផង យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើង នៅលើក្បាលវា ហើយព្រះយេហូវ៉ានឹងប្រទានរង្វាន់ដល់ឯង។ ខ្យល់ខាងជើងរមែងនាំភ្លៀងមក ហើយអណ្ដាតដែលនិយាយដើមគេ ក៏នាំឲ្យគេមានមុខមួម៉ៅដូច្នោះដែរ។ ស៊ូនៅក្នុងទីកៀនមួយនៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយស្ត្រី ដែលចេះតែរករឿង។ ទឹកបានត្រជាក់ដល់ព្រលឹងមនុស្ស ល្វឹងល្វើយជាយ៉ាងណា ដំណឹងល្អដែលមកពីស្រុកឆ្ងាយ ក៏យ៉ាងនោះដែរ។ មនុស្សសុចរិតដែលចុះចាញ់ ចំពោះមនុស្សអាក្រក់ នោះធៀបដូចជារន្ធទឹកល្អក់ ក៏ដូចជាក្បាលទឹកដែលខូចហើយដែរ។ បើបរិភោគទឹកឃ្មុំច្រើនពេក នោះមិនល្អទេ ហើយបើស្វែងរកកិត្តិសព្ទដល់ខ្លួន នោះក៏ជាបន្ទុកយ៉ាងធ្ងន់ដែរ។ បើអ្នកណាដែលមិនចេះគ្រប់គ្រង លើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង។
សុភាសិត 25:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន ចងក្រងឡើងដោយមន្ត្រីរបស់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។ សិរីរុងរឿងរបស់ព្រះជាម្ចាស់ស្ថិតនៅលើគម្រោងការដ៏លាក់កំបាំង រីឯសិរីរុងរឿងរបស់ស្ដេចស្ថិតនៅលើសុភនិច្ឆ័យ។ ផ្ទៃមេឃខ្ពស់យ៉ាងណា ផែនដីជ្រៅយ៉ាងណា ព្រះហឫទ័យរបស់ស្ដេចក៏ដូច្នោះដែរ គ្មាននរណាអាចយល់បានទេ។ បើជាងទងចង់សិតធ្វើវត្ថុសិល្បៈអ្វីមួយ តោងបន្សុទ្ធប្រាក់ជាមុនសិន។ បើស្ដេចចង់ពង្រឹងរាជសម្បត្តិដោយយុត្តិធម៌ តោងដកមនុស្សអាក្រក់ចេញឲ្យឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គជាមុនសិន។ កុំធ្វើព្រហើននៅចំពោះព្រះភ័ក្ត្រស្ដេច ហើយក៏កុំចង់បានកន្លែងរបស់អ្នកធំដែរ។ ប្រសិនបើគេប្រាប់អ្នកថា «សូមអញ្ជើញមកអង្គុយនៅទីនេះ» ប្រសើរជាងគេបំបាក់មុខអ្នកនៅចំពោះមុខអ្នកធំ។ កុំប្រញាប់យករឿងរ៉ាវអ្វីដែលអ្នកបានឃើញ ទៅប្ដឹងចៅក្រមឡើយ ដ្បិតប្រសិនបើចុងចោទទម្លាក់កំហុសមកលើអ្នកវិញ តើអ្នកដោះសាខ្លួនដូចម្ដេចបាន! បើមានទំនាស់ជាមួយអ្នកជិតខាង ចូរជជែកគ្នារកខុសត្រូវទៅ តែកុំបង្ហើបសេចក្ដីដែលអ្នកក្រៅបានខ្សឹបប្រាប់អ្នកឡើយ ក្រែងលោអ្នកនោះដឹងឮ គេដៀលអ្នក ហើយអ្នកត្រូវអាម៉ាស់ងើបមុខមិនរួច។ និយាយត្រូវតាមកាលៈទេសៈ មានតម្លៃដូចបន្តោងពេជ្រព្យួរជាប់នឹងខ្សែកមាស ឬប្រាក់។ យកចិត្តទុកដាក់ស្ដាប់ពាក្យស្ដីប្រដៅរបស់អ្នកប្រាជ្ញ ប្រៀបដូចជាមានចិញ្ចៀនមាស ឬខ្សែកធ្វើពីមាសសុទ្ធ។ អ្នកនាំសារស្មោះត្រង់រមែងធ្វើឲ្យម្ចាស់របស់ខ្លួនសប្បាយចិត្ត ដូចទឹកដ៏ត្រជាក់នៅរដូវប្រាំង។ អ្នកណាអួតពីទានដែលខ្លួនមិនបានធ្វើ អ្នកនោះប្រៀបដូចជាពពក និងខ្យល់ដែលមិនបង្អុរទឹកភ្លៀង។ ការអត់ធ្មត់រមែងបន្ទន់ចិត្តមេដឹកនាំ ហើយពាក្យសម្ដីទន់ភ្លន់អាចឈ្នះចិត្តរឹងរូស។ បើអ្នករកបានទឹកឃ្មុំ កុំបរិភោគច្រើនហួស បើមិនដូច្នេះទេ អ្នកនឹងធុញ ហើយចង់ក្អួតមកវិញផង។ ចូរកុំទៅផ្ទះអ្នកជិតខាងញឹកញាប់ពេក ក្រែងគេធុញទ្រាន់ រហូតដល់ស្អប់អ្នក។ អ្នកណាចោទប្រកាន់អ្នកដទៃទាំងបំពាន អ្នកនោះប្រៀបដូចជាវាយគេនឹងព្រនង់ កាប់គេនឹងដាវ ឬបាញ់គេនឹងព្រួញមុតស្រួច។ នៅពេលមានគ្រាអាសន្ន ទុកចិត្តលើមនុស្សក្បត់ ប្រៀបដូចជាបរិភោគអាហារនៅពេលធ្មេញរង្គើ ឬឈរលើជើងកំបាក់។ ច្រៀងឲ្យមនុស្សមានទុក្ខស្ដាប់ ប្រៀបដូចជាដោះអាវនៅពេលរងា ឬដូចចាក់ទឹកខ្មេះលើមុខរបួស។ ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកអាហារទៅឲ្យគេបរិភោគ បើគេស្រេក ចូរយកទឹកឲ្យគេផឹកផង ធ្វើដូច្នេះ ប្រៀបដូចជាប្រមូលរងើកភ្លើង គរពីលើក្បាលរបស់គេ ហើយព្រះអម្ចាស់នឹងប្រទានរង្វាន់ដល់អ្នក។ ខ្យល់បក់ពីទិសខាងត្បូងរមែងនាំទឹកភ្លៀងមកជាមួយផង រីឯការនិយាយដើមគេរមែងនាំឲ្យគេខឹង។ ស៊ូរស់នៅតាមសំយាបផ្ទះ ជាជាងរស់នៅក្នុងផ្ទះជាមួយស្ត្រីពូកែឈ្លោះ។ ដំណឹងល្អមកពីស្រុកឆ្ងាយ ប្រៀបបាននឹងទឹកត្រជាក់មកផ្សើមបំពង់កស្ងួត។ អណ្ដូងទឹកល្អក់ ឬប្រភពទឹកក្រខ្វក់ ប្រៀបដូចជាមនុស្សសុចរិត ដែលយកតម្រាប់តាមមនុស្សទុច្ចរិត។ បរិភោគទឹកឃ្មុំច្រើនមិនល្អទេ ហើយចង់បានកិត្តិយសខ្លាំងពេកក៏មិនល្អដែរ។ មនុស្សមិនចេះទប់ចិត្តខ្លួនឯង ប្រៀបដូចជាទីក្រុងដែលគ្មានកំពែងការពារ។
សុភាសិត 25:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះក៏ជាសុភាសិតរបស់ស្តេចសាឡូម៉ូនដែរ ជាសេចក្ដីដែលពួកស្មៀនរបស់ហេសេគា ស្តេចសាសន៍យូដា បានចម្លងទុក។ ការដែលលាក់បំបាំងន័យសេចក្ដី នោះជាទីគាប់ព្រះហឫទ័យដល់ព្រះ តែពួកស្តេចវិញ ទ្រង់សព្វព្រះទ័យនឹងស្វែងរកឲ្យយល់ ផ្ទៃមេឃខ្ពស់យ៉ាងណា ហើយផែនដីជ្រៅយ៉ាងណា ព្រះទ័យនៃស្តេចក៏ស្ទង់មើលដល់យ៉ាងនោះដែរ ចូរដេញយកអាចម៍ប្រាក់ចេញ នោះនឹងមានគ្រឿងចេញពីពុម្ពមកសំរាប់ជាងខាត់ ក៏ដកយកមនុស្សអាក្រក់ចេញពីចំពោះស្តេច នោះរាជ្យទ្រង់នឹងបានតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីសុចរិត។ កុំឲ្យឯងបញ្ចើខ្លួននៅចំពោះស្តេចឡើយ ក៏កុំឲ្យឈរនៅទីរបស់អ្នកធំដែរ ដ្បិតបើគេមកនិយាយនឹងឯងថា អញ្ជើញឡើងមកឯណេះ នោះល្អជាជាងត្រូវបន្ទាបនៅចំពោះអ្នកធំ ដែលភ្នែកឯងបានឃើញហើយនោះវិញ។ កុំឲ្យឯងរហ័សនឹងចេញទៅតនឹងគេឡើយ ក្រែងដល់ចុងបំផុត កាលណាអ្នកជិតខាងបានធ្វើឲ្យឯងខ្មាសហើយ នោះឯងមិនដឹងធ្វើអ្វីទៀតទេ ចូរទៅជជែករឿងរបស់ឯង ចំពោះអ្នកជិតខាង ដោយមានតែគ្នា២នាក់ប៉ុណ្ណោះ កុំឲ្យបើកការសំងាត់របស់អ្នកដទៃឡើយ ក្រែងអ្នកដែលឮគេធ្វើឲ្យឯងខ្មាសវិញ ហើយសេចក្ដីអាម៉ាស់របស់ឯងនឹងមិនចេះបាត់ឡើយ។ ពាក្យសំដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាសធ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់ អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា នោះក៏ដូចជាក្រវិលមាស នឹងគ្រឿងលំអមាសសុទ្ធ ដល់ត្រចៀកដែលព្រមស្តាប់តាមដែរ អ្នកនាំសារដែលស្មោះត្រង់ នោះប្រៀបដូចជាត្រជាក់នៃហិមៈនៅរដូវចំរូត ដល់ពួកអ្នកដែលចាត់ប្រើ ដ្បិតអ្នកនោះលំហើយព្រលឹងរបស់ចៅហ្វាយខ្លួន។ អ្នកណាដែលអួត ដោយពាក្យកំភូត ពីទានដែលខ្លួនឲ្យ នោះទុកដូចជាពពក ហើយនឹងខ្យល់ដែលឥតមានភ្លៀង។ ដោយការខំអត់ធ្មត់ នោះទើបនឹងបន្ទន់ចិត្តរបស់ចៅហ្វាយបាន ហើយអណ្តាតស្រទន់នឹងអាចបំបាក់ឆ្អឹងបានដែរ។ តើឯងរកបានឃ្មុំហើយឬ ចូរបរិភោគតែល្មមសមគួរចុះ ក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញ។ កុំឲ្យជើងឯងចូលផ្ទះអ្នកជិតខាងជាញឹកញយពេកឡើយ ក្រែងគេធុញទ្រាន់ ហើយស្អប់ឯងវិញ។ អ្នកណាដែលធ្វើបន្ទាល់ក្លែងទាស់នឹងអ្នកជិតខាងខ្លួន នោះធៀបដូចជាញញួរ នឹងដាវ ហើយនឹងព្រួញយ៉ាងមុត។ កាលដែលទុកចិត្តពឹងដល់មនុស្សមិនស្មោះ នៅគ្រាលំបាក នោះធៀបដូចជាធ្មេញបាក់ ហើយជើងដែលថ្លស់លាសចេញ។ អ្នកណាដែលច្រៀងចំរៀង ជូនដល់មនុស្សដែលមានចិត្តកើតទុក្ខ ឲ្យគេស្តាប់ នោះធៀបដូចជាគេដោះអាវនៅរដូវរងារ ឬដូចជាចាក់ទឹកខ្មេះទៅលើអំបិលក្បុង។ បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ បើវាស្រេក ត្រូវឲ្យវាផឹកផង យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើងនៅលើក្បាលវា ហើយព្រះយេហូវ៉ាទ្រង់នឹងប្រទានរង្វាន់ដល់ឯង។ ខ្យល់ខាងជើងរមែងនាំភ្លៀងមក ហើយអណ្តាតដែលនិយាយដើមគេ ក៏នាំគេមានមុខមួម៉ៅដូច្នោះដែរ។ ស៊ូនៅក្នុងទីកៀន១នៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយនឹងស្ត្រីដែលចេះតែរករឿង។ ទឹកបានត្រជាក់ដល់ព្រលឹងមនុស្សល្វឹងល្វើយជាយ៉ាងណា នោះដំណឹងល្អដែលមកពីស្រុកឆ្ងាយក៏យ៉ាងនោះដែរ។ មនុស្សសុចរិតដែលចុះចាញ់ចំពោះមនុស្សអាក្រក់ នោះធៀបដូចជារន្ធទឹកល្អក់ ក៏ដូចជាក្បាលទឹកដែលខូចហើយដែរ។ បើបរិភោគទឹកឃ្មុំច្រើនពេក នោះមិនល្អទេ មួយទៀត ដែលស្វែងរកកិត្តិសព្ទដល់ខ្លួន នោះជាបន្ទុកយ៉ាងធ្ងន់ដែរ។ បើអ្នកណាដែលមិនចេះគ្រប់គ្រងលើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង។