សុភាសិត 13:1-25
សុភាសិត 13:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនដែលមានប្រាជ្ញា តែងស្តាប់ពាក្យទូន្មានរបស់ឪពុក តែមនុស្សចំអក មិនព្រមស្តាប់ពាក្យបន្ទោសទេ។ មនុស្សនឹងបានសេចក្ដីល្អ ដោយសារផលដែលកើតពីមាត់មក តែព្រលឹងរបស់មនុស្សក្បត់ នឹងបានតែសេចក្ដីច្រឡោតវិញ។ អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។ ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ ឯព្រលឹងនៃមនុស្សព្យាយាម នោះនឹងបានជាបរិបូរវិញ។ មនុស្សសុចរិតរមែងស្អប់ពាក្យភូតភរ តែមនុស្សអាក្រក់គេគួរខ្ពើម ហើយមានសេចក្ដីខ្មាសផង។ សេចក្ដីសុចរិតតែងតែការពារអ្នកណា ដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។ មានគេដែលខំប្រឹងឲ្យបានជាអ្នកស្តុកស្តម្ភ តែគេគ្មានអ្វីសោះ ក៏មានមនុស្សដែលទៅជាក្រ តែមានទ្រព្យសម្បត្តិច្រើន។ ឯទ្រព្យសម្បត្តិនឹងទុកសម្រាប់ លោះជីវិតមនុស្សបាន តែមនុស្សក្រគេមិនដែលឮពាក្យកំហែងទេ។ ពន្លឺនៃមនុស្សសុចរិត នោះជាទីសប្បាយហើយ តែចង្កៀងរបស់មនុស្សអាក្រក់នឹងរលត់ទៅ។ ផលនៃសេចក្ដីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នក ដែលស្តាប់តាមសេចក្ដីទូន្មាន។ ទ្រព្យសម្បត្តិដែលរកបានរហ័ស នោះក៏រលោះទៅរហ័សដែរ តែអ្នកណាដែលសន្សំដោយប្រឹងប្រែង នោះនឹងចម្រើនឡើងជាដរាប។ សេចក្ដីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្ត តែកាលណាបានដូចប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិតវិញ។ អ្នកណាដែលមើលងាយព្រះបន្ទូល នោះនឹងនាំឲ្យខ្លួនត្រូវវិនាស តែអ្នកណាដែលកោតខ្លាចដល់ក្រឹត្យវិន័យ នោះនឹងបានរង្វាន់វិញ។ ឱវាទរបស់អ្នកប្រាជ្ញជារន្ធទឹកនៃជីវិត សម្រាប់ឲ្យបានរួចពីអន្ទាក់នៃសេចក្ដីស្លាប់។ គំនិតដែលចេះពិចារណា តែងមានគេគោរពរាប់អាន តែផ្លូវរបស់មនុស្សវៀចវេរ នោះជាសេចក្ដីវិនាស វិញ។ គ្រប់ទាំងមនុស្សដែលមានគំនិតឆ្លៀវឆ្លាត រមែងប្រព្រឹត្តដោយតម្រិះ តែមនុស្សល្ងីល្ងើគេបង្អួត សេចក្ដីចម្កួតរបស់ខ្លួនវិញ។ មនុស្សអាក្រក់ដែលនាំដំណឹង នោះតែងធ្លាក់ទៅក្នុងការអាក្រក់ តែទូតស្មោះត្រង់ នោះចម្រើនសេចក្ដីសុខវិញ។ អ្នកណាដែលមិនព្រមស្តាប់ពាក្យប្រៀនប្រដៅ នឹងត្រូវក្រលំបាក ហើយអៀនខ្មាសទៅ តែអ្នកណាដែលព្រមស្តាប់តាម សេចក្ដីបន្ទោសវិញ នោះនឹងបានកិត្តិសព្ទ។ ការដែលបានសម្រេចតាមបំណងចិត្ត នោះមានរស់ផ្អែមដល់ព្រលឹងហើយ តែដែលលះចេញពីអំពើអាក្រក់ នោះជាសេចក្ដីស្អប់ខ្ពើមដល់មនុស្សល្ងីល្ងើវិញ។ អ្នកណាដែលដើរជាមួយមនុស្សមានប្រាជ្ញា នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។ សេចក្ដីអាក្រក់ដេញជាប់តាមមនុស្សមានបាប តែមនុស្សសុចរិត នឹងបានរង្វាន់ជាសេចក្ដីល្អវិញ។ មនុស្សល្អតែងតែទុកមត៌ក ដល់កូនចៅរបស់ខ្លួន តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប នោះបានប្រមូលទុក សម្រាប់មនុស្សសុចរិតវិញ។ ការភ្ជួររាស់របស់មនុស្សក្រីក្រ នោះរមែងបង្កើតអាហារជាច្រើន តែត្រូវមានគេបំផ្លាញវិញ ដោយខ្វះសេចក្ដីយុត្តិធម៌។ អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថា ស្អប់កូន តែអ្នកណាដែលស្រឡាញ់កូន នោះឧស្សាហ៍វាយផ្ចាលវា។ មនុស្សសុចរិតគេបរិភោគទាល់តែស្កប់ស្កល់ តែពោះរបស់មនុស្សអាក្រក់ នឹងត្រូវអត់ឃ្លានវិញ។
សុភាសិត 13:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនមានប្រាជ្ញាតែងតែស្ដាប់ពាក្យទូន្មានរបស់ឪពុក រីឯកូនព្រហើនមិនព្រមស្ដាប់ការស្ដីប្រដៅទេ។ មនុស្សម្នាក់ៗទទួលផលល្អដោយសារពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សក្បត់រមែងទទួលអំពើហិង្សា។ អ្នកណាចេះប្រយ័ត្នពាក្យសម្ដី អ្នកនោះការពារជីវិតរបស់ខ្លួន រីឯអ្នកដែលចេះតែហាមាត់និយាយរមែងនាំឲ្យខ្លួនឯងវិនាស។ សេចក្ដីប៉ងប្រាថ្នារបស់មនុស្សខ្ជិល មិនដែលបានសម្រេចទេ រីឯមនុស្សឧស្សាហ៍ រមែងទទួលនូវអ្វីៗដែលខ្លួនចង់បាន។ មនុស្សសុចរិតតែងតែស្អប់ពាក្យកុហក រីឯមនុស្សអាក្រក់តែងតែនិយាយមួលបង្កាច់ និងបង្ខូចឈ្មោះគេ។ សេចក្ដីសុចរិតតែងតែការពារមនុស្សទៀងត្រង់ រីឯអំពើបាបបណ្ដាលឲ្យមនុស្សអាក្រក់វិនាស។ អ្នកខ្លះតាំងខ្លួនជាអ្នកមានតែក្ររហាម រីឯអ្នកខ្លះទៀតដាក់ខ្លួនជាអ្នកក្រតែមានស្ដុកស្ដម្ភ។ អ្នកមានតែងតែអាងលើទ្រព្យ ដើម្បីធានាជីវិតរបស់ខ្លួន រីឯអ្នកក្រីក្រវិញ គ្មាននរណាគំរាមកំហែងគេឡើយ។ មនុស្សសុចរិតប្រៀបដូចជាពន្លឺត្រចះត្រចង់ រីឯមនុស្សអាក្រក់ប្រៀបដូចជាចង្កៀងរលត់។ ការវាយឫកធំតែងតែបង្កឲ្យមានទំនាស់ រីឯអ្នកដែលសុខចិត្តទទួលដំបូន្មានជាមនុស្សមានប្រាជ្ញា។ ទ្រព្យរកបានរហ័ស បាត់បង់ក៏រហ័សដែរ រីឯទ្រព្យរកបានដោយសន្សំ រមែងកើនឡើងជាដរាប។ ការអស់សង្ឃឹមតែងតែនាំឲ្យព្រួយចិត្ត រីឯការសម្រេចដូចបំណង ប្រៀបបាននឹងដើមឈើដែលមានជីវិត។ អ្នកណាមើលងាយព្រះបន្ទូល អ្នកនោះរមែងមានទោស រីឯអ្នកដែលគោរពព្រះបញ្ជាតែងតែទទួលរង្វាន់។ ការប្រៀនប្រដៅរបស់មនុស្សសុចរិតជាប្រភពនៃជីវិត ហើយការពារជីវិតឲ្យរួចពីអន្ទាក់នៃសេចក្ដីស្លាប់។ មនុស្សចេះគិតពិចារណាតែងតែមានគេគោរព រីឯមនុស្សដែលគេទុកចិត្តមិនបានតែងតែវិនាស។ មនុស្សឆ្លាតរមែងគិតមុននឹងគូរ រីឯមនុស្សខ្លៅតែងតែលាតត្រដាងភាពល្ងីល្ងើរបស់ខ្លួន។ អ្នកនាំសារដែលជាមនុស្សអាក្រក់ តែងតែធ្លាក់ខ្លួនអន្តរាយ រីឯទូតដ៏ស្មោះត្រង់តែងតែនាំសេចក្ដីសុខ។ អ្នកដែលមិនទទួលការអប់រំរមែងធ្លាក់ខ្លួនក្រ ហើយត្រូវគេមើលងាយ រីឯអ្នកដែលសុខចិត្តទទួលការស្ដីប្រដៅ តែងតែមានកិត្តិយស។ សេចក្ដីប៉ងប្រាថ្នាដែលបានសម្រេច រមែងនាំឲ្យសប្បាយចិត្ត រីឯមនុស្សខ្លៅមិនចូលចិត្តលះបង់គំនិតអាក្រក់របស់ខ្លួនចោលទេ។ នៅជាមួយមនុស្សមានប្រាជ្ញានាំឲ្យខ្លួនមានប្រាជ្ញា តែសេពគប់ជាមួយមនុស្សខ្លៅ នាំឲ្យខ្លួនទៅជាមនុស្សអាក្រក់។ មនុស្សមានបាបតែងតែជួបនឹងទុក្ខវេទនា រីឯមនុស្សសុចរិតតែងតែទទួលសុភមង្គលទុកជារង្វាន់។ មនុស្សសប្បុរសតែងតែមានមត៌កទុកចែកឲ្យកូនចៅ រីឯមនុស្សបាបតែងតែប្រមូលទ្រព្យទុកសម្រាប់មនុស្សសុចរិត។ ស្រែចម្ការដែលជនក្រីក្រភ្ជួររាស់ តែងតែបង្កើតផលយ៉ាងបរិបូណ៌ ប៉ុន្តែ មានអ្នកខ្លះស្លាប់ ព្រោះតែខ្វះយុត្តិធម៌។ អ្នកណាមិនសូវប្រើរំពាត់ អ្នកនោះមិនស្រឡាញ់កូនទេ រីឯអ្នកដែលស្រឡាញ់កូនតែងតែវាយប្រដៅវា។ មនុស្សសុចរិតតែងតែមានអាហារបរិភោគគ្រប់គ្រាន់ជាដរាប រីឯមនុស្សអាក្រក់តែងតែអត់បាយ។
សុភាសិត 13:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនដែលមានប្រាជ្ញារមែងស្តាប់តាមដំបូន្មានរបស់ឪពុក តែមនុស្សចំអកមើលងាយ មិនព្រមស្តាប់តាមពាក្យបន្ទោសទេ។ មនុស្សនឹងបានសេចក្ដីល្អដោយសារផលដែលកើតពីមាត់មក តែព្រលឹងរបស់មនុស្សក្បត់នឹងបានតែសេចក្ដីច្រឡោតវិញ។ អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។ ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ ឯព្រលឹងនៃមនុស្សព្យាយាម នោះនឹងបានជាបរិបូរវិញ។ មនុស្សសុចរិតរមែងស្អប់ពាក្យភូតភរ តែមនុស្សអាក្រក់គេគួរខ្ពើម ហើយមានសេចក្ដីខ្មាសផង។ សេចក្ដីសុចរិតតែងតែការពារអ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។ មានគេដែលខំប្រឹងឲ្យបានជាអ្នកស្តុកស្តម្ភ តែគេគ្មានអ្វីសោះ ក៏មានមនុស្សដែលទៅជាក្រ តែមានទ្រព្យសម្បត្តិច្រើន។ ឯទ្រព្យសម្បត្តិ នឹងទុកសំរាប់លោះជីវិតមនុស្សបាន តែមនុស្សក្រគេមិនដែលឮពាក្យកំហែងទេ។ ពន្លឺនៃមនុស្សសុចរិត នោះជាទីសប្បាយហើយ តែចង្កៀងរបស់មនុស្សអាក្រក់នឹងរលត់ទៅ។ ផលនៃសេចក្ដីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នកដែលស្តាប់តាមសេចក្ដីទូន្មាន។ ទ្រព្យសម្បត្តិដែលបានដោយការមិនគួរគប្បី នោះនឹងខ្ជះខ្ជាយទៅ តែអ្នកណាដែលសន្សំដោយប្រឹងប្រែង នោះនឹងបានចំរើនកើនឡើង។ សេចក្ដីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្ត តែកាលណាបានដូចប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិតវិញ។ អ្នកណាដែលមើលងាយព្រះបន្ទូល នោះនឹងនាំឲ្យខ្លួនត្រូវវិនាស តែអ្នកណាដែលកោតខ្លាចដល់ក្រឹត្យវិន័យ នោះនឹងបានរង្វាន់វិញ។ ឱវាទរបស់អ្នកប្រាជ្ញជារន្ធទឹកនៃជីវិត សំរាប់ឲ្យបានរួចពីអន្ទាក់នៃសេចក្ដីស្លាប់។ គំនិតឆ្លុះមុត នោះនាំឲ្យគេរាប់អាន តែផ្លូវរបស់មនុស្សដែលរំលងច្បាប់ នោះពិបាកវិញ។ គ្រប់ទាំងមនុស្សដែលមានគំនិតឆ្លៀវឆ្លាត រមែងប្រព្រឹត្តដោយដំរិះ តែមនុស្សល្ងីល្ងើគេបង្អួតសេចក្ដីចំកួតរបស់ខ្លួនវិញ។ មនុស្សអាក្រក់ដែលនាំដំណឹង នោះតែងធ្លាក់ទៅក្នុងការអាក្រក់ តែទូតស្មោះត្រង់ នោះចំរើនសេចក្ដីសុខវិញ។ អ្នកណាដែលមិនព្រមស្តាប់ពាក្យប្រៀនប្រដៅ នឹងត្រូវក្រលំបាក ហើយអៀនខ្មាសទៅ តែអ្នកណាដែលព្រមស្តាប់តាមសេចក្ដីបន្ទោសវិញ នោះនឹងបានកិត្តិសព្ទ។ ការដែលបានសំរេចតាមបំណងចិត្ត នោះមានរស់ផ្អែមដល់ព្រលឹងហើយ តែដែលលះចេញពីអំពើអាក្រក់ នោះជាសេចក្ដីស្អប់ខ្ពើមដល់មនុស្សល្ងីល្ងើវិញ។ អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។ សេចក្ដីអាក្រក់ដេញជាប់តាមមនុស្សមានបាប តែមនុស្សសុចរិតនឹងបានរង្វាន់ជាសេចក្ដីល្អវិញ។ មនុស្សល្អ គេតែងតែទុកមរដកដល់កូនចៅរបស់ខ្លួន តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប នោះបានប្រមូលទុកសំរាប់មនុស្សសុចរិតវិញ។ ការភ្ជួររាស់របស់មនុស្សក្រីក្រ នោះរមែងបង្កើតអាហារជាច្រើន តែមានគេដែលត្រូវបំផ្លាញវិញ ដោយខ្វះសេចក្ដីយុត្តិធម៌។ អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថា ស្អប់កូន តែអ្នកណាដែលស្រឡាញ់កូនវិញ នោះឧស្សាហ៍វាយផ្ចាលវា។ មនុស្សសុចរិតគេបរិភោគទាល់តែស្កប់ស្កល់ តែពោះរបស់មនុស្សអាក្រក់នឹងត្រូវអត់ឃ្លានវិញ។