សុភាសិត 14:1-35
សុភាសិត 14:1-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្ត្រីដែលមានប្រាជ្ញាតែងសង់ផ្ទះរបស់ខ្លួន តែស្ត្រីល្ងីល្ងើរំលំផ្ទះដោយដៃរបស់ខ្លួនផ្ទាល់។ អ្នកណាដែលដើរដោយ សេចក្ដីទៀងត្រង់របស់ខ្លួន នោះរមែងកោតខ្លាចដល់ព្រះយេហូវ៉ា តែអ្នកណាដែលប្រព្រឹត្តតាមផ្លូវវៀច នោះឈ្មោះថាមើលងាយព្រះអង្គវិញ។ មាត់របស់មនុស្សល្ងីល្ងើ មានរំពាត់សម្រាប់បង្ក្រាបអំនួតរបស់វា តែបបូរមាត់របស់មនុស្សមានប្រាជ្ញា តែងការពារខ្លួនវិញ។ ផ្ទះណាគ្មានគោ នោះក្រោលរមែងស្អាតល្អ តែគឺដោយកម្លាំងគោនោះឯង ដែលនឹងចម្រើនកើនឡើងបាន។ សាក្សីស្មោះត្រង់នឹងមិនកុហកឡើយ តែសាក្សីក្លែងក្លាយ តែងតែពោលពាក្យភូតភរវិញ។ មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណា ដែលមានយោបល់។ ចូរចៀសចេញពីមនុស្សល្ងីល្ងើចុះ ដ្បិតនឹងឃើញមានចំណេះ នៅបបូរមាត់វាមិនបាន។ ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីឆបោកទទេ។ មនុស្សល្ងីល្ងើតែងសើចចំអក នឹងតង្វាយលើកលែងទោស តែមនុស្សទៀងត្រង់ នោះគាប់ព្រះហឫទ័យព្រះវិញ។ ចិត្តមនុស្សរមែងស្គាល់សេចក្ដីជូរចត់របស់ខ្លួន ឯមនុស្សដទៃនឹងទទួលចំណែក ក្នុងអំណររបស់ចិត្តនោះមិនបាន។ ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរំលំ តែខ្ទមរបស់មនុស្សទៀងត្រង់ នឹងចម្រើនឡើងវិញ។ មានផ្លូវមួយដែលមើលទៅ ដូចជាត្រឹមត្រូវល្អដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះជាសេចក្ដីស្លាប់វិញ។ នៅវេលាកំពុងតែសើចសប្បាយ គង់តែចិត្តមានសេចក្ដីសៅសោកដែរ ហើយចុងបំផុតនៃអំណរគឺជាធ្ងន់ទ្រូងវិញ។ អ្នកណាដែលមានចិត្តរសាយថយទៅ នោះនឹងបានឆ្អែតដោយផលនៃផ្លូវរបស់ខ្លួន តែមនុស្សល្អក៏នឹងបានស្កប់ស្កល់ ដោយផលនៃផ្លូវរបស់ខ្លួនដែរ។ មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃ រមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន។ មនុស្សដែលមានប្រាជ្ញារមែងកោតខ្លាច ហើយក៏ចៀសចេញពីផ្លូវអាក្រក់ តែមនុស្សល្ងីល្ងើគេមានចិត្តចើងម៉ើង ហើយទុកចិត្តតែនឹងខ្លួនឯងវិញ។ អ្នកណាដែលរហ័សខឹង នោះតែងតែប្រព្រឹត្តឥតបើគិត ហើយមនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះរមែងជាទីស្អប់ដល់អ្នកដទៃ។ មនុស្សឆោតល្ងង់តាក់តែងខ្លួន ដោយសេចក្ដីចម្កួត តែមនុស្សឆ្លៀវឆ្លាតបំពាក់ដោយការចេះដឹង ទុកជាមកុដវិញ។ មនុស្សអាក្រក់រមែងឱនចុះនៅចំពោះមនុស្សល្អ ហើយមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ ក៏ក្រាបចុះនៅមាត់ទ្វាររបស់មនុស្សសុចរិតដែរ។ មនុស្សក្រគេតែងស្អប់ខ្ពើម សូម្បីតែអ្នកជិតខាងខ្លួន តែអ្នកមានវិញ គេមានមិត្តសម្លាញ់ច្រើនណាស់។ អ្នកណាដែលមើលងាយដល់អ្នកជិតខាង ឈ្មោះថាមានបាបហើយ តែអ្នកណាដែលមានចិត្តមេត្តា ដល់មនុស្សទាល់ក្រ នោះរមែងសប្បាយវិញ។ មនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះវង្វេងហើយ ប៉ុន្តែ មនុស្សដែលគិតគូរបង្កើតការល្អ នឹងបានសេចក្ដីមេត្តា និងសេចក្ដីពិត។ អស់ទាំងការដែលខំធ្វើ សុទ្ធតែមានកម្រៃ តែសម្ដីទទេៗនាំឲ្យក្រខ្សត់វិញ។ ទ្រព្យសម្បត្តិជាមកុដសម្រាប់មនុស្សមានប្រាជ្ញា តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីចម្កួតសុទ្ធ។ សាក្សីទៀងត្រង់រមែងដោះព្រលឹងមនុស្សឲ្យរួច តែសាក្សីមិនទៀងត្រង់ នោះពោលពាក្យភូតភរវិញ។ មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ។ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជារន្ធទឹកនៃជីវិត ប្រយោជន៍ឲ្យបានរួចពីអន្ទាក់នៃសេចក្ដីស្លាប់។ ស្តេចមានសិរីល្អ នោះគឺដោយមានប្រជារាស្ត្រ ជាច្រើន ឯចៅហ្វាយ បើគ្មានបណ្ដាជន នោះត្រូវធ្លាក់ចុះវិញ។ អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសម្ញែងសេចក្ដីចម្កួតរបស់ខ្លួនវិញ។ ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រម្ងាប់ តែចិត្តច្រណែនជាសេចក្ដីពុករលួយ ដល់ឆ្អឹងវិញ។ អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។ មនុស្សអាក្រក់ត្រូវធ្លាក់ចុះ ដោយអំពើខូចអាក្រក់របស់ខ្លួន តែមនុស្សសុចរិតមានទីពំនាក់ ក្នុងកាលដែលស្លាប់វិញ។ ប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់មនុស្ស ដែលមានយោបល់ តែក្នុងចិត្តរបស់មនុស្សខ្លៅ មិន ដែលស្គាល់ប្រាជ្ញាទេ។ សេចក្ដីសុចរិតរមែងលើកតម្កើងនគរ តែអំពើបាបជាទីគួរខ្មាស ដល់សាសន៍ណាៗក៏ដោយ។ មហាក្សត្រតែងផ្តល់គុណដល់អ្នកបម្រើណា ដែលប្រព្រឹត្តដោយអើពើ តែសេចក្ដីក្រោធរបស់ស្ដេច នឹងធ្លាក់លើអ្នកដែលប្រព្រឹត្តអំពើគួរខ្មាស។
សុភាសិត 14:1-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ត្រីមានប្រាជ្ញាតែងតែកសាងគ្រួសាររបស់ខ្លួន រីឯស្ត្រីឥតមារយាទតែងតែបំផ្លាញគ្រួសារ ដោយដៃរបស់ខ្លួនផ្ទាល់។ អ្នកដែលដើរតាមផ្លូវទៀងត្រង់ តែងតែគោរពកោតខ្លាចព្រះអម្ចាស់ រីឯអ្នកដែលដើរតាមផ្លូវវៀចវេរ តែងតែមើលងាយព្រះអង្គ។ មនុស្សល្ងង់ខ្លៅហាមាត់និយាយតែពាក្យអួតអាង រីឯពាក្យសម្ដីរបស់អ្នកប្រាជ្ញតែងតែការពារខ្លួន។ អ្នកណាគ្មានគោភ្ជួរស្រែ អ្នកនោះក៏គ្មានស្រូវដាក់ក្នុងជង្រុកដែរ។ គេទទួលបានភោគផលច្រើន ដោយសារកម្លាំងរបស់គោ។ សាក្សីគួរឲ្យទុកចិត្ត មិនដែលនិយាយកុហកទេ រីឯសាក្សីក្លែងក្លាយតែងតែស្រដីចេញនូវពាក្យកុហកគ្រប់យ៉ាង។ មនុស្សព្រហើនខំស្វែងរកប្រាជ្ញា តែរកមិនឃើញទេ រីឯមនុស្សដែលចេះគិតពិចារណា រកតម្រិះបានយ៉ាងងាយ។ ចូរចៀសឲ្យឆ្ងាយពីមនុស្សខ្លៅ ព្រោះមិនដែលមានពាក្យចេះដឹងណាចេញពីមាត់អ្នកនោះឡើយ។ ប្រាជ្ញារបស់មនុស្សឆ្លាត គឺការយល់ច្បាស់នូវផ្លូវដែលខ្លួនកំពុងដើរ រីឯភាពល្ងីល្ងើរបស់មនុស្សខ្លៅ គឺកលល្បិចរបស់ខ្លួន។ មនុស្សល្ងីល្ងើមិនរវីរវល់នឹងបាបរបស់ខ្លួនទេ រីឯមនុស្សទៀងត្រង់តែងតែគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ចិត្តដែលកើតទុក្ខរមែងឈឺចាប់តែម្នាក់ឯង ហើយពេលមានអំណរ អ្នកក្រៅពុំអាចរំលែកបានឡើយ។ ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរលំ រីឯជំរំរបស់មនុស្សទៀងត្រង់ នឹងចម្រុងចម្រើន។ មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ក៏ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។ ការសើចសប្បាយអាចបង្កប់នូវទុក្ខលំបាកក្នុងចិត្ត ហើយនៅទីបំផុតអំណរសប្បាយ អាចក្លាយទៅជាទុក្ខព្រួយ។ មនុស្សគ្មានសីលធម៌តែងតែទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត រីឯមនុស្សសប្បុរសរមែងទទួលផលគាប់ប្រសើរ។ មនុស្សឆោតជឿពាក្យគេទាំងអស់ រីឯមនុស្សឆ្លាត មិនធ្វើអ្វីដោយឥតគិតពិចារណាឡើយ។ មនុស្សមានប្រាជ្ញាតែងតែខ្លាច និងចៀសវាងប្រព្រឹត្តអំពើអាក្រក់ រីឯមនុស្សល្ងង់ខ្លៅឆាប់ប្រព្រឹត្តអំពើអាក្រក់ ព្រោះទុកចិត្តលើខ្លួនឯង។ អ្នករហ័សខឹងតែងតែប្រព្រឹត្តអំពើផ្ដេសផ្ដាស រីឯអ្នកដែលមានកលល្បិច តែងតែធ្វើឲ្យគេស្អប់។ មនុស្សឆោតតែងតែទទួលភាពល្ងីល្ងើទុកជាមត៌ក រីឯមនុស្សឆ្លាតរមែងទទួលយកការចេះដឹងទុកជាកិត្តិយស។ មនុស្សអាក្រក់មុខជាឱនកាយ គោរពមនុស្សល្អ ហើយឈរចាំនៅមាត់ទ្វារផ្ទះរបស់មនុស្សសុចរិត។ អ្នកក្រីក្រតែងតែមានគេស្អប់ សូម្បីតែអ្នកជិតដិតក៏មិនរាប់អានដែរ រីឯអ្នកមានវិញ សម្បូណ៌អ្នករាប់អានណាស់។ អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សបាប រីឯអ្នកដែលមានចិត្តមេត្តាដល់ជនក្រីក្រ នឹងមានសុភមង្គល។ អស់អ្នកដែលមានបំណងអាក្រក់តែងតែត្រូវវង្វេង រីឯអ្នកដែលមានបំណងល្អរមែងមានចិត្តសប្បុរស និងស្មោះត្រង់។ អ្នកណាធ្វើការ អ្នកនោះតែងតែទទួលប្រាក់ចិញ្ចឹមជីវិត រីឯអ្នកដែលពូកែព្រោកប្រាជ្ញរមែងធ្លាក់ខ្លួនក្រ។ សម្បត្តិស្ដុកស្ដម្ភជារង្វាន់របស់មនុស្សមានប្រាជ្ញា រីឯមនុស្សល្ងង់ខ្លៅនៅតែល្ងង់ខ្លៅដដែល។ សាក្សីដែលគេទុកចិត្តតែងតែជួយសង្គ្រោះជីវិតមនុស្សច្រើន រីឯអ្នកដែលស្រដីចេញនូវពាក្យកុហករមែងនាំឲ្យវិនាស។ អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះមានទីបង្អែកដ៏រឹងមាំ ហើយព្រះអង្គធ្វើជាជម្រកដល់កូនចៅរបស់គេ។ ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃជីវិត ហើយការពារខ្លួនឲ្យរួចផុតពីអន្ទាក់របស់សេចក្ដីស្លាប់។ ព្រះមហាក្សត្របានរុងរឿងដោយសារមានប្រជារាស្ត្រ តែបើប្រជារាស្ត្រចុះអន់ថយ ស្ដេចក៏អស់អំណាចដែរ។ អ្នកណាចេះអត់ធ្មត់ អ្នកនោះមានប្រាជ្ញាវាងវៃ រីឯអ្នកដែលរហ័សខឹង រមែងបង្ហាញនូវភាពលេលារបស់ខ្លួន។ ចិត្តស្ងប់តែងតែធ្វើឲ្យមានសុខភាពល្អ រីឯចិត្តច្រណែននិន្ទា ប្រៀបដូចជាមហារីកនៅក្នុងឆ្អឹង។ អ្នកណាសង្កត់សង្កិនជនក្រីក្រ អ្នកនោះប្រមាថព្រះជាម្ចាស់ដែលបានបង្កើតពួកគេ អ្នកណាជួយជនក្រីក្រ អ្នកនោះលើកតម្កើងព្រះអង្គវិញ។ មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។ មនុស្សចេះគិតពិចារណាតែងតែមានប្រាជ្ញា រីឯមនុស្សខ្លៅមិនដែលមានប្រាជ្ញាទេ។ សេចក្ដីសុចរិតតែងតែលើកតម្កើងប្រជាជាតិមួយ រីឯអំពើបាបរមែងធ្វើឲ្យជាតិសាសន៍ទាំងឡាយត្រូវអាម៉ាស់មុខ។ ព្រះមហាក្សត្រតែងតែសព្វព្រះហឫទ័យនឹងមន្ត្រីណាដែលមានសុភនិច្ឆ័យ តែទ្រង់ខ្ញាល់នឹងមន្ត្រីដែលបង្កភាពអាម៉ាស់។
សុភាសិត 14:1-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រប់ទាំងស្រីៗដែលមានប្រាជ្ញារមែងសង់ផ្ទះរបស់ខ្លួនឡើង តែស្ត្រីល្ងីល្ងើគេរំលំផ្ទះដោយដៃខ្លួនវិញ។ អ្នកណាដែលដើរដោយសេចក្ដីទៀងត្រង់របស់ខ្លួន នោះរមែងកោតខ្លាចដល់ព្រះយេហូវ៉ា តែអ្នកណាដែលប្រព្រឹត្តតាមផ្លូវវៀច នោះឈ្មោះថាមើលងាយទ្រង់វិញ។ នៅក្នុងមាត់របស់មនុស្សល្ងីល្ងើ នោះមានរំពាត់សំរាប់បង្ក្រាបសេចក្ដីអំនួតរបស់វា តែបបូរមាត់មនុស្សប្រាជ្ញនឹងការពារខ្លួនគេវិញ។ ផ្ទះណាគ្មានគោ នោះក្រោលរមែងស្អាតល្អ តែគឺដោយកំឡាំងគោនោះឯង ដែលនឹងចំរើនកើនឡើងបាន។ សាក្សីស្មោះត្រង់នឹងមិនកុហកឡើយ តែសាក្សីក្លែងក្លាយតែងតែពោលពាក្យភូតភរវិញ។ មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណាដែលមានយោបល់។ ចូរចៀសចេញពីមនុស្សល្ងីល្ងើចុះ ដ្បិតនឹងឃើញមានចំណេះនៅបបូរមាត់វាមិនបាន។ ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្ដីចំកួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីឆបោកទទេ។ មនុស្សល្ងីល្ងើរមែងសើចឡកចំពោះអំពើបាប តែនៅក្នុងពួកមនុស្សសុចរិត តែងមានសេចក្ដីរាប់អានគ្នា។ ចិត្តមនុស្សរមែងស្គាល់សេចក្ដីជូរចត់របស់ខ្លួន ឯមនុស្សដទៃ នឹងទទួលចំណែកក្នុងសេចក្ដីអំណររបស់ចិត្តនោះមិនបាន។ ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរំលំ តែខ្ទមរបស់មនុស្សទៀងត្រង់នឹងចំរើនកើនឡើងវិញ។ មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្ដីស្លាប់វិញ។ នៅវេលាកំពុងតែសើចសប្បាយ គង់តែចិត្តមានសេចក្ដីសៅសោកដែរ ហើយចុងបំផុតនៃសេចក្ដីអំណរ គឺជាធ្ងន់ទ្រូងវិញ។ អ្នកណាដែលមានចិត្តរសាយថយទៅវិញ នោះនឹងបានឆ្អែតក្នុងផ្លូវរបស់ខ្លួន តែមនុស្សល្អនឹងបានស្កប់ស្កល់អំពីក្នុងចិត្តខ្លួនឯងវិញ។ មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត។ មនុស្សដែលមានប្រាជ្ញារមែងកោតខ្លាច ហើយក៏ចៀសចេញពីផ្លូវអាក្រក់ តែមនុស្សល្ងីល្ងើគេមានចិត្តចើងម៉ើង ហើយទុកចិត្តតែនឹងខ្លួនឯងវិញ។ អ្នកណាដែលរហ័សខឹង នោះតែងតែប្រព្រឹត្តឥតបើគិត ហើយមនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះរមែងជាទីស្អប់ដល់អ្នកដទៃ។ មនុស្សឆោតល្ងង់ គេគ្រងបានសេចក្ដីចំកួត ទុកជាមរដក តែមនុស្សឆ្លៀវឆ្លាតបានពាក់ដំរិះជាមកុដវិញ។ មនុស្សអាក្រក់រមែងឱនចុះ នៅចំពោះមនុស្សល្អ ហើយមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ ក៏ក្រាបចុះនៅមាត់ទ្វារនៃមនុស្សសុចរិតដែរ។ មនុស្សក្រជាទីស្អប់ខ្ពើម ដល់ទាំងអ្នកជិតខាងខ្លួនផង តែឯអ្នកមានវិញ គេមានមិត្រសំឡាញ់ច្រើន។ អ្នកណាដែលមើលងាយដល់អ្នកជិតខាង នោះឈ្មោះថាមានបាបហើយ តែអ្នកណាដែលមានចិត្តមេត្តាដល់មនុស្សទាល់ក្រ នោះរមែងសប្បាយវិញ។ មនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះវង្វេងហើយទេតើ ប៉ុន្តែឯមនុស្សដែលគិតគូរបង្កើតការល្អវិញ នោះនឹងបានសេចក្ដីមេត្តា នឹងសេចក្ដីពិត។ អស់ទាំងការដែលខំធ្វើ សុទ្ធតែមានកំរៃ តែសំដីទទេៗនាំឲ្យក្រខ្សត់វិញ។ ទ្រព្យសម្បត្តិជាមកុដដល់មនុស្សប្រាជ្ញ តែសេចក្ដីចំកួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីចំកួតសុទ្ធ។ សាក្សីទៀងត្រង់ រមែងដោះព្រលឹងមនុស្សឲ្យរួច តែសាក្សីមិនទៀងត្រង់ នោះពោលពាក្យភូតភរវិញ។ មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ។ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជារន្ធទឹកនៃជីវិត ប្រយោជន៍ឲ្យបានរួចពីអន្ទាក់នៃសេចក្ដីស្លាប់។ ដែលស្តេចមានសិរីល្អ នោះគឺដោយមានរាស្ត្រជាច្រើន ឯចៅហ្វាយ បើគ្មានបណ្តាជន នោះត្រូវធ្លាក់ចុះវិញ។ អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវនោះសំញែងសេចក្ដីចំកួតរបស់ខ្លួនវិញ។ ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រំងាប់ តែចិត្តច្រណែនជាសេចក្ដីពុករលួយដល់ឆ្អឹងវិញ។ អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដ៏បង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកំសត់ទុគ៌ត នោះជាអ្នកលើកដំកើងទ្រង់វិញ។ មនុស្សអាក្រក់ត្រូវធ្លាក់ចុះ ដោយអំពើខូចអាក្រក់របស់ខ្លួន តែមនុស្សសុចរិតមានទីពំនាក់ក្នុងកាលដែលស្លាប់វិញ។ មានប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់មនុស្សដែលមានយោបល់ តែសេចក្ដីដែលនៅខាងក្នុងមនុស្សល្ងីល្ងើ នោះរមែងសំដែងចេញមក។ សេចក្ដីសុចរិតរមែងលើកដំកើងនគរ តែអំពើបាបជាទីគួរខ្មាសដល់សាសន៍ណាៗក៏ដោយ។ មហាក្សត្រតែងផ្តល់គុណ ដល់អ្នកបំរើណាដែលប្រព្រឹត្តដោយអើពើ តែសេចក្ដីក្រោធរបស់ទ្រង់ នឹងទាស់ចំពោះអ្នកណាដែលបង្កើតហេតុឲ្យខ្មាសវិញ។