សុភាសិត 18:2-13

សុភាសិត 18:2-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចំណែក​មនុស្ស​ល្ងី‌ល្ងើ​គេ​ឥត​មាន សេចក្ដី​រីក‌រាយ​ក្នុង​យោបល់​ទេ គឺ​ចូល​ចិត្ត​តែ​សម្ដែង​គំនិត ក្នុង​ចិត្ត​ខ្លួន​ឯង​ចេញ​វិញ។ កាល​ណា​មនុស្ស​អាក្រក់​មក​ដល់ សេចក្ដី​មើល​ងាយ​មាន​ជាប់​តាម​មក​ដែរ ហើយ​សេចក្ដី​ត្មះ‌តិះ​ដៀល ក៏​រមែង​មក​ជា‌មួយ​សេចក្ដី​អាប់‌យស​ផង។ ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​មនុស្ស ធៀប​ដូច​ជា​ទឹក​ជ្រៅ ហើយ​ទី​បញ្ចេញ​ប្រាជ្ញា​ក៏​ដូច​ជា​ជ្រោះ​ទឹក​ហូរ។ ការ​ដែល​យោគ‌យល់​ដល់​មនុស្ស​អាក្រក់ ហើយ​ការ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ក្នុង​ការ​វិនិច្ឆ័យ នោះ​មិន​ល្អ​ទេ។ បបូរ​មាត់​មនុស្ស​ល្ងី‌ល្ងើ តែង​តែ​ស៊ក​ចូល​ក្នុង​សេចក្ដី​ឈ្លោះ​ប្រកែក​គ្នា ហើយ​មាត់​វា​តឿន​តែ​រំពាត់​ទេ។ មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស​ទៅ ហើយ​បបូរ​មាត់​ក៏​ជា​អន្ទាក់​ដល់​ព្រលឹង​ខ្លួន​ដែរ។ ពាក្យ​សម្ដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​មួយ​ម៉ាត់ ដែល​បាន​ចូល​ទៅ​ក្នុង​ពោះ។ អ្នក​ណា​ដែល​ធ្វេស‌ប្រហែស​នឹង​ការ​របស់​ខ្លួន ឈ្មោះ​ថា​ជា​បង‌ប្អូន​ជា‌មួយ​អ្នក​ដែល​បំផ្លាញ។ ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។ ឯ​អ្នក​មាន​វិញ ទ្រព្យ​សម្បត្តិ​របស់​គេ​ជា​ទី​ក្រុង​មាំ‌មួន ហើយ​តាម​គំនិត​របស់​គេ ក៏​យល់​ថា​ជា​កំផែង​យ៉ាង​ខ្ពស់​ដែរ។ មុន​នឹង​ត្រូវ​វិនាស ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ ឯ​សេចក្ដី​រាប‌សា រមែង​តែ​នាំ​មុខ​កិត្តិ‌យស​វិញ។ អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង រាប់​ជា​ការ​ចម្កួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង។

ចែក​រំលែក
អាន សុភាសិត 18

សុភាសិត 18:2-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​ការ​យល់​ដឹង​ទេ គឺ​គិត​តែ​ចង់​បញ្ចេញ​គំនិត​ខ្លួន​វិញ។ ការ​អាក្រក់​មាន​នៅ​ទី​ណា ការ​ប្រមាថ​ក៏​មាន​នៅ​ទី​នោះ ហើយ​ទី​ណា​មាន​ការ​មាក់‌ងាយ ទី​នោះ​ក៏​មាន​ការ​អាម៉ាស់​មុខ​ដែរ។ សម្ដី​របស់​មនុស្ស​មាន​ជម្រៅ​ដូច​បាត​សមុទ្រ ប្រភព​នៃ​ប្រាជ្ញា​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ ដែល​ហូរ​ចេញ​មក​យ៉ាង​ខ្លាំង។ អត់‌ឱន​ឲ្យ​មនុស្ស​ពាល ហើយ​មិន​រក​យុត្តិធម៌​ឲ្យ​មនុស្ស​សុចរិត ជា​ការ​មិន​ល្អ​ទេ។ សម្ដី​របស់​មនុស្ស​ខ្លៅ​បណ្ដាល​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ពេល​ណា​អ្នក​នោះ​និយាយ​រមែង​ធ្វើ​ឲ្យ​មាន​ការ​វាយ‌តប់​គ្នា។ មាត់​របស់​មនុស្ស​ខ្លៅ​រមែង​ធ្វើ​ឲ្យ​ខ្លួន​វិនាស ហើយ​ពាក្យ​សម្ដី​របស់​អ្នក​នោះ ជា​អន្ទាក់​សម្រាប់​ដាក់​ខ្លួន​ឯង។ ពាក្យ​សម្ដី​របស់​មនុស្ស​អុជ‌អាល ប្រៀប​ដូច​ជា​ចំណី​យ៉ាង​ឆ្ងាញ់​ជាប់​ក្នុង​ចិត្ត។ អ្នក​ធ្វេស‌ប្រហែស​ក្នុង​ការ‌ងារ និង​អ្នក​បំផ្លាញ​ការ‌ងារ ជា​បងប្អូន​នឹង​គ្នា។ ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ជា​បន្ទាយ​ដ៏​រឹង‌មាំ ដែល​មនុស្ស​សុចរិត​រត់​មក​ជ្រក‌កោន ដើម្បី​ឲ្យ​បាន​សុខ។ រីឯ​អ្នក​មាន​វិញ គេ​ចាត់​ទុក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ជា​ទីក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ។ គេ​នឹក​ស្មាន​ថា សម្បត្តិ​នេះ​ជា​កំពែង​ការពារ​ខ្លួន​គេ​ឲ្យ​បាន​សុខ។ ចិត្ត​អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ។ មុន​នឹង​ទទួល​សិរី‌រុងរឿង​តោង​ដាក់​ខ្លួន​ជា​មុន​សិន។ អ្នក​ណា​ប្រញាប់​ឆ្លើយ​មុន​នឹង​ស្ដាប់ អ្នក​នោះ​ជា​មនុស្ស​ល្ងង់ ហើយ​ត្រូវ​បាក់​មុខ។

ចែក​រំលែក
អាន សុភាសិត 18

សុភាសិត 18:2-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចំណែក​មនុស្ស​ល្ងី‌ល្ងើ​គេ​ឥត​មាន​សេចក្ដី​រីក‌រាយ​ក្នុង​យោបល់​ទេ គឺ​ចូល​ចិត្ត​តែ​នឹង​សំដែង​គំនិត​ក្នុង​ចិត្ត​ខ្លួន​ឯង​ចេញ​វិញ។ កាល​ណា​មនុស្ស​អាក្រក់​មក​ដល់ នោះ​សេចក្ដី​មើល‌ងាយ​មាន​ជាប់​តាម​មក​ដែរ ហើយ​សេចក្ដី​ត្មះ‌តិះដៀល​ក៏​រមែង​មក​ជា​មួយ​នឹង​សេចក្ដី​អាប់‌យស​ផង។ ពាក្យ​សំដី​ដែល​ចេញ​ពី​មាត់​មនុស្ស ធៀប​ដូច​ជា​ទឹក​ជ្រៅ ហើយ​ទី​បញ្ចេញ​ប្រាជ្ញា​ក៏​ដូច​ជា​ជ្រោះ​ទឹក​ហូរ។ ការ​ដែល​យោគ‌យល់​ដល់​មនុស្ស​អាក្រក់ ហើយ​ការ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ក្នុង​ការ​វិនិច្ឆ័យ នោះ​មិន​ល្អ​ទេ។ បបូរ​មាត់​មនុស្ស​ល្ងី‌ល្ងើ តែង‌តែ​ស៊ក​ចូល​ក្នុង​សេចក្ដី​ឈ្លោះ​ប្រកែក​គ្នា ហើយ​មាត់​វា​តឿន​តែ​រំពាត់​ទេ។ មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស​ទៅ ហើយ​បបូរ​មាត់​ក៏​ជា​អន្ទាក់​ដល់​ព្រលឹង​ខ្លួន​ដែរ។ ពាក្យ​សំដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​១​ម៉ាត់ ដែល​លេប​ចុះ​ទៅ​ក្នុង​ពោះ។ អ្នក​ណា​ដែល​ធ្វេស​ប្រហែស​នឹង​ការ​របស់​ខ្លួន នោះ​ឈ្មោះ​ថា​ជា​បង​ប្អូន​នឹង​អ្នក​ដែល​បំផ្លាញ។ ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។ ឯ​មនុស្ស​អ្នក​មាន​វិញ ទ្រព្យ​សម្បត្តិ​របស់​គេ​ជា​ទី​ក្រុង​មាំ‌មួន ហើយ​តាម​គំនិត​របស់​គេ ក៏​យល់​ថា​ជា​កំផែង​យ៉ាង​ខ្ពស់​ដែរ។ មុន​នឹង​ត្រូវ​វិនាស នោះ​ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ ឯ​សេចក្ដី​រាបសា នោះ​រមែង​តែ​នាំ​មុខ​កិត្តិយស​វិញ។ អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង នោះ​រាប់​ជា​ការ​ចំកួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង។

ចែក​រំលែក
អាន សុភាសិត 18

សុភាសិត 18:2-13

សុភាសិត 18:2-13 គខប