សុភាសិត 17:1-28

សុភាសិត 17:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បើ​មាន​តែ​បាយ​ក្រៀម​មួយ​ដុំ ដែល​បរិ‌ភោគ​ដោយ​សេចក្ដី​សុខ វិសេស​ជាង​មាន​ផ្ទះ​ពេញ​ដោយ​ការ​ជប់‌លៀង តែ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា​វិញ។ បាវ​បម្រើ​ឆ្លាតនឹង​ត្រួត​លើ​កូន ដែល​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដី​ខ្មាស ហើយ​នឹង​បាន​ចំណែក​មត៌ក ជា‌មួយ​បង‌ប្អូន​របស់​កូន​នោះ​ដែរ។ មនុស្ស​ប្រើ​បាវ​សម្រាប់​សម្រង់​ប្រាក់ និង​ឡ​សម្រាប់​មាស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ល​មើល​ចិត្ត​វិញ។ មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​តែង​ស្តាប់​តាម​បបូរ​មាត់​អាក្រក់ ហើយ​មនុស្ស​ភូត​ភរ​ក៏​ផ្ទៀង​ត្រចៀក ស្តាប់​អណ្ដាត​កាច។ អ្នក​ណា​ដែល​ចំអក​ឲ្យ​មនុស្ស​ក្រ នោះ​ក៏​មើល​ងាយ​ដល់​ព្រះ​ដែល​បង្កើត​គេ​មក​ដែរ ឯ​អ្នក​ណា​ដែល​ត្រេក‌អរ​ក្នុង​ការ​អន្ត‌រាយ​របស់​គេ នោះ​នឹង​មិន​រួច​ពី​ទោស​ឡើយ។ កូន​ចៅ​ជា​មកុដ​ដល់​មនុស្ស​ចាស់ៗ ហើយ​ឪពុក​ជា​ទី​អំនួត​របស់​ពួក​កូន។ ពាក្យ​សម្ដី​ខ្ពស់​ប្រសើរ មិន​សំណំ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទៅ​ហើយ ចំណង់​បើ​សម្ដី​ភូតភរ តើ​មិន​សំណំ​នឹងមាត់ របស់​អ្នក​ដឹក​នាំ យ៉ាង​ណា​ទៅ។ សំណូក​រាប់​ដូច​ជា​ត្បូង​មាន​តម្លៃ ដល់​អ្នក​ណា​ដែល​មាន ទោះ​បើ​ជូន​ទៅ​ខាង​ណា​ក៏​ដោយ គង់​តែ​សម្រេច​ការ​បាន។ អ្នក​ណា​ដែល​គ្រប​បាំង​សេចក្ដី​កំហុស របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក សេចក្ដី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្ត​សម្លាញ់​បាក់​បែក​គ្នា​វិញ។ ពាក្យ​បន្ទោស​តែ​មួយ​ម៉ាត់ តែង​មុត​ចូល​ទៅ​ក្នុង​ចិត្ត របស់​មនុស្ស​មាន​យោបល់ ជា​ជាង​ការ​វាយ​មនុស្ស​ល្ងី‌ល្ងើ មួយរយ​រំពាត់​ទៅ​ទៀត។ មនុស្ស​ខូច​អាក្រក់ រក​តែ​បះ‌បោរ​ម៉្យាង​ប៉ុណ្ណោះ ដូច្នេះ នឹង​ត្រូវ​មាន​អ្នក​បម្រើ​យ៉ាង​សាហាវ ចេញ​មក​ទាស់​នឹង​គេ។ ស៊ូ​ឲ្យ​ប្រទះ​នឹង​មេ​ខ្លា​ឃ្មុំ​ដែល​បាត់​កូន គ្រាន់​បើ​ជាង​ប្រទះ​នឹង​មនុស្ស​ល្ងី‌ល្ងើ ដែល​កំពុង​តែ​ប្រព្រឹត្ត​ការ​ចម្កួត​របស់​ខ្លួន។ អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ស្នង​នឹង​ការ​ល្អ សេចក្ដី​អាក្រក់​នឹង​មិន​ឃ្លាត​ចេញ ពី​ផ្ទះ​អ្នក​នោះ​ឡើយ។ ការ​ចាប់​ផ្តើម​ប្រកាន់​គ្នា ប្រៀប​ដូច​ជា​បើក​ទំនប់​ទឹក ដូច្នេះ ចូរ​ដក​ខ្លួន​ថយ​ចេញ​ពី​ការ​ទាស់​គ្នា មុន​ដែល​កើត​មាន​ជម្លោះ។ អ្នក​ដែល​រាប់​មនុស្ស​អាក្រក់​ថា​ឥត​មាន​ទោស និង​អ្នក​ដែល​រាប់​មនុស្ស​សុចរិត​ថា​មាន​ទោស អ្នក​ទាំង​ពីរ​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។ ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​មាន​ប្រាក់​នៅ​ដៃ សម្រាប់​រៀន​ឲ្យ​បាន​ប្រាជ្ញា តើ​មាន​ប្រ‌យោជន៍​អ្វី បើ​គេ​គ្មាន​ចិត្ត​ចង់​រៀន​សោះ? មិត្ត​សម្លាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង‌ប្អូន​ក៏​កើត​មក​សម្រាប់​គ្រា​លំបាក​ដែរ។ មនុស្ស​ដែល​ឥត​មាន ប្រាជ្ញា​គេ​ទទួល​ចាប់​ដៃ ព្រម​ទាំង​ធានា​ពី​ដំណើរ​អ្នក​ជិត​ខាង​ខ្លួន​ផង។ អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ឈ្លោះ​ប្រកែក នោះ​ឈ្មោះ​ថា​ជា​អ្នក​ស្រឡាញ់​អំពើ​បាប​ហើយ ចំណែក​អ្នក​ណា​ដែល​លើក​ខ្លួន​ឲ្យ​ខ្ពស់ នោះ​ជា​អ្នក​ស្វែង​រក​តែ​សេចក្ដី​ហិន​វិនាស។ អ្នក​ណា​ដែល​មាន​ចិត្ត​វៀច មិន​ដែល​បាន​សេចក្ដី​ល្អ​ទេ ហើយ​អ្នក​ណា​ដែល​មាន​អណ្ដាត​ចចើង នោះ​រមែង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​អន្តរាយ។ អ្នក​ណា​ដែល​បង្កើត​បាន​កូន​ជា​មនុស្ស​ល្ងី‌ល្ងើ ក៏​កើត​មាន​សេចក្ដី​ទុក្ខ​ព្រួយ ឪពុក​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​គ្មាន​អំណរ​ឡើយ។ ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ។ មនុស្ស​អាក្រក់ គេ​តែង​តែ​ទទួល​សំណូក ដោយ​លួច​លាក់ ដើម្បី​នឹង​បង្ខូច​ផ្លូវ​យុត្តិ‌ធម៌។ ឯ​ប្រាជ្ញា​រមែង​នៅ​ចំពោះ​មុខ មនុស្ស​ដែល​មាន​តម្រិះ តែ​ភ្នែក​មនុស្ស​ល្ងី‌ល្ងើ មើល​ទៅ​ឯ​ចុង​ផែនដី​បំផុត​វិញ។ កូន​ល្ងី‌ល្ងើ​ជា​ហេតុ​ឲ្យ​ឪពុក​កើត​ទុក្ខ​ព្រួយ ហើយ​ជា​ទី​ជូរ​ល្វីង​ដល់​ម្តាយ​ដែល​បង្កើត​វា​មក។ ការ​ដែល​ធ្វើ​ទោស​ដល់​មនុស្ស​សុចរិត ឬ​វាយ​អ្នក​ត្រកូល​ខ្ពស់ ដោយ​ព្រោះ សេចក្ដី​ទៀង​ត្រង់​របស់​គេ នោះ​មិន​ល្អ​ទេ។ អ្នក​ណា​ដែល​មាន​តម្រិះ រមែង​សំចៃ​ទុក​នូវ​ពាក្យ​សម្ដី ហើយ​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ។ សូម្បី​តែ​មនុស្ស​ឆ្កួត បើ​វា​នៅ​មាត់​ស្ងៀម នោះ​គេ​រាប់​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ដែរ ពេល​គេ​បិត​បបូរ​មាត់​ខ្លួន​ទុក នោះ​ក៏​រាប់​ជា​អ្នក​ឆ្លៀវ​ឆ្លាត​ហើយ។

ចែក​រំលែក
អាន សុភាសិត 17

សុភាសិត 17:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បរិភោគ​បាយ‌កក​តែ​មាន​សេចក្ដី​សុខ ប្រសើរ​ជាង​ជប់‌លៀង​នៅ​ផ្ទះ​មួយ​ដែល​មាន​តែ​ការ​ឈ្លោះ​គ្នា។ អ្នក​បម្រើ​ឆ្លាត​រមែង​ត្រួត‌ត្រា​លើ​កូន​ដ៏​ថោក​ទាប​របស់​ចៅហ្វាយ ព្រម​ទាំង​ទទួល​ចំណែក​មត៌ក​ក្នុង​គ្រួសារ​នោះ​ផង។ គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ‌សារ​ដុត​ក្នុង​ភ្លើង រីឯ​ចិត្ត​មនុស្ស​វិញ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​អាច​លត់‌ដំ ដើម្បី​ស្គាល់​តម្លៃ។ មនុស្ស​មាន​បំណង​អាក្រក់​រមែង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​អាក្រក់ ហើយ​មនុស្ស​កុហក​រមែង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​មួល‌បង្កាច់។ អ្នក​មើល‌ងាយ​ជន​ក្រីក្រ ដូច​ជា​ប្រមាថ​ព្រះ‌ជាម្ចាស់​ដែល​បង្កើត​គេ រីឯ​អ្នក​សើច​ចំអក​ដាក់​ជន​រង‌គ្រោះ​នឹង​ត្រូវ​មាន​ទោស។ ចៅ​រមែង​ធ្វើ​ឲ្យ​ជីតា​មាន​កិត្តិយស រីឯ​កូន​បាន​ខ្ពស់​មុខ ព្រោះ​តែ​ឪពុក។ ពាក្យ​ថ្លៃ‌ថ្នូរ​មិន​សម​ជា​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ ហើយ​ពាក្យ​កុហក​ក៏​មិន​សម​ចេញ​ពី​មាត់​របស់​អ្នក​ដឹក​នាំ​ដែរ។ អ្នក​សូក​នឹក​ស្មាន​ថា សំណូក​ប្រៀប​បាន​នឹង​ត្បូង​ទិព្វ​ដែល​នាំ​ឲ្យ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​គេ​ធ្វើ។ អ្នក​ចង់​បាន​មិត្ត‌ភាព​តែងតែ​បំភ្លេច​កំហុស រីឯ​អ្នក​ដែល​រំឭក​កំហុស​រមែង​ធ្វើ​ឲ្យ​មិត្ត‌ភាព​រលាយ។ ស្ដី​ប្រដៅ​មនុស្ស​ចេះ​ដឹង​តែ​មួយ​ម៉ាត់ មាន​ប្រសិទ្ធ‌ភាព​ជាង​វាយ​មនុស្ស​ល្ងី‌ល្ងើ​មួយ​រយ​ដំបង។ មនុស្ស​ទុច្ចរិត​គិត​តែ​បះ‌បោរ ប៉ុន្តែ គេ​នឹង​ចាត់​ពេជ្ឈ‌ឃាត​កំណាច​ឲ្យ​ទៅ​បង្ក្រាប​អ្នក​នោះ។ ជួប​មេ​ខ្លា‌ឃ្មុំ​ព្រាត់​កូន ប្រសើរ​ជាង​ជួប​មនុស្ស​ល្ងី‌ល្ងើ​ដែល​ល្ងង់​ហួស។ អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ភាព​អន្តរាយ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​នោះ​ទេ។ បង្ក​ជម្លោះ​ប្រៀប​បាន​នឹង​ទំលាយ​ទំនប់​ទឹក ចូរ​ដក​ខ្លួន​ថយ​មុន​នឹង​ជម្លោះ​ផ្ទុះ​ឡើង។ អ្នក​ដែល​ចាត់​ទុក​មនុស្ស​ជាប់​ទោស​ថា​គ្មាន​ទោស និង​អ្នក​ដែល​ចាត់​ទុក​មនុស្ស​គ្មាន​កំហុស​ថា​មាន​កំហុស មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ។ ប្រាក់​នៅ​ក្នុង​ដៃ​មនុស្ស​ខ្លៅ​គ្មាន​ប្រយោជន៍​អ្វី​ទេ ព្រោះ​ទិញ​ប្រាជ្ញា​មិន​បាន ដ្បិត​អ្នក​នោះ​មិន​ចេះ​គិត ពិចារណា​អ្វី​សោះ។ កល្យាណ​មិត្ត​តែងតែ​ស្រឡាញ់​គ្នា​គ្រប់​ពេល​វេលា រីឯ​បងប្អូន​វិញ​តែងតែ​ចាំ​ជួយ​គ្នា​ក្នុង​ពេល​មាន​ទុក្ខ‌ធុរៈ។ អ្នក​ណា​ធានា​សង​បំណុល​ជួស​អ្នក​ដទៃ អ្នក​នោះ​មិន​ចេះ​គិត​ពិចារណា​ទេ។ អ្នក​ដែល​ចូល​ចិត្ត​សន្សំ​រឿង​រមែង​ចូល​ចិត្ត​អំពើ​បាប អ្នក​ណា​និយាយ​អួត​បំប៉ោង អ្នក​នោះ​ស្វែង​រក​មហន្ត‌រាយ។ មនុស្ស​មាន​កល‌ល្បិច​មិន​ស្គាល់​សុភមង្គល​ទេ ហើយ​មនុស្ស​សម្ដី​អាក្រក់​រមែង​ជួប​គ្រោះ​កាច។ អ្នក​ណា​បង្កើត​កូន​ល្ងី‌ល្ងើ អ្នក​នោះ​ស្គាល់​តែ​ទុក្ខ​ព្រួយ រីឯ​ឪពុក​របស់​មនុស្ស​លេលា​មិន​ដែល​ស្គាល់​អំណរ​សប្បាយ​ទេ។ ចិត្ត​សប្បាយ​រមែង​នាំ​ឲ្យ​ជា​សះ‌ស្បើយ រីឯ​ចិត្ត​ព្រួយ​រមែង​ធ្វើ​ឲ្យ​រីង‌រៃ។ មនុស្ស​អាក្រក់​លួច​ទទួល​សំណូក ដើម្បី​បង្ខូច​យុត្តិធម៌។ ប្រាជ្ញា​រមែង​នៅ​ក្បែរ​មនុស្ស​ឈ្លាស‌វៃ រីឯ​មនុស្ស​ល្ងី‌ល្ងើ​វិញ គិត​តែ​ពី​សម្លឹង​មើល​អ្វី​ដែល​ខ្លួន​ឈោង​មិន​ដល់។ កូន​ភ្លី‌ភ្លើ​ធ្វើ​ឲ្យ​ឪពុក​ព្រួយ និង​ធ្វើ​ឲ្យ​ម្ដាយ​សោក‌ស្ដាយ។ ដាក់​ទោស​មនុស្ស​សុចរិត​ជា​ការ​មិន​ល្អ​ទេ ហើយ​វាយ​មនុស្ស​ថ្លៃ‌ថ្នូរ ព្រោះ​តែ​គេ​មាន​ចិត្ត​ទៀង‌ត្រង់​ក៏​មិន​ល្អ​ដែរ។ អ្នក​ណា​ទប់​ពាក្យ​សម្ដី​របស់​ខ្លួន អ្នក​នោះ​ជា​មនុស្ស​ចេះ​ដឹង រីឯ​អ្នក​តាំង​ចិត្ត​ស្ងប់‌ស្ងៀម​ជា​មនុស្ស​ឈ្លាស‌វៃ។ បើ​មនុស្ស​ល្ងី‌ល្ងើ​នៅ​ស្ងៀម គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​មាន​ប្រាជ្ញា បើ​គាត់​បិទ​មាត់​មិន​និយាយ​អ្វី គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​ឈ្លាស‌វៃ។

ចែក​រំលែក
អាន សុភាសិត 17

សុភាសិត 17:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​មាន​តែ​បាយ​ក្រៀម​១​ដុំ ដែល​នឹង​បរិភោគ​ដោយ​សេចក្ដី​សុខ នោះ​វិសេស​ជាង​មាន​ផ្ទះ​ពេញ​ដោយ​ការ​ជប់‌លៀង តែ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា​វិញ។ បាវ​ដែល​បំរើ​ដោយ​ប្រាជ្ញា នោះ​នឹង​ត្រួត​លើ​កូន​ដែល​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដី​ខ្មាស ហើយ​នឹង​បាន​ចំណែក​មរដក​ជា​មួយ​នឹង​បង​ប្អូន​របស់​កូន​នោះ​ដែរ។ មនុស្ស​ប្រើ​បាវ​ដី​សំរាប់​សំរង​ប្រាក់ ហើយ​ឡ​សំរាប់​មាស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ល​មើល​ចិត្ត​វិញ។ មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​តែង​ស្តាប់​តាម​បបូរ​មាត់​អាក្រក់ ហើយ​មនុស្ស​ភូត‌ភរ​ក៏​ផ្ទៀង​ត្រចៀក ស្តាប់​អណ្តាត​កាច។ អ្នក​ណា​ដែល​ចំអក​ឲ្យ​មនុស្ស​ក្រ នោះ​ក៏​មើល‌ងាយ​ដល់​ព្រះ​ដែល​បង្កើត​គេ​មក​ដែរ ឯ​អ្នក​ណា​ដែល​ត្រេក‌អរ​ក្នុង​ការ​អន្តរាយ​របស់​គេ នោះ​នឹង​មិន​រួច​ពី​ទោស​ឡើយ។ កូន​ចៅ​ជា​មកុដ​ដល់​មនុស្ស​ចាស់ៗ ហើយ​ឪពុក​ជា​ទី​អំនួត​របស់​ពួក​កូន។ ពាក្យ​សំដី​ខ្ពស់​ប្រសើរ មិន​សំណំ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទៅ​ហើយ ចំណង់​បើ​បបូរ​មាត់​កំភូត តើ​មិន​សំណំ​នឹង​មនុស្ស​ត្រកូល​ខ្ពស់​ជា​ជាង​យ៉ាង​ណា​ទៅ។ សំណូក​រាប់​ដូច​ជា​ត្បូង​មាន​ដំឡៃ​ដល់​អ្នក​ណា​ដែល​មាន ទោះ​បើ​ជូន​ទៅ​ខាង​ណា​ក៏​ដោយ គង់​តែ​សំរេច​ការ​បាន។ អ្នក​ណា​ដែល​គ្រប​បាំង​សេចក្ដី​កំហុស​របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក​សេចក្ដី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្រ​សំឡាញ់​បាក់​បែក​គ្នា​វិញ។ ពាក្យ​បន្ទោស​តែ​១​ម៉ាត់ តែង​មុត​ចូល​ទៅ​ក្នុង​ចិត្ត​របស់​មនុស្ស​មាន​យោបល់ ជា​ជាង​ការ​វាយ​មនុស្ស​ល្ងី‌ល្ងើ​១០០​រំពាត់​ទៅ​ទៀត។ មនុស្ស​ខូច​អាក្រក់ គេ​រក​តែ​បះ‌បោរ​ម្យ៉ាង​ប៉ុណ្ណោះ ដូច្នេះ នឹង​ត្រូវ​មាន​អ្នក​បំរើ​យ៉ាង​សាហាវ ចេញ​មក​ទាស់​នឹង​គេ។ ស៊ូ​ឲ្យ​ប្រទះ​នឹង​មេ​ខ្លា‌ឃ្មុំ​ដែល​បាត់​កូន នោះ​គ្រាន់​បើ​ជាង​ប្រទះ​នឹង​មនុស្ស​ល្ងី‌ល្ងើ ដែល​កំពុង​តែ​ប្រព្រឹត្ត​ការ​ចំកួត​របស់​ខ្លួន។ ឯ​អ្នក​ណា​ដែល​សង​ការ​អាក្រក់ ស្នង​នឹង​ការ​ល្អ សេចក្ដី​អាក្រក់​នឹង​មិន​ឃ្លាត​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ឡើយ។ ការ​ចាប់​ផ្តើម​ប្រកាន់​គ្នា នោះ​ប្រៀប​ដូច​ជា​បើក​ទំនប់​ទឹក ដូច្នេះ ចូរ​លើក​ការ​ទាស់​គ្នា​ចេញ មុន​ដែល​កើត​មាន​ការ​ប្រឈ្លោះ​គ្នា​ផង។ អ្នក​ណា​ដែល​រាប់​មនុស្ស​អាក្រក់​ជា​ឥត​មាន​ទោស ហើយ​អ្នក​ណា​ដែល​កាត់​ទោស​ដល់​មនុស្ស​សុចរិត អ្នក​ទាំង​២​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។ ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​មាន​ប្រាក់​នៅ​ដៃ​សំរាប់​នឹង​រៀន​យក​ប្រាជ្ញា នោះ​តើ​មាន​ប្រយោជន៍​អ្វី បើ​ឃើញ​ថា វា​គ្មាន​ចិត្ត​ចង់​បាន​ទេ។ មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើត​មក​សំរាប់​គ្រា​លំបាក​ដែរ។ មនុស្ស​ដែល​ឥត​មាន​ប្រាជ្ញាគេ​ទទួល​ចាប់​ដៃ ព្រម​ទាំង​ធានា​ពី​ដំណើរ​អ្នក​ជិត​ខាង​ខ្លួន​ផង។ អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ឈ្លោះ​ប្រកែក នោះ​ឈ្មោះ​ថា​ជា​អ្នក​ស្រឡាញ់​អំពើ​បាប​ហើយ ចំណែក​អ្នក​ណា​ដែល​លើក​ខ្លួន​ឲ្យ​ខ្ពស់ នោះ​ជា​អ្នក​ស្វែង​រក​តែ​សេចក្ដី​ហិន‌វិនាស។ អ្នក​ណា​ដែល​មាន​ចិត្ត​វៀច មិន​ដែល​បាន​សេចក្ដី​ល្អ​ទេ ហើយ​អ្នក​ណា​ដែល​មាន​អណ្តាត​ចចើង នោះ​រមែង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​អន្តរាយ។ អ្នក​ណា​ដែល​បង្កើត​បាន​កូន ជា​មនុស្ស​ល្ងី‌ល្ងើ ក៏​កើត​មាន​សេចក្ដី​ទុក្ខ​ព្រួយ ឪពុក​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​គ្មាន​សេចក្ដី​អំណរ​ឡើយ។ ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ។ មនុស្ស​អាក្រក់ គេ​តែង‌តែ​ទទួល​សំណូក ដោយ​លួច​លាក់ ដើម្បី​នឹង​បង្ខូច​ផ្លូវ​យុត្តិ‌ធម៌។ ឯ​ប្រាជ្ញា រមែង​នៅ​ចំពោះ​មុខ​មនុស្ស​ដែល​មាន​ដំរិះ តែ​ភ្នែក​មនុស្ស​ល្ងី‌ល្ងើ​មើល​ទៅ​ឯ​ចុង​ផែនដី​បំផុត​វិញ។ កូន​ល្ងី‌ល្ងើ​ជា​ហេតុ​ឲ្យ​ឪពុក​កើត​ទុក្ខ​ព្រួយ ហើយ​ជា​ទី​ជូរ​ល្វីង​ដល់​ម្តាយ​ដែល​បង្កើត​វា​មក។ ការ​ដែល​ធ្វើ​ទោស​ដល់​មនុស្ស​សុចរិត ឬ​វាយ​អ្នក​ត្រកូល​ខ្ពស់ ដោយ​ព្រោះ​សេចក្ដី​ទៀង​ត្រង់​របស់​គេ នោះ​មិន​ល្អ​ទេ។ អ្នក​ណា​ដែល​មាន​ដំរិះ​រមែង​សំចៃ​ទុក​នូវ​ពាក្យ​សំដី ហើយ​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង‌តែ​មាន​ចិត្ត​ត្រជាក់​ដែរ។ សូម្បី​តែ​មនុស្ស​ឆ្កួត បើ​វា​នៅ​មាត់​ស្ងៀម នោះ​គេ​រាប់​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ដែរ ឯ​អ្នក​ណា​ដែល​បិត​បបូរ​មាត់​ខ្លួន​ទុក នោះ​ក៏​រាប់​ជា​អ្នក​ឆ្លៀវ‌ឆ្លាត​ហើយ។

ចែក​រំលែក
អាន សុភាសិត 17