សុភាសិត 23:1-16
សុភាសិត 23:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលណាអ្នកអង្គុយបរិភោគភោជនាហារ ជាមួយអ្នកគ្រប់គ្រង ត្រូវពិចារណាអ្វីៗ ដែលនៅខាងមុខអ្នកចុះ បើឯងជាមនុស្សល្មោភខ្លាំង ចូរផ្ទាប់កាំបិតនៅបំពង់កឯងទៅ។ កុំលោភចង់បានឱជារស របស់អ្នកគ្រប់គ្រងឡើយ ដ្បិតជារបស់បញ្ឆោតទេ។ កុំនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំប្រើប្រាជ្ញាឲ្យបានមានឡើងដែរ។ ពេលភ្នែករបស់អ្នកសម្លឹងមើលវា វានឹងបាត់ទៅ ដ្បិតទ្រព្យសម្បត្តិតែងតែដុះស្លាប ក៏នឹងហើរទៅលើមេឃដូចជាឥន្ទ្រី។ កុំបរិភោគភោជនាហាររបស់មនុស្ស ដែលមានភ្នែកអាក្រក់ឡើយ ក៏កុំប្រាថ្នាចង់បានអាហារមានឱជារសរបស់គេដែរ ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ គេអញ្ជើញអ្នកថា «អញ្ជើញពិសាចុះ!» តែចិត្តគេមិននៅជាមួយអ្នកទេ។ អាហារដែលអ្នកបានបរិភោគចូលទៅ នោះនឹងក្អួតមកវិញ ហើយនឹងបាត់ពាក្យសម្ដីផ្អែមល្ហែមរបស់អ្នកទៅ។ កុំនិយាយឲ្យមនុស្សល្ងីល្ងើស្តាប់ឡើយ ដ្បិតវានឹងមើលងាយចំពោះប្រាជ្ញា នៃពាក្យសម្ដីអ្នក។ កុំបន្ថយគោលចារឹកពីបុរាណឡើយ ក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ។ ដ្បិតអ្នកដែលលោះគេ នោះមានកម្លាំងខ្លាំង ក៏នឹងកាន់ក្តីគេទាស់នឹងអ្នកដែរ។ ចូរផ្ចង់ចិត្តចំពោះសេចក្ដីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យ ដែលប្រកបដោយតម្រិះចុះ។ កុំខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ។ គឺអ្នកគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ អ្នកនឹងជួយព្រលឹងវាឲ្យរួច ពីស្ថានឃុំព្រលឹងមនុស្សស្លាប់។ កូនអើយ បើចិត្តឯងប្រកបដោយប្រាជ្ញា ចិត្តយើងនឹងមានអំណរ។ អើចិត្តថ្លើមយើងនឹងរីករាយ ក្នុងកាលដែលបបូរមាត់ឯង ពោលសេចក្ដីដែលត្រឹមត្រូវ។
សុភាសិត 23:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលណាអ្នកអង្គុយរួមតុជាមួយអ្នកធំ តោងគិតថា តើនរណាអង្គុយនៅមុខអ្នក។ បើដឹងខ្លួនថាអ្នកជាមនុស្សល្មោភស៊ី ចូរទប់ចំណង់ឃ្លាននោះទៅ។ កុំលោភចង់បានម្ហូបឆ្ងាញ់របស់គេ ក្រែងលោម្ហូបនោះជាគ្រឿងបញ្ឆោតអ្នក។ កុំខំប្រឹងស្វែងរកទ្រព្យសម្បត្តិពេក ហើយក៏កុំគិតតែពីចង់មាន ចង់បានដែរ។ អ្នកតាមសម្លឹងមើលប្រាក់ តែប្រាក់នឹងហើរបាត់ទៅ ដូចឥន្ទ្រីកំពុងហើរឡើងទៅលើមេឃ។ កុំរួមតុជាមួយមនុស្សដែលមានបំណងអាក្រក់ ហើយកុំចង់បរិភោគម្ហូបដ៏ឆ្ងាញ់របស់គេឲ្យសោះ។ ចិត្តរបស់គេមិនដូចសម្ដីរបស់គេទេ គេពោលថា “សូមអញ្ជើញពិសាចុះ” ប៉ុន្តែ តាមពិត គេមិនស្មោះត្រង់ជាមួយអ្នកឡើយ។ ក្រោយមក អ្នកនឹងខ្ជាក់អាហារនោះចោល ហើយពាក្យទន់ភ្លន់របស់អ្នកក្លាយទៅជាអសាបង់។ កុំប្រដៅមនុស្សខ្លៅ ព្រោះគេនឹងមើលងាយពាក្យប្រកបដោយសុភនិច្ឆ័យរបស់អ្នក។ កុំដកបង្គោលព្រំចម្ការចាស់ឡើយ ហើយក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ ដ្បិតព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពនឹងការពារគេ ព្រះអង្គប្រឆាំងនឹងអ្នក ដើម្បីរកយុត្តិធម៌ឲ្យគេ។ ចូរយកចិត្តទុកដាក់ទទួលការអប់រំ ហើយត្រងត្រាប់ស្ដាប់សេចក្ដីដែលគ្រូបង្រៀន។ កុំរុញរានឹងវាយប្រដៅកូនឡើយ ទោះបីអ្នកវាយវានឹងរំពាត់ ក៏វាមិនស្លាប់ដែរ។ បើអ្នកវាយវា អ្នកនឹងជួយការពារវាឲ្យរួចពីស្លាប់។ កូនអើយ បើកូនមានប្រាជ្ញា ឪពុកសប្បាយចិត្តណាស់។ បើកូនពោលពាក្យទៀងត្រង់ នោះឪពុកនឹងមានអំណរយ៉ាងខ្លាំង។
សុភាសិត 23:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាឯងអង្គុយបរិភោគភោជនាហារជាមួយនឹងអ្នកគ្រប់គ្រង នោះត្រូវឲ្យឯងពិចារណាដល់អ្នកដែលអង្គុយនៅខាងមុខឯងចុះ បើឯងជាមនុស្សល្មោភខ្លាំង នោះចូរផ្ទាប់កាំបិតនៅបំពង់កឯងទៅ កុំឲ្យលោភចង់បានឱជារសរបស់គេឡើយ ដ្បិតជារបស់បញ្ឆោតទេ។ កុំឲ្យនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំឲ្យប្រើប្រាជ្ញាឲ្យបានមានឡើងដែរ តើចង់ភ្ជាប់ភ្នែកតាមរបស់ដែលសោះសូន្យឬ ដ្បិតទ្រព្យសម្បត្តិតែងតែដុះស្លាបជាមិនខាន ក៏នឹងហើរទៅលើមេឃ បែបដូចជាឥន្ទ្រី។ កុំឲ្យបរិភោគភោជនាហាររបស់មនុស្ស ដែលមានភ្នែកអាក្រក់ឡើយ ក៏កុំឲ្យប្រាថ្នាចង់បានអាហារមានឱជារសរបស់គេដែរ ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ គេអញ្ជើញឯងថា ពិសាចុះ តែចិត្តគេមិនមូលនៅជាមួយនឹងឯងទេ អាហារដែលឯងបានបរិភោគចូលទៅ នោះនឹងក្អួតមកវិញ ហើយនឹងបាត់ពាក្យសំដីផ្អែមល្ហែមរបស់ឯងទៅ។ កុំឲ្យនិយាយឲ្យមនុស្សល្ងីល្ងើស្តាប់ឡើយ ដ្បិតវានឹងមើលងាយចំពោះប្រាជ្ញានៃពាក្យសំដីឯង។ កុំឲ្យបន្ថយគោលចារិកពីបុរាណឡើយ ក៏កុំឲ្យបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ ដ្បិតអ្នកដែលលោះគេ នោះមានកំឡាំងខ្លាំង ក៏នឹងកាន់ក្តីគេ ទាស់នឹងឯងដែរ។ ចូរផ្ចង់ចិត្តឯងចំពោះសេចក្ដីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយដំរិះចុះ។ កុំឲ្យខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ គឺឯងនឹងគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ ហើយយ៉ាងនោះ នឹងជួយព្រលឹងវាឲ្យរួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់។ កូនអើយ បើចិត្តឯងប្រកបដោយប្រាជ្ញា នោះចិត្តអញនឹងមានសេចក្ដីអំណរ គឺចិត្តរបស់ឪពុកនេះឯង អើចិត្តថ្លើមអញនឹងរីករាយឡើង ក្នុងកាលដែលបបូរមាត់ឯងពោលសេចក្ដីដែលត្រឹមត្រូវ។