សុភាសិត 11:1-16
សុភាសិត 11:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទម្ងន់ ជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។ កាលណាកើតមានសេចក្ដីអំនួត នោះក៏កើតមានសេចក្ដីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។ សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ នឹងនាំផ្លូវរបស់គេ តែសេចក្ដីវៀចរបស់មនុស្សប្រទូស្ត នឹងនាំឲ្យវិនាសវិញ។ ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្ដីសុចរិតនឹងជួយឲ្យរួចពីស្លាប់វិញ។ សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍ នឹងតម្រង់ផ្លូវខ្លួន តែមនុស្សអាក្រក់នឹងដួល ដោយសារអំពើអាក្រក់របស់ខ្លួនវិញ។ ឯសេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ នឹងជួយឲ្យខ្លួនរួច តែមនុស្សប្រទូស្តនឹងត្រូវជាប់ ក្នុងការទុច្ចរិតរបស់ខ្លួនវិញ។ កាលណាមនុស្សអាក្រក់ស្លាប់ទៅ នោះសេចក្ដីសង្ឃឹមរបស់គេក៏សូន្យទៅដែរ ហើយសេចក្ដីទុកចិត្តរបស់មនុស្សទុច្ចរិត នឹងត្រូវវិនាសទៅផង។ មនុស្សសុចរិតរមែងរួចពីសេចក្ដីលំបាក ឯមនុស្សអាក្រក់ទទួលរងជំនួសវិញ។ មនុស្សទមិឡល្មើសតែងបំផ្លាញអ្នកជិតខាង ដោយសារមាត់ខ្លួន តែតម្រិះរបស់មនុស្សសុចរិត នឹងដោះឲ្យខ្លួនរួចវិញ។ គ្រាដែលមនុស្សសុចរិតមានសេចក្ដីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ ហើយកាលណាមនុស្សអាក្រក់វិនាសទៅ នោះឮសំឡេងហ៊ោសប្បាយ។ ទីក្រុងបានថ្កុំថ្កើងឡើងដោយសារពរ របស់មនុស្សទៀងត្រង់ តែដោយសារមាត់របស់មនុស្សអាក្រក់ នោះត្រូវរំលំវិញ។ អ្នកណាដែលមើលងាយ ចំពោះអ្នកជិតខាងខ្លួន នោះឥតមានប្រាជ្ញាទេ តែអ្នកណាមានយោបល់ រមែងនៅស្ងៀមវិញ។ អ្នកណាដែលដើរចុះឡើងនិយាយបកកេរគេ នោះឈ្មោះថាបើកការអាថ៌កំបាំង តែអ្នកណាដែលមានចិត្តស្មោះត្រង់ នោះតែងគ្របបាំងរឿងរ៉ាវវិញ។ ទីណាគ្មានអ្នកប្រាជ្ញានាំមុខ ប្រជាជន រមែងដួលចុះ តែបើមានអ្នកប្រឹក្សាច្រើន នោះមានសេចក្ដីសុខវិញ។ អ្នកណាដែលធានាឲ្យអ្នកដទៃ នោះនឹងត្រូវពិបាកណាស់ តែអ្នកណាដែលមិនចូលចិត្តនឹងការធានា នោះនឹងបានសុខវិញ។ ស្ត្រីណាដែលមានអធ្យាស្រ័យល្អ តែងរកបានកិត្តិយស [រីឯស្ត្រីណាដែលស្អប់អំពើល្អ នឹងត្រូវអាប់មុខ។ បុរសកំសាកនឹងទៅជាក្រតោកយ៉ាក ] តែឯបុរសស្វាហាប់តែងរកបានទ្រព្យសម្បត្តិ។
សុភាសិត 11:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ស្អប់អ្នកបន្លំភ្នែកជញ្ជីង តែព្រះអង្គគាប់ព្រះហឫទ័យនឹងអ្នកដែលប្រើកូនជញ្ជីងត្រឹមត្រូវ។ អ្នកណាវាយឫកក្រអឺតក្រទម អ្នកនោះនឹងត្រូវគេមើលងាយ រីឯអ្នកមានចរិយាសុភាព ទើបហៅថាមានប្រាជ្ញា។ ចិត្តទៀងត្រង់តែងតែនាំផ្លូវមនុស្សត្រឹមត្រូវ រីឯចិត្តវៀចវេរវិញ តែងតែនាំមនុស្សពាលឲ្យវិនាស។ នៅថ្ងៃព្រះអម្ចាស់វិនិច្ឆ័យទោស ទ្រព្យសម្បត្តិគ្មានប្រយោជន៍អ្វីទេ គឺមានតែសេចក្ដីសុចរិតប៉ុណ្ណោះ ទើបអាចជួយឲ្យរួចពីស្លាប់បាន។ សេចក្ដីសុចរិតរបស់មនុស្សគ្មានកំហុស រមែងតម្រង់ផ្លូវរបស់ខ្លួន រីឯមនុស្សពាលវិញ តែងតែស្លាប់ដោយសារអំពើពាលរបស់ខ្លួន។ សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ រមែងជួយការពារខ្លួនគេ រីឯមនុស្សវៀចវេរ តែងតែជាប់អន្ទាក់ដោយសារចិត្តលោភលន់របស់ខ្លួន។ ពេលមនុស្សអាក្រក់ស្លាប់ សេចក្ដីសង្ឃឹមរបស់គេក៏វិនាស ហើយការពឹងផ្អែកលើទ្រព្យសម្បត្តិក៏រលាយសូន្យទៅជាមួយដែរ។ ព្រះជាម្ចាស់តែងតែរំដោះមនុស្សសុចរិតឲ្យរួចពីទុក្ខកង្វល់ តែព្រះអង្គឲ្យមនុស្សអាក្រក់រងទុក្ខជំនួសវិញ។ មនុស្សទមិឡតែងតែបំផ្លាញអ្នកដទៃ ដោយសារពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សសុចរិតវិញ តែងតែរួចខ្លួនដោយសារការចេះដឹង។ ពេលមនុស្សសុចរិតមានសុភមង្គល អ្នកក្រុងទាំងមូលនឹងសប្បាយរីករាយ ពេលមនុស្សអាក្រក់អន្តរាយ គេបែរជានាំគ្នាស្រែកហ៊ោវិញ។ ពេលមនុស្សត្រឹមត្រូវទទួលពរ ទីក្រុងទាំងមូលក៏ចម្រុងចម្រើនដែរ ផ្ទុយទៅវិញ ដោយសារពាក្យសម្ដីរបស់មនុស្សអាក្រក់ ទីក្រុងត្រូវរលំ។ អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សមិនចេះពិចារណា រីឯមនុស្សចេះដឹងតែងតែនៅស្ងៀម។ អ្នកនិយាយដើមគេមិនអាចរក្សារឿងសម្ងាត់ជិតឡើយ រីឯអ្នកដែលគេទុកចិត្តតែងតែលាក់រឿងសម្ងាត់ទាំងនោះបាន។ ប្រទេសដែលគ្មានអ្នកដឹកនាំ ប្រជាជនតែងតែវិនាស រីឯប្រទេសដែលមានទីប្រឹក្សាច្រើន តែងតែមានជោគជ័យ។ អ្នកណាធានារ៉ាប់រងអ្នកដទៃ អ្នកនោះតែងតែកើតទុក្ខ រីឯអ្នកដែលមិនព្រមធានា តែងតែបានសុខ។ ស្ត្រីរូបស្អាតតែងតែមានគេសរសើរ រីឯមនុស្សស្វាហាប់ តែងតែរកទ្រព្យបាន។
សុភាសិត 11:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទំងន់ ជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។ កាលណាកើតមានសេចក្ដីអំនួត នោះក៏កើតមានសេចក្ដីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។ សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ នឹងនាំផ្លូវគេ តែសេចក្ដីវៀចរបស់មនុស្សប្រទូស្ត នឹងនាំឲ្យវិនាសវិញ។ ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្ដីសុចរិត នឹងជួយឲ្យរួចពីស្លាប់វិញ។ សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍នឹងដំរង់ផ្លូវខ្លួន តែមនុស្សអាក្រក់នឹងដួលដោយសារអំពើអាក្រក់របស់ខ្លួនវិញ។ ឯសេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់នឹងជួយឲ្យខ្លួនរួច តែមនុស្សប្រទូស្តនឹងត្រូវជាប់ក្នុងការទុច្ចរិតរបស់ខ្លួនវិញ។ កាលណាមនុស្សអាក្រក់ស្លាប់ទៅ នោះសេចក្ដីសង្ឃឹមរបស់គេក៏សូន្យទៅដែរ ហើយសេចក្ដីទុកចិត្តរបស់មនុស្សទុច្ចរិត នឹងត្រូវវិនាសទៅផង។ មនុស្សសុចរិតរមែងរួចពីសេចក្ដីលំបាក ឯមនុស្សអាក្រក់ទទួលរងជំនួសវិញ។ មនុស្សទមិលល្មើសតែងបំផ្លាញអ្នកជិតខាងដោយសារមាត់ខ្លួន តែដំរិះរបស់មនុស្សសុចរិត នឹងដោះឲ្យខ្លួនរួចវិញ។ គ្រាដែលមនុស្សសុចរិតមានសេចក្ដីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ ហើយកាលណាមនុស្សអាក្រក់វិនាសទៅ នោះឮសំឡេងហ៊ោសប្បាយ។ ទីក្រុងបានថ្កុំថ្កើងឡើងដោយសារពររបស់មនុស្សទៀងត្រង់ តែដោយសារមាត់របស់មនុស្សអាក្រក់ នោះត្រូវរលំវិញ។ អ្នកណាដែលមើលងាយ ចំពោះអ្នកជិតខាងខ្លួន នោះឥតមានប្រាជ្ញាទេ តែអ្នកណាមានយោបល់ រមែងនៅស្ងៀមវិញ។ អ្នកណាដែលដើរចុះឡើងនិយាយបកកេរគេ នោះឈ្មោះថាបើកការអាថ៌កំបាំង តែអ្នកណាដែលមានចិត្តស្មោះត្រង់ នោះតែងគ្របបាំងរឿងរ៉ាវវិញ។ ទីណាដែលឥតមានអ្នកប្រាជ្ញនាំមុខ នោះប្រជាជនរមែងដួលទៅ តែបើមានអ្នកប្រឹក្សាជាច្រើន នោះមានសេចក្ដីសុខវិញ។ អ្នកណាដែលធានាឲ្យអ្នកដទៃ នោះនឹងត្រូវពិបាកណាស់ តែអ្នកណាដែលមិនចូលចិត្តនឹងការធានា នោះនឹងបានសុខវិញ។ ស្ត្រីណាដែលមានអធ្យាស្រ័យល្អ នោះតែងរក្សាទុកនូវកិត្តិសព្ទ ដូចជាមនុស្សប្រិតប្រៀបដែលរក្សាទ្រព្យសម្បត្តិដែរ។