សុភាសិត 2:12-20
សុភាសិត 2:12-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្ស ដែលតែងតែនិយាយពាក្យវៀច ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀច របស់មនុស្សអាក្រក់។ ផ្លូវគេសុទ្ធតែក្ងិចក្ងក់ ហើយផ្លូវច្រករបស់គេក៏ទាសចេញ ដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែ គឺឲ្យរួចពីស្រីផិតក្បត់ ដែលប្រលោមដោយពាក្យផ្អែមល្ហែម ជាអ្នកដែលលះចោលគូសម្លាញ់ ដែលបានគ្នាពីក្រមុំកំលោះ ក៏ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន ដ្បិតផ្ទះរបស់ស្ត្រីនោះ ទ្រេតទៅខាងសេចក្ដីស្លាប់ ហើយផ្លូវច្រករបស់នាង នាំទៅឯពួកមនុស្សស្លាប់។ ឯពួកអ្នកដែលដែលទៅវា នោះគ្មានអ្នកណាត្រឡប់មកវិញឡើយ ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ។ ដូច្នេះ ចូរឯងដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត។
សុភាសិត 2:12-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មិនឲ្យធ្លាក់ទៅក្នុងមាគ៌ាអាក្រក់ ឬធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស ដែលពោលពាក្យខិលខូច ឬមនុស្សដែលបោះបង់ផ្លូវទៀងត្រង់ ហើយបែរទៅរកផ្លូវងងឹតនោះឡើយ។ ជនទាំងនោះសប្បាយចិត្តតែនឹង ប្រព្រឹត្តអំពើអាក្រក់ ហើយត្រេកត្រអាលតែនឹងអំពើខិលខូច។ អ្វីៗដែលគេធ្វើ សុទ្ធតែវៀចវេរ មាគ៌ារបស់គេមិនដែលត្រង់ទាល់តែសោះ។ ធ្វើដូច្នេះ កូននឹងមិនចាញ់ពាក្យផ្អែមល្ហែម របស់ស្ត្រីដទៃ ដែលមិនមែនជាភរិយារបស់កូន គឺស្ត្រីផិតប្ដីរបស់ខ្លួន និងក្បត់សម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់។ អាកប្បកិរិយារបស់ស្ត្រីបែបនេះ រមែងបណ្ដាលឲ្យគ្រួសាររបស់ខ្លួនស្លាប់ និងនាំគេឯងឲ្យវិនាសបាត់បង់។ ជនណាភប់ប្រសព្វជាមួយស្ត្រីនេះ ក៏ត្រូវអន្តរាយរួមជាមួយនាងដែរ គឺរកផ្លូវទៅកាន់ជីវិតមិនឃើញទេ។ ដូច្នេះ ចូរកូនរើសយកមាគ៌ារបស់មនុស្សល្អ និងយកតម្រាប់តាមមនុស្សសុចរិត
សុភាសិត 2:12-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្សដែលតែងតែនិយាយពាក្យវៀច ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀចរបស់មនុស្សអាក្រក់ ផ្លូវគេសុទ្ធតែក្ងិកក្ងក់ ហើយផ្លូវច្រករបស់គេក៏ទាសចេញ ហើយដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែ គឺឲ្យរួចពីមនុស្សស្រីដទៃ ដែលនិយាយប្រលោមដោយពាក្យផ្អែមល្ហែម ជាអ្នកដែលលះចោលគូសំឡាញ់ ដែលបានគ្នាពីក្រមុំកំឡោះ ក៏ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន ដ្បិតផ្ទះរបស់ស្ត្រីនោះ ទ្រេតទៅខាងសេចក្ដីស្លាប់ ហើយផ្លូវច្រករបស់វា នាំទៅឯពួកមនុស្សស្លាប់ ឯពួកអ្នកដែលទៅឯវា នោះគ្មានអ្នកណាត្រឡប់មកវិញឡើយ ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ ហើយមានប្រយោជន៍ឲ្យឯងបានដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត