សុភាសិត 22:6-25
សុភាសិត 22:6-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។ អ្នកមានតែងគ្រប់គ្រងលើពួកអ្នកក្រ ហើយអ្នកណាដែលខ្ចីគេ ជាបាវបម្រើដល់អ្នកដែលឲ្យខ្ចីនោះ។ អ្នកណាដែលសាបព្រោះអំពើទុច្ចរិត នោះនឹងច្រូតបានសេចក្ដីទុក្ខព្រួយ ហើយដំបងនៃសេចក្ដីកំហឹងរបស់អ្នកនោះ នឹងសាបសូន្យទៅ។ អ្នកណាដែលមើលគេដោយចិត្តល្អ នឹងបានពរ ដ្បិតអ្នកនោះរមែងចែកអាហារខ្លួន ដល់មនុស្សទាល់ក្រ។ ចូរបណ្តេញមនុស្សដែលចំអកមើលងាយចេញ នឹងលែងមានសេចក្ដីទាស់ទែងគ្នា ហើយការឈ្លោះប្រកែក និងការត្មះតិះដៀលក៏ស្ងប់ទៅដែរ។ អ្នកណាដែលស្រឡាញ់សេចក្ដីបរិសុទ្ធ ហើយមានបបូរមាត់ប្រកបដោយគុណដ៏ល្អ ស្តេចនឹងសូមអ្នកនោះធ្វើជាមិត្តសម្លាញ់។ ព្រះនេត្ររបស់ព្រះយេហូវ៉ារក្សាទុកនូវតម្រិះ តែព្រះអង្គបំផ្លាញពាក្យសម្ដីរបស់មនុស្សក្បត់វិញ។ មនុស្សខ្ជិលច្រអូសពោលថា «មានសិង្ហមួយនៅខាងក្រៅហើយ បើខ្ញុំចេញទៅ វានឹងសម្លាប់ខ្ញុំនៅកណ្ដាលផ្លូវ»។ មាត់របស់ស្រីអាវ៉ាសែ ជារណ្តៅយ៉ាងជ្រៅ អ្នកណាដែលជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា នឹងធ្លាក់ទៅក្នុងរណ្តៅនោះ។ សេចក្ដីចម្កួតរមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែ រំពាត់វាយផ្ចាលនឹងបណ្តេញសេចក្ដីនោះ ឲ្យបាត់ចេញបាន។ អ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រ ដើម្បីចម្រើនទ្រព្យសម្បត្តិខ្លួនឡើង ហើយអ្នកណាដែលជូនជំនូនដល់អ្នកមាន នោះនឹងត្រឡប់ជាខ្វះខាតវិញ។ ពាក្យសម្ដីរបស់មនុស្សដែលមានប្រាជ្ញា ចូរផ្ទៀងត្រចៀកស្តាប់ពាក្យ ហើយផ្ចង់ចិត្តចំពោះតម្រិះរបស់ខ្ញុំចុះ ដ្បិតបើឯងរក្សាទុកសេចក្ដីនោះនៅក្នុងខ្លួន នោះសប្បាយហើយ គឺបើសេចក្ដីនោះស្ថិតនៅជាប់នឹងបបូរមាត់ឯង។ យើងបានសម្ដែងឲ្យឯងដឹងសេចក្ដីនោះ នៅថ្ងៃនេះហើយ ដើម្បីឲ្យឯងបានទុកចិត្តដល់ព្រះយេហូវ៉ា។ យើងបានកំណត់ទុកសេចក្ដី ដ៏វិសេសសម្រាប់ឯង គឺជាសេចក្ដីទូន្មាន និងតម្រិះ ប្រយោជន៍ឲ្យឯងបានដឹងថា ពាក្យដ៏ពិតទាំងប៉ុន្មានគួរទុកជាប្រាកដ ដើម្បីឲ្យឯងបាននាំពាក្យដ៏ពិតនោះ ត្រឡប់ទៅជូនពួកអ្នកដែលចាត់ឯងមក។ កុំឲ្យកេងយករបស់មនុស្សក្រ ដោយព្រោះតែគេក្រឡើយ ក៏កុំសង្កត់សង្កិនមនុស្សវេទនានៅត្រង់ទ្វារក្រុងដែរ ដ្បិតព្រះយេហូវ៉ានឹងជួយកាន់ក្តីជំនួសអ្នកនោះ ហើយព្រះអង្គនឹងរឹបយកជីវិតពួកអ្នក ដែលរឹបយករបស់គេដែរ។ កុំចងជាមិត្តនឹងមនុស្សណា ដែលអាសាខឹងឡើយ ក៏កុំឲ្យភប់ប្រសព្វនឹងមនុស្សមួម៉ៅដែរ ក្រែងឯងទម្លាប់តាមអំពើរបស់គេ ហើយគេត្រឡប់ជាអន្ទាក់ដល់ព្រលឹងឯង។
សុភាសិត 22:6-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរអប់រំកូនក្មេងឲ្យមានទម្លាប់ល្អ តាំងពីតូច គេនឹងរក្សាទម្លាប់នេះរហូតដល់ចាស់។ អ្នកមានតែងតែជិះជាន់អ្នកក្រ រីឯកូនបំណុលជាទាសកររបស់ម្ចាស់ប្រាក់។ អ្នកសាបព្រោះអំពើអាក្រក់តែងតែទទួលគ្រោះកាច ហើយកម្លាំងដែលជំរុញគេឲ្យប្រព្រឹត្តអំពើឃោរឃៅ នឹងរលាយសូន្យទៅ។ មនុស្សមានចិត្តសប្បុរសតែងតែទទួលព្រះពរ ដ្បិតគេចែកអាហារដល់ជនទុគ៌ត។ បំបាត់មនុស្សចំអកឡកឡឺយ ជម្លោះក៏បាត់អស់ដែរ ការឈ្លោះប្រកែក និងការមើលងាយ លែងមានទៀតហើយ។ អ្នកណាប្រកាន់ចិត្តបរិសុទ្ធ ហើយមានពាក្យសម្ដីសុភាពរាបសា អ្នកនោះនឹងបានគាប់ព្រះហឫទ័យស្ដេច។ ព្រះអម្ចាស់តែងតែថែរក្សាការយល់ដឹងដ៏ត្រឹមត្រូវ តែព្រះអង្គផ្ចាញ់ផ្ចាលពាក្យសម្ដីរបស់មនុស្សពាល។ មនុស្សកម្ជិលតែងពោលថា «មានសត្វសិង្ហមួយនៅខាងក្រៅ វាមុខជាហែកខ្ញុំស៊ីនៅកណ្ដាលផ្លូវមិនខាន»។ ពាក្យសម្ដីរបស់ស្ត្រីក្បត់ប្ដីជាអន្ទាក់មួយគួរឲ្យព្រឺខ្លាច អ្នកដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យតែងតែជាប់អន្ទាក់នោះ។ ក្មេងៗតែងតែជំពាក់ចិត្តនឹងភាពល្ងីល្ងើ ការវាយប្រដៅនឹងនាំវាឲ្យចេញឆ្ងាយពីភាពល្ងីល្ងើនោះ។ ជនទុគ៌តដែលត្រូវគេសង្កត់សង្កិនមុខជាបានចម្រើន រីឯអ្នកដែលយកទ្រព្យទៅឲ្យអ្នកមាន នឹងបណ្ដាលឲ្យធ្លាក់ខ្លួនក្រ។ ចូរផ្ទៀងត្រចៀកស្ដាប់អ្នកប្រាជ្ញ ចូរយកចិត្តទុកដាក់នឹងការយល់ដឹងរបស់ខ្ញុំ នោះអ្នកនឹងសប្បាយចិត្ត ដោយចងចាំ ហើយត្រៀមខ្លួនស្រដីចេញមកជានិច្ច។ ខ្ញុំចង់ឲ្យអ្នកស្គាល់ការយល់ដឹងនៅថ្ងៃនេះ ដើម្បីឲ្យអ្នកផ្ញើជីវិតលើព្រះអម្ចាស់។ ខ្ញុំបានកត់ត្រាទុកនូវឱវាទ និងដំបូន្មានផ្សេងៗ ចំនួនសាមសិបសម្រាប់អ្នក ដើម្បីឲ្យអ្នកស្គាល់ការត្រឹមត្រូវ និងការពិត ហើយអ្នកអាចផ្ដល់ចម្លើយដ៏ពិតប្រាកដដល់មនុស្ស ដែលចាត់អ្នកឲ្យមក។ កុំរឹបអូសយកទ្រព្យពីជនទុគ៌ត ព្រោះតែឃើញគ្នាទន់ខ្សោយ ហើយកុំសង្កត់សង្កិនជនក្រីក្រដែលគ្មានអ្នកការពារ ដ្បិតព្រះអម្ចាស់នឹងរកយុត្តិធម៌ឲ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។ កុំសេពគប់នឹងមនុស្សឆាប់ខឹង ហើយរួមគំនិតជាមួយមនុស្សកំរោល ក្រែងលោអ្នកយកតម្រាប់តាមគេ ហើយនាំឲ្យជីវិតរបស់អ្នកជាប់អន្ទាក់។
សុភាសិត 22:6-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។ មនុស្សអ្នកមានគេគ្រប់គ្រងលើពួកអ្នកក្រ ហើយអ្នកណាដែលខ្ចីគេ ជាបាវបំរើដល់អ្នកដែលឲ្យខ្ចីនោះ។ អ្នកណាដែលសាបព្រោះសេចក្ដីទុច្ចរិត នោះនឹងច្រូតបានសេចក្ដីទុក្ខព្រួយ ហើយដំបងនៃសេចក្ដីកំហឹងរបស់អ្នកនោះនឹងសាបសូន្យទៅ។ អ្នកណាដែលមើលគេដោយចិត្តល្អ នោះនឹងបានពរ ដ្បិតអ្នកនោះរមែងចែកអាហារខ្លួនដល់មនុស្សទាល់ក្រ។ ចូរបណ្តេញមនុស្សដែលចំអកមើលងាយ នោះសេចក្ដីទាស់ទែងគ្នានឹងបាត់ទៅ អើ សេចក្ដីឈ្លោះប្រកែក នឹងសេចក្ដីត្មះតិះដៀលនឹងស្ងប់ទៅដែរ។ ឯអ្នកណាដែលស្រឡាញ់សេចក្ដីបរិសុទ្ធខាងចិត្ត ហើយមានបបូរមាត់ប្រកបដោយគុណដ៏ល្អ នោះស្តេចនឹងបានជាមិត្រសំឡាញ់របស់អ្នកនោះ។ ព្រះនេត្រនៃព្រះយេហូវ៉ារក្សាទុកនូវដំរិះ តែទ្រង់បំផ្លាញពាក្យសំដីរបស់មនុស្សក្បត់វិញ។ មនុស្សខ្ជិលច្រអូសគេថា មានសិង្ហ១នៅខាងក្រៅហើយ បើខ្ញុំចេញទៅ នោះវានឹងសំឡាប់ខ្ញុំនៅនាកណ្តាលផ្លូវ។ មាត់របស់ស្រីដទៃជារណ្តៅយ៉ាងជ្រៅ អ្នកណាដែលជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា នឹងធ្លាក់ទៅក្នុងរណ្តៅនោះ។ សេចក្ដីចំកួត រមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែរំពាត់វាយផ្ចាល នឹងបណ្តេញសេចក្ដីនោះ ឲ្យបាត់ចេញបាន។ អ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រ ដើម្បីនឹងចំរើនទ្រព្យសម្បត្តិខ្លួនឡើង ហើយអ្នកណាដែលជូនជំនូនដល់អ្នកមាន នោះនឹងត្រឡប់ជាខ្វះខាតវិញ។ ចូរផ្ទៀងត្រចៀក ស្តាប់ពាក្យសំដីនៃមនុស្សដែលមានប្រាជ្ញា ហើយផ្ចង់ចិត្តចំពោះដំរិះរបស់អញចុះ ដ្បិតបើឯងរក្សាទុកសេចក្ដីនោះនៅក្នុងខ្លួន នោះសប្បាយហើយ គឺបើសេចក្ដីនោះស្ថិតនៅជាប់នឹងបបូរមាត់ឯង អញបានសំដែងឲ្យឯងដឹងសេចក្ដីនោះនៅថ្ងៃនេះហើយ ដើម្បីឲ្យឯងបានទុកចិត្តដល់ព្រះយេហូវ៉ា អញបានកំណត់ទុកសេចក្ដីដ៏វិសេសសំរាប់ឯង គឺជាសេចក្ដីទូន្មាន ហើយនឹងដំរិះមិនមែនឬ ប្រយោជន៍ឲ្យឯងបានដឹងថា ពាក្យដ៏ពិតទាំងប៉ុន្មានគួរទុកជាប្រាកដហើយ ដើម្បីឲ្យឯងបាននាំពាក្យដ៏ពិតនោះ ត្រឡប់ទៅជូនពួកអ្នក ដែលចាត់ឯងមក។ កុំឲ្យកេងយករបស់នៃមនុស្សក្រ ដោយព្រោះតែគេក្រឡើយ ក៏កុំឲ្យសង្កត់សង្កិនមនុស្សវេទនានៅត្រង់ទ្វារក្រុងដែរ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងជួយកាន់ក្តីជំនួសអ្នកនោះ ហើយទ្រង់នឹងរឹបយកជីវិតនៃពួកអ្នកដែលរឹបយករបស់គេដែរ។ កុំឲ្យចងជាមិត្រ នឹងមនុស្សណា ដែលអាសាខឹងឡើយ ក៏កុំឲ្យភប់ប្រសព្វនឹងមនុស្សមួម៉ៅដែរ ក្រែងឯងទំលាប់តាមអំពើរបស់គេ ហើយគេត្រឡប់ជាអន្ទាក់ដល់ព្រលឹងឯង។