សុភាសិត 18:13-24

សុភាសិត 18:13-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង រាប់​ជា​ការ​ចម្កួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង។ វិញ្ញាណ​របស់​មនុស្ស​ទប់‌ទល់​ខ្លួន ក្នុង​គ្រា​មាន​ធុរៈ​ឈឺ តែ​ឯ​វិញ្ញាណ​បាក់‌បែក តើ​អ្នក​ណា​ទ្រាំ​បាន? ចិត្ត​របស់​មនុស្ស​វាង‌វៃ តែង​តែ​ចម្រើន​ចំណេះ ហើយ​ត្រចៀក​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា ក៏​ស្វះ‌ស្វែង​រក​ចំណេះ​ដែរ។ ជំនូន​របស់​មនុស្ស រមែង​បើក​ផ្លូវ​ឲ្យ​ដល់​ខ្លួន នាំ​ចូល​ទៅ​ដល់​ចំពោះ​អ្នក​ធំ​ផង។ អ្នក​ណា​ដែល​និយាយ​មុន​គេ​ក្នុង​ការ​ក្តី មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ហើយ តែ​គូ​ក្តី​របស់​អ្នក​នោះ​មក​បើក​សម្ដែង ឲ្យ​ឃើញ​កំហុស​វិញ។ ការ​ចាប់​ឆ្នោត តែង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ទាស់​ទែង​គ្នា​បាត់​ទៅ និង​ញែក​មនុស្ស​ដែល​មាន​អំណាច ចេញ​ពី​គ្នា​ដែរ។ បង‌ប្អូន​ណា​ដែល​បាន​អន់​ចិត្ត​ហើយ ពិបាក​ពង្រាប​ជា​ជាង​ទី​ក្រុង​យ៉ាង​មាំ‌មួន ហើយ​សេចក្ដី​ទាស់‌ទែង​គ្នា​យ៉ាង​នោះ ធៀប​ដូច​ជា​រនុក​ទ្វារ​បន្ទាយ។ មនុស្ស​បាន​ឆ្អែត​ពោះ​ដោយ​ផល​ពី​មាត់​ខ្លួន គឺ​បាន​ស្កប់​ចិត្ត​ដោយ​ផល​ចម្រើន​នៃ​បបូរ​មាត់។ ទោះ​ទាំង​សេចក្ដី​ស្លាប់ និង​ជីវិត ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្ដាត​ដែរ អ្នក​ណា​ដែល​ចូល​ចិត្ត​ប្រើ នោះ​នឹង​ស៊ី​ផល​នៃ​អណ្ដាត​នោះ​ឯង។ អ្នក​ណា​ដែល​រក​បាន​ប្រពន្ធ ឈ្មោះ​ថា​បាន​របស់​ល្អ ហើយ​បាន​ប្រកប​ដោយ​ព្រះ‌គុណ របស់​ព្រះ‌យេហូវ៉ា​ដែរ។ អ្នក​ក្រ​ពោល​ពាក្យ​អង្វរ តែ​អ្នក​មាន​តប​ដោយ​ពាក្យ​គំហក​វិញ។ អ្នក​ណា​ដែល​មាន​មិត្ត​ភក្តិ​ច្រើន អាច​នាំ​ឲ្យ​ខ្លួន​វិនាស ប៉ុន្តែ មាន​មិត្ត​សម្លាញ់​ម៉្យាង ដែល​នៅ​ជាប់​ជាង​បង‌ប្អូន​ទៅ​ទៀត។

ចែក​រំលែក
អាន សុភាសិត 18

សុភាសិត 18:13-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ណា​ប្រញាប់​ឆ្លើយ​មុន​នឹង​ស្ដាប់ អ្នក​នោះ​ជា​មនុស្ស​ល្ងង់ ហើយ​ត្រូវ​បាក់​មុខ។ ចិត្ត​ចង់​រស់​ជួយ​គាំទ្រ​មនុស្ស​ក្នុង​គ្រា​មាន​ជំងឺ តែ​បើ​បាត់​ទឹក​ចិត្ត​វិញ គ្មាន​អ្វី​ជួយ​បាន​ឡើយ។ មនុស្ស​ឈ្លាស‌វៃ​រមែង​រក​បាន​ចំណេះ រីឯ​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ស្ដាប់ ដើម្បី​ស្វែង​រក​ចំណេះ។ ជំនូន​អាច​បើក​ផ្លូវ​ឲ្យ​មនុស្ស​ចូល​ទៅ​ជិត​អ្នក​ធំ​បាន។ ដើម​ចោទ​តែងតែ​យល់​ថា ក្ដី​របស់​ខ្លួន​ត្រឹម​ត្រូវ លុះ​ចុង​ចោទ​មក​ដល់ គេ​ឲ្យ​ដើម​ចោទ​នោះ​បង្ហាញ​ភស្ដុតាង។ ការ​ស្បថ‌ស្បែ​អាច​បញ្ឈប់​ជម្លោះ ហើយ​អារ​កាត់​រឿងរ៉ាវ​រវាង​អ្នក​មាន​អំណាច​ផង។ ពេល​បងប្អូន​ណា​ម្នាក់​របួស​ផ្លូវ​ចិត្ត នោះ​ពិបាក​ចូល​ទៅ​ជិត​ជាង​វាយ​យក​ទីក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ​ទៅ​ទៀត។ រីឯ​ជម្លោះ​ប្រៀប​បាន​នឹង​រនុក​ទ្វារ​ដែក​មួយ។ មនុស្ស​អាច​រក​អាហារ​បាន ដោយ‌សារ​ពាក្យ​សម្ដី ហើយ​អ្វីៗ​ដែល​គេ​និយាយ​ធ្វើ​ឲ្យ​គេ​អាច​ចិញ្ចឹម​ជីវិត​បាន។ ស្លាប់ ឬ​រស់ ព្រោះ​តែ​សម្ដី អ្នក​ណា​ចូល​ចិត្ត​និយាយ អ្នក​នោះ​ត្រូវ​ទទួល​ផល​ពី​ពាក្យ​សម្ដី​របស់​ខ្លួន។ អ្នក​ណា​រក​បាន​ប្រពន្ធ ក៏​ដូច​ជា​រក​ឃើញ​សុភមង្គល ដែល​ជា​ព្រះ‌អំណោយ​ទាន​មក​ពី​ព្រះ‌អម្ចាស់ដែរ។ ជន​ក្រីក្រ​តែងតែ​ពោល​ពាក្យ​អង្វរ​ករ រីឯ​អ្នក​មាន​ឆ្លើយ​តប​ទាំង​គំរោះ‌គំរើយ។ អ្នក​ណា​មាន​មិត្ត‌ភក្ដិ​ច្រើន អ្នក​នោះ​រមែង​កើត​ទុក្ខ តែ​មិត្ត‌ភក្ដិ​ខ្លះ​មាន​ចិត្ត​ស្មោះ​ត្រង់​លើស​បងប្អូន​បង្កើត​ទៅ​ទៀត។

ចែក​រំលែក
អាន សុភាសិត 18

សុភាសិត 18:13-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង នោះ​រាប់​ជា​ការ​ចំកួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង។ វិញ្ញាណ​នៃ​មនុស្ស​នឹង​ទប់‌ទល់​ខ្លួន​ក្នុង​គ្រា​មាន​ធុរៈ​ឈឺ តែ​ឯ​វិញ្ញាណ​បាក់​បែក តើ​អ្នក​ណា​នឹង​ទ្រាំ​បាន។ ចិត្ត​របស់​មនុស្ស​វាង‌វៃ​តែង‌តែ​ចំរើន​ចំណេះ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា ក៏​ស្វះ‌ស្វែង​រក​ចំណេះ​ដែរ។ ជំនូន​របស់​មនុស្ស រមែង​បើក​ផ្លូវ​ឲ្យ​ដល់​ខ្លួន ក៏​នាំ​ចូល​ទៅ​ដល់​ចំពោះ​អ្នក​ធំ​ផង។ អ្នក​ណា​ដែល​និយាយ​មុន​គេ​ក្នុង​ការ​ក្តី នោះ​មើល​ទៅ​ដូច​ជា​ត្រឹម‌ត្រូវ​ហើយ តែ​គូ​ក្តី​របស់​អ្នក​នោះ​មក​បើក​សំដែង​ឲ្យ​ឃើញ​កំហុស​វិញ។ ការ​ចាប់​ឆ្នោត តែង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ទាស់‌ទែង​គ្នា​បាត់​ទៅ ហើយ​នឹង​ញែក​មនុស្ស​ដែល​មាន​អំណាច​ចេញ​ពី​គ្នា​ដែរ។ បង​ប្អូន​ណា​ដែល​បាន​អន់​ចិត្ត​ហើយ នោះ​ពិបាក​ពង្រាប​ជា​ជាង​ទី​ក្រុង​យ៉ាង​មាំ‌មួន ហើយ​សេចក្ដី​ទាស់‌ទែង​គ្នា​យ៉ាង​នោះ ធៀប​ដូច​ជា​រនុក​ទ្វារ​បន្ទាយ។ មនុស្ស​នឹង​បាន​ឆ្អែត​ពោះ ដោយ​ផល​នៃ​មាត់​ខ្លួន គឺ​នឹង​បាន​ស្កប់​ចិត្ត ដោយ​ផល​ចំរើន​នៃ​បបូរ​មាត់។ ទោះ​ទាំង​សេចក្ដី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ អ្នក​ណា​ដែល​ចូល​ចិត្ត​ប្រើ នោះ​នឹង​ស៊ី​ផល​នៃ​អណ្តាត​នោះ​ឯង។ អ្នក​ណា​ដែល​រក​បាន​ប្រពន្ធ នោះ​ឈ្មោះ​ថា​បាន​របស់​ល្អ ហើយ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា​ដែរ។ មនុស្ស​ក្រ​គេ​ពោល​ពាក្យ​អង្វរ តែ​មនុស្ស​អ្នក​មាន​តប​ដោយ​ពាក្យ​គំហក​វិញ។ អ្នក​ណា​ដែល​មាន​មិត្រ​ភក្តិ​ច្រើន នោះ​នាំ​ឲ្យ​វិនាស​ខ្លួន​ទេ ប៉ុន្តែ មាន​មិត្រ​សំឡាញ់​ម្យ៉ាង ដែល​នៅ​ជាប់​ជាង​បង​ប្អូន​ទៅ​ទៀត។

ចែក​រំលែក
អាន សុភាសិត 18