សុភាសិត 11:1-31

សុភាសិត 11:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ជញ្ជីង​មិន​ត្រឹម​ត្រូវ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​កូន​ជញ្ជីង​គ្រប់​ទម្ងន់ ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ។ កាល​ណា​កើត​មាន​សេចក្ដី​អំនួត នោះ​ក៏​កើត​មាន​សេចក្ដី​ខ្មាស​ដែរ តែ​ប្រាជ្ញា តែង​នៅ​នឹង​មនុស្ស​សុភាព។ សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​នាំ​ផ្លូវ​របស់​គេ តែ​សេចក្ដី​វៀច​របស់​មនុស្ស​ប្រទូស្ត នឹង​នាំ​ឲ្យ​វិនាស​វិញ។ ឯ​ទ្រព្យ​សម្បត្តិ គ្មាន​ប្រ‌យោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ តែ​សេចក្ដី​សុចរិតនឹង​ជួយ​ឲ្យ​រួច​ពី​ស្លាប់​វិញ។ សេចក្ដី​សុចរិត​របស់​មនុស្ស​គ្រប់​លក្ខណ៍ នឹង​តម្រង់​ផ្លូវ​ខ្លួន តែ​មនុស្ស​អាក្រក់​នឹង​ដួល ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន​វិញ។ ឯ​សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ជួយ​ឲ្យ​ខ្លួន​រួច តែ​មនុស្ស​ប្រទូស្ត​នឹង​ត្រូវ​ជាប់ ក្នុង​ការ​ទុច្ចរិត​របស់​ខ្លួន​វិញ។ កាល​ណា​មនុស្ស​អាក្រក់​ស្លាប់​ទៅ នោះ​សេចក្ដី​សង្ឃឹម​របស់​គេ​ក៏​សូន្យ​ទៅ​ដែរ ហើយ​សេចក្ដី​ទុក​ចិត្ត​របស់​មនុស្ស​ទុច្ចរិត នឹង​ត្រូវ​វិនាស​ទៅ​ផង។ មនុស្ស​សុចរិត​រមែង​រួច​ពី​សេចក្ដី​លំបាក ឯ​មនុស្ស​អាក្រក់​ទទួល​រង​ជំនួស​វិញ។ មនុស្ស​ទមិឡ​ល្មើស​តែង​បំផ្លាញ​អ្នក​ជិត​ខាង ដោយ‌សារ​មាត់​ខ្លួន តែ​តម្រិះ​របស់​មនុស្ស​សុចរិត នឹង​ដោះ​ឲ្យ​ខ្លួន​រួច​វិញ។ គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្ដី​សុខ​ស្រួល នោះ​ទី​ក្រុង​ក៏​រីក‌រាយ​សាទរ ហើយ​កាល​ណា​មនុស្ស​អាក្រក់​វិនាស​ទៅ នោះ​ឮ​សំឡេង​ហ៊ោ​សប្បាយ។ ទី​ក្រុង​បាន​ថ្កុំ‌ថ្កើង​ឡើង​ដោយ‌សារ​ពរ របស់​មនុស្ស​ទៀង​ត្រង់ តែ​ដោយ‌សារ​មាត់​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​រំលំ​វិញ។ អ្នក​ណា​ដែល​មើល​ងាយ ចំពោះ​អ្នក​ជិត​ខាង​ខ្លួន នោះ​ឥត​មាន​ប្រាជ្ញា​ទេ តែ​អ្នក​ណា​មាន​យោបល់ រមែង​នៅ​ស្ងៀម​វិញ។ អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​បក​កេរ​គេ នោះ​ឈ្មោះ​ថា​បើក​ការ​អាថ៌‌កំបាំង តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ នោះ​តែង​គ្រប​បាំង​រឿង‌រ៉ាវ​វិញ។ ទី​ណាគ្មាន​អ្នក​ប្រាជ្ញា​នាំ​មុខ ប្រជាជន រមែង​ដួល​ចុះ តែ​បើ​មាន​អ្នក​ប្រឹក្សា​ច្រើន នោះ​មាន​សេចក្ដី​សុខ​វិញ។ អ្នក​ណា​ដែល​ធានា​ឲ្យ​អ្នក​ដទៃ នោះ​នឹង​ត្រូវ​ពិបាក​ណាស់ តែ​អ្នក​ណា​ដែល​មិន​ចូល​ចិត្ត​នឹង​ការ​ធានា នោះ​នឹង​បាន​សុខ​វិញ។ ស្ត្រី​ណា​ដែល​មាន​អធ្យា‌ស្រ័យ​ល្អ តែង​រក​បាន​កិត្តិ‌យស [រីឯ​ស្ត្រី​ណា​ដែល​ស្អប់​អំពើ​ល្អ នឹង​ត្រូវ​អាប់​មុខ។ បុរស​កំសាក​នឹង​ទៅ​ជា​ក្រតោក​យ៉ាក ] តែ​ឯ​បុរស​ស្វាហាប់​តែង​រក​បាន​ទ្រព្យ​សម្បត្តិ។ មនុស្ស​ដែល​មាន​ចិត្ត​មេត្តា នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​សាហាវ នោះ​ធ្វើ​ទុក្ខ​ដល់​សាច់​ឈាម​ខ្លួន​វិញ។ មនុស្ស​អាក្រក់​បាន​កម្រៃ​ដែល​តែង​តែ​លលួង តែ​អ្នក​ណា​ដែល​ផ្សាយ​សេចក្ដី​សុចរិត នោះ​បាន​រង្វាន់​យ៉ាង​ជាប់​លាប់។ ចំណែក​សេចក្ដី​សុចរិត តែង​នាំ​ឲ្យ​បាន​ជីវិត តែ​អ្នក​ណា​ដែល​ដេញ​តាម​អំពើ​អាក្រក់ នោះ​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​វិញ។ អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​អ្នក​ណា ដែល​ប្រព្រឹត្ត​គ្រប់​លក្ខណ៍​ក្នុង​ផ្លូវ​ខ្លួន។ ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់ នឹង​មិន​រួច​ពី​ទោស​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។ ស្ត្រី​មាន​រូប​ស្រស់​ល្អ ដែល​ឥត​មាន​គំនិត​មារយាទ ប្រៀប​ដូច​ជា​ក្រវិល​មាស ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក។ សេចក្ដី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ល្អ តែ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​ខាង​សេចក្ដី​ក្រេវ‌ក្រោធ​វិញ។ មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចម្រើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួង‌ហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។ មនុស្ស​ដែល​មាន​ចិត្ត​សទ្ធានឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។ ឯ​អ្នក​ណា​ដែល​បង្ខាំង​ទុក​អង្ករ បណ្ដា‌ជន​នឹង​ប្រទេច​ផ្ដាសា​អ្នក​នោះ តែ​នឹង​មាន​ពរ​ស្ថិត​នៅ​លើ​ក្បាល នៃ​អ្នក​ណា​ដែល​លក់​ឲ្យ​វិញ។ អ្នក​ណា​ដែល​ព្យាយាម​ស្វែង​រក​សេចក្ដី​ល្អ នោះ​រមែង​បាន​គេ​រាប់​អាន​ដល់​ខ្លួន​ដែរ តែ​អ្នក​ណា​ដែល​ស្វែង​រក​តាម​អាក្រក់ ការ​អាក្រក់​នឹង​កើត​ដល់​អ្នក​នោះ​ឯង។ អ្នក​ណា​ដែល​ទី​ពឹង​លើ​ទ្រព្យ​សម្បត្តិ​ខ្លួន នឹង​ត្រូវ​ដួល​ចុះ តែ​មនុស្ស​សុចរិត​នឹង​រីក​ចម្រើន ដូច​ជា​ស្លឹក​ឈើ​ខៀវ​ខ្ចី។ អ្នក​ណា​ដែល​នាំ​ឲ្យ​កើត​វឹក‌វរ​ក្នុង​ផ្ទះ​ខ្លួន នោះ​នឹង​គ្រង​បាន​ខ្យល់​ជា​មត៌ក ហើយ​មនុស្ស​ល្ងី‌ល្ងើ​នឹង​ធ្វើ​ជា​បាវ​បម្រើ ដល់​មនុស្ស​មាន​ប្រាជ្ញា។ ផល​របស់​មនុស្ស​សុចរិត​ជា​ដើម​ឈើ​នៃ​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​ប្រាជ្ញា រមែង​ចាប់​បាន​ព្រលឹង​មនុស្ស។ ប្រសិន​បើ​មនុស្ស​សុចរិត បាន​ទទួល​រង្វាន់​នៅ​ផែនដី ចំណង់បើ​មនុស្ស​អាក្រក់ និង​មនុស្ស​មាន​បាប តើ​នឹង​ទទួល​សំណង លើស​ជាង​អម្បាល‌ម៉ាន​ទៅ!

ចែក​រំលែក
អាន សុភាសិត 11

សុភាសិត 11:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ស្អប់​អ្នក​បន្លំ​ភ្នែក​ជញ្ជីង តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ប្រើ​កូន​ជញ្ជីង​ត្រឹម​ត្រូវ។ អ្នក​ណា​វាយ​ឫក​ក្រអឺត‌ក្រទម អ្នក​នោះ​នឹង​ត្រូវ​គេ​មើល‌ងាយ រីឯ​អ្នក​មាន​ចរិយា​សុភាព ទើប​ហៅ​ថា​មាន​ប្រាជ្ញា។ ចិត្ត​ទៀង​ត្រង់​តែងតែ​នាំ​ផ្លូវ​មនុស្ស​ត្រឹម​ត្រូវ រីឯ​ចិត្ត​វៀច‌វេរ​វិញ តែងតែ​នាំ​មនុស្ស​ពាល​ឲ្យ​វិនាស។ នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស ទ្រព្យ​សម្បត្តិ​គ្មាន​ប្រយោជន៍​អ្វី​ទេ គឺ​មាន​តែ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ ទើប​អាច​ជួយ​ឲ្យ​រួច​ពី​ស្លាប់​បាន។ សេចក្ដី​សុចរិត​របស់​មនុស្ស​គ្មាន​កំហុស រមែង​តម្រង់​ផ្លូវ​របស់​ខ្លួន រីឯ​មនុស្ស​ពាល​វិញ តែងតែ​ស្លាប់​ដោយ‌សារ​អំពើ​ពាល​របស់​ខ្លួន។ សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង‌ត្រង់ រមែង​ជួយ​ការពារ​ខ្លួន​គេ រីឯ​មនុស្ស​វៀច‌វេរ តែងតែ​ជាប់​អន្ទាក់​ដោយ‌សារ​ចិត្ត​លោភ‌លន់​របស់​ខ្លួន។ ពេល​មនុស្ស​អាក្រក់​ស្លាប់ សេចក្ដី​សង្ឃឹម​របស់​គេ​ក៏​វិនាស ហើយ​ការ​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បត្តិ​ក៏​រលាយ​សូន្យ​ទៅ​ជា​មួយ​ដែរ។ ព្រះ‌ជាម្ចាស់​តែងតែ​រំដោះ​មនុស្ស​សុចរិត​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ តែ​ព្រះអង្គ​ឲ្យ​មនុស្ស​អាក្រក់​រង​ទុក្ខ​ជំនួស​វិញ។ មនុស្ស​ទមិឡ​តែងតែ​បំផ្លាញ​អ្នក​ដទៃ ដោយ‌សារ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​រួច​ខ្លួន​ដោយ‌សារ​ការ​ចេះ​ដឹង។ ពេល​មនុស្ស​សុចរិត​មាន​សុភមង្គល អ្នក​ក្រុង​ទាំង​មូល​នឹង​សប្បាយ​រីក‌រាយ ពេល​មនុស្ស​អាក្រក់​អន្តរាយ គេ​បែរ​ជា​នាំ​គ្នា​ស្រែក​ហ៊ោ​វិញ។ ពេល​មនុស្ស​ត្រឹម​ត្រូវ​ទទួល​ពរ ទីក្រុង​ទាំង​មូល​ក៏​ចម្រុង‌ចម្រើន​ដែរ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់ ទីក្រុង​ត្រូវ​រលំ។ អ្នក​ណា​មើល‌ងាយ​អ្នក​ដទៃ អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា រីឯ​មនុស្ស​ចេះ​ដឹង​តែងតែ​នៅ​ស្ងៀម។ អ្នក​និយាយ​ដើម​គេ​មិន​អាច​រក្សា​រឿង​សម្ងាត់​ជិត​ឡើយ រីឯ​អ្នក​ដែល​គេ​ទុក​ចិត្ត​តែងតែ​លាក់​រឿង​សម្ងាត់​ទាំង​នោះ​បាន។ ប្រទេស​ដែល​គ្មាន​អ្នក​ដឹក​នាំ ប្រជា‌ជន​តែងតែ​វិនាស រីឯ​ប្រទេស​ដែល​មាន​ទី​ប្រឹក្សា​ច្រើន តែងតែ​មាន​ជោគ‌ជ័យ។ អ្នក​ណា​ធានា​រ៉ាប់​រង​អ្នក​ដទៃ អ្នក​នោះ​តែងតែ​កើត​ទុក្ខ រីឯ​អ្នក​ដែល​មិន​ព្រម​ធានា តែងតែ​បាន​សុខ។ ស្ត្រី​រូប​ស្អាត​តែងតែ​មាន​គេ​សរសើរ រីឯ​មនុស្ស​ស្វាហាប់ តែងតែ​រក​ទ្រព្យ​បាន។ អ្នក​មាន​ចិត្ត​សប្បុរស​តែងតែ​ធ្វើ​ឲ្យ​ខ្លួន​មាន​សុភមង្គល រីឯ​មនុស្ស​ឃោរ‌ឃៅ​រមែង​ធ្វើ​ឲ្យ​រូប​កាយ​របស់​ខ្លួន​កាន់​តែ​រង​ទុក្ខ​វេទនា។ មនុស្ស​ពាល​រក​បាន​តែ​សម្បត្តិ​ក្ដៅ​ក្រហាយ រីឯ​មនុស្ស​ដែល​សាប​ព្រោះ​សេចក្ដី​សុចរិត រមែង​ទទួល​ផល​ដែល​មិន​ចេះ​សាប‌សូន្យ។ សេចក្ដី​សុចរិត​តែងតែ​នាំ​ទៅ​កាន់​ជីវិត រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អាក្រក់​រមែង​ស្លាប់​ខ្លួន។ ព្រះ‌អម្ចាស់​ស្អប់​មនុស្ស​វៀច‌វេរ តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ទៀង‌ត្រង់។ មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ចៀស​មិន​ផុត រីឯ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​រួច​ជីវិត។ ស្ត្រី​មាន​រូប​ស្អាត​តែ​ឥត​គំនិត ប្រៀប​ដូច​ជា​ចិញ្ចៀន​មាស ដែល​គេ​យក​ទៅ​ពាក់​នៅ​ច្រមុះ​ជ្រូក។ មនុស្ស​សុចរិត​មាន​បំណង​តែ​មួយ​គត់ គឺ​ធ្វើ​អំពើ​ល្អ រីឯ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​អាក្រក់​រមែង​ធ្វើ​ឲ្យ​ខ្លួន​ទទួល​ទោស។ មនុស្ស​មាន​ចិត្ត​ទូលាយ​រឹត​តែ​មាន​ទ្រព្យ​ច្រើន រីឯ​មនុស្ស​កំណាញ់​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ក្រ​ទៅៗ។ មនុស្ស​មាន​ចិត្ត​សទ្ធា​តែងតែ​បាន​ចម្រុង‌ចម្រើន រីឯ​អ្នក​ដាក់​ទាន​ទឹក​ឲ្យ​គេ តែងតែ​ទទួល​ទឹក​ពី​គេ​វិញ។ អ្នក​ដែល​ទុក​ស្រូវ​ក្នុង​ឃ្លាំង ដើម្បី​ដំឡើង​ថ្លៃ​តែងតែ​ត្រូវ​ប្រជា‌ជន​ដាក់​បណ្ដាសា រីឯ​អ្នក​ដែល​សុខ​ចិត្ត​លក់​ស្រូវ​របស់​ខ្លួន​នឹង​បាន​ទទួល​ពរ។ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ត​ល្អ រីឯ​អ្នក​ដែល​គិត​តែ​ពី​ប្រព្រឹត្ត​អាក្រក់ តែងតែ​ទទួល​ផល​អាក្រក់។ មនុស្ស​ដែល​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បត្តិ មុខ​ជា​ត្រូវ​អន្តរាយ រីឯ​មនុស្ស​សុចរិត​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​លាស់​ខៀវ​ខ្ចី។ អ្នក​ណា​ធ្វើ​ឲ្យ​គ្រួសារ​របស់​ខ្លួន​មាន​ទុក្ខ​កង្វល់ អ្នក​នោះ​នឹង​មិន​ទទួល​ផល​អ្វី​ទាំង​អស់។ មនុស្ស​ល្ងី‌ល្ងើ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​មាន​ប្រាជ្ញា។ អំពើ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត ប្រៀប​បាន​នឹង​ដើម​ឈើ​ផ្ដល់​ជីវិត ហើយ​អ្នក​ប្រាជ្ញ​តែងតែ​ទាក់‌ទាញ​ចិត្ត​មនុស្ស។ មនុស្ស​សុចរិត​តែងតែ​ទទួល​រង្វាន់ នៅ​លើ​ផែនដី​នេះ រីឯ​មនុស្ស​អាក្រក់ និង​មនុស្ស​បាប តែងតែ​ទទួល​ផល តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។

ចែក​រំលែក
អាន សុភាសិត 11

សុភាសិត 11:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ជញ្ជីង​មិន​ត្រឹម‌ត្រូវ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​កូន​ជញ្ជីង​គ្រប់​ទំងន់ ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​វិញ។ កាល​ណា​កើត​មាន​សេចក្ដី​អំនួត នោះ​ក៏​កើត​មាន​សេចក្ដី​ខ្មាស​ដែរ តែ​ប្រាជ្ញា តែង​នៅ​នឹង​មនុស្ស​សុភាព។ សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​នាំ​ផ្លូវ​គេ តែ​សេចក្ដី​វៀច​របស់​មនុស្ស​ប្រទូស្ត នឹង​នាំ​ឲ្យ​វិនាស​វិញ។ ឯ​ទ្រព្យ​សម្បត្តិ គ្មាន​ប្រយោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ តែ​សេចក្ដី​សុចរិត នឹង​ជួយ​ឲ្យ​រួច​ពី​ស្លាប់​វិញ។ សេចក្ដី​សុចរិត​របស់​មនុស្ស​គ្រប់​លក្ខណ៍​នឹង​ដំរង់​ផ្លូវ​ខ្លួន តែ​មនុស្ស​អាក្រក់​នឹង​ដួល​ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន​វិញ។ ឯ​សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ជួយ​ឲ្យ​ខ្លួន​រួច តែ​មនុស្ស​ប្រទូស្ត​នឹង​ត្រូវ​ជាប់​ក្នុង​ការ​ទុច្ចរិត​របស់​ខ្លួន​វិញ។ កាល​ណា​មនុស្ស​អាក្រក់​ស្លាប់​ទៅ នោះ​សេចក្ដី​សង្ឃឹម​របស់​គេ​ក៏​សូន្យ​ទៅ​ដែរ ហើយ​សេចក្ដី​ទុក​ចិត្ត​របស់​មនុស្ស​ទុច្ចរិត នឹង​ត្រូវ​វិនាស​ទៅ​ផង។ មនុស្ស​សុចរិត​រមែង​រួច​ពី​សេចក្ដី​លំបាក ឯ​មនុស្ស​អាក្រក់​ទទួល​រង​ជំនួស​វិញ។ មនុស្ស​ទមិល​ល្មើស​តែង​បំផ្លាញ​អ្នក​ជិត​ខាង​ដោយ‌សារ​មាត់​ខ្លួន តែ​ដំរិះ​របស់​មនុស្ស​សុចរិត នឹង​ដោះ​ឲ្យ​ខ្លួន​រួច​វិញ។ គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្ដី​សុខ​ស្រួល នោះ​ទី​ក្រុង​ក៏​រីក‌រាយ​សាទរ ហើយ​កាល​ណា​មនុស្ស​អាក្រក់​វិនាស​ទៅ នោះ​ឮ​សំឡេង​ហ៊ោ​សប្បាយ។ ទី​ក្រុង​បាន​ថ្កុំ‌ថ្កើង​ឡើង​ដោយ‌សារ​ពរ​របស់​មនុស្ស​ទៀង​ត្រង់ តែ​ដោយ‌សារ​មាត់​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​រលំ​វិញ។ អ្នក​ណា​ដែល​មើល‌ងាយ ចំពោះ​អ្នក​ជិត​ខាង​ខ្លួន នោះ​ឥត​មាន​ប្រាជ្ញា​ទេ តែ​អ្នក​ណា​មាន​យោបល់ រមែង​នៅ​ស្ងៀម​វិញ។ អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​បក​កេរ​គេ នោះ​ឈ្មោះ​ថា​បើក​ការ​អាថ៌‌កំបាំង តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់ នោះ​តែង​គ្រប​បាំង​រឿង‌រ៉ាវ​វិញ។ ទី​ណា​ដែល​ឥត​មាន​អ្នក​ប្រាជ្ញ​នាំ​មុខ នោះ​ប្រជា‌ជន​រមែង​ដួល​ទៅ តែ​បើ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​មាន​សេចក្ដី​សុខ​វិញ។ អ្នក​ណា​ដែល​ធានា​ឲ្យ​អ្នក​ដទៃ នោះ​នឹង​ត្រូវ​ពិបាក​ណាស់ តែ​អ្នក​ណា​ដែល​មិន​ចូល​ចិត្ត​នឹង​ការ​ធានា នោះ​នឹង​បាន​សុខ​វិញ។ ស្ត្រី​ណា​ដែល​មាន​អធ្យា‌ស្រ័យ​ល្អ នោះ​តែង​រក្សា​ទុក​នូវ​កិត្តិសព្ទ ដូច​ជា​មនុស្ស​ប្រិត‌ប្រៀប​ដែល​រក្សា​ទ្រព្យ​សម្បត្តិ​ដែរ។ មនុស្ស​ដែល​មាន​ចិត្ត​មេត្តា នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​សាហាវ នោះ​ធ្វើ​ទុក្ខ​ដល់​សាច់​ឈាម​ខ្លួន​វិញ។ មនុស្ស​អាក្រក់​បាន​កំរៃ​ដែល​តែង‌តែ​លលួង តែ​អ្នក​ណា​ដែល​ផ្សាយ​សេចក្ដី​សុចរិត នោះ​បាន​រង្វាន់​យ៉ាង​ជាប់‌លាប់។ ចំណែក​សេចក្ដី​សុចរិត តែង​នាំ​ឲ្យ​បាន​ជីវិត តែ​អ្នក​ណា​ដែល​ដេញ​តាម​អំពើ​អាក្រក់ នោះ​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​វិញ។ អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍​ក្នុង​ផ្លូវ​ខ្លួន​ប្រព្រឹត្ត នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​វិញ។ ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់​នឹង​មិន​រួច​ពី​ទោស​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។ ស្ត្រី​មាន​រូប​ស្រស់​ល្អ ដែល​ឥត​មាន​គំនិត​មារយាទ នោះ​ប្រៀប​ដូច​ជា​ក្រវិល​មាស​ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក។ សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ល្អ តែ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​ខាង​សេចក្ដី​ក្រេវ‌ក្រោធ​វិញ។ មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួង‌ហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។ មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។ ឯ​អ្នក​ណា​ដែល​បង្ខាំង​ទុក​អង្ករ បណ្តាជន​នឹង​ប្រទេច​ផ្តាសា​អ្នក​នោះ តែ​នឹង​មាន​ពរ​ស្ថិត​នៅ​លើ​ក្បាល​នៃ​អ្នក​ណា​ដែល​លក់​ឲ្យ​វិញ។ អ្នក​ណា​ដែល​ព្យាយាម​ស្វែង​រក​សេចក្ដី​ល្អ នោះ​រមែង​បាន​គេ​រាប់​អាន​ដល់​ខ្លួន​ដែរ តែ​អ្នក​ណា​ដែល​ស្វែង​រក​តាម​អាក្រក់ ការ​អាក្រក់​នឹង​កើត​ដល់​អ្នក​នោះ​ឯង។ អ្នក​ណា​ដែល​ទី​ពឹង​ចំពោះ​ទ្រព្យ​សម្បត្តិ​ខ្លួន នោះ​នឹង​ត្រូវ​ដួល​ចុះ តែ​មនុស្ស​សុចរិត​នឹង​ចំរើន​ឡើង ដូច​ជា​ស្លឹក​ឈើ​ខៀវ​ខ្ចី។ អ្នក​ណា​ដែល​នាំ​ឲ្យ​កើត​វឹកវរ​ក្នុង​ផ្ទះ​ខ្លួន នោះ​នឹង​គ្រង​បាន​ខ្យល់​ជា​មរដក ហើយ​មនុស្ស​ល្ងី‌ល្ងើ​នឹង​ធ្វើ​ជា​បាវ​បំរើ​ដល់​មនុស្ស​ប្រាជ្ញ។ ផល​របស់​មនុស្ស​សុចរិត នោះ​ជា​ដើម​ឈើ​នៃ​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​ប្រាជ្ញា នោះ​រមែង​ចាប់​បាន​ព្រលឹង​របស់​មនុស្ស។ មើល ពួក​មនុស្ស​សុចរិត​នឹង​ទទួល​បាន​រង្វាន់​នៅ​ផែនដី​ទៅ​ហើយ ចុះ​ឯ​មនុស្ស​អាក្រក់ នឹង​មនុស្ស​មាន​បាប តើ​នឹង​ទទួល​សំណង​លើស​ជាង​អំបាល‌ម៉ាន​ទៅ។

ចែក​រំលែក
អាន សុភាសិត 11