សុភាសិត 11:10-23

សុភាសិត 11:10-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្ដី​សុខ​ស្រួល នោះ​ទី​ក្រុង​ក៏​រីក‌រាយ​សាទរ ហើយ​កាល​ណា​មនុស្ស​អាក្រក់​វិនាស​ទៅ នោះ​ឮ​សំឡេង​ហ៊ោ​សប្បាយ។ ទី​ក្រុង​បាន​ថ្កុំ‌ថ្កើង​ឡើង​ដោយ‌សារ​ពរ របស់​មនុស្ស​ទៀង​ត្រង់ តែ​ដោយ‌សារ​មាត់​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​រំលំ​វិញ។ អ្នក​ណា​ដែល​មើល​ងាយ ចំពោះ​អ្នក​ជិត​ខាង​ខ្លួន នោះ​ឥត​មាន​ប្រាជ្ញា​ទេ តែ​អ្នក​ណា​មាន​យោបល់ រមែង​នៅ​ស្ងៀម​វិញ។ អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​បក​កេរ​គេ នោះ​ឈ្មោះ​ថា​បើក​ការ​អាថ៌‌កំបាំង តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ នោះ​តែង​គ្រប​បាំង​រឿង‌រ៉ាវ​វិញ។ ទី​ណាគ្មាន​អ្នក​ប្រាជ្ញា​នាំ​មុខ ប្រជាជន រមែង​ដួល​ចុះ តែ​បើ​មាន​អ្នក​ប្រឹក្សា​ច្រើន នោះ​មាន​សេចក្ដី​សុខ​វិញ។ អ្នក​ណា​ដែល​ធានា​ឲ្យ​អ្នក​ដទៃ នោះ​នឹង​ត្រូវ​ពិបាក​ណាស់ តែ​អ្នក​ណា​ដែល​មិន​ចូល​ចិត្ត​នឹង​ការ​ធានា នោះ​នឹង​បាន​សុខ​វិញ។ ស្ត្រី​ណា​ដែល​មាន​អធ្យា‌ស្រ័យ​ល្អ តែង​រក​បាន​កិត្តិ‌យស [រីឯ​ស្ត្រី​ណា​ដែល​ស្អប់​អំពើ​ល្អ នឹង​ត្រូវ​អាប់​មុខ។ បុរស​កំសាក​នឹង​ទៅ​ជា​ក្រតោក​យ៉ាក ] តែ​ឯ​បុរស​ស្វាហាប់​តែង​រក​បាន​ទ្រព្យ​សម្បត្តិ។ មនុស្ស​ដែល​មាន​ចិត្ត​មេត្តា នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​សាហាវ នោះ​ធ្វើ​ទុក្ខ​ដល់​សាច់​ឈាម​ខ្លួន​វិញ។ មនុស្ស​អាក្រក់​បាន​កម្រៃ​ដែល​តែង​តែ​លលួង តែ​អ្នក​ណា​ដែល​ផ្សាយ​សេចក្ដី​សុចរិត នោះ​បាន​រង្វាន់​យ៉ាង​ជាប់​លាប់។ ចំណែក​សេចក្ដី​សុចរិត តែង​នាំ​ឲ្យ​បាន​ជីវិត តែ​អ្នក​ណា​ដែល​ដេញ​តាម​អំពើ​អាក្រក់ នោះ​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​វិញ។ អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​អ្នក​ណា ដែល​ប្រព្រឹត្ត​គ្រប់​លក្ខណ៍​ក្នុង​ផ្លូវ​ខ្លួន។ ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់ នឹង​មិន​រួច​ពី​ទោស​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។ ស្ត្រី​មាន​រូប​ស្រស់​ល្អ ដែល​ឥត​មាន​គំនិត​មារយាទ ប្រៀប​ដូច​ជា​ក្រវិល​មាស ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក។ សេចក្ដី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ល្អ តែ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​ខាង​សេចក្ដី​ក្រេវ‌ក្រោធ​វិញ។

ចែក​រំលែក
អាន សុភាសិត 11

សុភាសិត 11:10-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​មនុស្ស​សុចរិត​មាន​សុភមង្គល អ្នក​ក្រុង​ទាំង​មូល​នឹង​សប្បាយ​រីក‌រាយ ពេល​មនុស្ស​អាក្រក់​អន្តរាយ គេ​បែរ​ជា​នាំ​គ្នា​ស្រែក​ហ៊ោ​វិញ។ ពេល​មនុស្ស​ត្រឹម​ត្រូវ​ទទួល​ពរ ទីក្រុង​ទាំង​មូល​ក៏​ចម្រុង‌ចម្រើន​ដែរ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់ ទីក្រុង​ត្រូវ​រលំ។ អ្នក​ណា​មើល‌ងាយ​អ្នក​ដទៃ អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា រីឯ​មនុស្ស​ចេះ​ដឹង​តែងតែ​នៅ​ស្ងៀម។ អ្នក​និយាយ​ដើម​គេ​មិន​អាច​រក្សា​រឿង​សម្ងាត់​ជិត​ឡើយ រីឯ​អ្នក​ដែល​គេ​ទុក​ចិត្ត​តែងតែ​លាក់​រឿង​សម្ងាត់​ទាំង​នោះ​បាន។ ប្រទេស​ដែល​គ្មាន​អ្នក​ដឹក​នាំ ប្រជា‌ជន​តែងតែ​វិនាស រីឯ​ប្រទេស​ដែល​មាន​ទី​ប្រឹក្សា​ច្រើន តែងតែ​មាន​ជោគ‌ជ័យ។ អ្នក​ណា​ធានា​រ៉ាប់​រង​អ្នក​ដទៃ អ្នក​នោះ​តែងតែ​កើត​ទុក្ខ រីឯ​អ្នក​ដែល​មិន​ព្រម​ធានា តែងតែ​បាន​សុខ។ ស្ត្រី​រូប​ស្អាត​តែងតែ​មាន​គេ​សរសើរ រីឯ​មនុស្ស​ស្វាហាប់ តែងតែ​រក​ទ្រព្យ​បាន។ អ្នក​មាន​ចិត្ត​សប្បុរស​តែងតែ​ធ្វើ​ឲ្យ​ខ្លួន​មាន​សុភមង្គល រីឯ​មនុស្ស​ឃោរ‌ឃៅ​រមែង​ធ្វើ​ឲ្យ​រូប​កាយ​របស់​ខ្លួន​កាន់​តែ​រង​ទុក្ខ​វេទនា។ មនុស្ស​ពាល​រក​បាន​តែ​សម្បត្តិ​ក្ដៅ​ក្រហាយ រីឯ​មនុស្ស​ដែល​សាប​ព្រោះ​សេចក្ដី​សុចរិត រមែង​ទទួល​ផល​ដែល​មិន​ចេះ​សាប‌សូន្យ។ សេចក្ដី​សុចរិត​តែងតែ​នាំ​ទៅ​កាន់​ជីវិត រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អាក្រក់​រមែង​ស្លាប់​ខ្លួន។ ព្រះ‌អម្ចាស់​ស្អប់​មនុស្ស​វៀច‌វេរ តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ទៀង‌ត្រង់។ មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ចៀស​មិន​ផុត រីឯ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​រួច​ជីវិត។ ស្ត្រី​មាន​រូប​ស្អាត​តែ​ឥត​គំនិត ប្រៀប​ដូច​ជា​ចិញ្ចៀន​មាស ដែល​គេ​យក​ទៅ​ពាក់​នៅ​ច្រមុះ​ជ្រូក។ មនុស្ស​សុចរិត​មាន​បំណង​តែ​មួយ​គត់ គឺ​ធ្វើ​អំពើ​ល្អ រីឯ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​អាក្រក់​រមែង​ធ្វើ​ឲ្យ​ខ្លួន​ទទួល​ទោស។

ចែក​រំលែក
អាន សុភាសិត 11

សុភាសិត 11:10-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្ដី​សុខ​ស្រួល នោះ​ទី​ក្រុង​ក៏​រីក‌រាយ​សាទរ ហើយ​កាល​ណា​មនុស្ស​អាក្រក់​វិនាស​ទៅ នោះ​ឮ​សំឡេង​ហ៊ោ​សប្បាយ។ ទី​ក្រុង​បាន​ថ្កុំ‌ថ្កើង​ឡើង​ដោយ‌សារ​ពរ​របស់​មនុស្ស​ទៀង​ត្រង់ តែ​ដោយ‌សារ​មាត់​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​រលំ​វិញ។ អ្នក​ណា​ដែល​មើល‌ងាយ ចំពោះ​អ្នក​ជិត​ខាង​ខ្លួន នោះ​ឥត​មាន​ប្រាជ្ញា​ទេ តែ​អ្នក​ណា​មាន​យោបល់ រមែង​នៅ​ស្ងៀម​វិញ។ អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​បក​កេរ​គេ នោះ​ឈ្មោះ​ថា​បើក​ការ​អាថ៌‌កំបាំង តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់ នោះ​តែង​គ្រប​បាំង​រឿង‌រ៉ាវ​វិញ។ ទី​ណា​ដែល​ឥត​មាន​អ្នក​ប្រាជ្ញ​នាំ​មុខ នោះ​ប្រជា‌ជន​រមែង​ដួល​ទៅ តែ​បើ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​មាន​សេចក្ដី​សុខ​វិញ។ អ្នក​ណា​ដែល​ធានា​ឲ្យ​អ្នក​ដទៃ នោះ​នឹង​ត្រូវ​ពិបាក​ណាស់ តែ​អ្នក​ណា​ដែល​មិន​ចូល​ចិត្ត​នឹង​ការ​ធានា នោះ​នឹង​បាន​សុខ​វិញ។ ស្ត្រី​ណា​ដែល​មាន​អធ្យា‌ស្រ័យ​ល្អ នោះ​តែង​រក្សា​ទុក​នូវ​កិត្តិសព្ទ ដូច​ជា​មនុស្ស​ប្រិត‌ប្រៀប​ដែល​រក្សា​ទ្រព្យ​សម្បត្តិ​ដែរ។ មនុស្ស​ដែល​មាន​ចិត្ត​មេត្តា នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​សាហាវ នោះ​ធ្វើ​ទុក្ខ​ដល់​សាច់​ឈាម​ខ្លួន​វិញ។ មនុស្ស​អាក្រក់​បាន​កំរៃ​ដែល​តែង‌តែ​លលួង តែ​អ្នក​ណា​ដែល​ផ្សាយ​សេចក្ដី​សុចរិត នោះ​បាន​រង្វាន់​យ៉ាង​ជាប់‌លាប់។ ចំណែក​សេចក្ដី​សុចរិត តែង​នាំ​ឲ្យ​បាន​ជីវិត តែ​អ្នក​ណា​ដែល​ដេញ​តាម​អំពើ​អាក្រក់ នោះ​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​វិញ។ អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍​ក្នុង​ផ្លូវ​ខ្លួន​ប្រព្រឹត្ត នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​វិញ។ ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់​នឹង​មិន​រួច​ពី​ទោស​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។ ស្ត្រី​មាន​រូប​ស្រស់​ល្អ ដែល​ឥត​មាន​គំនិត​មារយាទ នោះ​ប្រៀប​ដូច​ជា​ក្រវិល​មាស​ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក។ សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ល្អ តែ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​ខាង​សេចក្ដី​ក្រេវ‌ក្រោធ​វិញ។

ចែក​រំលែក
អាន សុភាសិត 11