សុភាសិត 17:1-9

សុភាសិត 17:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បើ​មាន​តែ​បាយ​ក្រៀម​មួយ​ដុំ ដែល​បរិ‌ភោគ​ដោយ​សេចក្ដី​សុខ វិសេស​ជាង​មាន​ផ្ទះ​ពេញ​ដោយ​ការ​ជប់‌លៀង តែ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា​វិញ។ បាវ​បម្រើ​ឆ្លាតនឹង​ត្រួត​លើ​កូន ដែល​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដី​ខ្មាស ហើយ​នឹង​បាន​ចំណែក​មត៌ក ជា‌មួយ​បង‌ប្អូន​របស់​កូន​នោះ​ដែរ។ មនុស្ស​ប្រើ​បាវ​សម្រាប់​សម្រង់​ប្រាក់ និង​ឡ​សម្រាប់​មាស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ល​មើល​ចិត្ត​វិញ។ មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​តែង​ស្តាប់​តាម​បបូរ​មាត់​អាក្រក់ ហើយ​មនុស្ស​ភូត​ភរ​ក៏​ផ្ទៀង​ត្រចៀក ស្តាប់​អណ្ដាត​កាច។ អ្នក​ណា​ដែល​ចំអក​ឲ្យ​មនុស្ស​ក្រ នោះ​ក៏​មើល​ងាយ​ដល់​ព្រះ​ដែល​បង្កើត​គេ​មក​ដែរ ឯ​អ្នក​ណា​ដែល​ត្រេក‌អរ​ក្នុង​ការ​អន្ត‌រាយ​របស់​គេ នោះ​នឹង​មិន​រួច​ពី​ទោស​ឡើយ។ កូន​ចៅ​ជា​មកុដ​ដល់​មនុស្ស​ចាស់ៗ ហើយ​ឪពុក​ជា​ទី​អំនួត​របស់​ពួក​កូន។ ពាក្យ​សម្ដី​ខ្ពស់​ប្រសើរ មិន​សំណំ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទៅ​ហើយ ចំណង់​បើ​សម្ដី​ភូតភរ តើ​មិន​សំណំ​នឹងមាត់ របស់​អ្នក​ដឹក​នាំ យ៉ាង​ណា​ទៅ។ សំណូក​រាប់​ដូច​ជា​ត្បូង​មាន​តម្លៃ ដល់​អ្នក​ណា​ដែល​មាន ទោះ​បើ​ជូន​ទៅ​ខាង​ណា​ក៏​ដោយ គង់​តែ​សម្រេច​ការ​បាន។ អ្នក​ណា​ដែល​គ្រប​បាំង​សេចក្ដី​កំហុស របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក សេចក្ដី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្ត​សម្លាញ់​បាក់​បែក​គ្នា​វិញ។

ចែក​រំលែក
អាន សុភាសិត 17

សុភាសិត 17:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បរិភោគ​បាយ‌កក​តែ​មាន​សេចក្ដី​សុខ ប្រសើរ​ជាង​ជប់‌លៀង​នៅ​ផ្ទះ​មួយ​ដែល​មាន​តែ​ការ​ឈ្លោះ​គ្នា។ អ្នក​បម្រើ​ឆ្លាត​រមែង​ត្រួត‌ត្រា​លើ​កូន​ដ៏​ថោក​ទាប​របស់​ចៅហ្វាយ ព្រម​ទាំង​ទទួល​ចំណែក​មត៌ក​ក្នុង​គ្រួសារ​នោះ​ផង។ គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ‌សារ​ដុត​ក្នុង​ភ្លើង រីឯ​ចិត្ត​មនុស្ស​វិញ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​អាច​លត់‌ដំ ដើម្បី​ស្គាល់​តម្លៃ។ មនុស្ស​មាន​បំណង​អាក្រក់​រមែង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​អាក្រក់ ហើយ​មនុស្ស​កុហក​រមែង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​មួល‌បង្កាច់។ អ្នក​មើល‌ងាយ​ជន​ក្រីក្រ ដូច​ជា​ប្រមាថ​ព្រះ‌ជាម្ចាស់​ដែល​បង្កើត​គេ រីឯ​អ្នក​សើច​ចំអក​ដាក់​ជន​រង‌គ្រោះ​នឹង​ត្រូវ​មាន​ទោស។ ចៅ​រមែង​ធ្វើ​ឲ្យ​ជីតា​មាន​កិត្តិយស រីឯ​កូន​បាន​ខ្ពស់​មុខ ព្រោះ​តែ​ឪពុក។ ពាក្យ​ថ្លៃ‌ថ្នូរ​មិន​សម​ជា​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ ហើយ​ពាក្យ​កុហក​ក៏​មិន​សម​ចេញ​ពី​មាត់​របស់​អ្នក​ដឹក​នាំ​ដែរ។ អ្នក​សូក​នឹក​ស្មាន​ថា សំណូក​ប្រៀប​បាន​នឹង​ត្បូង​ទិព្វ​ដែល​នាំ​ឲ្យ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​គេ​ធ្វើ។ អ្នក​ចង់​បាន​មិត្ត‌ភាព​តែងតែ​បំភ្លេច​កំហុស រីឯ​អ្នក​ដែល​រំឭក​កំហុស​រមែង​ធ្វើ​ឲ្យ​មិត្ត‌ភាព​រលាយ។

ចែក​រំលែក
អាន សុភាសិត 17

សុភាសិត 17:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​មាន​តែ​បាយ​ក្រៀម​១​ដុំ ដែល​នឹង​បរិភោគ​ដោយ​សេចក្ដី​សុខ នោះ​វិសេស​ជាង​មាន​ផ្ទះ​ពេញ​ដោយ​ការ​ជប់‌លៀង តែ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា​វិញ។ បាវ​ដែល​បំរើ​ដោយ​ប្រាជ្ញា នោះ​នឹង​ត្រួត​លើ​កូន​ដែល​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដី​ខ្មាស ហើយ​នឹង​បាន​ចំណែក​មរដក​ជា​មួយ​នឹង​បង​ប្អូន​របស់​កូន​នោះ​ដែរ។ មនុស្ស​ប្រើ​បាវ​ដី​សំរាប់​សំរង​ប្រាក់ ហើយ​ឡ​សំរាប់​មាស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ល​មើល​ចិត្ត​វិញ។ មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​តែង​ស្តាប់​តាម​បបូរ​មាត់​អាក្រក់ ហើយ​មនុស្ស​ភូត‌ភរ​ក៏​ផ្ទៀង​ត្រចៀក ស្តាប់​អណ្តាត​កាច។ អ្នក​ណា​ដែល​ចំអក​ឲ្យ​មនុស្ស​ក្រ នោះ​ក៏​មើល‌ងាយ​ដល់​ព្រះ​ដែល​បង្កើត​គេ​មក​ដែរ ឯ​អ្នក​ណា​ដែល​ត្រេក‌អរ​ក្នុង​ការ​អន្តរាយ​របស់​គេ នោះ​នឹង​មិន​រួច​ពី​ទោស​ឡើយ។ កូន​ចៅ​ជា​មកុដ​ដល់​មនុស្ស​ចាស់ៗ ហើយ​ឪពុក​ជា​ទី​អំនួត​របស់​ពួក​កូន។ ពាក្យ​សំដី​ខ្ពស់​ប្រសើរ មិន​សំណំ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទៅ​ហើយ ចំណង់​បើ​បបូរ​មាត់​កំភូត តើ​មិន​សំណំ​នឹង​មនុស្ស​ត្រកូល​ខ្ពស់​ជា​ជាង​យ៉ាង​ណា​ទៅ។ សំណូក​រាប់​ដូច​ជា​ត្បូង​មាន​ដំឡៃ​ដល់​អ្នក​ណា​ដែល​មាន ទោះ​បើ​ជូន​ទៅ​ខាង​ណា​ក៏​ដោយ គង់​តែ​សំរេច​ការ​បាន។ អ្នក​ណា​ដែល​គ្រប​បាំង​សេចក្ដី​កំហុស​របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក​សេចក្ដី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្រ​សំឡាញ់​បាក់​បែក​គ្នា​វិញ។

ចែក​រំលែក
អាន សុភាសិត 17