សុភាសិត 21:1-16
សុភាសិត 21:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះហឫទ័យរបស់ស្តេច នៅក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាផ្លូវទឹកហូរទាំងឡាយ ព្រះអង្គឲ្យបែរហូរទៅខាងណា ក៏តាមតែព្រះហឫទ័យ។ គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន តែព្រះយេហូវ៉ាថ្លឹងចិត្ត។ ការដែលប្រព្រឹត្តតាមសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ នោះជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ជាជាងយញ្ញបូជាទៅទៀត។ ឫកខ្ពស់ និងចិត្តអំនួត គឺជាចង្កៀងជារបស់មនុស្សអាក្រក់ នោះហៅថាជាអំពើបាបទាំងអស់។ គំនិតរបស់មនុស្សឧស្សាហ៍ នាំឲ្យបានបរិបូរឡើងតែម៉្យាង តែអស់អ្នកណាដែលមានចិត្តរលះរលាំង នោះនឹងបានតែសេចក្ដីខ្វះខាតវិញ។ ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្ដាតភូតភរ នោះជាចំហាយទឹកដែលផាត់ទៅមក និងជាអន្ទាក់នៃសេចក្ដីស្លាប់។ សេចក្ដីច្រឡោតរបស់មនុស្សអាក្រក់ នឹងបោសខ្លួនគេចេញទៅ ដោយព្រោះគេមិនព្រមប្រព្រឹត្ត តាមសេចក្ដីយុត្តិធម៌សោះ។ ផ្លូវរបស់មនុស្សណាដែលផ្ទុកដោយ ទោសច្រើន នោះជាផ្លូវវៀចណាស់ តែចំណែកមនុស្សសុចរិតវិញ ការដែលគេប្រព្រឹត្តសុទ្ធតែទៀងត្រង់។ ស៊ូនៅក្នុងទីកៀនមួយនៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយស្ត្រី ដែលចេះតែរករឿងវិញ។ ព្រលឹងរបស់មនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់ ទោះទាំងអ្នកជិតខាងក៏មិនប្រកបដោយ គុណអ្នកនោះដែរ។ កាលមនុស្សចំអកមើលងាយត្រូវទោសហើយ នោះមនុស្សខ្លៅល្ងង់ក៏មានប្រាជ្ញាឡើង។ កាលណាមនុស្សមានប្រាជ្ញាបានទទួល សេចក្ដីប្រៀនប្រដៅ នោះគេកាន់តែមានចំណេះថែមទៀត។ មនុស្សសុចរិតរមែងពិចារណាមើល វង្សរបស់មនុស្សអាក្រក់ ឃើញថា គេត្រូវរំលំឲ្យវិនាសបាត់ទៅ។ អ្នកណាដែលចុកត្រចៀកមិនស្តាប់ ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។ អំណោយដែលឲ្យដោយស្ងាត់កំបាំង នោះរមែងរម្ងាប់សេចក្ដីកំហឹង ហើយជំនូនដែលជូនដោយលួចលាក់ ក៏បំបាត់សេចក្ដីឃោរឃៅដែរ។ ការដែលប្រព្រឹត្តដោយយុត្តិធម៌ នោះជាអំណរដល់មនុស្សសុចរិត តែនោះជាសេចក្ដីវិនាសដល់មនុស្ស ដែលប្រព្រឹត្តទុច្ចរិតវិញ។ មនុស្សណាដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញា នោះនឹងសម្រាកនៅក្នុងចំណោម មនុស្សស្លាប់ហើយ។
សុភាសិត 21:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះហឫទ័យរបស់ស្ដេចប្រៀបបាននឹងទឹកនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គផ្អៀងព្រះហស្ដទៅខាងណា ទឹកហូរទៅខាងនោះ។ មនុស្សគ្រប់ៗរូបតែងយល់ថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រឹមត្រូវ ក៏ប៉ុន្តែ មានតែព្រះអម្ចាស់ទេ ដែលឈ្វេងយល់ចិត្តរបស់មនុស្ស។ ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ជាងការថ្វាយយញ្ញបូជាទៅទៀត។ ទឹកមុខក្រអឺតក្រទម និងចិត្តព្រហើន បង្ហាញឲ្យឃើញនូវអំពើបាបរបស់មនុស្សអាក្រក់។ អ្នកដែលធ្វើការអ្វីមួយដោយពិចារណាយ៉ាងហ្មត់ចត់ រមែងទទួលផលបរិបូណ៌ រីឯអ្នកដែលធ្វើអ្វីមួយដោយតក់ក្រហល់ តែងតែជួបអត្តខាត់។ អ្នកដែលរកទ្រព្យសម្បត្តិបានដោយបោកប្រាស់គេ ជាមនុស្សបញ្ឆោតខ្លួនឯង ហើយរត់ទៅរកសេចក្ដីស្លាប់។ ចិត្តឃោរឃៅរបស់មនុស្សអាក្រក់ នាំឲ្យខ្លួនគេវិនាស ដ្បិតគេមិនព្រមធ្វើអំពើយុត្តិធម៌ទេ។ ជនឧក្រិដ្ឋដើរតាមផ្លូវវៀចវេរ រីឯមនុស្សសុចរិតដើរតាមផ្លូវទៀងត្រង់។ ស៊ូរស់នៅតាមសំយាបផ្ទះ ជាជាងរស់នៅក្នុងផ្ទះជាមួយស្ត្រីពូកែឈ្លោះ។ មនុស្សពាលគិតតែពីធ្វើបាបគេ សូម្បីតែមិត្តសម្លាញ់របស់ខ្លួនក៏វាមិនត្រាប្រណីដែរ។ បើដាក់ទោសមនុស្សចំអកឡកឡឺយ នោះនឹងធ្វើឲ្យមនុស្សល្ងង់មានប្រាជ្ញា។ បើទូន្មានអ្នកមានប្រាជ្ញានោះគេនឹងទទួលចំណេះ។ ព្រះដ៏សុចរិតតែងតែឃ្លាំមើលក្រុមគ្រួសាររបស់មនុស្សអាក្រក់ ហើយធ្វើឲ្យគេអន្តរាយ។ អ្នកណាធ្វើជាថ្លង់ មិនឮសម្រែករបស់មនុស្សទុគ៌ត លុះពេលមានអាសន្នស្រែកហៅឲ្យគេជួយ នឹងគ្មាននរណាអើពើឡើយ។ ជំនូនដែលជូនដោយសម្ងាត់ តែងតែរំងាប់កំហឹង រីឯអំណោយដែលជូនដោយលាក់ការណ៍ ក៏ធ្វើឲ្យស្ងប់កំរោលដែរ។ ការប្រព្រឹត្តដោយយុត្តិធម៌រមែងផ្ដល់ឲ្យមនុស្សសុចរិតមានអំណរ តែធ្វើឲ្យមនុស្សទុច្ចរិតភ័យតក់ស្លុត។ អ្នកណាលះបង់សុភនិច្ឆ័យ អ្នកនោះនឹងទៅនៅជាមួយមនុស្សស្លាប់។
សុភាសិត 21:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះទ័យនៃស្តេច នោះនៅក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាផ្លូវនៃទឹកហូរទាំងឡាយ ទ្រង់ឲ្យបែរហូរទៅខាងណាក៏តាមតែព្រះហឫទ័យ។ គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន តែព្រះយេហូវ៉ាទ្រង់ថ្លឹងចិត្តវិញ។ ការដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នឹងសេចក្ដីយុត្តិធម៌ នោះជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ាជាជាងយញ្ញបូជាទៅទៀត។ ឫកខ្ពស់នឹងចិត្តអំនួត គឺចង្កៀងរបស់មនុស្សអាក្រក់នោះហៅថាជាអំពើបាបទាំងអស់។ គំនិតរបស់មនុស្សឧស្សាហ៍ នោះនាំឲ្យបានបរិបូរឡើងតែម្យ៉ាង តែអស់អ្នកណាដែលមានចិត្តរលះរលាំងនោះនឹងបានតែសេចក្ដីខ្វះខាតវិញ។ ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្តាតភូតភរ នោះជាចំហាយទឹកទទេ ដែលផាត់ទៅមក ដោយពួកអ្នកដែលរកស្លាប់។ សេចក្ដីច្រឡោតរបស់មនុស្សអាក្រក់នឹងបោសខ្លួនគេចេញទៅ ដោយព្រោះគេមិនព្រមប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌សោះ។ ផ្លូវរបស់មនុស្សណា ដែលផ្ទុកដោយទោសច្រើននោះជាផ្លូវវៀចណាស់ តែចំណែកមនុស្សសុចរិតវិញ ការដែលគេប្រព្រឹត្តសុទ្ធតែទៀងត្រង់។ ស៊ូនៅក្នុងទីកៀន១នៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយនឹងស្ត្រីដែលចេះតែរករឿងវិញ។ ព្រលឹងនៃមនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់ ទោះទាំងអ្នកជិតខាងក៏មិនប្រកបដោយគុណអ្នកនោះដែរ។ កាលមនុស្សចំអកមើលងាយ ត្រូវទោសហើយនោះមនុស្សខ្លៅល្ងង់ក៏មានប្រាជ្ញាឡើង ហើយកាលណាមនុស្សមានប្រាជ្ញាបានទទួលសេចក្ដីប្រៀនប្រដៅ នោះក៏មានចំណេះឡើងដែរ។ មនុស្សសុចរិតរមែងពិចារណាមើលវង្សនៃមនុស្សអាក្រក់ ឃើញថា គេត្រូវរំលំឲ្យវិនាសបាត់ទៅ។ អ្នកណាដែលចុកត្រចៀកមិនស្តាប់ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។ អំណោយដែលឲ្យដោយស្ងាត់កំបាំង នោះរមែងរំងាប់សេចក្ដីកំហឹង ហើយជំនូនដែលជូនដោយលួចលាក់ក៏បំបាត់សេចក្ដីឃោរឃៅដែរ។ ការដែលប្រព្រឹត្តដោយយុត្តិធម៌ នោះជាសេចក្ដីអំណរដល់មនុស្សសុចរិត តែនោះជាសេចក្ដីវិនាសដល់មនុស្សដែលប្រព្រឹត្តទុច្ចរិតវិញ។ មនុស្សណាដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញា នោះនឹងសំរាកនៅក្នុងចំណោមមនុស្សស្លាប់ហើយ។