សុភាសិត 19:1-29

សុភាសិត 19:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​មនុស្ស​ទាល់​ក្រ ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ វិសេស​ជាង​មនុស្ស​ដែល​មាន​បបូរ​មាត់​ចចើង និង​ចិត្ត​ល្ងី‌ល្ងើ។ មួយ​ទៀត ការ​ដែល​ចិត្ត​ឥត​មាន​ចំណេះ នោះ​មិន​គួរ​គប្បី​ទេ ហើយ​អ្នក​ណា​ដែល​រហ័ស​ឈាន​ទៅ នោះ​ជ្រួស​ផ្លូវ​ហើយ។ សេចក្ដី​ចម្កួត​របស់​មនុស្ស រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន ហើយ​អ្នក​នោះ​ក៏​អន់​ចិត្ត​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។ ការ​ដែល​មាន​ទ្រព្យ​សម្បត្តិ នាំ​ឲ្យ​មាន​មិត្ត‌ភក្តិ​កើន​ឡើង តែ​មនុស្ស​ក្រ​ត្រូវ​ពង្រាត់​ពី​ពួក​មិត្ត‌ភក្តិ​វិញ។ សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក ក៏​គេច​មិន​រួច​ដែរ។ មនុស្ស​ជា​ច្រើន​ខំ​យក​ចិត្ត​មនុស្ស​សទ្ធា ហើយ​អ្នក​ណា​ក៏​ដោយ ក៏​ជា​មិត្ត​សម្លាញ់​នឹង​អ្នក ដែល​ចែក​អំណោយ‌ទាន​ដែរ។ មនុស្ស​ក្រី​ក្រ សុទ្ធ​តែ​ត្រូវ​បងប្អូន​ទាំង​អស់​ស្អប់​ទៅ​ហើយ នោះ​ចំណង់បើ​មិត្ត‌ភក្តិ តើ​នឹង​ឃ្លាត​ឆ្ងាយពី​អ្នក​នោះ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត អ្នក​នោះ​តាម​ទៅ​អង្វរ​គេ តែ​គេ​គេច​បាត់​អស់។ អ្នក​ណា​ដែល​បាន​ប្រាជ្ញា ជា​អ្នក​ស្រឡាញ់​ដល់​ព្រលឹង​ខ្លួន អ្នក​ណា​ដែល​រក្សា​យោបល់​ទុក នោះ​នឹង​បាន​សេចក្ដី​ល្អ។ សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក នឹង​ត្រូវ​វិនាស​ទៅ។ ការ​ដែល​អា‌ស្រ័យ​នៅ​ដោយ​រុងរឿង មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ លើស​ពី​នេះ​ទៀត​នោះ ទាសករ​ក៏​មិន​សម​មាន​អំណាច​លើ​អ្នក​ធំ​ដែរ។ សតិ​បញ្ញា​របស់​មនុស្ស​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ។ សេចក្ដី​ក្រោធ​របស់​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​របស់​សិង្ហ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ។ កូន​ល្ងី‌ល្ងើ​ជា​ទី​អន្ត‌រាយ​ដល់​ឪពុក ហើយ​ការ​ឌុក‌ដាន់​របស់​ប្រពន្ធ ក៏​ដូច​ជា​ទឹក​ស្រក់​តក់ៗ​មក​ជា‌និច្ច។ ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ ជា​មត៌ក​មក​ពី​ឪពុក តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ‌ទាន​មក​ពី​ព្រះ‌យេហូវ៉ា។ សេចក្ដី​ខ្ជិល​ច្រអូស រមែង​ធ្វើ​ឲ្យ​មនុស្ស​លក់​ស្និទ្ធ​ទៅ ហើយ​អ្នក​ណា​ដែល​ទទេៗ នឹង​ត្រូវ​អត់​ឃ្លាន។ អ្នក​ណា​ដែល​កាន់​តាម​ក្រឹត្យ‌វិន័យ ឈ្មោះ​ថា​រក្សា​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​មិន​ប្រយ័ត្ន​ក្នុង​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន មុខ​ជា​ត្រូវ​ស្លាប់។ អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ចី ព្រះ‌អង្គ​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ។ ចូរ​វាយ​ផ្ចាល​កូន ក្នុង​កាល​ដែល​នៅ​មាន សង្ឃឹមឲ្យ​វា​រាង‌ចាល​នៅ​ឡើយ មិន​គួរ​នឹង​លើក​លែង​ចោល​វា​ឲ្យ​ត្រូវ​វិនាស​ទេ។ អ្នក​ណា​ដែល​មាន​ចិត្ត​ក្រោធ​ខ្លាំង នោះ​នឹង​ត្រូវ​ទទួល​ទោស ដ្បិត​បើ​អ្នក​ជួយ​គេ​ឲ្យ​រួច នោះ​អ្នក​នឹង​ត្រូវ​ជួយ​ត​ទៅ​ទៀត។ ចូរ​ស្តាប់​ដំបូន្មាន ហើយ​ទទួល​ប្រៀន‌ប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ។ នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​របស់​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។ សេចក្ដី​ដែល​នាំ​ឲ្យ​គេ​រក​ពឹង​ដល់​មនុស្ស​ណា នោះ​គឺ​ជា​សេចក្ដី​សប្បុ‌រស​របស់​អ្នក​នោះ ហើយ​មនុស្ស​ទាល់​ក្រ រមែង​វិសេស​ជាង​មនុស្ស​ភូត​ភរ។ សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្ដី​នោះ នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់‌ស្កល់​ជា‌និច្ច ឥត​មាន​សេចក្ដី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។ មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​មិន​ដក​មក សូម្បី​តែ​បញ្ចុក​មាត់​ខ្លួន​ផង។ ចូរ​វាយ​មនុស្ស​ចំអក​មើល​ងាយ នោះ​មនុស្ស​ខ្លៅ​ល្ងង់​ចេះ​ប្រយ័ត្ន​ឡើង ចូរ​បន្ទោស​ដល់​អ្នក​ណា​ដែល​មាន​យោបល់ អ្នក​នោះ​នឹង​ស្តាប់​បាន​តាម​លំអាន។ អ្នក​ណា​ដែល​បំផ្លាញ​ឪពុក​ខ្លួន ហើយ​បណ្តេញ​ម្តាយ​ចេញ នោះ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និង​សេចក្ដី​ដំណៀល។ កូន​អើយ កុំ​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​តម្រិះ យ៉ាង​នោះ​កូន​អាច​នឹងឮ​ពាក្យ​ប្រៀន​ប្រដៅ។ សាក្សី​កោង‌កាច​គេ​ចំអក​មើល​ងាយ ចំពោះ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាត់​របស់​មនុស្ស​អាក្រក់ ក៏​ត្របាក់​លេប​អំពើ​ទុច្ចរិត​ដែរ។ សេចក្ដី​វិនិច្ឆ័យ​បាន​បម្រុង​ជា​ស្រេច សម្រាប់​មនុស្ស​ចំអក ហើយ​ការ​វាយ​ដោយ​រំពាត់ ក៏​សម្រាប់​ខ្នង​នៃ​មនុស្ស​ល្ងី‌ល្ងើ។

ចែក​រំលែក
អាន សុភាសិត 19

សុភាសិត 19:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​ក្រីក្រ​តែ​រស់​នៅ​ដោយ​ទៀង‌ត្រង់ ប្រសើរ​ជាង​មនុស្ស​ល្ងង់​និយាយ​ភូត‌ភរ។ ខ្វះ​ការ​ចេះ​ដឹង​មិន​ប្រសើរ​ទេ សម្រាប់​មនុស្ស ហើយ​អ្នក​ដែល​ប្រញាប់​ឈាន​ជើង​ទៅ​ប្រព្រឹត្ត​អំពើ​អ្វី​មួយ រមែង​មាន​កំហុស។ ភាព​ល្ងី‌ល្ងើ​របស់​មនុស្ស​រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន ហើយ​គេ​បែរ​ជា​ខឹង​នឹង​ព្រះ‌អម្ចាស់​ទៅ​វិញ។ ទ្រព្យ​សម្បត្តិ​រមែង​ធ្វើ​ឲ្យ​មាន​មិត្ត‌ភក្ដិ​ច្រើន រីឯ​អ្នក​ក្រ​វិញ មិត្ត‌ភក្ដិ​តែងតែ​បោះ‌បង់​ចោល។ សាក្សី​ក្លែងក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌ‌កម្ម​ទេ រីឯ​មនុស្ស​កុហក​ភូត‌ភរ​ក៏​មិន​រួច​ខ្លួន​ដែរ។ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​បញ្ជោរ​អ្នក​ធំ ហើយ​ម្នាក់ៗ​ចូល​ចិត្ត​ចង​មិត្ត​នឹង​អ្នក​ជូន​ជំនូន។ មនុស្ស​ក្រីក្រ​គ្មាន​បងប្អូន​ណា​ម្នាក់​រាប់​រក​ទេ លើស​ពី​នេះ​ទៀត មិត្ត‌ភក្ដិ​ក៏​បោះ‌បង់​ចោល​ដែរ កាល​ណា​ត្រូវ​ការ​រក​គេ គេ​គេច​បាត់​អស់។ អ្នក​ណា​ចេះ​គិត​ពិចារណា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង អ្នក​ណា​រក្សា​ការ​យល់​ដឹង អ្នក​នោះ​មាន​សុភមង្គល។ សាក្សី​ក្លែងក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌ‌កម្ម​ទេ រីឯ​មនុស្ស​កុហក​ភូត‌ភរ ក៏​មិន​រួច​ខ្លួន​ដែរ។ ជីវ‌ភាព​ខ្ពង់‌ខ្ពស់​មិន​ស័ក្ដិ‌សម​នឹង​មនុស្ស​ខ្លៅ​ទេ ហើយ​លើស​ពី​នេះ អ្នក​បម្រើ​ក៏​មិន​សម​ត្រួត‌ត្រា​លើ​មេ​ដឹក​នាំ​ដែរ។ មនុស្ស​មាន​សុភ‌និច្ឆ័យ​រមែង​ចេះ​ទប់​កំហឹង។ គេ​រក្សា​កិត្តិយស ដោយ​មិន​តប​ត​នឹង​អ្នក​ដែល​ធ្វើ​ខុស ចំពោះ​ខ្លួន​ឡើយ។ សេចក្ដី​ក្រោធ​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច​ប្រៀប​ដូច​ទឹក​សន្សើម​ធ្លាក់​លើ​ស្មៅ។ កូន​ល្ងង់​រមែង​ធ្វើ​ឲ្យ​ឪពុក​ហិន‌ហោច រីឯ​ប្រពន្ធ​ពូកែ​ឈ្លោះ ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​អស់។ ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ​ជា​កេរ​មត៌ក​ពី​ដូនតា រីឯ​ប្រពន្ធ​មាន​សុភ‌និច្ឆ័យ​វិញ ជា​អំណោយ​ទាន​ពី​ព្រះ‌អម្ចាស់។ ការ​ខ្ជិល​ច្រអូស​រមែង​ធ្វើ​ឲ្យ​មនុស្ស​ងោក‌ងុយ ហើយ​មនុស្ស​ច្រអូស​ត្រូវ​អត់​បាយ។ អ្នក​ប្រតិបត្តិ​តាម​ដំបូន្មាន​រមែង​រក្សា​ជីវិត​ខ្លួន រីឯ​អ្នក​ធ្វេស‌ប្រហែស​នឹង​មារយាទ​របស់​ខ្លួន​មុខ​ជា​ត្រូវ​វិនាស។ អ្នក​ដែល​ចែក​ទាន​ដល់​ជន​ទុគ៌ត ទុក​ដូច​ជា​ឲ្យ​ព្រះ‌អម្ចាស់​ខ្ចី ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នោះ​វិញ។ ចូរ​ប្រដៅ​កូន​ក្នុង​ពេល​ដែល​អ្នក​មាន​សង្ឃឹម​ថា​នឹង​អាច​កែ​វា​បាន កុំ​ខឹង​រហូត​ដល់​ធ្វើ​ឲ្យ​វា​ស្លាប់​នោះ​ឡើយ។ មនុស្ស​កំរោល​ឃោរ‌ឃៅ​រមែង​ទទួល​ពិន័យ បើ​មិន​ដាក់​ទោស​ជន​នោះ​ទេ អ្នក​នឹង​បណ្ដោយ​ឲ្យ​គេ​នៅ​តែ​មាន​កំរោល​ដដែល។ ចូរ​ស្ដាប់​ឱវាទ និង​ទទួល​ការ​ប្រៀន‌ប្រដៅ នោះ​អ្នក​នឹង​មាន​ប្រាជ្ញា។ មនុស្ស​គិត‌គូរ​គម្រោង‌ការ​ជា​ច្រើន ក៏​ប៉ុន្តែ មាន​តែ​គម្រោង‌ការ​របស់​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ ដែល​សម្រេច​ជា​រូប​រាង។ ចិត្ត​ស្មោះ​ត្រង់​ជា​គុណ​សម្បត្តិ​របស់​មនុស្ស ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​ក្រីក្រ​ប្រសើរ​ជាង​មនុស្ស​កុហក។ ការ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់​នាំ​ទៅ​រក​ជីវិត អ្នក​ធ្វើ​ដូច្នេះ​នឹង​បាន​សប្បាយ ហើយ​ដេក​លក់​យ៉ាង​ស្កប់‌ស្កល់​ឥត​មាន​កង្វល់​អ្វី​ឡើយ។ មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ។ បើ​អ្នក​វាយ​មនុស្ស​ចំអក​ឡក‌ឡឺយ អ្នក​នឹង​ធ្វើ​ឲ្យ​មនុស្ស​ភ្លើ​ចេះ​កែ​គំនិត។ បើ​អ្នក​ស្ដី​បន្ទោស​មនុស្ស​ឆ្លាត អ្នក​នឹង​ធ្វើ​ឲ្យ​គេ​យល់​អំពី​ចំណេះ។ អ្នក​ណា​ធ្វើ​បាប​ឪពុក ហើយ​បណ្ដេញ​ម្ដាយ​របស់​ខ្លួន អ្នក​នោះ​ជា​កូន​ដែល​នាំ​ឲ្យ​អាម៉ាស់​មុខ និង​អាប់​យស។ កូន​អើយ! បើ​អ្នក​លែង​ស្ដាប់​ការ​ប្រៀន‌ប្រដៅ អ្នក​មុខ​ជា​វង្វេង​ចេញ​ឆ្ងាយ​ពី​ចំណេះ​ដឹង។ ជន​ពាល​ធ្វើ​ជា​សាក្សី​តែងតែ​ប្រមាថ​យុត្តិធម៌ ព្រោះ​មនុស្ស​អាក្រក់​និយម​ពោល​ពាក្យ​ទុច្ចរិត។ មនុស្ស​ចំអក​ឡក‌ឡឺយ​ត្រូវ​តែ​ទទួល​ទោស រីឯ​មនុស្ស​ល្ងង់​ខ្លៅ​ត្រូវ​រំពាត់​ស៊ី​ខ្នង។

ចែក​រំលែក
អាន សុភាសិត 19

សុភាសិត 19:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​មនុស្ស​ទាល់​ក្រ ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ នោះ​វិសេស​ជាង​មនុស្ស​ដែល​មាន​បបូរ​មាត់​ចចើង ហើយ​ចិត្ត​ល្ងី‌ល្ងើ។ មួយ​ទៀត ការ​ដែល​ចិត្ត​ឥត​មាន​ចំណេះ នោះ​មិន​គួរ​គប្បី​ទេ ហើយ​អ្នក​ណា​ដែល​រហ័ស​ឈាន​ទៅ នោះ​ជ្រួស​ផ្លូវ​ហើយ។ សេចក្ដី​ចំកួត​របស់​មនុស្ស រមែង​បង្ខូច​ផ្លូវ​ខ្លួន​ទៅ ហើយ​អ្នក​នោះ​ក៏​អន់​ចិត្ត​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។ ការ​ដែល​មាន​ទ្រព្យ​សម្បត្តិ នោះ​នាំ​ឲ្យ​មាន​មិត្រ‌ភក្តិ​កើន​ឡើង តែ​មនុស្ស​ក្រ​ត្រូវ​ពង្រាត់​ពី​ពួក​មិត្រ‌ភក្តិ​វិញ។ សាក្សី​ភូត‌ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក​ក៏​នឹង​គេច​មិន​រួច​ដែរ។ មនុស្ស​ជា​ច្រើន នឹង​ខំ​យក​ចិត្ត​របស់​មនុស្ស​សទ្ធា ហើយ​អ្នក​ណា​ក៏​ដោយ ក៏​ជា​មិត្រ​សំឡាញ់​នឹង​អ្នក​ដែល​ចែក​អំណោយ​ទាន​ដែរ។ អស់​ទាំង​បង​ប្អូន​របស់​អ្នក​ទាល់​ក្រ ក៏​ស្អប់​អ្នក​នោះ ចំណង់​បើ​មិត្រ‌ភក្តិ តើ​នឹង​ឃ្លាត​ចេញ​ឆ្ងាយ ពី​អ្នក​នោះ​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត អ្នក​នោះ​នឹង​តាម​ទៅ​អង្វរ តែ​គេ​គេច​បាត់​ទៅ។ អ្នក​ណា​ដែល​បាន​ប្រាជ្ញា នោះ​ជា​អ្នក​ស្រឡាញ់​ដល់​ព្រលឹង​ខ្លួន អ្នក​ណា​ដែល​រក្សា​យោបល់​ទុក នោះ​នឹង​បាន​សេចក្ដី​ល្អ។ សាក្សី​ភូត‌ភរ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក នឹង​ត្រូវ​វិនាស​ទៅ។ ការ​ដែល​អាស្រ័យ​នៅ​ដោយ​រុងរឿង នោះ​មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចំណង់​បើ​ខ្ញុំ​កំដរ ដែល​មាន​អំណាច​លើ​អ្នក​ធំ តើ​មិន​សម​គួរ​ជា​ជាង​អំបាល‌ម៉ាន​ទៅ។ សតិ‌បញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ។ សេចក្ដី​ក្រោធ​នៃ​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​នៃ​សិង្ហ តែ​ព្រះ‌គុណ​ទ្រង់​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ​វិញ។ កូន​ល្ងី‌ល្ងើ​ជា​ទី​អន្តរាយ​ដល់​ឪពុក ហើយ​ការ​ឌុក‌ដាន់​របស់​ប្រពន្ធ ក៏​ដូច​ជា​ទឹក​ស្រក់​តក់ៗ​មក​ជានិច្ច។ ផ្ទះ‌សំបែង នឹង​ទ្រព្យ​សម្បត្តិ ជា​មរដក​មក​ពី​ឪពុក​តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ​ទាន​មក​ពី​ព្រះ‌យេហូវ៉ា។ សេចក្ដី​ខ្ជិល​ច្រអូស រមែង​ធ្វើ​ឲ្យ​មនុស្ស​លក់​ស្និទ្ធ​ទៅ ហើយ​អ្នក​ណា​ដែល​ទទេៗ នោះ​នឹង​ត្រូវ​អត់‌ឃ្លាន។ អ្នក​ណា​ដែល​កាន់​តាម​ក្រឹត្យ‌វិន័យ នោះ​ឈ្មោះ​ថា​រក្សា​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​មិន​ប្រយ័ត​នឹង​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​នឹង​ត្រូវ​ស្លាប់​វិញ។ អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត​ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ចី ទ្រង់​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ។ ចូរ​វាយ‌ផ្ចាល​កូន ក្នុង​កាល​ដែល​នៅ​មាន​សង្ឃឹម​ឲ្យ​វា​រាង‌ចាល​នៅ​ឡើយ មិន​គួរ​នឹង​លើក​លែង​ចោល​វា​ឲ្យ​ត្រូវ​វិនាស​ទេ។ អ្នក​ណា​ដែល​មាន​ចិត្ត​ក្រោធ​ជា​ខ្លាំង នោះ​នឹង​ត្រូវ​រង​ទោស ដ្បិត​បើ​ឯង​ជួយ​វា​ឲ្យ​រួច នោះ​នឹង​ត្រូវ​ជួយ​ត​ទៅ​ទៀត។ ចូរ​ស្តាប់​សេចក្ដី​ដំបូន្មាន ហើយ​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ។ នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​នៃ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។ សេចក្ដី​ដែល​នាំ​ឲ្យ​គេ​រក​ពឹង​ដល់​មនុស្ស​ណា នោះ​គឺ​ជា​សេចក្ដី​សប្បុរស​របស់​អ្នក​នោះ​ឯង ហើយ​មនុស្ស​ទាល់​ក្រ​រមែង​វិសេស​ជាង​មនុស្ស​ភូត‌ភរ។ សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្ដី​នោះ​នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់‌ស្កល់​ជានិច្ច ឥត​មាន​សេចក្ដី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។ មនុស្ស​ខ្ជិល​ច្រអូស​គេ​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​មិន​ដក​មក សូម្បី​តែ​នឹង​បញ្ចុក​មាត់​ខ្លួន​ផង។ ចូរ​វាយ​មនុស្ស​ចំអក​មើល‌ងាយ នោះ​មនុស្ស​ខ្លៅ​ល្ងង់​នឹង​ចេះ​ប្រយ័ត​ឡើង ចូរ​បន្ទោស​ដល់​អ្នក​ណា​ដែល​មាន​យោបល់ អ្នក​នោះ​នឹង​ស្តាប់​បាន​តាម​លំអាន។ អ្នក​ណា​ដែល​បំផ្លាញ​ឪពុក​ខ្លួន ហើយ​បណ្តេញ​ម្តាយ​ចេញ នោះ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស នឹង​សេចក្ដី​ដំនៀល។ កូន​អើយ ចូរ​លែង​ស្តាប់​តាម​សេចក្ដី​ដំបូន្មាន​ដែល​នាំ​ឲ្យ​វង្វេង​ពី​ផ្លូវ​នៃ​ដំរិះ​ចេញ។ សាក្សី​កោង‌កាច​គេ​ចំអក​មើល‌ងាយ​ចំពោះ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាត់​របស់​មនុស្ស​អាក្រក់​ក៏​ត្របាក់​លេប​អំពើ​ទុច្ចរិត​ដែរ។ សេចក្ដី​វិនិច្ឆ័យ​បាន​បំរុង​ជា​ស្រេច សំរាប់​មនុស្ស​ចំអក ហើយ​ការ​វាយ​ដោយ​រំពាត់​ក៏​សំរាប់​ខ្នង​នៃ​មនុស្ស​ល្ងី‌ល្ងើ។

ចែក​រំលែក
អាន សុភាសិត 19