សុភាសិត 15:7-33

សុភាសិត 15:7-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បបូរ​មាត់​របស់​មនុស្ស​មាន​ប្រាជ្ញា រមែង​ផ្សាយ​ចេញ​ជា​ចំណេះ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​មិន​មែន​ដូច្នោះ​ទេ។ យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់ ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​សេចក្ដី​អធិស្ឋាន​នៃ​មនុស្ស​ទៀង‌ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌អង្គ​វិញ។ ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​អាក្រក់ ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​ស្រឡាញ់​ចំពោះ​អ្នក​ណា ដែល​ដើរ​តាម​សេចក្ដី​សុចរិត​វិញ។ មាន​សេចក្ដី​ផ្ចាញ់‌ផ្ចាល​យ៉ាង​សហ័ស បម្រុង​ទុក​សម្រាប់​អ្នក​ណា ដែល​បោះ‌បង់​ចេញ​ពី​ផ្លូវ ហើយ​អ្នក​ណា​ដែល​ស្អប់​សេចក្ដី​បន្ទោស នោះ​នឹង​ត្រូវ​ស្លាប់។ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​ទី​វិនាស នោះ​ប្រាកដ​ច្បាស់​នៅ​ចំពោះ ព្រះ‌យេហូវ៉ា​ទៅ​ហើយ ចំណង់​បើ​ចិត្ត​នៃ​មនុស្ស​ទាំង​អស់​ជាតិ តើ​ច្បាស់​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។ មនុស្ស​ដែល​ចំអក​មើល​ងាយ គេ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​បន្ទោស​ខ្លួន​ឡើយ គេ​ក៏​មិន​ដែល​រក​អ្នក​ប្រាជ្ញ​ដែរ។ ចិត្ត​រីក‌រាយតែង​តែ​បណ្ដាល​ឲ្យ មាន​ទឹក​មុខ​ផូរ‌ផង់ តែ​វិញ្ញាណ​ត្រូវ​បាក់​បែក ដោយ​កើត​មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត។ ចិត្ត​របស់​អ្នក​ណា​ដែល​មាន​យោបល់​ហើយ នោះ​រមែង​ស្វែង​រក​ចំណេះ តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ចិញ្ចឹម​ខ្លួន ដោយ​សេចក្ដី​ចម្កួត​វិញ។ អស់​ទាំង​ថ្ងៃ​នៃ​មនុស្ស​រង​ទុក្ខ​វេទនា នោះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ជា​សុខ នោះ​ប្រៀប​ដូច​ជា​មាន​ការ​ស៊ី‌លៀង​នៅ​ជា‌និច្ច។ មាន​ទ្រព្យ​សម្បត្តិ​តិច ហើយ​មាន​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​វិសេស​ជាង​មាន​ច្រើន ហើយ​មាន​សេចក្ដី​ទុក្ខ​វិញ។ ស៊ូ​ឲ្យ​មាន​តែ​បន្លែ​ជា​ម្ហូប​នៅ​កន្លែង​ណា ដែល​មាន​សេចក្ដី​ស្រឡាញ់ ជា​ជាង​មាន​សាច់​គោ​ដែល​បំប៉ន​ឲ្យ​ធាត់ ហើយ​មាន​សេចក្ដី​សម្អប់​វិញ។ មនុស្ស​គំរោះ‌គំរើយ រមែង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា តែ​អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​រម្ងាប់​សេចក្ដី​ជម្លោះ​វិញ។ ផ្លូវ​របស់​មនុស្ស​ខ្ជិល​ច្រអូស ធៀប​ដូច​ជា​របង​បន្លា តែ​ផ្លូវ​ច្រក​របស់​មនុស្ស​ត្រង់ ត្រឡប់​ជា​ថ្នល់​ធំ​វិញ។ កូន​ដែល​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ តែ​មនុស្ស​ល្ងី‌ល្ងើ គេ​មើល​ងាយ​ម្តាយ​ខ្លួន​វិញ។ ឯ​ការ​ចម្កួត​ជា​អំណរ ដល់​មនុស្ស​ដែល​ឥត​ប្រាជ្ញា តែ​មនុស្ស​ដែល​មាន​យោបល់ គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ។ ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ណា​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ។ មនុស្ស​រមែង​មាន​អំណរ ដោយ​ពាក្យ​ឆ្លើយ​របស់​ខ្លួន ហើយ​ពាក្យ​មួយ​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎។ ខាង​ឯ​មនុស្ស​មាន​ប្រាជ្ញា នោះ​ផ្លូវ​នៃ​ជីវិត​ចេះ​តែ​នាំ​ឡើង​ទៅ​លើ ដើម្បី​ឲ្យ​បាន​ឃ្លាត​ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង មនុស្ស​ស្លាប់ ដែល​នៅ​ខាង​ក្រោម។ ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​ផ្ទះ​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ តែ​ព្រះ‌អង្គ​នឹង​តាំង​គោល​ចារឹក នៃ​ស្ត្រី​មេម៉ាយ​ឲ្យ​មាំ‌មួន​វិញ។ គំនិត​អាក្រក់​ជា​សេចក្ដី​ស្អប់​ខ្ពើម ដល់​ព្រះ‌យេហូវ៉ា តែ​ពាក្យ​សម្ដី​របស់​មនុស្ស​បរិសុទ្ធ នោះ​ពីរោះ​វិញ។ អ្នក​ណា​ដែល​លោភ​ចង់​បាន​កម្រៃ នោះ​រមែង​ធ្វើ​ឲ្យ​ផ្ទះ​ខ្លួន​កើត​ទុក្ខ តែ​អ្នក​ណា​ដែល​ស្អប់​សំណូក នោះ​នឹង​រស់​នៅ​វិញ។ ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន ទើប​ឆ្លើយ តែ​មាត់​មនុស្ស​អាក្រក់​បង្ហូរ​ចេញ ជា​សេចក្ដី​អាក្រក់​វិញ។ ព្រះ‌យេហូវ៉ា​គង់​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ តែ​ព្រះ‌អង្គ​ស្តាប់​សេចក្ដី​អធិស្ឋាន របស់​មនុស្ស​សុចរិត​វិញ។ ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ដំណឹង​ដែល​គាប់​ចិត្ត នោះ​រមែង​ចម្រើន​កម្លាំង​ដល់​ឆ្អឹង។ ត្រចៀក​ណា​ដែល​ស្តាប់​តាម សេចក្ដី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អា‌ស្រ័យ​នៅ​ជា​កណ្ដាល​ពួក​អ្នក​ប្រាជ្ញ។ អ្នក​ណា​ដែល​មិន​ព្រម​ទទួល សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា ស្អប់​ខ្ពើម​ដល់​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស នោះ​បាន​យោបល់​វិញ។ សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា ហើយ​សេចក្ដី​សុភាព‌រាប‌សា តែង​តែ​នាំ​មុខ​កិត្តិ‌សព្ទ។

ចែក​រំលែក
អាន សុភាសិត 15

សុភាសិត 15:7-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សម្ដី​របស់​អ្នក​មាន​ប្រាជ្ញា​រមែង​បណ្ដុះ‌បណ្ដាល​ចំណេះ រីឯ​មនុស្ស​ខ្លៅ​វិញ មិន​អាច​បណ្ដុះ‌បណ្ដាល​បាន​ទេ។ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់​ឡើយ តែ​ព្រះអង្គ​ទទួល​ពាក្យ​ទូល‌អង្វរ​របស់​មនុស្ស​ទៀង‌ត្រង់។ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ផ្លូវ​របស់​មនុស្ស​អាក្រក់​ទេ តែ​ព្រះអង្គ​ស្រឡាញ់​អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត។ អ្នក​ដែល​ងាក​ចេញ​ពី​មាគ៌ា​ល្អ​រមែង​ទទួល​ទោស​ជា​ទម្ងន់ រីឯ​អ្នក​ដែល​ស្អប់​ការ​ស្ដី​ប្រដៅ​តែងតែ​ស្លាប់។ ព្រះ‌អម្ចាស់​ជ្រាប​អ្វីៗ​នៅ​ស្ថាន​មច្ចុរាជ និង​នៅ​នរក​អវិចី ចំណែក​ឯ​ចិត្ត​មនុស្ស​វិញ ព្រះអង្គ​រឹត‌តែ​ជ្រាប​យ៉ាង​ច្បាស់​ទៅ​ទៀត។ មនុស្ស​វាយ‌ឫក​ខ្ពស់​មិន​ចូល​ចិត្ត​ឲ្យ​នរណា​ស្ដី​ប្រដៅ​ទេ ហើយ​ក៏​មិន​ទៅ​សួរ​យោបល់​ពី​អ្នក​មាន​ប្រាជ្ញា​ដែរ។ ចិត្ត​សប្បាយ​ធ្វើ​ឲ្យ​ទឹក​មុខ​រីក‌រាយ រីឯ​ចិត្ត​ព្រួយ​ធ្វើ​ឲ្យ​ទឹក​មុខ​ស្រងូត‌ស្រងាត់។ អ្នក​ចេះ​ពិចារណា​តែងតែ​ស្វែង​រក​ចំណេះ រីឯ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​ភាព​ល្ងី‌ល្ងើ។ ចំពោះ​មនុស្ស​កម្សត់​ទុគ៌ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​អាក្រក់​ដែរ រីឯ​មនុស្ស​សប្បាយ​ចិត្ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​បុណ្យ​ដែរ។ ក្រ​ទ្រព្យ​តែ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់ ប្រសើរ​ជាង​មាន​ទ្រព្យ​ច្រើន ហើយ​កើត​ទុក្ខ​កង្វល់។ កន្លែង​ណា​មាន​តែ​បន្លែ​បរិភោគ ហើយ​មាន​សេចក្ដី​ស្រឡាញ់ នោះ​ប្រសើរ​ជាង​កន្លែង​មាន​សាច់​បរិភោគ​យ៉ាង​ឆ្ងាញ់ តែ​មាន​ការ​ស្អប់​គ្នា។ មនុស្ស​ខឹង​ច្រើន​តែងតែ​បង្ក​ជម្លោះ រីឯ​មនុស្ស​ដែល​ចេះ​អត់‌ធ្មត់​តែងតែ​សម្រុះ‌សម្រួល កុំ​ឲ្យ​មាន​ការ​ទាស់‌ទែង​គ្នា។ ផ្លូវ​របស់​មនុស្ស​ខ្ជិល​មាន​សុទ្ធ​តែ​បន្លា រីឯ​ផ្លូវ​របស់​មនុស្ស​ទៀង‌ត្រង់​រាប​ស្មើ​ល្អ។ កូន​មាន​ប្រាជ្ញា​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​កូន​ល្ងី‌ល្ងើ​តែងតែ​មើល‌ងាយ​ម្ដាយ។ មនុស្ស​មិន​ដឹង​ខុស​ត្រូវ​តែងតែ​សប្បាយ​ចិត្ត​នឹង​ភាព​ល្ងី‌ល្ងើ រីឯ​មនុស្ស​ចេះ​គិត​ពិចារណា​រមែង​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់។ ខ្វះ​ការ​ពិគ្រោះ​គ្នា គម្រោង‌ការ​តែងតែ​បរា‌ជ័យ មាន​ទី​ប្រឹក្សា​ច្រើន គម្រោង‌ការ​តែងតែ​សម្រេច។ ពោល​ពាក្យ​ត្រឹម​ត្រូវ​ស្រប​នឹង​កាលៈ‌ទេសៈ រមែង​នាំ​ឲ្យ​មាន​អំណរ​សប្បាយ។ មនុស្ស​ចេះ​គិត‌គូរ​រមែង​ដើរ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​រក​ជីវិត ហើយ​ចៀស‌វាង​ផ្លូវ​ដែល​ចុះ​ទៅ​រក​សេចក្ដី​ស្លាប់។ ព្រះ‌អម្ចាស់​រំលំ​ផ្ទះ​របស់​មនុស្ស​អំនួត តែ​ព្រះអង្គ​ការពារ​ដី‌ធ្លី​របស់​ស្ត្រី​មេម៉ាយ។ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​គំនិត​អាក្រក់​ទេ តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ពាក្យ​ដែល​ហូរ​ចេញ​ពី​ចិត្ត​បរិសុទ្ធ។ មនុស្ស​លោភ‌លន់​តែងតែ​នាំ​ឲ្យ​មាន​វិបត្តិ​នៅ​ក្នុង​ខ្លួន រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​សំណូក រមែង​មាន​អាយុ​យឺន‌យូរ។ មនុស្ស​សុចរិត​តែងតែ​គិត​ពិចារណា​មុន​នឹង​ឆ្លើយ រីឯ​មនុស្ស​អាក្រក់​រមែង​និយាយ​មួល​បង្កាច់​ភ្លាមៗ។ ព្រះ‌អម្ចាស់​មិន​អើ‌ពើ​នឹង​មនុស្ស​អាក្រក់​ទេ តែ​ព្រះអង្គ​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​មនុស្ស​សុចរិត។ ទឹក​មុខ​ដែល​សម្តែង​សេចក្ដី​មេត្តា​រមែង​នាំ​ឲ្យ​មាន​អំណរ ហើយ​ដំណឹង‌ល្អ​រមែង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កម្លាំង។ អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ ដែល​នាំ​ឲ្យ​មាន​ជីវិត អ្នក​នោះ​អាច​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​មាន​ប្រាជ្ញា។ អ្នក​ណា​បដិសេធ​ការ​ប្រៀន‌ប្រដៅ អ្នក​នោះ​បាន​ប្រមាថ​ជីវិត​ខ្លួន​ឯង រីឯ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ​តែងតែ​ទទួល​សុភ‌និច្ឆ័យ។ ការ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់​តែងតែ​អប់រំ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា មុន​នឹង​ទទួល​សិរី‌រុងរឿង តោង​ដាក់​ខ្លួន​ជា​មុន​សិន។

ចែក​រំលែក
អាន សុភាសិត 15

សុភាសិត 15:7-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បបូរ​មាត់​របស់​មនុស្ស​ប្រាជ្ញ រមែង​ផ្សាយ​ចេញ​ជា​ចំណេះ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​មិន​មែន​ដូច្នោះ​ទេ។ យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់ ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​សេចក្ដី​អធិស្ឋាន​នៃ​មនុស្ស​ទៀង‌ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់​វិញ។ ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​អាក្រក់ ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​ស្រឡាញ់​ចំពោះ​អ្នក​ណា​ដែល​ដើរ​តាម​សេចក្ដី​សុចរិត​វិញ។ មាន​សេចក្ដី​ផ្ចាញ់‌ផ្ចាល​យ៉ាង​សហ័ស បំរុង​ទុក​សំរាប់​អ្នក​ណា​ដែល​បោះ‌បង់​ចេញ​ពី​ផ្លូវ ហើយ​អ្នក​ណា​ដែល​ស្អប់​សេចក្ដី​បន្ទោស នោះ​នឹង​ត្រូវ​ស្លាប់។ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​ទី​វិនាស នោះ​ប្រាកដ​ច្បាស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ​ហើយ ចំណង់​បើ​ចិត្ត​នៃ​អស់​ទាំង​មនុស្ស​ជាតិ តើ​ច្បាស់​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត។ មនុស្ស​ដែល​ចំអក​មើល‌ងាយ គេ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​បន្ទោស​ខ្លួន​ឡើយ ក៏​មិន​ដែល​រក​អ្នក​ប្រាជ្ញ​ដែរ។ ចិត្ត​រីក‌រាយ​តែង‌តែ​បណ្តាល​ឲ្យ​មាន​ទឹក​មុខ​ផូរ‌ផង់ តែ​វិញ្ញាណ​ត្រូវ​បាក់​បែក​ដោយ​កើត​មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត។ ចិត្ត​របស់​អ្នក​ណា​ដែល​មាន​យោបល់​ហើយ នោះ​រមែង​ស្វែង​រក​ចំណេះ តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង‌តែ​ចិញ្ចឹម​ខ្លួន ដោយ​សេចក្ដី​ចំកួត​វិញ។ អស់​ទាំង​ថ្ងៃ​នៃ​មនុស្ស​រង​ទុក្ខ​វេទនា នោះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ជា​សុខ នោះ​ប្រៀប​ដូច​ជា​មាន​ការ​ស៊ី‌លៀង​នៅ​ជានិច្ច។ មាន​ទ្រព្យ​សម្បត្តិ​តិច ហើយ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​វិសេស​ជាង​មាន​ច្រើន ហើយ​មាន​សេចក្ដី​ទុក្ខ​វិញ។ ស៊ូ​ឲ្យ​មាន​តែ​បន្លែ​ជា​ម្ហូប នៅ​កន្លែង​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ ជា​ជាង​មាន​សាច់​គោ​ដែល​បំប៉ន​ឲ្យ​ធាត់ ហើយ​មាន​សេចក្ដី​សំអប់​វិញ។ មនុស្ស​គំរោះ‌គំរើយ រមែង​បណ្តាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា តែ​អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​រំងាប់​សេចក្ដី​ជំលោះ​វិញ។ ផ្លូវ​របស់​មនុស្ស​ខ្ជិល​ច្រអូស ធៀប​ដូច​ជា​របង​បន្លា តែ​ផ្លូវ​ច្រក​របស់​មនុស្ស​ទៀង​ត្រង់​ត្រឡប់​ជា​ថ្នល់​ធំ​វិញ។ កូន​ដែល​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ តែ​មនុស្ស​ល្ងី‌ល្ងើ គេ​មើល‌ងាយ​ម្តាយ​ខ្លួន​វិញ។ ឯ​ការ​ចំកួត​ជា​សេចក្ដី​អំណរ​ដល់​មនុស្ស​ដែល​ឥត​ប្រាជ្ញា តែ​មនុស្ស​ដែល​មាន​យោបល់ គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ។ ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ។ មនុស្ស​រមែង​មាន​សេចក្ដី​អំណរ ដោយ​ពាក្យ​ឆ្លើយ​របស់​ខ្លួន ហើយ​ពាក្យ​១​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎។ ខាង​ឯ​មនុស្ស​មាន​ប្រាជ្ញា នោះ​ផ្លូវ​នៃ​ជីវិត​ចេះ​តែ​នាំ​ឡើង​ទៅ​លើ ដើម្បី​ឲ្យ​បាន​ឃ្លាត​ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដែល​នៅ​ខាង​ក្រោម។ ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​ផ្ទះ​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ តែ​ទ្រង់​នឹង​តាំង​គោល​ចារិក​នៃ​ស្រី​មេម៉ាយ​ឲ្យ​មាំ‌មួន​វិញ។ គំនិត​អាក្រក់​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ពាក្យ​សំដី​របស់​មនុស្ស​បរិសុទ្ធ នោះ​ពីរោះ​វិញ។ អ្នក​ណា​ដែល​លោភ​ចង់​បាន​កំរៃ នោះ​រមែង​ធ្វើ​ឲ្យ​ផ្ទះ​ខ្លួន​កើត​ទុក្ខ តែ​អ្នក​ណា​ដែល​ស្អប់​សំណូក នោះ​នឹង​រស់​នៅ​វិញ។ ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន ទើប​ឆ្លើយ តែ​មាត់​មនុស្ស​អាក្រក់​បង្ហូរ​ចេញ​ជា​សេចក្ដី​អាក្រក់​វិញ។ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ តែ​ទ្រង់​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​សុចរិត​វិញ។ ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ដំណឹង​ដែល​គាប់​ចិត្ត នោះ​រមែង​ចំរើន​កំឡាំង​ដល់​ឆ្អឹង។ ត្រចៀក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អាស្រ័យ​នៅ​ជា​កណ្តាល​ពួក​អ្នក​ប្រាជ្ញ។ អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា​ស្អប់​ខ្ពើម​ដល់​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស នោះ​បាន​យោបល់​វិញ។ សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា ហើយ​សេចក្ដី​សុភាព‌រាបសា​តែង‌តែ​នាំ​មុខ​កិត្តិសព្ទ។

ចែក​រំលែក
អាន សុភាសិត 15