សុភាសិត 1:22-33
សុភាសិត 1:22-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ឱមនុស្សឆោតល្ងង់អើយ តើនៅស្រឡាញ់សេចក្ដីឆោតល្ងង់ ដល់កាលណាទៀត? ឯពួកមនុស្សចំអក គេនឹងចូលចិត្តខាងសេចក្ដីឡកឡឺយ តើមនុស្សកំឡៅនឹងចេះតែស្អប់ ដល់ការចេះដឹងដល់កាលណា? កាលណាយើងបន្ទោស នោះចូរអ្នករាល់គ្នាស្តាប់តាមចុះ យើងនឹងចាក់វិញ្ញាណយើងទៅលើអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាបានយល់ពាក្យរបស់យើង។ ពីព្រោះយើងបានស្រែកហៅ តែអ្នករាល់គ្នាមិនព្រមស្តាប់ទេ យើងបានហុចដៃទៅ តែឥតមានអ្នកណារវល់សោះ អ្នករាល់គ្នាក៏បោះបង់ចោល អស់ទាំងដំបូន្មានរបស់យើង ហើយមិនព្រមទទួលពាក្យបន្ទោស របស់យើងដែរ ដូច្នេះ យើងនឹងសើចដែរ ក្នុងថ្ងៃដែលអ្នករាល់គ្នាត្រូវអន្តរាយ យើងនឹងចំអកឲ្យ ក្នុងកាលដែលអ្នករាល់គ្នា កើតមានសេចក្ដីភិតភ័យផង គឺក្នុងកាលដែលសេចក្ដីភិតភ័យ មកលើអ្នករាល់គ្នា ដូចជាព្យុះសង្ឃរា ហើយសេចក្ដីអន្តរាយរបស់អ្នករាល់គ្នាមក ដូចជាខ្យល់កួច ក្នុងកាលដែលសេចក្ដីលំបាក និងសេចក្ដីទុក្ខព្រួយ មកគ្របសង្កត់លើអ្នករាល់គ្នា។ ខណៈនោះ គេនឹងអំពាវនាវដល់យើង តែយើងមិនព្រមឆ្លើយសោះ គេនឹងស្វែងរកយើងអស់ពីចិត្ត តែគេនឹងរកមិនឃើញឡើយ ។ ព្រោះគេបានស្អប់ការចេះដឹង ហើយមិនបានរើសយកសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ាទេ។ គេមិនបានយកចិត្តទុកដាក់ នឹងដំបូន្មានរបស់យើងឡើយ ក៏បានមើលងាយសេចក្ដីបន្ទោសរបស់យើងដែរ។ ហេតុនោះបានជាត្រូវឲ្យគេ ស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញ ហើយគេនឹងបានឆ្អែតដោយកិច្ចការរបស់ខ្លួន។ ដ្បិតឯពួកឆោតល្ងង់នោះ ការថយទៅវិញរបស់គេនឹងសម្លាប់គេទៅ ហើយចំណែកមនុស្សកំឡៅ នោះសេចក្ដីសុខស្រួលរបស់គេ នឹងឲ្យគេវិនាសដែរ តែអ្នកណាដែលស្តាប់តាមយើង នោះនឹងនៅដោយសេចក្ដីសុខពិត ហើយនឹងមានសេចក្ដីសម្រាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ»។
សុភាសិត 1:22-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សឆោតអើយ តើអ្នករាល់គ្នាចូលចិត្តនៅឆោតដូច្នេះដល់កាលណាទៀត? អ្នករាល់គ្នានៅតែមើលងាយយើងដល់កាលណាទៀត? តើអ្នករាល់គ្នានៅល្ងង់ ពុំព្រមចង់ចេះដូច្នេះដល់កាលណាទៀត? ចូរនាំគ្នាមកស្ដាប់ដំបូន្មានរបស់យើង យើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើអ្នករាល់គ្នា ហើយយើងនឹងបង្ហាញឲ្យអ្នករាល់គ្នាស្គាល់ចំណេះរបស់យើង។ យើងបានហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើមិនឮ យើងបានបោយដៃហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើព្រងើយ។ ដោយអ្នករាល់គ្នាបោះបង់ចោលពាក្យទូន្មានរបស់យើង ហើយមិនព្រមទទួលយោបល់ពីយើងទេនោះ ពេលណាអ្នករាល់គ្នាមានមហន្តរាយយើងនឹងសើច ហើយពេលណាអ្នករាល់គ្នាជួបភ័យអាសន្ន យើងនឹងចំអកឲ្យអ្នករាល់គ្នាវិញជាមិនខាន។ ពេលណាភ័យអាសន្នកើតមានដល់អ្នករាល់គ្នាដូចខ្យល់ព្យុះ ហើយមហន្តរាយកើតមានដល់អ្នករាល់គ្នា ដូចខ្យល់កំបុតត្បូង ពេលណាសេចក្ដីតប់ប្រមល់ និងទុក្ខវេទនាសង្កត់សង្កិនអ្នករាល់គ្នា ពេលនោះ អ្នករាល់គ្នាមុខជាស្រែកអង្វរឲ្យយើងជួយ តែយើងមិនឆ្លើយតបទេ អ្នករាល់គ្នានឹងស្វែងរកយើង តែរកមិនឃើញឡើយ។ អ្នករាល់គ្នាស្អប់ការចេះដឹង អ្នករាល់គ្នាមិនសុខចិត្តគោរពកោតខ្លាចព្រះអម្ចាស់ អ្នករាល់គ្នាមិនព្រមទទួលយោបល់ពីយើង ហើយមើលងាយដំបូន្មានទាំងប៉ុន្មានរបស់យើងថែមទៀតផង។ អ្នករាល់គ្នានឹងទទួលផលស្របតាមកិរិយាមារយាទរបស់ខ្លួន ហើយអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត នឹងនាំឲ្យអ្នករាល់គ្នាឆ្អែតឆ្អន់ ដ្បិតចិត្តរឹងរូសរបស់មនុស្សល្ងង់ នឹងធ្វើឲ្យគេបាត់បង់ជីវិត ហើយចិត្តអួតអាងរបស់មនុស្សលេលា នឹងធ្វើឲ្យគេវិនាស។ រីឯអ្នកដែលស្ដាប់យើង នឹងរស់នៅយ៉ាងសុខដុមរមនា ឥតភ័យខ្លាចទុក្ខលំបាកអ្វីឡើយ។
សុភាសិត 1:22-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱមនុស្សឆោតល្ងង់អើយ តើនឹងស្រឡាញ់សេចក្ដីឆោតល្ងង់នោះដល់កាលណាទៀត ឯពួកមនុស្សចំអក គេនឹងចូលចិត្តខាងសេចក្ដីឡកឡឺយ ហើយមនុស្សកំឡៅនឹងចេះតែស្អប់ដល់ការចេះដឹងដល់កាលណា កាលណាអញបន្ទោស នោះចូរឲ្យឯងរាល់គ្នាបែរខ្លួនស្តាប់តាមចុះ នែ អញនឹងចាក់វិញ្ញាណអញទៅលើឯងរាល់គ្នា ហើយឲ្យឯងរាល់គ្នាបានយល់ពាក្យអញ ពីព្រោះអញបានស្រែកហៅ តែឯងរាល់គ្នាមិនព្រមស្តាប់ទេ អញបានហុចដៃទៅ តែឥតមានអ្នកណារវល់សោះ ឯងរាល់គ្នាក៏បោះបង់ចោលអស់ទាំងដំបូន្មានរបស់អញចេញ ហើយមិនព្រមទទួលពាក្យបន្ទោសរបស់អញដែរ ដូច្នេះអញនឹងសើចដែរ ក្នុងថ្ងៃដែលឯងរាល់គ្នាត្រូវអន្តរាយ អញនឹងចំអកឲ្យ ក្នុងកាលដែលឯងរាល់គ្នាកើតមានសេចក្ដីភិតភ័យផង គឺក្នុងកាលដែលសេចក្ដីភិតភ័យមកលើឯងរាល់គ្នា ដូចជាព្យុះសង្ឃរា ហើយសេចក្ដីអន្តរាយរបស់ឯងរាល់គ្នាមក ដូចជាខ្យល់កួច ក្នុងកាលដែលសេចក្ដីលំបាក នឹងសេចក្ដីទុក្ខព្រួយមកគ្របសង្កត់លើឯងរាល់គ្នា ខណៈនោះ គេនឹងអំពាវនាវដល់អញ តែអញមិនព្រមឆ្លើយសោះ គេនឹងស្វែងរកអញអស់ពីចិត្ត តែគេនឹងរកអញមិនឃើញឡើយ ពីព្រោះគេបានស្អប់ការចេះដឹងហើយមិនបានរើសយកសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាទេ គេមិនបានយកចិត្តទុកដាក់នឹងដំបូន្មានរបស់អញឡើយ ក៏បានមើលងាយសេចក្ដីបន្ទោសរបស់អញដែរ ហេតុនោះបានជាត្រូវឲ្យគេស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញ ហើយគេនឹងបានឆ្អែតដោយកិច្ចការរបស់ខ្លួន ដ្បិតឯពួកឆោតល្ងង់នោះ ការថយទៅវិញរបស់គេនឹងសំឡាប់គេទៅ ហើយចំណែកមនុស្សកំឡៅ នោះសេចក្ដីសុខស្រួលរបស់គេនឹងឲ្យគេវិនាសដែរ តែអ្នកណាដែលស្តាប់តាមអញ នោះនឹងនៅដោយសេចក្ដីសុខពិត ហើយនឹងមានសេចក្ដីសំរាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ។