សុភាសិត 23:1-35

សុភាសិត 23:1-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ណា​អ្នក​អង្គុយ​បរិ‌ភោគ​ភោជ‌នាហារ ជា‌មួយ​អ្នក​គ្រប់‌គ្រង ត្រូវ​ពិចា‌រណាអ្វីៗ ដែល​នៅ​ខាង​មុខ​អ្នក​ចុះ បើ​ឯង​ជា​មនុស្ស​ល្មោភ​ខ្លាំង ចូរ​ផ្ទាប់​កាំបិត​នៅ​បំពង់​ក​ឯង​ទៅ។ កុំ​លោភ​ចង់​បាន​ឱជា‌រស របស់​អ្នក​គ្រប់គ្រង​ឡើយ ដ្បិត​ជា​របស់​បញ្ឆោត​ទេ។ កុំ​នឿយ​ហត់​ដល់​ខ្លួន ដើម្បី​ឲ្យ​បាន​ជា​អ្នក​មាន​ឡើយ ក៏​កុំ​ប្រើ​ប្រាជ្ញា​ឲ្យ​បាន​មាន​ឡើង​ដែរ។ ពេល​ភ្នែក​របស់​អ្នក​សម្លឹង​មើល​វា វា​នឹង​បាត់​ទៅ ដ្បិត​ទ្រព្យ​សម្បត្តិ​តែង​តែ​ដុះ​ស្លាប ក៏​នឹង​ហើរ​ទៅ​លើ​មេឃ​ដូច​ជា​ឥន្ទ្រី។ កុំ​បរិ‌ភោគ​ភោជ‌នាហារ​របស់​មនុស្ស ដែល​មាន​ភ្នែក​អាក្រក់​ឡើយ ក៏​កុំ​ប្រាថ្នា​ចង់​បាន​អាហារ​មាន​ឱជា‌រស​របស់​គេ​ដែរ ដ្បិត​គេ​គិត​ក្នុង​ចិត្ត​យ៉ាង​ណា គេ​ក៏​យ៉ាង​នោះ​ដែរ គេ​អញ្ជើញ​អ្នក​ថា «អញ្ជើញ​ពិសា​ចុះ!» តែ​ចិត្ត​គេ​មិន​នៅ​ជា‌មួយ​អ្នក​ទេ។ អាហារ​ដែល​អ្នក​បាន​បរិ‌ភោគ​ចូល​ទៅ នោះ​នឹង​ក្អួត​មក​វិញ ហើយ​នឹង​បាត់​ពាក្យ​សម្ដី​ផ្អែម‌ល្ហែម​របស់​អ្នក​ទៅ។ កុំ​និយាយ​ឲ្យ​មនុស្ស​ល្ងី‌ល្ងើ​ស្តាប់​ឡើយ ដ្បិត​វា​នឹង​មើល​ងាយ​ចំពោះ​ប្រាជ្ញា នៃ​ពាក្យ​សម្ដី​អ្នក។ កុំ​បន្ថយ​គោល​ចារឹក​ពី​បុរាណ​ឡើយ ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ។ ដ្បិត​អ្នក​ដែល​លោះ​គេ នោះ​មាន​កម្លាំង​ខ្លាំង ក៏​នឹង​កាន់​ក្តី​គេ​ទាស់​នឹង​អ្នក​ដែរ។ ចូរ​ផ្ចង់​ចិត្ត​ចំពោះ​សេចក្ដី​ប្រៀន‌ប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ ដែល​ប្រកប​ដោយ​តម្រិះ​ចុះ។ កុំ​ខាន​នឹង​វាយ​ប្រដៅ​កូន​ឡើយ ដ្បិត​បើ​វាយ​នឹង​រំពាត់ គង់​តែ​មិន​ស្លាប់​ដែរ។ គឺ​អ្នក​គ្រាន់​តែ​វាយ​ដោយ​រំពាត់​ប៉ុណ្ណោះ អ្នក​នឹង​ជួយ​ព្រលឹង​វា​ឲ្យ​រួច ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។ កូន​អើយ បើ​ចិត្ត​ឯង​ប្រកប​ដោយ​ប្រាជ្ញា ចិត្ត​យើង​នឹង​មាន​អំណរ។ អើ​ចិត្ត​ថ្លើម​យើង​នឹង​រីក‌រាយ ក្នុង​កាល​ដែល​បបូរ​មាត់​ឯង ពោល​សេចក្ដី​ដែល​ត្រឹម​ត្រូវ។ កុំ​បើក​ឲ្យ​ចិត្ត​ច្រណែន នឹង​មនុស្ស​មាន​បាប​ឡើយ ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​រាល់​ថ្ងៃ។ ដូច្នេះ នៅ​ពេល​អនាគត សេចក្ដី​សង្ឃឹម នឹង​មិន​ខាត​បង់​ឡើយ។ កូន​អើយ ចូរ​ប្រុង​ស្តាប់ ហើយ​មាន​ប្រាជ្ញា​ចុះ ត្រូវ​តម្រង់​ចិត្ត​ទៅ​តាម​ផ្លូវ។ កុំ​នៅ​កណ្ដាល​ពួក​អ្នក​ប្រមឹក​ស្រា ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្ដី​ងុយ‌ងោក នឹង​នាំ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច។ ចូរ​ស្តាប់​តាម​ឪពុក​ដែល​បង្កើត​ឯង​មក ហើយ​កុំ​ឲ្យ​មើល​ងាយ​ម្តាយ ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ។ ចូរ​ទិញ​សេចក្ដី​ពិត​ចុះ កុំ​ឲ្យ​លក់​ចេញ​ឡើយ ចូរ​ទិញ​ប្រាជ្ញា ដំបូន្មាន និង​យោបល់​ផង។ ឪពុក​របស់​មនុស្ស​សុចរិត នឹង​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា នោះ​នឹង​មាន​អំណរ​ដោយ‌សារ​កូន​នោះ។ ដូច្នេះ ចូរ​បើក​ឱកាស​ឲ្យ​ឪពុក​ម្តាយ​ឯង បាន​រីក‌រាយ​ចុះ ហើយ​ឲ្យ​អ្នក​ដែល​សម្រាល​ឯង មក​នោះ​មាន​ចិត្ត​សប្បាយ​ផង។ កូន​អើយ ចូរ​ប្រគល់​ចិត្ត​កូន​មកឪពុក​ចុះ ហើយ​ឲ្យ​ភ្នែក​កូន​តាម​មើល អស់​ទាំង​ផ្លូវ​របស់ឪពុក​ដែរ។ ដ្បិត​ស្រី​ពេស្យា​ប្រៀប​ដូច​ជា​រណ្តៅ​យ៉ាង​ជ្រៅ ហើយ​ស្រី​ដទៃ​ប្រៀប​ដូច​ជា​អណ្ដូង​ដ៏​ចង្អៀត។ នាង​លប​ចាំ​ដូច​ជា​ចោរ ហើយ​ក៏​ចម្រើន​អ្នក​ក្បត់ នៅ​ក្នុង​ពួក​មនុស្ស​លោក។ តើ​អ្នក​ណា​ពិបាក​ចិត្ត? តើ​អ្នក​ណា​កើត​ទុក្ខ​ព្រួយ? តើ​អ្នក​ណា​ទាស់​ទែង​គ្នា? តើ​អ្នក​ណា​ត្អូញ‌ត្អែរ? តើ​អ្នក​ណា​ត្រូវ​របួស​ឥត​ហេតុ? តើ​អ្នក​ណា​មាន​ភ្នែក​ក្រហម? ជា​ពួក​អ្នក​ដែល​អង្គុយ​ផឹក​ស្រា​យ៉ាង​យូរ ជា​ពួក​អ្នក​ដែល​ស្វែង​រក​ស្រា​យ៉ាង​ខ្លាំង។ កុំ​មើល​ស្រា​ទំពាំង‌បាយ‌ជូរ ក្នុង​កាល​ដែល​មាន​ពណ៌​ក្រហម គឺ​ក្នុង​កាល​ដែល​ព្រួច​ពពុះ​នៅ​ក្នុង​កែវ ហើយ​ហូរ​ចុះ​ទៅ​ដោយ​ស្រួល​នោះ​ឡើយ។ ដ្បិត​ដល់​ចុង​បំផុត​នឹង​ចឹក​ដូច​ជា​ពស់ ហើយ​អុច​ដូច​ជា​ពស់​ហនុ‌មាន។ ភ្នែក​ឯង​នឹង​ឃើញ​ស្រី​ដទៃ ហើយ​ចិត្ត​ឯង​នឹង​ពោល​ពាក្យ​ខូច​អាក្រក់​ដែរ។ អ្នក​នឹង​បាន​ដូច​ជា​មនុស្ស ដែល​ដេក​នៅ​កណ្ដាល​សមុទ្រ ឬ​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​លើ​ចុង​ដង​ក្តោង។ អ្នក​នឹង​ពោល​ថា «គេ​បាន​វាយ​ខ្ញុំ តែ​ខ្ញុំ​មិន​ឈឺ គេ​បាន​សំពង​ខ្ញុំ តែ​ខ្ញុំ​មិន​ដឹង​ខ្លួន តើ​ពេលណា​ទើប​ខ្ញុំ​ដឹង​ខ្លួន? ខ្ញុំ​នឹង​ទៅ​រក​ផឹក​ទៀត»។

ចែក​រំលែក
អាន សុភាសិត 23

សុភាសិត 23:1-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ណា​អ្នក​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ធំ តោង​គិត​ថា តើ​នរណា​អង្គុយ​នៅ​មុខ​អ្នក។ បើ​ដឹង​ខ្លួន​ថា​អ្នក​ជា​មនុស្ស​ល្មោភ​ស៊ី ចូរ​ទប់​ចំណង់​ឃ្លាន​នោះ​ទៅ។ កុំ​លោភ​ចង់​បាន​ម្ហូប​ឆ្ងាញ់​របស់​គេ ក្រែង​លោ​ម្ហូប​នោះ​ជា​គ្រឿង​បញ្ឆោត​អ្នក។ កុំ​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ពេក ហើយ​ក៏​កុំ​គិត​តែ​ពី​ចង់​មាន ចង់​បាន​ដែរ។ អ្នក​តាម​សម្លឹង​មើល​ប្រាក់ តែ​ប្រាក់​នឹង​ហើរ​បាត់​ទៅ ដូច​ឥន្ទ្រី​កំពុង​ហើរ​ឡើង​ទៅ​លើ​មេឃ។ កុំ​រួម​តុ​ជា​មួយ​មនុស្ស​ដែល​មាន​បំណង​អាក្រក់ ហើយ​កុំ​ចង់​បរិភោគ​ម្ហូប​ដ៏​ឆ្ងាញ់​របស់​គេ​ឲ្យ​សោះ។ ចិត្ត​របស់​គេ​មិន​ដូច​សម្ដី​របស់​គេ​ទេ គេ​ពោល​ថា “សូម​អញ្ជើញ​ពិសា​ចុះ” ប៉ុន្តែ តាម​ពិត គេ​មិន​ស្មោះ​ត្រង់​ជា​មួយ​អ្នក​ឡើយ។ ក្រោយ​មក អ្នក​នឹង​ខ្ជាក់​អាហារ​នោះ​ចោល ហើយ​ពាក្យ​ទន់‌ភ្លន់​របស់​អ្នក​ក្លាយ​ទៅ​ជា​អសា‌បង់។ កុំ​ប្រដៅ​មនុស្ស​ខ្លៅ ព្រោះ​គេ​នឹង​មើល‌ងាយ​ពាក្យ​ប្រកប​ដោយ​សុភ‌និច្ឆ័យ​របស់​អ្នក។ កុំ​ដក​បង្គោល​ព្រំ​ចម្ការ​ចាស់​ឡើយ ហើយ​ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា‌នុភាព​នឹង​ការពារ​គេ ព្រះអង្គ​ប្រឆាំង​នឹង​អ្នក ដើម្បី​រក​យុត្តិធម៌​ឲ្យ​គេ។ ចូរ​យក​ចិត្ត​ទុក​ដាក់​ទទួល​ការ​អប់រំ ហើយ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​គ្រូ​បង្រៀន។ កុំ​រុញ‌រា​នឹង​វាយ​ប្រដៅ​កូន​ឡើយ ទោះ​បី​អ្នក​វាយ​វា​នឹង​រំពាត់ ក៏​វា​មិន​ស្លាប់​ដែរ។ បើ​អ្នក​វាយ​វា អ្នក​នឹង​ជួយ​ការពារ​វា​ឲ្យ​រួច​ពី​ស្លាប់។ កូន​អើយ បើ​កូន​មាន​ប្រាជ្ញា ឪពុក​សប្បាយ​ចិត្ត​ណាស់។ បើ​កូន​ពោល​ពាក្យ​ទៀង‌ត្រង់ នោះ​ឪពុក​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង។ កុំ​ចង់​យក​តម្រាប់​តាម​មនុស្ស​បាប​ឡើយ តែ​ត្រូវ​កោតខ្លាចព្រះ‌អម្ចាស់ ទាំង​យប់​ទាំង​ថ្ងៃ ធ្វើ​ដូច្នេះ កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។ កូន​អើយ ចូរ​ស្ដាប់​ឪពុក នោះ​កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​ជំពាក់​ចិត្ត​នឹង​ផ្លូវ​ទៀង‌ត្រង់។ កុំ​សេព‌គប់​នឹង​មនុស្ស​ប្រមឹក ឬ​មនុស្ស​ល្មោភ​ស៊ី​ឡើយ ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​ស៊ី រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​មនុស្ស​ខ្ជិល​ច្រអូស​រមែង​ខ្វះ​សម្លៀក‌បំពាក់។ ចូរ​ស្ដាប់​ឪពុក ព្រោះ​គាត់​បង្កើត​អ្នក​មក ហើយ​កុំ​មើល‌ងាយ​ម្ដាយ ក្នុង​កាល​គាត់​ចាស់​ជរា។ ចូរ​ស្វែង​រក​សេចក្ដី​ពិត ហើយ​រក្សា​ទុក​ឲ្យ​ជាប់‌លាប់។ ចូរ​ស្វែង​រក​ប្រាជ្ញា ការ​អប់រំ និង​ការ​ពិចារណា ឪពុក​របស់​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​ដ៏​លើស‌លុប ហើយ​ឪពុក​របស់​អ្នក​ប្រាជ្ញ​ក៏​សប្បាយ​ចិត្ត​ដែរ។ ចូរ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត ព្រោះ​តែ​កូន ហើយ​សូម​ឲ្យ​ម្ដាយ​ដែល​បាន​បង្កើត​កូន​មក មាន​អំណរ​ដ៏​លើស‌លុប។ កូន​អើយ ចូរ​ទុក​ចិត្ត​លើ​ឪពុក ហើយ​ពេញ​ចិត្ត​យក​តម្រាប់​តាម​ឪពុក។ ស្រី​ពេស្យា​ប្រៀប​បាន​នឹង​រណ្ដៅ​ដ៏​ជ្រៅ រីឯ​ប្រពន្ធ​គេ​ប្រៀប​បាន​នឹង​អណ្ដូង​ដ៏​ចង្អៀត។ ស្រី​នោះ​ចាំ​ស្ទាក់​នៅ​តាម​ផ្លូវ ដូច​ចោរ​ស្ទាក់​ចាំ​ប្លន់ វា​ធ្វើ​ឲ្យ​ប្រុស​ជា​ច្រើន​ក្បត់​ប្រពន្ធ។ តើ​អ្នក​ដែល​ត្រូវ​គេ​មើល‌ងាយ អ្នក​ដែល​គេ​នឹក​ហួស​ចិត្ត អ្នក​ដែល​រក​រឿង​ឈ្លោះ អ្នក​រអ៊ូ‌រទាំ អ្នក​ដែល​ត្រូវ​គេ​វាយ​ដោយ​ឥត​ហេតុ អ្នក​ក្រហម​ភ្នែក​ជា​នរណា? គឺ​អ្នក​វក់​នឹង​ស្រា អ្នក​ដែល​ចូល​ចិត្ត​ស្រា​ខ្លាំង។ កុំ​ចាប់​ចិត្ត​នឹង​ស្រា​ដែល​មាន​ពណ៌​ស្រស់​ល្អ ធ្វើ​ឲ្យ​កែវ​ភ្លឺ​ថ្លា ហើយ​ហូរ​ចូល​ក្នុង​បំពង់​ក​យ៉ាង​ស្រួល​នោះ​ឡើយ។ នៅ​ទី​បំផុត ស្រា​នោះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ដូច​ពស់​អាសិរ‌ពិស​ចឹក។ ភ្នែក​របស់​អ្នក​ព្រឹល មើល​អ្វីៗ​ឃើញ​សុទ្ធ​តែ​ចម្លែក​ទាំង​អស់ ហើយ​អ្នក​នឹង​និយាយ​ឥត​ដឹង​ខុស​ត្រូវ។ អ្នក​នឹង​ប្រៀប​ដូច​ជា​មនុស្ស​ដេក​នៅ​កណ្ដាល​សមុទ្រ និង​ដូច​មនុស្ស​ដេក​នៅ​លើ​ចុង​ក្ដោង​សំពៅ។ អ្នក​នឹង​ពោល​ថា: «បើ​គេ​វាយ​ខ្ញុំ ក៏​ខ្ញុំ​មិន​ឈឺ បើ​គេ​សំពង​ខ្ញុំ ក៏​ខ្ញុំ​មិន​ដឹង​ខ្លួន​ដែរ។ ពេល​ណា​ខ្ញុំ​ដឹង​ខ្លួន ខ្ញុំ​នឹង​ទៅ​រក​ផឹក​ទៀត»។

ចែក​រំលែក
អាន សុភាសិត 23

សុភាសិត 23:1-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ណា​ឯង​អង្គុយ​បរិភោគ​ភោជ‌នាហារ​ជា​មួយ​នឹង​អ្នក​គ្រប់‌គ្រង នោះ​ត្រូវ​ឲ្យ​ឯង​ពិចារណា​ដល់​អ្នក​ដែល​អង្គុយ​នៅ​ខាង​មុខ​ឯង​ចុះ បើ​ឯង​ជា​មនុស្ស​ល្មោភ​ខ្លាំង នោះ​ចូរ​ផ្ទាប់​កាំបិត​នៅ​បំពង់​ក​ឯង​ទៅ កុំ​ឲ្យ​លោភ​ចង់​បាន​ឱជារស​របស់​គេ​ឡើយ ដ្បិត​ជា​របស់​បញ្ឆោត​ទេ។ កុំ​ឲ្យ​នឿយ‌ហត់​ដល់​ខ្លួន ដើម្បី​ឲ្យ​បាន​ជា​អ្នក​មាន​ឡើយ ក៏​កុំ​ឲ្យ​ប្រើ​ប្រាជ្ញា​ឲ្យ​បាន​មាន​ឡើង​ដែរ តើ​ចង់​ភ្ជាប់​ភ្នែក​តាម​របស់​ដែល​សោះ​សូន្យឬ ដ្បិត​ទ្រព្យ​សម្បត្តិ​តែង‌តែ​ដុះ​ស្លាប​ជា​មិន​ខាន ក៏​នឹង​ហើរ​ទៅ​លើ​មេឃ បែប​ដូច​ជា​ឥន្ទ្រី។ កុំ​ឲ្យ​បរិភោគ​ភោជ‌នាហារ​របស់​មនុស្ស ដែល​មាន​ភ្នែក​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ប្រាថ្នា​ចង់​បាន​អាហារ​មាន​ឱជារស​របស់​គេ​ដែរ ដ្បិត​គេ​គិត​ក្នុង​ចិត្ត​យ៉ាង​ណា គេ​ក៏​យ៉ាង​នោះ​ដែរ គេ​អញ្ជើញ​ឯង​ថា ពិសា​ចុះ តែ​ចិត្ត​គេ​មិន​មូល​នៅ​ជា​មួយ​នឹង​ឯង​ទេ អាហារ​ដែល​ឯង​បាន​បរិភោគ​ចូល​ទៅ នោះ​នឹង​ក្អួត​មក​វិញ ហើយ​នឹង​បាត់​ពាក្យ​សំដី​ផ្អែម‌ល្ហែម​របស់​ឯង​ទៅ។ កុំ​ឲ្យ​និយាយ​ឲ្យ​មនុស្ស​ល្ងី‌ល្ងើ​ស្តាប់​ឡើយ ដ្បិត​វា​នឹង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​នៃ​ពាក្យ​សំដី​ឯង។ កុំ​ឲ្យ​បន្ថយ​គោល​ចារិក​ពី​បុរាណ​ឡើយ ក៏​កុំ​ឲ្យ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ ដ្បិត​អ្នក​ដែល​លោះ​គេ នោះ​មាន​កំឡាំង​ខ្លាំង ក៏​នឹង​កាន់​ក្តី​គេ ទាស់​នឹង​ឯង​ដែរ។ ចូរ​ផ្ចង់​ចិត្ត​ឯង​ចំពោះ​សេចក្ដី​ប្រៀន‌ប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ​ដែល​ប្រកប​ដោយ​ដំរិះ​ចុះ។ កុំ​ឲ្យ​ខាន​នឹង​វាយ​ប្រដៅ​កូន​ឡើយ ដ្បិត​បើ​វាយ​នឹង​រំពាត់ គង់​តែ​មិន​ស្លាប់​ដែរ គឺ​ឯង​នឹង​គ្រាន់​តែ​វាយ​ដោយ​រំពាត់​ប៉ុណ្ណោះ ហើយ​យ៉ាង​នោះ នឹង​ជួយ​ព្រលឹង​វា​ឲ្យ​រួច​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។ កូន​អើយ បើ​ចិត្ត​ឯង​ប្រកប​ដោយ​ប្រាជ្ញា នោះ​ចិត្ត​អញ​នឹង​មាន​សេចក្ដី​អំណរ គឺ​ចិត្ត​របស់​ឪពុក​នេះ​ឯង អើ​ចិត្ត​ថ្លើម​អញ​នឹង​រីក‌រាយ​ឡើង ក្នុង​កាល​ដែល​បបូរ​មាត់​ឯង​ពោល​សេចក្ដី​ដែល​ត្រឹម‌ត្រូវ។ កុំ​បើក​ឲ្យ​ចិត្ត​ច្រណែន នឹង​មនុស្ស​មាន​បាប​ឡើយ ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​រាល់​ថ្ងៃ ដ្បិត​នឹង​មាន​រង្វាន់​ជា​មិន​ខាន ហើយ​សេចក្ដី​សង្ឃឹម​របស់​ឯង​នឹង​មិន​កាត់​បង់​ឡើយ។ កូន​អើយ ចូរ​ប្រុង​ស្តាប់ ហើយ​មាន​ប្រាជ្ញា​ចុះ ត្រូវ​ឲ្យ​ដំរង់​ចិត្ត​ទៅ​តាម​ផ្លូវ កុំ​ឲ្យ​នៅ​កណ្តាល​ពួក​អ្នក​ប្រមឹក​ស្រា ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ ដ្បិត​មនុស្ស​ប្រមឹក នឹង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្ដី​ងុយ‌ងោក​នឹង​នាំ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច។ ចូរ​ស្តាប់​តាម​ឪពុក​ដែល​បង្កើត​ឯង​មក ហើយ​កុំ​ឲ្យ​មើល‌ងាយ​ម្តាយ​ឯង​ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ។ ចូរ​ទិញ​សេចក្ដី​ពិត​ចុះ កុំ​ឲ្យ​លក់​ចេញ​ឡើយ អើ ទាំង​ប្រាជ្ញា សេចក្ដី​ដំបូន្មាន នឹង​យោបល់​ផង។ ឪពុក​នៃ​មនុស្ស​សុចរិត នឹង​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា នោះ​នឹង​មាន​សេចក្ដី​អំណរ​ដោយ‌សារ​កូន​នោះ ដូច្នេះ ចូរ​បើក​ឱកាស​ឲ្យ​ឪពុក​ម្តាយ​ឯង​បាន​រីក‌រាយ​ចុះ ហើយ​ឲ្យ​អ្នក​ដែល​សំរាល​ឯង​មក​នោះ​មាន​ចិត្ត​សប្បាយ​ផង។ កូន​អើយ ចូរ​ប្រគល់​ចិត្ត​ឯង​មក​អញ​ចុះ ហើយ​ឲ្យ​ភ្នែក​ឯង​ពេញ​ចិត្ត​នឹង​អស់​ទាំង​ផ្លូវ​របស់​អញ​ដែរ ដ្បិត​ស្រី​សំផឹង​ជា​រណ្តៅ​យ៉ាង​ជ្រៅ ហើយ​ស្រី​ដទៃ​ជា​រំលុង​ដ៏​ចង្អៀត អើ គេ​លប​ចាំ​ដូច​ជា​ចោរ ហើយ​ក៏​ចំរើន​អ្នក​ក្បត់​នៅ​ក្នុង​ពួក​មនុស្ស​លោក។ តើ​អ្នក​ណា​មាន​សេចក្ដី​ពិបាក​ចិត្ត តើ​អ្នក​ណា​កើត​ទុក្ខ​ព្រួយ តើ​អ្នក​ណា​មាន​សេចក្ដី​ទាស់‌ទែង​គ្នា តើ​អ្នក​ណា​ត្អូញ‌ត្អែរ តើ​អ្នក​ណា​ត្រូវ​របួស​ឥត​ហេតុ តើ​អ្នក​ណា​មាន​ភ្នែក​ក្រហម គឺ​ជា​ពួក​អ្នក​ដែល​អង្គុយ​ផឹក​ស្រា​ជា​យូរ ឯ​ពួក​អ្នក​ដែល​ស្វែង​រក​ស្រា​លាយ​នោះ​ឯង កុំ​ឲ្យ​មើល​ស្រា​ទំពាំង‌បាយ‌ជូរ ក្នុង​កាល​ដែល​មាន​ពណ៌​ក្រហម គឺ​ក្នុង​កាល​ដែល​ព្រួច​ពពុះ​នៅ​ក្នុង​កែវ ហើយ​ហូរ​ចុះ​ទៅ​ដោយ​ស្រួល​នោះ​ឡើយ ដ្បិត​ដល់​ចុង​បំផុត​នឹង​ចឹក​ដូច​ជា​ពស់​វិញ ហើយ​អុច​ដូច​ជា​ពស់​ហនុមាន​ផង ភ្នែក​ឯង​នឹង​ឃើញ​ស្រី​ដទៃ ហើយ​ចិត្ត​ឯង​នឹង​ពោល​សេចក្ដី​ខូច​អាក្រក់​ដែរ អើ ឯង​នឹង​បាន​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​កណ្តាល​សមុទ្រ ឬ​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​លើ​ចុង​ដង​ក្តោង ឯង​នឹង​ថា គេ​បាន​វាយ​អញ តែ​អញ​មិន​បាន​ឈឺ​សោះ គេ​បាន​សំពង​អញ តែ​អញ​មិន​ដឹង​ទេ តើ​អញ​នឹង​ភ្ញាក់​ឡើង​វិញ​ដល់​កាល​ណា​ហ្ន៎ អញ​នឹង​ទៅ​រក​ផឹក​ទៀត។

ចែក​រំលែក
អាន សុភាសិត 23