សុភាសិត 20:1-30

សុភាសិត 20:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ស្រា​ទំពាំង‌បាយ‌ជូរ ជា​របស់​បញ្ឆោត​មើល​ងាយ ហើយ​គ្រឿង​ស្រវឹង​បង្កើត​ការ​ឡូឡា អ្នក​ណា​ដែល​វង្វេង​ដោយ​គ្រឿង​ទាំង​ពីរ​នោះ ឈ្មោះ​ថា​គ្មាន​ប្រាជ្ញា។ សេចក្ដី​ស្ញែង​ខ្លាច​របស់​ស្តេច ប្រៀប​ដូច​ជា​សំឡេង​គ្រហឹម​របស់​សិង្ហ អ្នក​ណា​ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់​ឡើង ឈ្មោះ​ថា​ធ្វើ​បាប​ដល់​ជីវិត​ខ្លួន​ហើយ។ អ្នក​ណា​ដែល​មិន​ព្រម​បៀត​ខ្លួន ក្នុង​ការ​ឈ្លោះ​ប្រកែក​គ្នា នោះ​ជា​កិត្តិ‌សព្ទ​ដល់​ខ្លួន​ហើយ ប៉ុន្តែ គ្រប់​ទាំង​មនុស្ស​ល្ងី‌ល្ងើ គេ​ចេះ​តែ​រក​រឿង​វិញ។ មនុស្ស​ខ្ជិល​ច្រអូស​មិន​ព្រម​ភ្ជួរ​រាស់ ដោយ​ព្រោះ​នៅ​រងា​នៅ​ឡើយ ដូច្នេះ គេ​នឹង​ត្រូវ​សុំទាន​ក្នុង​រដូវ​ចម្រូត ហើយ​ខ្វះ​ខាត​វិញ។ ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស ធៀប​ដូច​ជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន។ មនុស្ស​ស្ទើរ​តែ​ទាំង​អស់ សុទ្ធ​តែ​ជា​អ្នក​ប្រកាស​គុណ​របស់​ខ្លួន តើ​អ្នក​ណា​នឹង​រក​មនុស្ស​ទៀង​ត្រង់ សូម្បី​តែ​ម្នាក់​បាន? មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន កូន​ចៅ​របស់​អ្នក​នោះ​មាន​ពរ​ត​រៀង​ទៅ។ កាល​ណា​ស្តេច​ឡើង​គង់​នៅ​ទី​វិនិច្ឆ័យ ព្រះ‌អង្គ​កម្ចាត់​អស់​ទាំង​អំពើ​អាក្រក់ ដោយ‌សារ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។ តើ​អ្នក​ណា​អាច​និយាយ​បាន​ថា «ខ្ញុំ​បាន​ជម្រះ​ចិត្ត​ខ្ញុំ​ឲ្យ​ស្អាត ខ្ញុំ​បាន​បរិសុទ្ធ​រួច​ពី​បាប​របស់​ខ្ញុំ​ហើយ?» កូន​ជញ្ជីង​ឆ​ផ្សេងៗ និង​រង្វាល់​កោង​ផ្សេងៗ ទាំង​ពីរ​យ៉ាង​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។ សូម្បី​តែ​កូន​ក្មេង​ក៏​សម្ដែង​ខ្លួន ដោយ‌សារ​កិរិយា​ប្រព្រឹត្ត​របស់​វា​ដែរ ឲ្យ​ដឹង​ជា​កិរិយា​នោះ​បរិសុទ្ធ ហើយ​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា។ ការ​ស្តាប់​ឮ​ដោយ​ត្រចៀក ហើយ​មើល​ឃើញ​ដោយ​ភ្នែក គឺ​ព្រះ‌យេហូវ៉ា​ដែល​បង្កើត​ទាំង​ពីរ​យ៉ាង។ កុំ​ល្មោភ​ដេក ក្រែង​លោ​ត្រឡប់​ជា​ទាល់​ក្រ ចូរ​បើក​ភ្នែក​ឡើង នោះ​នឹង​បាន​អាហារ​ឆ្អែត។ អ្នក​ដែល​ទិញ​រមែង​ថា របស់​នេះ​អាក្រក់ អាក្រក់​ណាស់ តែ​កាល​ណា​ដើរ​ហួស​ទៅ នោះ​ក៏​អួត​ខ្លួន​វិញ។ មាស និង​ត្បូង​ទទឹម​មាន​ជា​បរិបូរ តែ​បបូរ​មាត់​ដែល​ប្រកប​ដោយ​ចំណេះ នោះ​ជា​ត្បូង​មាន​តម្លៃ​យ៉ាង​ប្រសើរ​វិញ។ ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក ដែល​ធានា​ឲ្យ​អ្នក​ដទៃ ហើយ​ទារ​របស់​បញ្ចាំ​ពី​អ្នក​សន្យា ជំនួស​អ្នក​ក្រៅ​ចុះ។ អាហារ​ដែល​មនុស្ស​ណា​បាន​ដោយ​ការ​កំភូត រមែង​ឆ្ងាញ់​ដល់​ខ្លួន តែ​ក្រោយ​មក មាត់​មាន​ពេញ​ទៅ​ដោយ​ក្រួស​វិញ។ អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សម្រេច​មែន​ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។ អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​ដើម​គេ ជា​អ្នក​បើក​សម្ដែង​ការ​លាក់​កំបាំង​ហើយ ដូច្នេះ កុំ​ភប់‌ប្រសព្វ​នឹង​អ្នក​ណា ដែល​មាន​មាត់​ប៉ាច‌រហាច​ឡើយ។ អ្នក​ណា​ដែល​ប្រទេច​ផ្ដាសា​ឪពុក​ម្តាយ ចង្កៀង​របស់​អ្នក​នោះ​នឹង​ត្រូវ​ពន្លត់ នៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង។ ឯ​មត៌ក​ដែល​ដើម​ដំបូង​បាន​យ៉ាង​រួស‌រាន់ នោះ​ដល់​ចុង​ក្រោយ​មិន​បាន​ពរ​ទេ។ កុំ​ឲ្យ​ថា «យើង​នឹង​សង‌សឹក» ចូរ​រង់​ចាំ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​ឯង​វិញ។ កូន​ជញ្ជីង​ឆ​ផ្សេងៗ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ហើយ​ការ​បំបាត់​ភ្នែក​ជញ្ជីង​ក៏​មិន​ល្អ​ដែរ។ ផ្លូវ​ដើរ​របស់​មនុស្ស ស្រេច​លើ​ព្រះ‌យេហូវ៉ា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស យល់​ផ្លូវ​របស់​ខ្លួន​បាន? ការ​ដែល​និយាយ​ឥត​បើ​គិត​ថា «នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ​ហើយ» រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។ ស្តេច​ដែល​មាន​ប្រាជ្ញា ទ្រង់​កម្ចាត់​មនុស្ស​អាក្រក់​ចេញ ហើយ​ឲ្យ​កង់​បញ្ជាន់​ស្រូវ​កិន​លើ​គេ។ វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្ទង់​មើល​ទៅ​គ្រប់​ក្នុង​ចំណែក​នៃ​រាង​កាយ។ សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ​ត្រង់ រមែង​ការ​ពារ​ស្តេច ហើយ​បល្ល័ង្ក‌រាជ្យ​របស់​ស្ដេច​ស្ថិត​ស្ថេរ​នៅ ដោយ‌សារ​សេចក្ដី​សប្បុ‌រស​ដែរ។ កម្លាំង​កាយជា​សេចក្ដី​អំនួត​របស់​មនុស្ស​កំលោះ ហើយ​សក់​ស្កូវ​ជា​គ្រឿង​លម្អ​ដល់​មនុស្ស​ចាស់។ ការ​វាយ​ដោយ​រំពាត់​ឲ្យ​ត្រូវ​របួស នោះ​នឹង​សម្អាត​អំពើ​អាក្រក់​ចេញ ហើយ​ការ​វាយ​ដោយ​ដំបង ក៏​នឹង​ចូល​ទៅ​ដល់​ខាង​ក្នុង​ខ្លួន​ដែរ។

ចែក​រំលែក
អាន សុភាសិត 20

សុភាសិត 20:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សុរា​រមែង​ធ្វើ​ឲ្យ​មនុស្ស​ក្អេង‌ក្អាង ហើយ​គ្រឿង​ស្រវឹង​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​ឡូ‌ឡា។ មនុស្ស​ប្រមឹក​មិន​អាច​ធ្វើ​ជា​អ្នក​ប្រាជ្ញ​បាន​ឡើយ។ កំហឹង​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ អ្នក​ដែល​ធ្វើ​ឲ្យ​ស្ដេច​ខ្ញាល់ រមែង​នាំ​ឲ្យ​ខ្លួន​មាន​ទោស។ អ្នក​ណា​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​ជម្លោះ អ្នក​នោះ​តែងតែ​ទទួល​កិត្តិយស រីឯ​មនុស្ស​ល្ងី‌ល្ងើ​ជា​អ្នក​ពូកែ​ឈ្លោះ។ នៅ​រដូវ​វស្សា មនុស្ស​កម្ជិល​មិន​ភ្ជួរ​មិន​រាស់​ទេ លុះ​ដល់​រដូវ​ចម្រូត គេ​រក​អ្វី​ច្រូត​ពុំ​បាន​ឡើយ។ គំនិត​របស់​មនុស្ស​ជ្រៅ​ដូច​បាត​សមុទ្រ មាន​តែ​មនុស្ស​ឈ្លាស‌វៃ​ប៉ុណ្ណោះ ដែល​ចេះ​ស្រង់​យក​គំនិត​នោះ។ មនុស្ស​ជា​ច្រើន​អះ‌អាង​ថា​ខ្លួន​សប្បុរស តែ​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ពិបាក​រក​ណាស់។ មនុស្ស​សុចរិត​តែងតែ​រស់​នៅ ដោយ​ទៀង​ត្រង់ ហើយ​កូន​របស់​គាត់​រមែង​ទទួល​សុភមង្គល។ កាល​ណា​ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​គង់​លើ​រាជ្យ‌បល្ល័ង្ក ទ្រង់​ពិចារណា​ឃើញ​អំពើ​អាក្រក់​ភ្លាម។ តើ​អ្នក​ណា​អាច​ពោល​ថា «ខ្ញុំ​មាន​ចិត្ត​បរិសុទ្ធ ខ្ញុំ​គ្មាន​បាប​ទាល់​តែ​សោះ»? បំបាត់​ភ្នែក​ជញ្ជីង ឬ​វាល់​មិន​គ្រប់ សុទ្ធ​តែ​ជា​អំពើ​ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ។ សូម្បី​តែ​កូន​ក្មេង​ក៏​អាច​បង្ហាញ​ឲ្យ​គេ​ឃើញ​នូវ​កិរិយា​ល្អ​ត្រឹម​ត្រូវ​របស់​វា តាម​អំពើ​ដែល​វា​ប្រព្រឹត្ត​ដែរ។ ត្រចៀក​សម្រាប់​ស្ដាប់ និង​ភ្នែក​សម្រាប់​មើល សុទ្ធ​តែ​ព្រះ‌អម្ចាស់​បង្កើត​មក​ដូច​គ្នា។ បើ​អ្នក​គិត​តែ​ពី​ដេក អ្នក​មុខ​ជា​ធ្លាក់​ខ្លួន​ក្រ បើ​អ្នក​ចង់​មាន​អាហារ​គ្រប់‌គ្រាន់ ចូរ​ក្រោក​ឡើង​ពី​ព្រលឹម។ អ្នក​ទិញ​តែង​ពោល​ថា «របស់​នេះ​មិន​ល្អ​ទេ! របស់​នេះ​មិន​ល្អ​ទេ!» លុះ​ចេញ​ផុត​ទៅ គាត់​សរសើរ​ខ្លួន​ឯង។ មាស​ក៏​សម្បូណ៌ ពេជ្រ​ក៏​សម្បូណ៌ ប៉ុន្តែ ពាក្យ​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា​មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។ បើ​មាន​គេ​មក​ធានា​សង​បំណុល​ជំនួស​នរណា​ម្នាក់ ចូរ​ទារ​យក​អាវ​ធំ​របស់​គេ​ទុក​ជា​របស់​បញ្ចាំ ព្រោះ​គេ​បាន​ធានា​មនុស្ស​ដែល​អ្នក​មិន​ស្គាល់។ អាហារ​ដែល​បាន​មក​ពី​ការ​បញ្ឆោត​ឆ្ងាញ់​តែ​មុន​ដំបូង​ទេ ក្រោយ​មក អាហារ​នោះ​ក្លាយ​ទៅ​ជា​ដុំ​គ្រួស​ក្នុង​មាត់​វិញ។ យោបល់​ល្អ​រមែង​ធ្វើ​ឲ្យ​គម្រោង‌ការ​បាន​សម្រេច មុន​នឹង​ធ្វើ​សង្គ្រាម ត្រូវ​រិះគិត​ឲ្យ​បាន​ដិត​ដល់​ជា​មុន។ អ្នក​និយាយ​ដើម​គេ​រមែង​បើក​កកាយ​ការ​សម្ងាត់ កុំ​សេព‌គប់​ជា​មួយ​អ្នក​ដែល​និយាយ​ច្រើន​ពេក។ អ្នក​ណា​ប្រទេច‌ផ្ដាសា​ឪពុក​ម្ដាយ ជីវិត​របស់​អ្នក​នោះ​នឹង​រលត់ ដូច​ចង្កៀង​នៅ​ក្នុង​ទី​ងងឹត។ អ្នក​ណា​ប្រមូល​ទ្រព្យ​សម្បត្តិ​បាន​រហ័ស​ពេក ទៅ​ថ្ងៃ​ក្រោយ អ្នក​នោះ​មិន​បាន​ទទួល​ព្រះ‌ពរ​ឡើយ។ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ តែ​ត្រូវ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ នោះ​ព្រះអង្គ​នឹង​សង្គ្រោះ​អ្នក។ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កូន​ជញ្ជីង​មិន​ត្រឹម​ត្រូវ​ទេ ហើយ​ការ​បំបាត់​ភ្នែក​ជញ្ជីង​ក៏​ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ដែរ។ ព្រះ‌អម្ចាស់​តែងតែ​ដឹក​នាំ​ដំណើរ​ជីវិត​របស់​មនុស្ស ប៉ុន្តែ មនុស្ស​ពុំ​អាច​ស្គាល់​ទិស‌ដៅ​នៃ​ជីវិត​របស់​ខ្លួន​បាន​ទេ។ ចូរ​រិះគិត​ឲ្យ​បាន​ដិត‌ដល់ មុន​នឹង​សន្យា​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះ‌ជាម្ចាស់ ដើម្បី​កុំ​ឲ្យ​ស្ដាយ​ក្រោយ។ ស្ដេច​មាន​ប្រាជ្ញា​តែងតែ​កម្ចាត់​មនុស្ស​អាក្រក់ ហើយ​ដាក់​ទោស​ពួក​គេ​ឥត​ប្រណី។ វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង ដែល​មក​ពី​ព្រះ‌អម្ចាស់ ចង្កៀង​នោះ​បំភ្លឺ​រហូត​ដល់​ជម្រៅ​ចិត្ត​របស់​គេ។ សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ​ត្រង់ រមែង​ជួយ​ការ‌ពារ​ស្ដេច ហើយ​ទ្រង់​ពង្រឹង​រាជ​សម្បត្តិ​បាន​ដោយ‌សារ​យុត្តិធម៌។ កម្លាំង​ជា​អំនួត​របស់​យុវជន រីឯ​សក់​ស្កូវ​ជា​កិត្តិយស​របស់​មនុស្ស​ចាស់។ របួស​ដ៏​ឈឺ​ចាប់​ជា​ឱសថ​បំបាត់​ភាព​អាក្រក់ ហើយ​ការ​វាយ‌ដំ​អាច​ធ្វើ​ឲ្យ​មាន​ការ​កែ‌ប្រែ រហូត​ដល់​ជម្រៅ​ចិត្ត។

ចែក​រំលែក
អាន សុភាសិត 20

សុភាសិត 20:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ស្រា​ទំពាំង‌បាយ‌ជូរ ជា​របស់​បញ្ឆោត​មើល‌ងាយ ហើយ​គ្រឿង​ស្រវឹង​បង្កើត​ការ​ឡូឡា អ្នក​ណា​ដែល​វង្វេង​ដោយ​គ្រឿង​ទាំង​២​នោះ ឈ្មោះ​ថា​គ្មាន​ប្រាជ្ញា។ សេចក្ដី​ស្ញែង​ខ្លាច​របស់​ស្តេច នោះ​ប្រៀប​ដូច​ជា​សំឡេង​គ្រហឹម​នៃ​សិង្ហ អ្នក​ណា​ដែល​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើង នោះ​ឈ្មោះ​ថា​ធ្វើ​បាប​ដល់​ជីវិត​ខ្លួន​ហើយ។ អ្នក​ណា​ដែល​មិន​ព្រម​បៀត​ខ្លួន ក្នុង​ការ​ឈ្លោះ​ប្រកែក​គ្នា នោះ​ជា​កិត្តិសព្ទ​ដល់​ខ្លួន​ហើយ ប៉ុន្តែគ្រប់​ទាំង​មនុស្ស​ល្ងី‌ល្ងើ​គេ​ចេះ​តែ​រក​រឿង​វិញ។ មនុស្ស​ខ្ជិល​ច្រអូស​មិន​ព្រម​ភ្ជួរ‌រាស់ ដោយ​ព្រោះ​នៅ​រងា​នៅ​ឡើយ ដូច្នេះ គេ​នឹង​ត្រូវ​សុំទាន​ក្នុង​រដូវ​ចំរូត ហើយ​ខ្វះ​ខាត​វិញ។ សេចក្ដី​ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូច​ជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន។ មនុស្ស​ស្ទើរ​តែ​ទាំង​អស់ សុទ្ធ​តែ​ជា​អ្នក​ប្រកាស​គុណ​របស់​ខ្លួន តើ​អ្នក​ណា​នឹង​រក​មនុស្ស​ទៀង​ត្រង់ សូម្បី​តែ​ម្នាក់​បាន។ មនុស្ស​សុចរិត គេ​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន​កូន​ចៅ​របស់​អ្នក​នោះ​មាន​ពរ​ត​រៀង​ទៅ។ កាល​ណា​ស្តេច​ឡើង​គង់​នៅ​ទី​វិនិច្ឆ័យ នោះ​ទ្រង់​កំចាត់​អស់​ទាំង​អំពើ​អាក្រក់ ដោយ‌សារ​ព្រះ‌នេត្រ​ទ្រង់។ តើ​អ្នក​ណា​អាច​នឹង​និយាយ​បាន​ថា ខ្ញុំ​បាន​ជំរះ​ចិត្ត​ខ្ញុំ​ឲ្យ​ស្អាត ខ្ញុំ​បាន​បរិសុទ្ធ​រួច​ពី​បាប​របស់​ខ្ញុំ​ហើយ។ កូន​ជញ្ជីង​ឆ​ផ្សេងៗ ហើយ​រង្វាល់​កោង​ផ្សេងៗ​ទាំង​២​យ៉ាង​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។ សូម្បី​តែ​កូន​ក្មេង​ក៏​សំដែង​ខ្លួន ដោយ‌សារ​កិរិយា​ប្រព្រឹត្ត​របស់​វា​ដែរ ឲ្យ​ដឹង​ជា​កិរិយា​នោះ​បរិសុទ្ធ ហើយ​ត្រឹម‌ត្រូវ​ឬ​យ៉ាង​ណា។ ការ​ស្តាប់​ឮ​ដោយ​ត្រចៀក ហើយ​មើល​ឃើញ​ដោយ​ភ្នែក នោះ​គឺ​ព្រះ‌យេហូវ៉ា​ដែល​បង្កើត​ទាំង​២​យ៉ាង។ កុំ​ឲ្យ​ល្មោភ​ដេក ក្រែង​លោ​ត្រឡប់​ជា​ទាល់​ក្រ ចូរ​បើក​ភ្នែក​ឡើង នោះ​នឹង​បាន​អាហារ​ឆ្អែត។ អ្នក​ដែល​ទិញ​រមែង​ថា របស់​នេះ​អាក្រក់ អាក្រក់​ណាស់ តែ​កាល​ណា​ដើរ​ហួស​ទៅ នោះ​ក៏​អួត​ខ្លួន​វិញ។ មាស ហើយ​ត្បូង​ទទឹម​មាន​ជា​បរិបូរ តែ​បបូរ​មាត់​ដែល​ប្រកប​ដោយ​ចំណេះ នោះ​ជា​ត្បូង​មាន​ដំឡៃ​យ៉ាង​ប្រសើរ​វិញ។ ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ ហើយ​ទារ​របស់​បញ្ចាំ​ពី​អ្នក​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។ អាហារ​ដែល​មនុស្ស​ណា​បាន ដោយ​ការ​កំភូត នោះ​រមែង​ឆ្ងាញ់​ដល់​ខ្លួន តែ​ក្រោយ​មក មាត់​មាន​ពេញ​ទៅ​ដោយ​ក្រួស​វិញ។ អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សំរេច​មែន‌ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។ អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​ដើម​គេ នោះ​ជា​អ្នក​បើក​សំដែង​ការ​លាក់​កំបាំង​ហើយ ដូច្នេះ​កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​អ្នក​ណា​ដែល​មាន​មាត់​ប៉ាច‌រហាច​ឡើយ។ អ្នក​ណា​ដែល​ប្រទេច​ផ្តាសា​ឪពុក​ម្តាយ ចង្កៀង​របស់​អ្នក​នោះ​នឹង​ត្រូវ​ពន្លត់​នៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង។ ឯ​មរដក ដែល​ដើម​ដំបូង​បាន​យ៉ាង​រួស‌រាន់ នោះ​ដល់​ចុង​ក្រោយ​មិន​បាន​ពរ​ទេ។ កុំ​ឲ្យ​ថា អញ​នឹង​សង‌សឹក នោះ​ឡើយ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ចុះ ទ្រង់​នឹង​ជួយ​សង្គ្រោះ​ឯង​វិញ។ កូន​ជញ្ជីង​ឆ​ផ្សេងៗ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ហើយ​ត្រាជូ​ក្លែង នោះ​មិន​ល្អ​ទេ។ ផ្លូវ​ដើរ​របស់​មនុស្ស នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​យល់​ផ្លូវ​ខ្លួន​បាន។ ការ​ដែល​និយាយ​ឥត​បើ​គិត​ថា នេះ​ជា​ដង្វាយ​ថ្វាយ​ព្រះ​ហើយ រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ខាង​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។ ស្តេច​ដែល​មាន​ប្រាជ្ញា ទ្រង់​កំចាត់​មនុស្ស​អាក្រក់​ចេញ ហើយ​ឲ្យ​កង់​បញ្ជាន់​ស្រូវ​កិន​លើ​គេ។ វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្ទង់​មើល​ទៅ​គ្រប់​ក្នុង​ចំណែក​នៃ​រាង​កាយ។ សេចក្ដី​មេត្តា នឹង​សេចក្ដី​ទៀង​ត្រង់ រមែង​ការ‌ពារ​ស្តេច ហើយ​បល្ល័ង្ក‌រាជ្យ​ទ្រង់​ក៏​ស្ថិត​នៅ ដោយ‌សារ​សេចក្ដី​សប្បុរស​ដែរ។ កំឡាំង​កាយ ជា​សេចក្ដី​អំនួត​របស់​មនុស្ស​កំឡោះ ហើយ​សក់​ស្កូវ​ជា​គ្រឿង​លំអ​ដល់​មនុស្ស​ចាស់។ ការ​វាយ​ដោយ​រំពាត់​ឲ្យ​ត្រូវ​របួស នោះ​នឹង​សំអាត​អំពើ​អាក្រក់​ចេញ ហើយ​ការ​វាយ​ដោយ​ដំបង ក៏​នឹង​ចូល​ទៅ​ដល់​ខាង​ក្នុង​ខ្លួន​ដែរ។

ចែក​រំលែក
អាន សុភាសិត 20