សុភាសិត 1:8-19
សុភាសិត 1:8-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នែ៎ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅ របស់ឪពុកចុះ កូនកុំបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ ដ្បិតសេចក្ដីនោះនឹងបានជាគុណ ពាក់លើក្បាលឯង ទុកជាគ្រឿងលម្អ ហើយជាខ្សែប្រដាប់ពាក់នៅកឯង។ កូនអើយ បើមនុស្សមានបាបបបួលនាំឯង កុំព្រមតាមគេឡើយ។ បើគេថា «ចូរមកជាមួយយើងចុះ យើងនឹងរង់ចាំឱកាសកម្ចាយឈាម យើងនឹងលបដោយសម្ងាត់ ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុ យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ យើងនឹងរឹបអូស របស់មានតម្លៃគ្រប់យ៉ាង ក៏នឹងបំពេញលំនៅយើង ចូរឯងចូលមកក្នុងពួកយើងចុះ យើងនឹងមានថង់ប្រាក់តែមួយប៉ុណ្ណោះ»។ កូនអើយ ឯងកុំដើរក្នុងផ្លូវជាមួយគេឡើយ ត្រូវឲ្យឃាត់ឃាំងជើងឯងមិនឲ្យចូលទៅក្នុង ផ្លូវច្រករបស់គេវិញ។ ដ្បិតជើងគេរត់តាមតែការអាក្រក់ទេ គេក៏រហ័សនឹងកម្ចាយឈាមផង ពីព្រោះការដែលដាក់លប់ នៅចំពោះសត្វហើរ ឲ្យវាឃើញនោះឥតប្រយោជន៍ទេ ឯពួកនោះ គេរង់ចាំតែនឹងកម្ចាយឈាម របស់ខ្លួនគេ ហើយក៏អែបលបដោយសម្ងាត់ ដើម្បីតែនឹងបំផ្លាញជីវិតខ្លួនគេវិញ ឯផ្លូវនៃអស់អ្នកដែលលោភចង់បាន កម្រៃក៏យ៉ាងនោះដែរ សេចក្ដីនោះនឹងដកយកជីវិត ចេញពីអ្នកដែលបានកម្រៃបែបនោះ។
សុភាសិត 1:8-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនអើយ ចូរស្ដាប់ឪពុកប្រៀនប្រដៅ ហើយត្រងត្រាប់ស្ដាប់ម្ដាយទូន្មាន ដ្បិតដំបូន្មានរបស់ឪពុកម្ដាយនឹងកសាងចរិយាសម្បត្តិរបស់កូន ឲ្យបានល្អដូចមកុដ និងខ្សែកមាស។ កូនអើយ បើមានជនពាលមកបបួលកូនទៅប្រព្រឹត្តអំពើអាក្រក់ កុំទៅតាមគេឡើយ។ បើជនពាលបបួលកូនថា: «ចូរមកជាមួយពួកយើង យើងនឹងស្ទាក់ផ្លូវចាំបង្ហូរឈាម ហើយយើងនឹងវាយឆ្មក់សម្លាប់មនុស្សស្លូតត្រង់លេង។ យើងនឹងលុបបំបាត់ពួកគេ ដូចមច្ចុរាជលេបបំបាត់ពួកគេទាំងរស់ ហើយធ្វើឲ្យពួកគេវិនាសសូន្យ ដូចអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ រួចហើយយើងរឹបអូសរបស់មានតម្លៃទាំងប៉ុន្មាន ពីពួកគេយកទៅដាក់ឲ្យពេញផ្ទះយើង។ ចូរមករួមជាមួយយើង យើងនឹងចែករបស់ដែលរឹបអូសយកបាននោះជាមួយគ្នា!»។ កូនអើយ កុំសេពគប់ជាមួយអ្នកទាំងនោះឡើយ តែត្រូវងាកចេញឲ្យឆ្ងាយពីពួកគេ។ ពួកនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយងាយបង្ហូរឈាមណាស់។ ដាក់អន្ទាក់ឲ្យសត្វស្លាបឃើញ ជាការឥតប្រយោជន៍។ រីឯអ្នកទាំងនោះវិញ គេកំពុងតែរាយអន្ទាក់សម្រាប់ទាក់កខ្លួនឯង ហើយឃុបឃិតប្រហារជីវិតរបស់ខ្លួនឯង។ អស់អ្នកដែលរកស៊ីលួចប្លន់ទ្រព្យសម្បត្តិ តែងតែបាត់បង់ជីវិតបែបនេះឯង។
សុភាសិត 1:8-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នែ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ កុំឲ្យកូនបោះបង់ចោលសេចក្ដីដំបូន្មានរបស់ម្តាយឯងឡើយ ដ្បិតសេចក្ដីនោះនឹងបានជាគុណពាក់លើក្បាលឯង ទុកជាគ្រឿងលំអ ហើយជាខ្សែប្រដាប់ពាក់នៅកឯង កូនអើយ បើមនុស្សមានបាបបបួលនាំឯង នោះកុំឲ្យព្រមតាមគេឡើយ បើគេថា ចូរមកជាមួយនឹងយើងចុះ យើងនឹងរង់ចាំឱកាសកំចាយឈាម យើងនឹងអែបលបដោយសំងាត់ ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុ យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ យើងនឹងបានប្រទះរបស់មានដំឡៃគ្រប់យ៉ាង ក៏នឹងបំពេញលំនៅយើងដោយរបឹប ចូរឯងចូលមកក្នុងពួកយើងចុះ យើងនឹងមានថង់ប្រាក់តែ១ប៉ុណ្ណោះ កូនអើយ កុំឲ្យឯងដើរក្នុងផ្លូវជាមួយនឹងគេឡើយ ត្រូវឲ្យឃាត់ឃាំងជើងឯងមិនឲ្យចូលទៅក្នុងផ្លូវច្រករបស់គេវិញ ដ្បិតជើងគេរត់តាមតែសេចក្ដីអាក្រក់ទេ គេក៏រហ័សនឹងកំចាយឈាមផង ពីព្រោះការដែលដាក់លប់ នៅចំពោះសត្វហើរ ឲ្យវាឃើញនោះឥតប្រយោជន៍ទេ ឯពួកនោះ គេរង់ចាំតែនឹងកំចាយឈាមរបស់ខ្លួនគេ ហើយក៏អែបលបដោយសំងាត់ ដើម្បីតែនឹងបំផ្លាញជីវិតខ្លួនគេវិញ ចំណែកអស់អ្នកដែលលោភចង់បានកំរៃក៏យ៉ាងនោះដែរ សេចក្ដីនោះនឹងដកយកជីវិតចេញពីអស់អ្នកដែលបណ្តោយតាមផង។