សុភាសិត 1:10-14
សុភាសិត 1:10-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនអើយ បើមនុស្សមានបាបបបួលនាំឯង កុំព្រមតាមគេឡើយ។ បើគេថា «ចូរមកជាមួយយើងចុះ យើងនឹងរង់ចាំឱកាសកម្ចាយឈាម យើងនឹងលបដោយសម្ងាត់ ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុ យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ យើងនឹងរឹបអូស របស់មានតម្លៃគ្រប់យ៉ាង ក៏នឹងបំពេញលំនៅយើង ចូរឯងចូលមកក្នុងពួកយើងចុះ យើងនឹងមានថង់ប្រាក់តែមួយប៉ុណ្ណោះ»។
សុភាសិត 1:10-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនអើយ បើមានជនពាលមកបបួលកូនទៅប្រព្រឹត្តអំពើអាក្រក់ កុំទៅតាមគេឡើយ។ បើជនពាលបបួលកូនថា: «ចូរមកជាមួយពួកយើង យើងនឹងស្ទាក់ផ្លូវចាំបង្ហូរឈាម ហើយយើងនឹងវាយឆ្មក់សម្លាប់មនុស្សស្លូតត្រង់លេង។ យើងនឹងលុបបំបាត់ពួកគេ ដូចមច្ចុរាជលេបបំបាត់ពួកគេទាំងរស់ ហើយធ្វើឲ្យពួកគេវិនាសសូន្យ ដូចអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ រួចហើយយើងរឹបអូសរបស់មានតម្លៃទាំងប៉ុន្មាន ពីពួកគេយកទៅដាក់ឲ្យពេញផ្ទះយើង។ ចូរមករួមជាមួយយើង យើងនឹងចែករបស់ដែលរឹបអូសយកបាននោះជាមួយគ្នា!»។
សុភាសិត 1:10-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនអើយ បើមនុស្សមានបាបបបួលនាំឯង នោះកុំឲ្យព្រមតាមគេឡើយ បើគេថា ចូរមកជាមួយនឹងយើងចុះ យើងនឹងរង់ចាំឱកាសកំចាយឈាម យើងនឹងអែបលបដោយសំងាត់ ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុ យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ យើងនឹងបានប្រទះរបស់មានដំឡៃគ្រប់យ៉ាង ក៏នឹងបំពេញលំនៅយើងដោយរបឹប ចូរឯងចូលមកក្នុងពួកយើងចុះ យើងនឹងមានថង់ប្រាក់តែ១ប៉ុណ្ណោះ