សុភាសិត 21:1-31
សុភាសិត 21:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះហឫទ័យរបស់ស្តេច នៅក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាផ្លូវទឹកហូរទាំងឡាយ ព្រះអង្គឲ្យបែរហូរទៅខាងណា ក៏តាមតែព្រះហឫទ័យ។ គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន តែព្រះយេហូវ៉ាថ្លឹងចិត្ត។ ការដែលប្រព្រឹត្តតាមសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ នោះជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ជាជាងយញ្ញបូជាទៅទៀត។ ឫកខ្ពស់ និងចិត្តអំនួត គឺជាចង្កៀងជារបស់មនុស្សអាក្រក់ នោះហៅថាជាអំពើបាបទាំងអស់។ គំនិតរបស់មនុស្សឧស្សាហ៍ នាំឲ្យបានបរិបូរឡើងតែម៉្យាង តែអស់អ្នកណាដែលមានចិត្តរលះរលាំង នោះនឹងបានតែសេចក្ដីខ្វះខាតវិញ។ ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្ដាតភូតភរ នោះជាចំហាយទឹកដែលផាត់ទៅមក និងជាអន្ទាក់នៃសេចក្ដីស្លាប់។ សេចក្ដីច្រឡោតរបស់មនុស្សអាក្រក់ នឹងបោសខ្លួនគេចេញទៅ ដោយព្រោះគេមិនព្រមប្រព្រឹត្ត តាមសេចក្ដីយុត្តិធម៌សោះ។ ផ្លូវរបស់មនុស្សណាដែលផ្ទុកដោយ ទោសច្រើន នោះជាផ្លូវវៀចណាស់ តែចំណែកមនុស្សសុចរិតវិញ ការដែលគេប្រព្រឹត្តសុទ្ធតែទៀងត្រង់។ ស៊ូនៅក្នុងទីកៀនមួយនៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយស្ត្រី ដែលចេះតែរករឿងវិញ។ ព្រលឹងរបស់មនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់ ទោះទាំងអ្នកជិតខាងក៏មិនប្រកបដោយ គុណអ្នកនោះដែរ។ កាលមនុស្សចំអកមើលងាយត្រូវទោសហើយ នោះមនុស្សខ្លៅល្ងង់ក៏មានប្រាជ្ញាឡើង។ កាលណាមនុស្សមានប្រាជ្ញាបានទទួល សេចក្ដីប្រៀនប្រដៅ នោះគេកាន់តែមានចំណេះថែមទៀត។ មនុស្សសុចរិតរមែងពិចារណាមើល វង្សរបស់មនុស្សអាក្រក់ ឃើញថា គេត្រូវរំលំឲ្យវិនាសបាត់ទៅ។ អ្នកណាដែលចុកត្រចៀកមិនស្តាប់ ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។ អំណោយដែលឲ្យដោយស្ងាត់កំបាំង នោះរមែងរម្ងាប់សេចក្ដីកំហឹង ហើយជំនូនដែលជូនដោយលួចលាក់ ក៏បំបាត់សេចក្ដីឃោរឃៅដែរ។ ការដែលប្រព្រឹត្តដោយយុត្តិធម៌ នោះជាអំណរដល់មនុស្សសុចរិត តែនោះជាសេចក្ដីវិនាសដល់មនុស្ស ដែលប្រព្រឹត្តទុច្ចរិតវិញ។ មនុស្សណាដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញា នោះនឹងសម្រាកនៅក្នុងចំណោម មនុស្សស្លាប់ហើយ។ ឯអ្នកណាដែលចូលចិត្តតែការលេងសប្បាយ នោះនឹងត្រូវទៅជាមនុស្សទាល់ក្រ អ្នកណាដែលចូលចិត្តតែស្រា និងប្រេង នោះមិនដែលទៅជាអ្នកមានទេ។ មនុស្សអាក្រក់គេសម្រាប់ជាថ្លៃ លោះមនុស្សសុចរិត ហើយមនុស្សក្បត់ក៏ជំនួសមនុស្សទៀងត្រង់ដែរ។ ស៊ូអាស្រ័យនៅក្នុងទីសូន្យស្ងាត់ ជាជាងនៅជាមួយស្ត្រីដែលចេះតែរករឿង ហើយអុចអាលវិញ។ មានទ្រព្យវិសេស និងប្រេង នៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់។ អ្នកណាដែលដេញតាមសេចក្ដីសុចរិត និងសេចក្ដីសប្បុរស អ្នកនោះនឹងរកបានជីវិត សេចក្ដីសុចរិត និងកិត្តិយស។ ឯមនុស្សមានប្រាជ្ញា គេឡើងចូលក្នុងទីក្រុងរបស់មនុស្សខ្លាំងពូកែ នាំឲ្យកម្លាំងដែលគេពឹងពាក់ធ្លាក់ចុះវិញ។ អ្នកណាដែលរក្សាមាត់ និងអណ្ដាតខ្លួន ក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរ។ ឯមនុស្សអំនួត ហើយឆ្មើងឆ្មៃ មានឈ្មោះជាអ្នកចំអក គេតែងតែប្រព្រឹត្តដោយសេចក្ដីប្រមាថមើលងាយ និងសេចក្ដីអំនួតទទេ។ បំណងចិត្តរបស់មនុស្សខ្ជិលច្រអូស រមែងសម្លាប់ខ្លួន ដ្បិតដៃគេមិនព្រមធ្វើការសោះ។ មនុស្សអាក្រក់លោភលន់ចង់តែបានរហូត តែមនុស្សសុចរិតវិញ តែងធ្វើទាន ឥតសំចៃឡើយ។ យញ្ញបូជាដែលមនុស្សអាក្រក់ថ្វាយ ជាទីស្អប់ខ្ពើមទៅហើយ ចំណង់បើកាលណាថ្វាយដោយមានគំនិតអាក្រក់ នោះគួរខ្ពើមជាជាងអម្បាលម៉ានទៅទៀត។ សាក្សីក្លែងក្លាយនឹងត្រូវវិនាស តែអ្នកណាដែលបានឮច្បាស់ នោះនឹងធ្វើទីបន្ទាល់ជាប់នៅជាដរាប។ មនុស្សដែលប្រព្រឹត្តអាក្រក់ តែងធ្វើទឹកមុខរឹង តែមនុស្សទៀងត្រង់វិញ តែងពិចារណាមើល ផ្លូវរបស់ខ្លួន។ គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។ គេត្រៀមសេះទុកសម្រាប់ថ្ងៃសឹកសង្គ្រាម តែការដែលមានជ័យជម្នះ នោះស្រេចនៅព្រះយេហូវ៉ាទេ។
សុភាសិត 21:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះហឫទ័យរបស់ស្ដេចប្រៀបបាននឹងទឹកនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គផ្អៀងព្រះហស្ដទៅខាងណា ទឹកហូរទៅខាងនោះ។ មនុស្សគ្រប់ៗរូបតែងយល់ថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រឹមត្រូវ ក៏ប៉ុន្តែ មានតែព្រះអម្ចាស់ទេ ដែលឈ្វេងយល់ចិត្តរបស់មនុស្ស។ ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ជាងការថ្វាយយញ្ញបូជាទៅទៀត។ ទឹកមុខក្រអឺតក្រទម និងចិត្តព្រហើន បង្ហាញឲ្យឃើញនូវអំពើបាបរបស់មនុស្សអាក្រក់។ អ្នកដែលធ្វើការអ្វីមួយដោយពិចារណាយ៉ាងហ្មត់ចត់ រមែងទទួលផលបរិបូណ៌ រីឯអ្នកដែលធ្វើអ្វីមួយដោយតក់ក្រហល់ តែងតែជួបអត្តខាត់។ អ្នកដែលរកទ្រព្យសម្បត្តិបានដោយបោកប្រាស់គេ ជាមនុស្សបញ្ឆោតខ្លួនឯង ហើយរត់ទៅរកសេចក្ដីស្លាប់។ ចិត្តឃោរឃៅរបស់មនុស្សអាក្រក់ នាំឲ្យខ្លួនគេវិនាស ដ្បិតគេមិនព្រមធ្វើអំពើយុត្តិធម៌ទេ។ ជនឧក្រិដ្ឋដើរតាមផ្លូវវៀចវេរ រីឯមនុស្សសុចរិតដើរតាមផ្លូវទៀងត្រង់។ ស៊ូរស់នៅតាមសំយាបផ្ទះ ជាជាងរស់នៅក្នុងផ្ទះជាមួយស្ត្រីពូកែឈ្លោះ។ មនុស្សពាលគិតតែពីធ្វើបាបគេ សូម្បីតែមិត្តសម្លាញ់របស់ខ្លួនក៏វាមិនត្រាប្រណីដែរ។ បើដាក់ទោសមនុស្សចំអកឡកឡឺយ នោះនឹងធ្វើឲ្យមនុស្សល្ងង់មានប្រាជ្ញា។ បើទូន្មានអ្នកមានប្រាជ្ញានោះគេនឹងទទួលចំណេះ។ ព្រះដ៏សុចរិតតែងតែឃ្លាំមើលក្រុមគ្រួសាររបស់មនុស្សអាក្រក់ ហើយធ្វើឲ្យគេអន្តរាយ។ អ្នកណាធ្វើជាថ្លង់ មិនឮសម្រែករបស់មនុស្សទុគ៌ត លុះពេលមានអាសន្នស្រែកហៅឲ្យគេជួយ នឹងគ្មាននរណាអើពើឡើយ។ ជំនូនដែលជូនដោយសម្ងាត់ តែងតែរំងាប់កំហឹង រីឯអំណោយដែលជូនដោយលាក់ការណ៍ ក៏ធ្វើឲ្យស្ងប់កំរោលដែរ។ ការប្រព្រឹត្តដោយយុត្តិធម៌រមែងផ្ដល់ឲ្យមនុស្សសុចរិតមានអំណរ តែធ្វើឲ្យមនុស្សទុច្ចរិតភ័យតក់ស្លុត។ អ្នកណាលះបង់សុភនិច្ឆ័យ អ្នកនោះនឹងទៅនៅជាមួយមនុស្សស្លាប់។ អ្នកដែលភ្លើតភ្លើននឹងការសប្បាយតែងតែធ្លាក់ខ្លួនក្រ រីឯអ្នកដែលចូលចិត្តស៊ីផឹកមិនអាចទៅជាអ្នកមានឡើយ។ មនុស្សអាក្រក់តែងតែរងទុក្ខជំនួសមនុស្សសុចរិត ហើយមនុស្សក្បត់រងទុក្ខជំនួសមនុស្សទៀងត្រង់។ ស៊ូរស់នៅក្នុងវាលរហោស្ថាន ជាជាងរស់នៅជាមួយប្រពន្ធពូកែឈ្លោះ ហើយឆាប់ខឹង។ ទ្រព្យសម្បត្តិ និងវត្ថុដ៏មានតម្លៃ ស្ថិតនៅក្នុងផ្ទះរបស់អ្នកប្រាជ្ញ រីឯមនុស្សល្ងីល្ងើវិញរមែងបង្ហិនទាំងអស់។ អ្នកដែលស្វែងរកសេចក្ដីសុចរិត និងសេចក្ដីសប្បុរសតែងតែមានអាយុវែង ជួបប្រទះនឹងសេចក្ដីសុចរិត ហើយទទួលកិត្តិយស។ មនុស្សមានប្រាជ្ញាអាចវាយដណ្ដើមយកបានទីក្រុងរបស់អ្នកខ្លាំងពូកែ ហើយកម្ទេចកំពែង ដែលជាទីទុកចិត្តរបស់អ្នកទាំងនោះផង។ អ្នកដែលប្រយ័ត្នពាក្យសម្ដី តែងតែចៀសផុតពីទោសពៃរ៍។ មនុស្សអួតបំប៉ោង និងព្រហើន តែងតែចំអកឲ្យអ្នកដទៃ អ្វីៗដែលគេធ្វើសុទ្ធតែបង្ហាញនូវការអួតបំប៉ោងរបស់ខ្លួន។ បំណងរបស់មនុស្សខ្ជិលរមែងធ្វើឲ្យខ្លួនស្លាប់ព្រោះគេមិនព្រមធ្វើការ។ មនុស្សខ្លះគិតតែពីលោភចង់បាន រីឯមនុស្សសុចរិតវិញ តែងតែធ្វើទានដោយឥតសំចៃ។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ទេ ដ្បិតពួកគេយកមកថ្វាយដោយបំណងអាក្រក់។ សាក្សីក្លែងក្លាយរមែងវិនាស រីឯអ្នកដែលដឹងរឿងច្បាស់ ទើបអាចនិយាយបាន។ មនុស្សអាក្រក់រមែងមានមុខក្រាស់ រីឯមនុស្សទៀងត្រង់ រឹតតែប្រព្រឹត្តត្រឹមត្រូវថែមទៀត។ គ្មានប្រាជ្ញា ការពិចារណា ឬយោបល់ណាអាចប្រៀបផ្ទឹមស្មើនឹងព្រះអម្ចាស់បានឡើយ។ គេរៀបទ័ពសេះសម្រាប់ថ្ងៃប្រយុទ្ធ តែជ័យជម្នះស្ថិតនៅលើព្រះអម្ចាស់។
សុភាសិត 21:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះទ័យនៃស្តេច នោះនៅក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាផ្លូវនៃទឹកហូរទាំងឡាយ ទ្រង់ឲ្យបែរហូរទៅខាងណាក៏តាមតែព្រះហឫទ័យ។ គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន តែព្រះយេហូវ៉ាទ្រង់ថ្លឹងចិត្តវិញ។ ការដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នឹងសេចក្ដីយុត្តិធម៌ នោះជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ាជាជាងយញ្ញបូជាទៅទៀត។ ឫកខ្ពស់នឹងចិត្តអំនួត គឺចង្កៀងរបស់មនុស្សអាក្រក់នោះហៅថាជាអំពើបាបទាំងអស់។ គំនិតរបស់មនុស្សឧស្សាហ៍ នោះនាំឲ្យបានបរិបូរឡើងតែម្យ៉ាង តែអស់អ្នកណាដែលមានចិត្តរលះរលាំងនោះនឹងបានតែសេចក្ដីខ្វះខាតវិញ។ ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្តាតភូតភរ នោះជាចំហាយទឹកទទេ ដែលផាត់ទៅមក ដោយពួកអ្នកដែលរកស្លាប់។ សេចក្ដីច្រឡោតរបស់មនុស្សអាក្រក់នឹងបោសខ្លួនគេចេញទៅ ដោយព្រោះគេមិនព្រមប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌សោះ។ ផ្លូវរបស់មនុស្សណា ដែលផ្ទុកដោយទោសច្រើននោះជាផ្លូវវៀចណាស់ តែចំណែកមនុស្សសុចរិតវិញ ការដែលគេប្រព្រឹត្តសុទ្ធតែទៀងត្រង់។ ស៊ូនៅក្នុងទីកៀន១នៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយនឹងស្ត្រីដែលចេះតែរករឿងវិញ។ ព្រលឹងនៃមនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់ ទោះទាំងអ្នកជិតខាងក៏មិនប្រកបដោយគុណអ្នកនោះដែរ។ កាលមនុស្សចំអកមើលងាយ ត្រូវទោសហើយនោះមនុស្សខ្លៅល្ងង់ក៏មានប្រាជ្ញាឡើង ហើយកាលណាមនុស្សមានប្រាជ្ញាបានទទួលសេចក្ដីប្រៀនប្រដៅ នោះក៏មានចំណេះឡើងដែរ។ មនុស្សសុចរិតរមែងពិចារណាមើលវង្សនៃមនុស្សអាក្រក់ ឃើញថា គេត្រូវរំលំឲ្យវិនាសបាត់ទៅ។ អ្នកណាដែលចុកត្រចៀកមិនស្តាប់ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។ អំណោយដែលឲ្យដោយស្ងាត់កំបាំង នោះរមែងរំងាប់សេចក្ដីកំហឹង ហើយជំនូនដែលជូនដោយលួចលាក់ក៏បំបាត់សេចក្ដីឃោរឃៅដែរ។ ការដែលប្រព្រឹត្តដោយយុត្តិធម៌ នោះជាសេចក្ដីអំណរដល់មនុស្សសុចរិត តែនោះជាសេចក្ដីវិនាសដល់មនុស្សដែលប្រព្រឹត្តទុច្ចរិតវិញ។ មនុស្សណាដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញា នោះនឹងសំរាកនៅក្នុងចំណោមមនុស្សស្លាប់ហើយ។ ឯអ្នកណា ដែលចូលចិត្តតែនឹងការលេងសប្បាយ នោះនឹងត្រូវជាមនុស្សទាល់ក្រទៅ អ្នកណាដែលចូលចិត្តតែស្រា ហើយនឹងប្រេង នោះមិនដែលទៅជាអ្នកមានទេ។ មនុស្សអាក្រក់គេសំរាប់ជាថ្លៃលោះមនុស្សសុចរិត ហើយមនុស្សក្បត់ក៏ជំនួសមនុស្សទៀងត្រង់ដែរ។ ស៊ូអាស្រ័យនៅក្នុងទីសូន្យស្ងាត់ ជាជាងនៅជាមួយនឹងស្ត្រីដែលចេះតែរករឿង ហើយអុចអាលវិញ។ មានទ្រព្យវិសេស នឹងប្រេង នៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់ទៅ។ អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នឹងសេចក្ដីសប្បុរស នោះរមែងបានជីវិត សេចក្ដីសុចរិត នឹងកិត្តិសព្ទ។ ឯមនុស្សមានប្រាជ្ញា គេឡើងចូលក្នុងទីក្រុងរបស់មនុស្សខ្លាំងពូកែ ហើយនឹងនាំឲ្យកំឡាំងដែលគេពឹងពាក់ធ្លាក់ចុះវិញ។ អ្នកណាដែលរក្សាមាត់នឹងអណ្តាតខ្លួន នោះក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរ។ ឯមនុស្សអំនួត ហើយឆ្មើងឆ្មៃ មានឈ្មោះជាអ្នកចំអក គេតែងតែប្រព្រឹត្តដោយសេចក្ដីប្រមាថមើលងាយ នឹងសេចក្ដីអំនួតទទេ។ បំណងចិត្តរបស់មនុស្សខ្ជិលច្រអូស នោះរមែងសំឡាប់ខ្លួនវិញ ដ្បិតដៃគេមិនព្រមធ្វើការសោះ។ មានគេដែលលោភលន់រាល់តែថ្ងៃជានិច្ច តែឯមនុស្សសុចរិតគេចែកចាយវិញ ឥតសំចៃទុកអ្វីឡើយ។ យញ្ញបូជាដែលមនុស្សអាក្រក់ថ្វាយ ជាទីស្អប់ខ្ពើមទៅហើយ ចំណង់បើកាលណាថ្វាយដោយមានគំនិតអាក្រក់ នោះនឹងគួរខ្ពើមជាជាងអំបាលម៉ានទៅទៀត។ សាក្សីក្លែងក្លាយនឹងត្រូវវិនាស តែអ្នកណាដែលបានឮច្បាស់ នោះនឹងធ្វើទីបន្ទាល់ជាប់នៅជាដរាប។ មនុស្សដែលប្រព្រឹត្តអាក្រក់ គេធ្វើទឹកមុខរឹង តែមនុស្សទៀងត្រង់វិញ គេខំប្រឹងកែឲ្យផ្លូវខ្លួនបានត្រឹមត្រូវ។ គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។ គេត្រៀមសេះទុកសំរាប់ថ្ងៃសឹកសង្គ្រាម តែការដែលមានជ័យជំនះ នោះស្រេចនៅព្រះយេហូវ៉ាទេ។